.jpg)
Monday, April 27, 2015
សម្តេចតេជោនាយករដ្ឋមន្រ្តី ជួបសំណេះសំណាលជាមួយនិង មន្រ្តីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
នៅព្រឹកថ្ងៃទី២៦
ខែមេសា ឆ្នាំ២០១៥ ដែលជាថ្ងៃទី៣នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ច អញ្ជើញចូលរួមកិច្ច
ប្រជុំកំពូលអាស៊ានលើកទី២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ
សម្តេចព្រះអនុជ អារុណ រស្មី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា និងមន្រ្តី
បុគ្គលិក នៃស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្នុងទីក្រុងកូឡាឡាំពួរ
ប្រទេសម៉ាឡេស៊ី។
នៅក្នុងពិធីសំណេះសំណាលប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតនោះ
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវការវាយតម្លៃខ្ពស់
និងកោតសរសើរដល់មន្រ្តី បុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជា ដែលបានបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការបំរើប្រជាពលរដ្ឋ
រាជរដ្ឋាភិបាល និងប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមក ពិសេសការធ្វើកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនិងសាមីប្រទេស
ដែលយើងបំពេញបេសកកម្មការទូត។
ជាមួយនិងកោតសរសើរចំពោះសកម្មភាពនៃការអនុវត្តការងារការទូត
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ក្រើនរំលឹកនិងធ្វើការដាស់តឿនដល់មន្រ្តី
និងបុគ្គលិកទូតទាំងអស់ ត្រូវបន្តជំរុញទំនាក់ទំនងល្អជាមួយ និងសាមីប្រទេស ពិសេស ត្រូវបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត
ចំពោះពលករ និស្សិត និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលក្នុងបំពេញការងារសិក្សារៀនសូត្រនិងស្នាក់អាស្រ័យ
ក្នុងប្រទេសម៉ាឡេស៊ី សំដៅយ៉ាងណា ធ្វើអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលវេលា
នូវបញ្ហាប្រឈមមួយចំនួនដែលកម្ពុជា
អាចធ្វើការដោះស្រាយជាមួយនឹងសាមីប្រទេសបាននោះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី
មានប្រសាសន៍បន្តថា
ជាការពិតយើងបានធ្វើកិច្ចសហប្រតិបត្តិការល្អខ្លាំងណាស់ ជាមួយ និងរដ្ឋាភិបាលនិងប្រជាជនម៉ាឡេស៊ី ប៉ុន្តែបញ្ហាដែលវាបានកើតឡើងគឺមានជនខិលខូចមួយចំនួន
ដែលបង្កឲ្យមានការលំបាក់ដល់ការអនុវត្តភារកិច្ច ការងាររបស់មន្រ្តី បុគ្គលិកការទូតរបស់យើងនោះ។
សូមបញ្ជាក់ថា
កម្ពុជានិងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាមានរយៈពេលជិត៦០ឆ្នាំមកហើយ
ប៉ុន្តែចាប់តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាព
ទីក្រុងប៉ារីសឆ្នាំ១៩៩១ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួត
ពិសេសបានធ្វើការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ និងផ្នែកដទៃទៀត
មានការរីកចំរើនយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ។
ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៥៧មក
ប្រទេសម៉ាឡេស៊ីបានប្រកាន់យកនូវរបបនយោបាយ
រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រគ្រងរាជ្យ និងជាប្រមុខ។
ព្រះមហាក្សត្រត្រូវបានបោះឆ្នោតជ្រើសរើសឡើងក្នុងរយៈពេល
៥ឆ្នាំម្តង ចេញពីរដ្ឋផ្សេងៗគ្នា របស់ ប្រទេសម៉ាឡេស៊ី។
រីឯនាយករដ្ឋមន្រ្តីដែលជាប្រមុខរដ្ឋាភិបាល ត្រូវបានបោះឆ្នោតជ្រើសរើសឡើងតាមរយៈ
សមាជិតំណាងរាស្រ្ត ដែលមានអណត្តិការងារសម្រាប់៥ឆ្នាំ។ ឯកឧត្តម ណាជិប រ៉ាហ្សាក់
ជានាយករដ្ឋមន្រ្តី ម៉ាឡេស៊ី បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីកាលពីខែមេសាឆ្នាំ២០០៩។
សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី
ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី
និងប្រទេសថៃ និងជាប់ ចំណាត់ថ្នាក់ទី២៨ នៅលើពិភពលោក។ ម៉ាឡេស៊ីធ្លាប់ជាប្រទេសដែលផលិតដំណាំកៅស៊ូ
និងដូងប្រេង ច្រើនជាគេនៅលើពិភពលោក។
រោងចក្រកម្មន្តសាលមានឥទ្ធពលធំធេងទៅលើសេដ្ឋកិច្ចម៉ាឡេស៊ី
ដែល តំណាងឲ្យជាង៤០% នៃ GDP។ សូមបញ្ជាក់ដែរថា
ស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រ ចាំនៅទីក្រុងកូឡាឡាំពួរ
ប្រទេសម៉ាឡេស៊ី មានបុគ្គលិកបំរើការងារទាំងអស់ មានចំនួន១១រូប។ ស្ថានឯក
អគ្គរាជទូតស្ថិតនៅក្នុងតំបន់មួយ នៃស្ថានឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតនៃបណ្តាប្រទេសនានា
ក្នុងទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕
![]() |
![]() |
![]() |
សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី លើកយកវប្បធម៌សន្ទនា ប្រាប់ពលរដ្ឋខ្មែរនៅម៉ាឡេស៊ី
កម្ពុជាបានក្លាយជាគំរូនាមុខគេនៃវប្បធម៌សន្ទនាសម្រាប់ប្រទេសក្នុងតំបន់
និងសកលលោក!
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី
ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ បានលើកយកវប្បធម៌សន្ទនា
ទៅបង្ហាញដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសិក្សា
និងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ប្រមាណ ជិត៣០០នាក់។
ក្នុងឱកាសនោះ មេដឹកនាំគណបក្សទាំងពីររូប បានលើកបង្ហាញថា វប្បធម៌សន្ទនា
ដែលបង្កើតឡើងដោយសម្តេច និងឯកឧត្តម សម រង្ស៊ី បាននាំមកការរីកចម្រើន
និងបង្ហាញការរួបរួមដ៏អស្ចារ្យមួយនៅកម្ពុជា ដែលគ្មានប្រទេសណាធ្វើដូចឡើយ។ សម្តីនេះ
ក៏ត្រូវបានគេឃើញ ឯកឧត្តម សម រង្ស៊ី បង្ហោះក្នុង Facebook របស់ខ្លួនដែរ បន្ទាប់ពីឯកឧត្តម សម
រង្ស៊ីបានថ្លែងគាំទ្រយ៉ាងពេញទំហឹងនូវវប្បធម៌សន្ទនានេះ
នៅឯប្រទេសម៉ាឡេស៊ីមកនោះ។
ថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានមកជួបជុំគ្នា សម្តេចតេជោ
ហ៊ុន សែន មានប្រសាសន៍ថា លទ្ធផលនៃការបង្កើតឡើងនូវវប្បធម៌សន្ទនានេះ
ជាជំហានថ្មីមួយទៀត ដែលជនជាតិកម្ពុជាខ្លួនឯងផ្ទាល់ជាអ្នកបង្កើតឡើង
បន្ទាប់ពីការដាក់ចេញនូវនយោបាយឈ្នះឈ្នះ មកនោះ។
