អឺរ៉ុប៖ តួនាទីដែលបណ្តាញសង្គមនានា ជាពិសេស Facebook បានចូលរួមចំណែកកាលពីអំឡុងបាតុកម្ម Arab Spring ដែលចាប់ផ្តើមនៅទុយនីស៊ី កាលពីឆ្នាំ២០១០ និងបាតុកម្មនៅប្រទេសរុស្ស៉ីឆ្នាំ២០១១ និងឆ្នាំ២០១២ បានទទួលការសាទរយ៉ាងទូលំទូលាយពីលោកខាងលិច ប៉ុន្តែការអបអរភាពរីករាយនេះមិនត្រូវបានគេឃើញនៅក្នុង អំឡុងនៃការធ្វើបាតុកម្មអាវកាក់ពណ៌លឿង ដែលបានផ្ទុះជាអំពើហិង្សាយ៉ាងក្តៅគគុក នៅក្នុងប្រទេសបារាំងឡើយ។ ទោះជាបែបនេះក្តី Facebook កំពុងបន្តអនុវត្តន៍នូវអ្វីដែលខ្លួនស្ទាត់ជំនាញដដែលគឺបើកដៃឲ្យមនុស្សរាល់គ្នាបញ្ចេញកំហឹងរបស់ពួកគេ និងដុតកំហឹងអ្នកតាមដានឯទៀតៗឲ្យចូលរួម។
កាលពីឆ្នាំ២០១១ ក្រោយការកើតមានបាតុកម្មនៅទុយនីស៊ី ក្រុមអ្នកវិភាគ និងសាស្រ្តាចារ្យនៅលោកខាងលិច បានចាត់ទុកបណ្តាញសង្គម Facebook ថាគឺជាការបង្ហាញរូបរាងនៃដំណើរការលទ្ធិប្រជាធិបតេយ្យ និងជាអ្នកនាំសារអំពីសិទ្ធិសេរីភាពនៃលទ្ធិប្រជាធិបតេយ្យ នៅទូទាំងតំបន់អាហ្វ្រិកខាងជើង និងនៅមជ្ឈិមបូព៌ា ហើយ Facebook ថែមទាំងបានជួយលើកស្ទួយក្តីរំពឹងសម្រាប់ភាពជោគជ័យនៃការបះបោរនយោបាយផងដែរ។
នៅចុងឆ្នាំ២០១១ Facebook បានដើរតួនាទីស្នូលក្នុងការរៀបចំបាតុកម្មទ្រង់ទ្រាយធំនៅប្រទេសរុស្ស៊ី នៅក្រោយការបោះឆ្នោតសភាមួយ ដែលត្រូវបានអះអាងថា មានការក្លែងបន្លំ។ នាពេលនោះគេបានសង្កេតឃើញមានលំនាំដូចគ្នារវាងបាតុកម្មនៅទុយនីស៊ី និងបាតុកម្មនៅរុស្ស៉ី គឺបណ្តាញធ្វើសកម្មភាពតវ៉ាគ្មានមេកើយច្បាស់លាស់ ដែលកើតចេញពីបណ្តាញសង្គមរបស់អាមេរិក។ ប្រការនេះបាននាំឲ្យប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន សង្ស័យថា សហរដ្ឋអាមេរិក បានរៀបចំសកម្មភាពបែបនេះ នៅតាមតំបន់ខុសៗគ្នាជុំវិញពិភពលោក ដោយប្រើវិធីសាស្រ្តតែមួយ។ ប៉ុន្តែលោក ពូទីន រួមទាំងអ្នកសង្កេតការណ៍ដទៃទៀត ត្រូវគេមើលឃើញថា បានគិតខុសដោយយល់ថា តួនាទី Facebook នៅក្នុងសកម្មភាពបះបោរល្បីៗទាំងនេះ មានជាប់ពាក់ព័ន្ធនឹងសិទ្ធិសេរី ឬក៏លទ្ធិប្រជាធិបតេយ្យ។
ភ្លាមៗបន្ទាប់ពីប្រទេសទាំងឡាយឆ្លងកាត់បដិវត្តន៍ Arab Spring បានចាប់ផ្តើមបោះជំហានថយក្រោយទៅរករបបផ្តាច់ការ ឬក៏ធ្លាក់ចូលទៅក្នុងភាពវឹកវរ ក្តីព្រួយបារម្ភបានលេចឡើង ជុំវិញសមត្ថភាពរបស់បណ្តាញសង្គមក្នុងការជួយដល់ការធ្វើអន្តរកាលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ យ៉ាងណាមិញ Facebook និងបណ្តាញសង្គមឯទៀតៗ គឺមិនដែលមានជំនាញខាងបញ្ហានេះឡើយពោលអ្វីដែលប្រព័ន្ធទាំងនេះបានធ្វើនោះ គឺត្រឹមជួយមនុស្សឲ្យកាន់តែរំភើបអំពីអ្វីៗដែលរំខានពួកគេ។ តាមរយៈការចែកចាយសារ និងបំផុសបំផុលមតិយោបល់ បណ្តាញសង្គមដូចជា Facebook បានបង្កជាអំពើហិង្សា និងភាពចលាចលនៅកន្លែង ដែលពីដំបូងឡើយមានទម្រង់ជាបាតុកម្ម ឬសកម្មភាពតវ៉ាធម្មតាៗប៉ុណ្ណោះ។ ខណៈពេលនេះភាពចលាចលនេះ កំពុងកើតឡើងម្តងទៀតនៅបារាំង ជាប្រទេសមួយដែលមិនអាចចាត់ទុកថាជាប្រទេសផ្តាច់ការ និងជាកន្លែងដែលសហរដ្ឋអាមេរិកពុំមានហេតុផល ដើម្បីបំផុសបដិវត្តន៍នោះឡើយ។ បាតុកម្មដែលគេហៅថា «អាវកាក់ពណ៌លឿង» បានផ្ទុះឡើងដោយការសម្រេចចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការដំឡើងពន្ធ ៧.៦ភាគរយលើប្រេងសាំង និង ៣.៩ភាគរយលើប្រេងម៉ាស៊ូត។
បើគិតពីអត្រានៃការដំឡើងពន្ធ វាហាក់មិនជាបញ្ហាធំដុំខ្លាំងក្លានោះឡើយ ប៉ុន្តែបាតុកម្មអាវកាក់ពណ៌លឿងដែលផ្ទុះឡើងកាលពីខែវិច្ឆិកា ដោយសារការបង្ហោះសារបំផុសបំផុលលើ Facebook បានកើនឡើងភាពតានតឹងរហូតក្លាយជាបាតុកម្មហិង្សាដ៏អាក្រក់ ក្នុងតំបន់ទីប្រជុំជនប្រចាំប្រទេសបារាំង ដែលមិនធ្លាប់មានក្នុងអំឡុងជាងមួយទសវត្សរ៍កន្លងទៅនេះ។
ដូចនឹងបាតុកម្មមុនៗដែរ ភាពវឹកវរទាំងនេះភាគច្រើនគឺពុំមានមេដឹកនាំច្បាស់លាស់ឡើយ ហើយពួកវាពុំត្រូវការរចនាសម្ព័ន្ធនយោបាយ ឬក៏ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍ខ្លួននោះទេ។ យ៉ាងណាមិញមានវត្តមានបុគ្គលមួយចំនួន ដែលក្រុមបាតុករគាំទ្រដើរតាម ដោយទស្សនរបស់បុគ្គលទាំងនោះ ត្រូវបានជ្រោមជ្រែងឥតឈប់ឈរដោយគ្រុបហ្វេសប៊ុក Yellow Vest។ ក្នុងចំណោមនោះ មានបុគ្គលម្នាក់ឈ្មោះថា Maxime Nicolle ដែលតែងធ្វើការ Live តាម Facebook ចេញពីកន្លែងបាតុកម្ម។ លោក Nicolle បានក្លាយខ្លួនជាអ្នកនាំពាក្យម្នាក់ ក្នុងចំណោមអ្នកនាំពាក្យ ០៨នាក់របស់ចលនាអាវកាក់ពណ៌លឿង ដែលមានសិទ្ធិចរចាជាមួយរដ្ឋាភិបាលបារាំង។
យ៉ាងណាមិញថា តើកំហឹងដ៏ក្តៅគគុករបស់ប្រជាជនបារាំង ដែលបង្កឡើងដោយការដំឡើងពន្ធជាការពិត ឬក៏យ៉ាងហោចណាស់មានជាប់ពាក់ព័ន្ធមួយចំណែកនឹងការបំផុសបំផុលពី Facebook នោះ គឺពិបាកនឹងកំណត់បានឲ្យប្រាកដនាពេលនេះ ដោយពុំមានវិធីសាស្រ្តវិទ្យាសាស្រ្តច្បាស់លាស់ណាមួយ។ ប៉ុន្តែវាគួរតែដល់ពេលត្រូវបោះបង់ចោលនូវរាល់ការបំភ័ន្តភ្នែក ដែលថាបណ្តាញសង្គម អាចចូលរួមដើរតួនាទីវិជ្ជមាននៅក្នុងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ សង្គមមួយមានឈ្មោះថា សង្គមសេរី គឺមិនអាចហាមឃាត់មិនឲ្យប្រើប្រាស់ Facebook ឬក៏ដាក់ការត្រួតពិនិត្យតាមដានទាំងស្រុងលើមុខងារបញ្ឆេះភ្លើងកំហឹងរបស់វាបានឡើយ ប៉ុន្តែមនុស្សរាល់គ្នាគួរតែដឹងពីហានិភ័យនៃ Facebook និងបណ្តាញសង្គមដទៃទៀតអាចបង្កឡើងសម្រាប់លទ្ធិប្រជាធិបតេយ្យ៕
ប្រភព៖ Fresh News