Tuesday, October 17, 2023

វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ផ្អៀងតុល្យភាពអំណាចទៅខាងចិន និងរុស្ស៉ី ដោយរបៀបណា?


(ឌូបៃ)៖ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា មិនមែនត្រឹមតែបង្កហានិភ័យផ្ទុះទៅជាសង្រ្គាមតំបន់មជ្ឈិមបូព៌ាទាំងមូលនោះទេ ប៉ុន្តែ វាក៏បង្កផលប៉ះពាល់ផងដែរដល់តុល្យភាពអំណាចសកល ខណៈជួយបន្ធូរបន្ថយសម្ពាធលើរុស្ស៉ី និងផ្ដល់ «កាលានុវត្តភាពថ្មីៗ» សម្រាប់ចិន។ ផលប៉ះពាល់ រយៈពេលវែង កើតចេញពីអំពើហិង្សាក្នុងតំបន់មជ្ឈិមបូព៌ា គឺពិតជាពិបាកព្យាករណាស់។ ពីព្រោះរឿងដំបូងគេដែលត្រូវរង់ចាំអ៊ុតមើល នោះគឺថាតើអ៉ីស្រាអែល អាចសម្រេចបានជោគជ័យរបស់ខ្លួនដល់កម្រិតណា ក្នុងការប្រកាសឱ្យគេឯងបានដឹងពីគោលដៅកម្ទេចក្រុមហាម៉ាដែលជាកម្លាំងយោធា និងនយោបាយដ៏សំខាន់ក្នុង តំបន់ហ្កាហ្សា?

បញ្ហាចោទមួយទៀត នោះគឺថាតើទំនាក់ទំនងការទូតរបស់អ៉ីស្រាអែល ក្នុងតំបន់មជ្ឈិមបូព៌ា និងនៅលើឆាកអន្តរជាតិដោយមានការគាំទ្រពីលោកខាងលិច អាចនឹងឆ្លង ផុតពីការរិះគន់ ឬការថ្កោលទោសជុំវិញការកើនឡើងចំនួនជនស៊ីវិលស្លាប់ និងរងរបួសក្នុងតំបន់ហ្កាហ្សា និងនៅចំពោះមុខការត្រៀមលក្ខណៈធ្វើសង្រ្គាមជើងគោកដែល នឹងនាំទៅរកបង្ហូរឈាមយ៉ាងសាហាវ ក្នុងតំបន់ហ្កាហ្សាដែលមានដង់ស៊ីតេប្រជាជនរស់នៅប្រមូលផ្ដុំគ្នាច្រើនបានដែរ ឬក៏យ៉ាងណា?

ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ន សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស ផ្ដើមចេញពីការវាយប្រហារបស់ក្រុមសកម្មប្រយុទ្ធមួយនេះកាលពីថ្ងៃទី៧ ខែតុលា និងដែលបានផ្ដាច់ជីវិត ជាង ៤,២០០នាក់ទាំងសងខាង បាននិងកំពុងផ្ដល់កាលៈទេសៈអំណោយផលដល់គូប្រជែងភូមិសាស្ត្រនយោបាយធំៗរបស់សហរដ្ឋអាមេរិក។ ចិន រុស្ស៉ី និងអ៉ីរ៉ង់ បានព្យាយាមជាយូរណាស់មកហើយ ដើម្បីផ្លាស់ប្ដូរប្រព័ន្ធអន្តរជាតិគាំទ្រដោយសហរដ្ឋអាមេរិក និងកំពុងទាញយកប្រយោជន៍ពីការវិលក្បុលរបស់សហរដ្ឋអាមេរិក។ «អ្វីដែលយើងកំពុងមើលឃើញ វាជាផ្នែកមួយនៃការកែប្រែសណ្ដាប់ធ្នាប់ពិភពលោក ដោយនៅពេលសហរដ្ឋអាមេរិកចាកចេញពីកន្លែងណាមួយឱ្យនៅទំនេរ អ្នកផ្សេង នឹងមកបំពេញកន្លែងទំនេរទាំងនោះ»។ នេះការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Alexander Stubb។