សម្តេចតេជោ បានបញ្ជាក់ថា «នេះជាបទពិសោធន៍ថ្មីមួយទៀតរបស់កម្ពុជា
ដើម្បីឲ្យអន្តរជាតិមើលឃើញ
ហើយក៏មិនមានប្រទេសណាមួយ អាចធ្វើបានដូចជាកម្ពុជាយើងនេះបាននោះទេ»។
ការថ្លែងបែបនេះ របស់សម្តេចតេជោ គឺអាចនិយាយបានថា
បើក្រឡេកមើលនៅលើពិភពលោក
មិនទាន់មានប្រទេសណាមួយដែលគណបក្សក្នុងរាជរដ្ឋាភិបាល
និងគណបក្សក្រៅរដ្ឋាភិបាល រួបរួមគ្នា និយាយគ្នាបានដ៏ល្អ
និងមានកិច្ចសហការគ្នា ទៅចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗកៀកស្មាគ្នា ល្អូកល្អឺន
និងអាចដោះស្រាយបញ្ហាសម្រាប់ជូនជាតិជាមួយគ្នាគួរជាទីមោទនៈបំផុត។
នៅឯប្រទេសម៉ាឡេស៊ី ក្នុងនាមជាដៃគូសន្ទនាដ៏ល្អ
ឯកឧត្តម សម រង្ស៊ី បានថ្លែងថា មិនយូរមិនឆាប់ កម្ពុជានឹងទទួលបានភាពរីកចម្រើន
តាមរយៈផ្លែផ្កានៃវប្បធម៌សន្ទនាគ្នានេះ ដែលអ្នកនយោបាយលែងហែកហួរគ្នា
និងនាំគ្នាងាកមកនិយាយគ្នាពីអ្វី ដែលជាការស្ថាបនាជាតិ និងការរីកចម្រើនរបស់ប្រជាជនកម្ពុជាទាំងអស់៕
![]() |
![]() |
![]() |
![]() |
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ បានប្រារព្ធពិធីបើកប្រជុំជាផ្លូវការហើយ!
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧មេសា នៅសាលសន្និសីទទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ព្រះករុណាស៊ុលតង់
សម្តេច ឯកឧត្តម ប្រមុខរដ្ឋ ប្រមុខរដ្ឋា ភិបាលនៃប្រទេសអាស៊ានទាំង១០
រួមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ាន
ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងស្និតស្នាល
រាក់ទាក់បំផុតពី ឯកឧត្តម ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី
និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ និងលោកជំទាវ។
ពិធីបើកកិច្ចប្រជុំកំពូលនេះដែរ
ក៏បានការអញ្ជើញ ចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ
ឥស្សរជនជាន់ខ្ពស់សភានៃប្រទេសអាស៊ានទាំង១០ ឥស្សរជន ឆ្នើមអាស៊ាន វិស័យឯកជន
យុវជន និងអង្គការសង្គមស៊ីវិលអាស៊ានជាច្រើនរូប។
សូមបញ្ជាក់ដែរថា
គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា
ដែលអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ នៅទីក្រុងកូឡាឡាំពួរ
នាពេលនេះរួមមាន ឯកឧត្តម ហោ ណាំហុង
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល
ទេសរដ្ឋមន្រ្តីនិងជារដ្ឋមមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហង់ជួន ណារ៉ុង
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ាន ឯកឧត្តម សុខ
ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី
និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊្រី
ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ គឹមហួន
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត
រដ្ឋលេខាធិការក្រសួងការពារជាតិ លោកជំទាវ សឿង រដ្ឋចាវី
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សម្តេចព្រះអនុជ នរោត្តម អារុណ រស្មី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា
ប្រចាំប្រទេសម៉ាឡេស៊ី ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាគណៈប្រ
តិភូអមដំណើរជាច្រើនរូបទៀត។
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៦
បានប្រារព្ធពិធីបើករបស់ខ្លួន តាមរយៈការគោរពទង់ និងភ្លេងអាស៊ាន
រួមទាំងការទស្សនាការសំដែងសិល្បៈមហាជនផងដែរ។
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦
ឯកឧត្តម ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី
និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦មានប្រសាសន៍ថា
ប្រទេសនិងប្រជាជនម៉ាឡេស៊ី
បានទន្ទឹងរង់ចាំការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននេះ
រយៈពេល១០ឆ្នាំមកហើយ ហើយក្នុងរយៈពេលនេះដែរ
ម៉ាឡេស៊ីបានធ្វើខ្លួនរួចជាស្រេចហើយក្នុងការធ្វើម្ចាស់ផ្ទះនៃ
កិច្ចប្រជុំកំពូលអាស៊ានដែលជាភារកិច្ចដ៏ខ្ពង់ខ្ពស់បំផុតនោះ។
ឯកឧត្តម
ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ មានប្រសាសន៍បន្តថា
ឆ្នាំ២០១៥នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់អាស៊ាន
ជាមួយនិងទស្សនៈក្នុងការបង្កើតសហគមន៍អាស៊ាន
ដែលនិងលេចចេញជារូបរាងឡើងនៅក្នុងខែធ្នូខាងមុខ។
ឯកឧត្តមប្រធានកិច្ចប្រជុំកំពូលអាស៊ាន មានប្រសាសន៍បន្តថា
តាមរយៈការបង្កើតឡើងនូវសហគមន៍តែមួយនោះ
វានិងក្លាយជាមូលដ្ឋានក្នុងការពង្រឹងការឯកភាពរបស់អាស៊ានបន្ថែមទៀត
និងពង្រឹងសមាហរណកម្មសម្រាប់រយៈពេល១០ឆ្នាំទៅមុខទៀត។
នៅក្នុងសុន្ទរកថានៃ
ពិធីបើកកិច្ចប្រជុំនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តី
និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន មានប្រសាសន៍បញ្ជាក់បន្ថែមថា
បណ្តាមេដឹកនាំទាំងអស់ ត្រូវតែខិតខំស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យអាស៊ាន
មានភាពស្អិតរមួតបន្ថែមទៀតខាងផ្នែកនយោបាយ។
ឯកឧត្តម
ណាជីប រ៉ាហ្សាក់ មានប្រសាសន៍បន្តថា វិនិយោគិន នៅលើពិភពលោក
ចាប់អារម្មណ៍ខ្លាំងនៅលើតែប្រទេសចិន និងឥណ្ឌា
តែអាស៊ានត្រូវតែខិតខំប្រជែងដើម្បីតំណែងនោះនៅក្នុងតំបន់។
នៅក្នុងសុន្ទរកថានោះដែរ
ឯកឧត្តមប្រធានមានប្រសាសន៍បន្តថា ជាមួយនិងការប្រជែងលើផ្នែកសេដ្ឋកិច្ច
យើងបន្តខិតខំនិងយកចិត្តទុកដាក់ទាំងអស់គ្នា
ក្នុងការប្រយុទ្ធប្រឆាំងទៅនិងការប្រែបម្រួលអាកាសធាតុ
ការប្រយុទ្ធប្រឆាំងទៅនិងអំពើភេរវកម្ម ក្រុមជ្រុលនិយម
រួមទាំងបញ្ហាផ្សេងៗទៀត ដែលយើងទាំងអស់គ្នាបន្តយកចិត្តទុកដាក់ដូចគ្នា៕
![]() |
![]() |
![]() |
![]() |
![]() |
អ្នកម្នាងផល្លា ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរបួសក្បាលធ្ងន់ធ្ងរ
សេចក្តីរាយការណ៍ពីក្រុមការងារគណបក្ស ហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា ព្រះអង្គម្ចាស់
នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានបញ្ជូនទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក
ប្រទេសថៃហើយ កាលពីថ្ងៃអាទិត្យម្សិលមិញ
បន្ទាប់ពីមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែមេសា
ឆ្នាំ២០១៥ នៅឯខេត្តកំពង់ចាម បង្កឡើងដោយរថយន្តដឹកដីបុកពេញទំហឹង។
បន្ទាប់ពីហេតុការណ៍កើតឡើងមកនោះ លោក ញ៉េប ប៊ុនជិន
អ្នកនាំពាក្យគណបក្សហ្វុនស៊ីនប៉ិច បានហៅករណីគ្រោះថ្នាក់ចរាចរណ៍នេះដោយផ្តោតការសង្ស័យថា
អាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ គឺការប៉ុនប៉ងធ្វើឃាតសម្តេក្រុមព្រះនរោត្តមរណឬទ្ធិ
ព្រះប្រធានគណបក្សហ្វុនស៊ីនប៉ិច ប៉ុន្តែ មជ្ឈដ្ឋានទូទៅចាត់ទុកថា
ជាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយចៃដន្យ
បង្កឡើងដោយការធ្វេសប្រហែសរបស់អ្នកបើកបរ នៃភាគីបង្កហេតុ។
សូមជម្រាបថា បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងភ្លាម
ព្រះអង្គម្ចាស់នរោត្តមរណឬទ្ធ និងអ្នកម្នាង អ៊ុក ផល្លា
ត្រូវបានដឹកបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ រ៉ូយាល់ រតនៈ ស្ថិតនៅរាជធានីភ្នំពេញ
។
អ្នកនំាពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច
លោក ញ៉េប ប៊ុនជិន បានអះអាងថា មកដល់ពេលនេះស្ថានភាពរបួសរបស់ព្រះអង្គម្ចាស់នរោត្តម
រណឫទ្ធិ និងអ្នកម្នាង ផល្លា បានភាពធូរស្រាលជាងមុន ។ «តាមពិតទៅសម្តេចក្រុមព្រះ
ព្រះអង្គគ្មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែប៉ះពាល់បន្តិចប៉ុណ្ណោះ
ហើយអ្នកម្នាង អ៊ុក ផល្លា រងរបួសក្បាលធ្ងន់។ តែគណបក្សហ៊ុនស៊ីនប៉ិច ត្រូវតែយាងព្រះអង្គទៅព្យាបាលនៅថៃទៅ
ដើម្បីឲ្យអស់ចិត្ត ព្រោះតែការបារម្ភពីព្រះអង្គ » ។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា
ស្ថិតក្នុងចំណោមជនរងគ្រោះ៦នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយខណៈក្បួនរថយន្តរបស់ព្រះអង្គម្ចាស់នរោត្តម
រណឫទ្ធិ ត្រូវបានបុកយ៉ាងពេញទំហឹងពីសំណាក់រថយន្តដឹកដីធុនធំ១គ្រឿង
កាលពីវេលាម៉ោងជិត១រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។
ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅកំណាត់ផ្លូវជាតិលេខ៧
ក្នុងភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយរថយន្តដឹកដីបានចូលកាត់ក្បួនរថយន្តព្រះអង្គម្ចាស់
នរោត្តម រណឫទ្ធិ ក្នុងដំណើរមកកាន់រាជធានីភ្នំពេញ។
ទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោក ញ៉េប ប៊ុនជិន បានអះអាងថា រឿងនេះមិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍ធម្មតានោះឡើយ
ដោយលោកសង្ស័យថា មានពាក់ព័ន្ធនឹងរឿងនយោបាយ។
អ្នកនាំពាក្យរូបនេះបញ្ជាក់យ៉ាងនេះថា ៖ « ពេលនេះមេធាវីកំពុងរៀបចំនីតិវិធី
ដើម្បីដាក់ពាក្យបណ្តឹងហើយ។ រឿងនេះ មិនធម្មតាទេ វាអាចជារឿងនយោបាយ
ព្រោះក្បួនរថយន្តសម្តេចក្រុមព្រះ ធ្វើដំណើរមានឡានស៊ីរ៉ែន ដែលបើកបរយឺតតែ ៣០
គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ
ហេតុអ្វីឡានដឹកដីនោះមកបុក ?