ជាការពិតណាស់ សហរដ្ឋអាមេរិកបានវិលត្រឡប់ទៅកាន់តំបន់មជ្ឈិមបូព៌ាវិញរួចទៅហើយ និងកំពុងបង្ហាញថាខ្លួនជាដៃគូមិនអាចខ្វះបានសម្រាប់អ៉ីស្រាអែល និងសម្ព័ន្ធ មិត្តអារ៉ាប់សំខាន់ៗ ជាមួយការបង្កើនឥទ្ធិពលការទូត និងដាក់ពង្រាយយោធាបន្ថែម។ ក៏ប៉ុន្តែ ខណៈចំណាប់អារម្មណ៍របស់ទីក្រុងវ៉ាស៊ីនតោន កំពុងផ្តោតលើតំបន់ មជ្ឈិមបូព៌ា តិចឬច្រើន រុស្ស៉ីអាចនឹងទាញយកប្រយោជន៍ ជាពិសេសបើជម្លោះរាលដាល ឬសហរដ្ឋអាមេរិកលូកដៃកាន់តែជ្រៅចូលក្នុងជម្លោះ។ តួយ៉ាង ដោយលើកឡើង ពីការស្លាប់របស់ជនជាតិប៉ាឡេស្ទីនជាង ២,៨០០នាក់ ភាគច្រើនជាជនស៊ីវិល ក្រោមការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា មូស្គូកំពុងប្រាប់ពិភពលោក ពីអ្វីដែលខ្លួនហៅថាជា «ពុតត្បុត» របស់បណ្ដាប្រទេសលោកខាងលិចដែលនាំគ្នាថ្កោលទោសរុស្ស៉ីសម្រាប់ការស្លាប់ជនស៊ីវិលក្នុងសង្រ្គាមនៅអ៊ុយក្រែន តែបែរជាមិន ថ្កោលទោសការស្លាប់របស់ជនស៊ីវិលប៉ាឡេស្ទីននៅក្រោមដៃអ៉ីស្រាអែលទៅវិញ។

លោក ពូទីន ដែលយោធារបស់លោកត្រូវបានអាជ្ញាធរអ៊ុយក្រែនចោទថាបានសម្លាប់ជនស៊ីវិលជាច្រើនពាន់នាក់ នៅពេលឡោមព័ទ្ធទីក្រុង Mariupol អស់រយៈពេល ជាច្រើនខែកាលពីឆ្នាំ២០២២ បានប្រៀបប្រដូចការបិទខ្ទប់ទាំងស្រុងរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ទៅនឹងការបិទខ្ទប់ទីក្រុង Leningrad សព្វថ្ងៃហៅ St. Petersburg ជាទីក្រុងកំណើតរបស់លោក ដោយកងទ័ពណាហ្ស៉ីអាល្លឺម៉ង់អំឡុងសង្គ្រាមលោកលើកទី២។ ការប្រៀបធៀបបែបនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ខាងការទូតរបស់រុស្ស៉ី ក្នុងការលើកមុខមាត់ខ្លួនឯងក្នុងនាមជាមេដឹកនាំចលនាសកលប្រឆាំងនឹង «អាណានិគមនិយមលោកខាងលិច» បើទោះជារុស្ស៉ីកំពុងវាយទន្ទ្រាញ កាន់កាប់ទឹកដីអ៊ុយក្រែនក៏ដោយ។

រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានកត់សម្គាល់ថា «រាល់ជម្លោះណាមួយអាចទាញចំណាប់អារម្មណ៍អាមេរិក ចេញពីសង្រ្គាមអ៊ុយក្រែន នោះវាជាប្រយោជន៍របស់រុស្ស៉ី។ រុស្ស៉ីមិនមែនជាអ្នកចាប់ផ្ដើមសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសនោះទេ ប៉ុន្តែពួកគេមានប្រយោជន៍យ៉ាងធំធេង បើសង្រ្គាមនេះ អូសបន្លាយពេលកាន់តែយូរ។ វានឹងក្លាយជាជ័យជម្នះមួយសម្រាប់រុស្ស៉ី ទាំងខាងផែនការ និងយុទ្ធសាស្ត្រនៅអ៊ុយក្រែន ព្រមទាំងការពង្រឹងវោហាសាស្ត្រប្រឆាំង លោកខាងលិច»។

ចំណែក ចិនវិញក៏មិនខុសគ្នាដែរ។ ចិនបានចេញមុខគាំទ្រប៉ាឡេស្ទីន ជាសាធារណៈតាមរបៀបមួយដែលគេមិនធ្លាប់បានឃើញពីមុនមក ស្របពេលទំនាក់ទំនងស្និទ្ធស្នាល ជាមួយអ៉ីស្រាអែលជាសម្ព័ន្ធមិត្តដ៏សំខាន់លើលោករបស់សហរដ្ឋអាមេរិក កំពុងធ្លាក់ចុះ។ «ដើមហេតុសំខាន់នៃបញ្ហា នោះគឺភាពយុត្តិធម៌មិនមានឡើយសម្រាប់ប្រជាជន ប៉ាឡេស្ទីន»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅក្នុងការអត្ថាធិប្បាយជាសាធារណៈចាប់តាំងពី ការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល។

សម្រាប់ក្រុមអ្នកវិភាគពីចិន ដូចជាលោក Antoine Bondaz មកពី Foundation for Strategic Research មានមូលដ្ឋានក្នុងទីក្រុងប៉ារីស ក្នុងពេលដែលទីក្រុងប៉េកាំង កំពុងត្រៀមលក្ខណៈចំពោះលទ្ធភាពនៃការផ្ទុះសង្រ្គាមជាមួយសហរដ្ឋអាមេរិក ជុំវិញអនាគតកោះតៃវ៉ាន់ ចិនទទួលបានផលចំណេញពីការបង្វែរការផ្ដោតរបស់អាមេរិក សាជាថ្មី ដោយជម្លោះ ឬភាពចលាចលក្នុងតំបន់មជ្ឈិមបូព៌ា។ អ្នកវិភាគរូបនេះបានសង្កត់ធ្ងន់ថា «អ្វីដែលមានសារៈសំខាន់ចំពោះចិន នោះគឺផលប្រយោជន៍របស់ចិន ហើយអ្វី ដែលសំខាន់ជាងនេះទៅទៀតសម្រាប់ទីក្រុងប៉េកាំង នោះគឺទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក រួមទាំងមធ្យោបាយដែលអាចជួយចិនធ្វើឱ្យសហរដ្ឋអាមេរិក ​និងកេរ្តិ៍ឈ្មោះ អាមេរិកនៅលើឆាកអន្តរជាតិចុះខ្សោយ។ ពួកគេ (ចិន) នឹងព្យាយាមបង្ហាញប្រាប់ឱ្យពិភពលោកយល់ថាសហរដ្ឋអាមេរិកជាមេបង្កអស្ថិរភាព រីឯចិនគឺជាអ្នកការពារ សន្តិភាព។ គោលដៅរបស់ចិននោះគឺបង្ហាញឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍមើលឃើញថាខ្លួនមហាអំណាចមួយដែលពួកគេអាចជឿទុកចិត្ត និងពឹងផ្អែកបាន»។