សុទ្ធតែមានចេតនាទុកជាមុនហើយ ។ ប៉ុន្តែ
ទោះយ៉ាងណា លោក ញ៉េប ប៊ុនជិន មិនអាចហ៊ានសន្និដ្ឋានបានទេថា គណបក្សនយោបាយ
ឬក្រុមណាមួយចង់ធ្វើឃាតសម្តេចក្រុមព្រះ បានទេ
ទុកឲ្យសមត្ថកិច្ចស្រាវជ្រាវរឿងនេះរកការពិត ។
សូមបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ព្រះអង្គម្ចាស់
នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច រួមជាមួយឯកឧត្តម ញឹក ប៊ុនឆៃឯកឧត្តម
កែវ ពុទ្ធរស្មី នឹងថ្នាក់ដឹកនាំដទៃទៀត បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រោមជាតិ
និងពលរដ្ឋដែលគាំទ្រគណបក្សនៅក្នុងមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម
ហើយគ្រោះថ្នាក់ចរាចរនេះ
បានកើតមានឡើងបន្ទាប់ពីក្បួនរថយន្តធ្វើដំណើរពីខេត្តកំពង់ចាម
ត្រឡប់មកភ្នំពេញវិញក៏ជួបឧបទ្ទវហេតុពាក់កណ្តាលផ្លូវ។
សមត្ថកិច្ច
ស្រុកព្រៃឈរ បានឲ្យដឹងថា ជនបង្កហេតុជាអ្នកបើករថយន្តដឹកដី
ត្រូវបានស្រាវជ្រាវកំណត់មុខសញ្ញាបានហើយ
នៅពេលនេះសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន
ដើម្បីដំណើរការនីតិវិធីតាមផ្លូវច្បាប់
ខណៈដែលម្ចាស់រថយន្តដឹកដីជាតំណាងក្រុមហ៊ុនផ្ទាល់បានចូលបំភ្លឺនៅ
ចំពោះមុខសមត្ថកិច្ចខេត្តកំពង់ចាមរួចហើយ
ដោយម្ចាស់រថយន្តដឹកដីបានឲ្យដឹងថា
អ្នកបើកបររថយន្តដឹកដីបង្កគ្រោះថ្នាក់ចរាចរណ៍នោះ មានឈ្មោះ ឈឿន
រ៉ុន
អាយុ២២ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ
ហើយទើបនឹងចូលធ្វើការបើកបរឲ្យក្រុមហ៊ុនលោកកាលពីថ្ងៃទី២០
ខែមេសា ឆ្នាំ២០១៥ ដែលទទួលប្រាក់ឈ្នួលតម្លៃ២ម៉ឺនរៀលក្នុង១ថ្ងៃ។
នៅពេលនេះ អ្នកបើកបររូបនោះ បាននិងកំពុងរត់គេសខ្លួន៕


លោក ខឹម វាសនា ប្រធានគណបក្ស LDP ប្រតិកម្មនឹងសម្តីរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌
បន្ទាប់ពីឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះសារខ្លីមួយតាមរយៈបណ្ដាញសង្គមហ្វ៊េសប៊ុករបស់លោក ថា« លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពុំមានជាប់សាច់ញាតិជាមួយឯកឧត្តមបណ្ឌិតរដ្ឋជាម យៀប ដែលជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ហើយលោកនឹងព្រមានចាត់វិធានការតាមច្បាប់ ប្រសិនបើ លោកខឹម វាសនា ដើរអះអាង និងប្រើប្រាស់ឈ្មោះដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះ» ជាការឆ្លើយតបនឹងសារដែលបានបង្ហោះនេះ លោកខឹម វាសនា ប្រធានគណបក្សសំឡេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP បានប្រតិកម្មតបវិញថា ការប្រកាសរបស់លោកគឹម សន្តិភាពនេះ ជាការជួយរូបលោកទៅវិញទេ ក្នុងការលុបបំបាត់បុគ្គលលាបពណ៌។