ក្រៅតែពីរុស្ស៉ី និងចិន សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស ក៏បង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ឥណ្ឌា ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំរបស់ចិនក្នុងតំបន់ អាស៊ី ផងដែរ។ កាលពីខែកញ្ញាកន្លងទៅនេះ ឥណ្ឌា និងសហរដ្ឋអាមេរិក បានប្រកាសពីផែនការបង្កើត «ច្រករបៀងឆ្លងកាត់មួយ» តភ្ជាប់ឥណ្ឌា មជ្ឈិមបូព៌ា និងអ៉ីរ៉ុប ដែល នឹងរត់កាត់តាមអេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងអ៉ីស្រាអែល ហើយត្រូវបានគេរំពឹងថាអាចនឹងក្លាយជាគូប្រជែងមួយជាមួយគម្រោង «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន។ ប៉ុន្តែកិច្ចចរចាផ្សះផ្សាទំនាក់ទំនងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីតដែលជាគន្លឹះមួយដ៏សំខាន់នៃផែនការនេះបានជាប់គាំងដោយសារសង្រ្គាមអ៉ីស្រាអែល និងហាម៉ាស និងកំពុងស្ថិតនៅក្នុងអនាគតមិនច្បាស់លាស់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រកាសថាជំនួយយោធាសម្រាប់អ៉ីស្រាអែល គឺនឹងត្រូវធ្វើឡើងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ ក្នុងរយៈពេលខ្លី សង្រ្គាមអ៉ីស្រាអែល និងហាម៉ាស ត្រូវបានក្រុមអ្នកវិភាគលោកខាងលិចជឿថានឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងជួយអ៊ុយក្រែនប្រយុទ្ធតតំាងជាមួយរុស្ស៉ីនោះទេ។ ពីព្រោះ អ្វីដែលអ៉ីស្រាអែលត្រូវការបំផុត នោះគឺមីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល Iron Dome ដែលមិនមានប្រើនៅអ៊ុយក្រែឡើយ ខណៈអ្វីដែលអ៊ុយក្រែនត្រូវការជាចាំបាច់ នោះគឺ គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ។ លើសពីនេះទៅទៀត អ៉ីស្រាអែលពឹងផ្អែកយ៉ាងខ្លាំងលើកងទ័ពអាកាស រីឯកងទ័ពអាកាសនៅតែបន្តធ្វើសកម្មភាពតិចតួចនៅឡើយក្នុង សង្រ្គាមអ៊ុយក្រែន។ តែទោះជាបែបនេះក្ដី បើអ៉ីស្រាអែលបើកធ្វើសង្រ្គាមជើងគោកលើតំបន់ហ្កាហ្សា ឬសង្រ្គាមអូសបន្លាយរយៈពេលយូរ នោះសម្ពាធលើការផ្គត់ផ្គង់អាច នឹងកើនឡើង ហើយទោះជាបីជាសហរដ្ឋអាមេរិក មិនបញ្ឈប់ការផ្ដល់អាវុធ ឱ្យអ៊ុយក្រែនក៏ដោយ ក៏ការផ្ដល់អាវុធនឹងមានភាពយឺតយ៉ាវដែរ ដែលនេះនឹងបង្ខំឱ្យអ៊ុយក្រែន ត្រូវប្រើអាវុធកំណត់ត្រឹមគោលដៅណាជាអាទិភាពខ្ពស់តែប៉ុណ្ណោះ។

លោក ពូទីន បាននិយាយកាលពីថ្ងៃទី៥ ខែតុលា ថា «ការដែលអ៊ុយក្រែនមានសមត្ថភាពប្រយុទ្ធសព្វថ្ងៃ គឺដោយសារតែការបរិច្ចាគទំហំរាប់ពាន់លានដុល្លារ ដែលខ្លួនទទួល បានជារៀងរាល់ខែ។ តែប្រសិនបើការផ្តល់ជំនួយហ៊ានតែឈប់ នោះអ៊ុយក្រែនមុខជានឹងដួលរលំក្នុងពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ»៕
ប្រភព៖ Fresh News












អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសបដិសេធព័ត៌មានមិនពិតដែលផ្សាយដោយ សកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់, និស្សិតខ្មែរជាង៤៥០នាក់នៅប្រទេសអ៉ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន


(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលនូវព័ត៌មានដែលផ្សាយដោយ សកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់។

លោក ប៉ែន បូណា បានបញ្ជាក់ថា និស្សិតខ្មែរជាង៤៥០នាក់ដែលកំពុងសិក្សានិងហាត់ការនៅប្រទេសអ៉ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន។

លោក ប៉ែន បូណា បានបញ្ជាក់ឱ្យដឹងដូច្នេះថា «និស្សិតខ្មែរជាង៤៥០ នាក់ដែលកំពុងសិក្សានិងហាត់ការនៅក្នុងប្រទេសអ៉ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន។ សូមបដិសេធព័ត៌មានមិនពិតដែលផ្សាយដោយសកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជាថ្មីថា «រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ជានិច្ចចំពោះ សុខទុក្ខនិស្សិតខ្មែរទាំងអស់ នៅក្នុងប្រទេសអ៉ីស្រាអែល ដោយចាត់ទុកសុវត្ថិភាពរបស់ពួកគេជាអាទិភាពចម្បងបំផុត។ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការរទេសនិងសហប្របត្តិការអន្តរជាតិ ក្រសួងអប់រំ ក្រសួងកសិកម្ម ព្រមទាំងស្ថាប័នមានសមត្ថកិច្ចមួយចំនួនទៀត ធ្វើការទាក់ទងជាប្រចាំជាមួយនិស្សិត និងម្ចាស់កសិដ្ឋានដែលពួកគេស្នាក់នៅ ក៏ដូចជាអាជ្ញាធរអ៉ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូននិស្សិតខ្មែរទាំងអស់ ក៏ដូចជាអន្តរាគមន៍ដោះស្រាយបញ្ហាជូនពួកគេជាបន្ទាន់ប្រសិនបើពួកគេត្រូវការ»។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំបានយកចិត្តដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាពបងប្អូននិស្សិតខ្មែរ កំពុងរស់នៅ និងធ្វើការ នៅប្រទេសអ៉ីស្រាអ៊ែល បន្ទាប់ពីមានការប្រយុទ្ធគ្នា ដោយអាវុធរវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។

លោកបន្តថា បច្ចុប្បន្ននេះនិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៉ីស្រាអែលចំនួន ៤៥២នាក់ មានសុវត្តិភាពទាំងអស់គ្នា ដោយមានការការពារយ៉ាងតឹងរឹង ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែល នៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋាន ដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ៕





គម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» បោះមួយជំហានទៀតហើយ, រាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងឱ្យក្រុមហ៊ុនចិន សិក្សាលំអិត មុនឈានដល់ការចរចាចុះកិច្ចព្រមព្រៀងសាងសង់


(ប៉េកាំង, ចិន)៖ ជារឿងដ៏រីករាយបំផុត នៅពេលនេះគម្រោងសាងសង់ «ព្រែកជីកហ្វូណន​តេជោ» ដែលជា​គម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា បានបោះ​ជំហាន​​​ទៅមុខមួយជំហានទៀតហើយ ដោយរាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ច​ព្រម​ព្រៀង​អនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាលំអិតបន្ថែមលើគម្រោងមួយនេះ មុនឈានដល់ការចរចា​ឈានទៅចុះកិច្ច​ព្រម​ព្រៀងសាងសង់ ដែលជាដំណាក់កាលចុងក្រោយ។

ពិធីចុះហត្ថលេខាអនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាលំអិតទៅលើគម្រោងដ៏មានសារៈសំខាន់​ខាង​លើ ត្រូវបានធ្វើឡើងនៅ​ល្ងាច​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ក្រោមអធិបតីភាពរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នេះ ត្រូវបាន​ចុះ​​ហត្ថលេខារវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា ជាមួយតំណាងក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC)។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ពីប្រទេសចិនមកថា ការចុះហត្ថលេខានៅថ្ងៃនេះ គឺជាការបើកផ្លូវឱ្យក្រុមហ៊ុន CRBC សិក្សាលំអិតលើគម្រោងនេះក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងជាមួយអារម្មណ៍រំភើប និងរីករាយ ដោយ​ចាត់ទុកការចុះហត្ថលេខានៅថ្ងៃនេះ ជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិត​ទៀត​លើគម្រោងដឹកជញ្ជូនតាមផ្លូវដឹកដ៏ធំរបស់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងបង្ហាញក្តីរំពឹងថា គម្រោងខាងលើអាចនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤ បើមិនមានអ្វីប្រែប្រួលទេនោះ។

ក្នុងពិធីនោះ ក៏មានការចុះហត្ថលេខាលើពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia និងពិធីចុះហត្ថលេខារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) លើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាផងដែរ។

សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីនីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ និងបន្តមកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ​ការ​អនុវត្តគម្រោងនេះផងដែរ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ធ្វើឡើងដើម្បីពង្រីកវិសាលភាព​នៃការ​ប្រើប្រាស់​សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់​សកម្ម​ភាព​សេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