លោក ខឹម វាសនា បានចំអកវិញដោយចង់បញ្ជាក់ថា លោកមិនជាប់សាច់ឈាមអ្វីជាមួយឯកឧត្តម ជាម យៀបទេ ដោយលោក ខឹម វាសនា ពន្យល់ថា ការដែលលោក គឹម សន្តិភាព កូនប្រសាររបស់លោក ជាម យៀប ចេញមកធ្វើការអះអាងបែបនេះ គឺដូចជាជួយរូបលោក ដើម្បីឲ្យប្រជាពលរដ្ឋដែលជឿលើឥទ្ធិពលនៃការលាបពណ៌បានជ្រះស្រឡះ ព្រោះមានមនុស្សច្រើនណាស់ដែលលាបពណ៌ថារូបលោកជាក្មួយរបស់លោកជាម យៀប។
លោកខឹម វាសនា បានឲ្យដឹងទៀតថា លោកគាំទ្រចំពោះពាក្យសម្ដីដែលលោកគឹម សន្តិភាព បានលើកឡើងថា បើសិនរូបលោកបានយកឈ្មោះរបស់លោក ជាម យៀម ទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន សូមឲ្យសមត្ថកិច្ចចាត់វិធានការចុះ។ លោកក៏បានបញ្ជាក់ដែរថា ប្រសិនបើមនុស្សខូចដើរយកឈ្មោះគេលាបពណ៌បែបនោះ គឺសមនឹងចាត់វិធានការ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០១៥ ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ បានសរសេរនៅលើបណ្ដាញសង្គមហ្វ៊េសប៊ុកផ្ទាល់ខ្លួនលោកថា « សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា លោក ខឹម វាសនា ពុំមានជាប់សាច់ញាតិជាមួយឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ទេ!កន្លងមកតែងតែមានការភ័ន្តច្រលំលើករណីនេះ!តែបើបុគ្គល ខឹម វាសនា ដើរអះអាង ឬប្រើប្រាស់ឈ្មោះឯកឧត្តមបណ្ឌិតរដ្ឋដើម្បីការពារខ្លួន ឬដើម្បីផលប្រយោជន៏អ្វីមួយរបស់ខ្លួននោះ សូមសមត្ថកិច្ចមេត្តាចាត់វិធានការ តាមផ្លូវច្បាប់!»។
សម្តីនេះហើយ ដែលបណ្តាលឲ្យ លោក ខឹម វាសនា ចេញមុខមកបកស្រាយ ប៉ុន្តែ គេនៅមិនទាន់ដឹងថា តើមានហេតុផលអ្វីពីខាងដើម ដែលបណ្តាលឲ្យ ឯកឧត្តម គឹម សន្តិភាព បង្ហោះខ្លឹមសារពាក់ព័ន្ធជាមួយនឹងលោក ខឹម វាសនា និងនាំឲ្យមានការឆ្លើយឆ្លងដាក់គ្នានេះទេ។
បន្ទាប់ពីមានការឆ្លើយឆ្លងដោយពាក្យសម្តីដាក់គ្នា គេបានឃើញថា អ្នកគាំទ្រ លោក ខឹមវាសនា ចេញមកគាំទ្រមេបក្សរបស់គេតាមប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក ប៉ុន្តែ ឯកឧត្តម គឹម សន្តិភាព បានបន្តឆ្លើតតបវិញថា មិននឹកស្មានថាសកម្មជនLDP ពូកែជេរគ្រាន់បើ! សូមបើកភ្នែកអោយធំ សម្លឹងមើលអត្ថន័យរបស់ខ្ញុំអោយបានច្បាស់លាស់! ត្រង់ណាដែលថាខ្ញុំចោទប្រធានLDP នោះ?
សូមមើលអត្ថន័យសម្តីរបស់ខ្ញុំនៅលើFacebook page ខ្ញុំ! សូមកុំច្រលំនឹងសម្តីរបស់សារពត៌មាន!

សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យឯកឧត្តម Leung Chun Ying អភិបាលក្រុងហុងកុង ចូលជួបសំដែងការគួរសមពិភាក្សាការងារ
សម្តេចតេជោនាយករដ្ឋមន្រ្តី
អនុញ្ញាតឲ្យឯកឧត្តម Leung
Chun Ying អភិបាលក្រុងហុងកុង ចូលជួបសំដែងការគួរសមពិភាក្សាការងារ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ ទៅកាន់អភិបាលក្រុងហុងកុង
ក្នុងជំនួបនៅទីក្រុងកូឡាឡាំពួរ ព្រឹកថ្ងៃទី២៦ ខែមេសាថា ការចរចាស្តីពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន‑ ហុងកុង នឹងចេញជារូបរាងនៅពេលខាងមុខ
ដើម្បីឲ្យអាស៊ានកាន់តែមានទីផ្សារធំឡើងនៅក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម Leung Chun Ying អភិបាលក្រុងហុងកុង
មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត
ជូនចំពោះប្រទេសកម្ពុជាដែលបានផ្តួចផ្តើមគំនិតបង្កើតឲ្យមាននូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន‑
ហុងកុង បានចេញជារូបរាងនៅពេលខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ហុងកុង គឺជាច្រកចេញដ៏ធំរបស់អាស៊ាន ដូចនេះការចរចាបង្កើឡើងនូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ហុងកុង គឺជាភាពចាំបាច់ ដែលត្រូវតែអនុវត្តនៅពេលខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្រ្តី
បញ្ជាក់បន្ថែមថា កម្ពុជាឥឡូវនេះកំពុងតម្រង់ទិសទៅកាន់ទីផ្សារក្រៅតំបន់
ដូចជាអាមេរិក និងអឺរ៉ុប
ដូចនេះការបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងកុង គឺជាភាពចាំបាច់សម្រាប់កម្ពុជា។
សម្តេចតេជោបន្តថា
កន្លងមកកម្ពុជាមានទំហំពាណិជ្ជកម្មជាមួយនិង បណ្តាប្រទេសនានា ក្នុងរង្វង់ទឹកប្រាក់ត្រឹមតែជាង១០០លានដុល្លាអាមេរិក
ឥឡូវកម្ពុជាមានទំហំពាណិជ្ជកម្មកើនឡើងខ្ពស់ជាមួយប្រទេសក្នុងតំបន់ ក្នុងនោះទំហំពាណិជ្ជកម្ម មានជាងមួយថៃ ៤ពាន់លានដុល្លា ជាមួយវៀតណាមមានជិត៤ពាន់លាន និងជាមួយចិនខិតខំជំរុញឲ្យមានការ កើនឡើងរហូតដល់៥ពាន់លានដុល្លា
នៅឆ្នាំ២០១៧ ដោយឡែកជាមួយហុងកុងមានជាង២ពាន់លានដុល្លា និងទំហំពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក
មានជាង២ពាន់៥០០លានដុល្លា។
ក្នុងជំនួបពិភាក្សាគ្នានោះ
សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ឯកឧត្តម អភិបាលទីក្រុងហុងកុងដឹកនាំគណៈប្រតិភូទីក្រុង
ហុងកុង ទៅកាន់ប្រទេសកម្ពុជា តាមរយៈការបង្កើតនូវវេទិកាធុរៈកិច្ចកម្ពុជា ហុងកុង នៅកម្ពុជា។
ឯកឧត្តម Leung Chun Ying អភិបាលក្រុងហុងកុង
មានប្រសាសន៍ថា
ឯកឧត្តមនឹងខិតខំជំរុញកិច្ចការនោះឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបានដើម្បីជំរុញកំណើនពាណិជ្ជកម្មកម្ពុជា ហុងកុង
ឲ្យកាន់តែមានទំហំទ្វេឡើងថែមទៀត។ ឯកឧត្តមមានប្រសាសន៍បន្តថា
ឯកឧត្តមមានមិត្តភក្តិ និងអ្នកទេសចរណ៍ជាច្រើនបានទៅកាន់កម្ពុជា ពួកគេបាននិយាយពីការរីកចំរើន ពីសក្តានុពលដ៏ល្អរបស់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជានិងហុងកុងមានសក្តានុពលជាច្រើនក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ពិសេសយើងមានជើងហោះហើរត្រង់ពីហុងកុងមកកាន់រាជធានីភ្នំពេញ ប៉ុន្តែសម្តេចចង់ឃើញការហោះហើរត្រង់ពីហុងកុង
ទៅកាន់សៀមរាប ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍មានកាន់តែមានទំហំទ្វេឡើងថែនទៀត។
ក្នុងជំនួបពិភាក្សាគ្នានេះ
សម្តេចតេជោនាយករដ្ឋមន្រ្តី
និងឯកឧត្តមអភិបាលក្រុងហុងកុង បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ពីការបង្កើនកិច្ចសហប្រតិបត្តិការ
នៃការធ្វើទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ
និងទេសចរណ៍នៃប្រទេសទាំងពីរឲ្យកានតែមានការរីកចំរើនទ្វេឡើងថែមទៀត។
![]() |
Subscribe to:
Posts (Atom)