តាមការ​សិក្សា បានបង្ហាញថា ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។

ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង, សាងសង់ស្ពាន​ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ, និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

ប្រជាពលរដ្ឋខ្មែរ បានបង្ហាញការសាទរជាខ្លាំងចំពោះគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ និង​សមុទ្ររបស់កម្ពុជានេះ។ ពួកគេក៏ចង់ឱ្យគម្រោងមួយនេះ លេចចេញជារូបរាងក្នុង​ពេល​ឆាប់ៗ​ខាងមុខផងដែរ៕










សម្តេចធិបតី មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា


នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ជាកិច្ចចាប់ផ្តើម លោកស្រី វិន ជែ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកផ្តល់កិត្តិយសចំពោះជំនួបនេះ និងចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុន Alibaba របស់ប្រទេសចិន” ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ លោកស្រី បានបញ្ជាក់បន្ថែមទៀតថា គម្រោងនៃការចុះ MOU នេះ បានទទួលការគាំទ្រផងដែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយសមិទ្ធផលនេះ ក៏មានលក្ខណៈស្របទៅនឹងកោណនៃសេដ្ឋកិច្ចឌីជីថល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧ ។ មួយវិញទៀត លោកស្រី ក៏បានជម្រាបជូន សម្តេចធិបតី អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុន Alibaba ដោយបច្ចុប្បន្ននេះ មានអតិថិជនសរុបចំនួនប្រមាណ ១.៣០០ លាននាក់ នៅទូទាំងសកលលោក ហើយក្រុមហ៊ុនក៏បានដាក់លក់ផងដែរនូវផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន ដូចជា អង្ករ និងផ្លែមាន ជាដើម ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានថ្នាលតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រជាជនចិនប្រើប្រាស់ ក្នុងការស្នើសុំទិដ្ឋាការកម្ពុជា ផងដែរ ហើយសេវាកម្មនេះទទួលបាននូវចំណាប់អារម្មណ៍ខ្ពស់ និងមានចំនួនអ្នកស្នើសុំកើនទ្បើងគួរឱ្យកត់សម្គាល់ខ្លាំង ។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសប្បាយរីករាយ និងការស្វាគមន៍គាំទ្រដល់ក្រុមហ៊ុន Alibaba ដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន-សហគ្រាស ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា តាមរយៈការនាំយកផលិតផល និងសេវាកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ហើយ សម្តេចធិបតី ក៏មានសុទិដ្ឋិនិយមផងដែរថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ ឱ្យបានជាអតិបរមា ៕








នាយករដ្ឋមន្ត្រីចិន បានឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស


នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម  លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម  លី ឈាង បានស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសចិន សាជាថ្មីម្តងទៀត ក្នុងឆ្នាំ២០២៣នេះ ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែង សំដៅឆ្ពោះទៅកាន់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។ ឯកឧត្តមនាយករដ្ឋមន្រ្តីចិន ក៏បានរំលេចផងដែរនូវសមិទ្ធផលនានាជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ លើគម្រោងជាច្រើន ជាពិសេស ការបើកឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ ក៏ដូចជាការចុះអនុស្សារណៈនៃការយោគយល់ (MOU) ពាក់ព័ន្ធនឹងគម្រោងមួយចំនួន នៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បក្ស និងរដ្ឋាភិបាលចិនចំពោះគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញនូវក្តីសោមនស្សរីករាយ ដែលបានជួប ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជាលើកទី៣ ក្នុងរយៈពេលត្រឹមប៉ុន្មានខែកន្លងទៅនេះ ព្រមជាមួយនឹងការអរគុណផងដែរចំពោះការរៀបចំទទួលដំណើរយាងពិនិត្យព្រះរាជសុខភាព ថ្វាយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩ នៅក្នុងប្រទេសចិន ព្រមទាំងបានចូលរួមសម្តែងនូវមរណៈទុក្ខ និងការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ប្រជាជនចិនចំនួនបួនរូប និងបាត់ខ្លួនពីររូប នៅក្នុងប្រទេសអ៉ីស្រាអែល ។ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន, សម្តេចធិបតី បានសម្តែងនូវក្តីពេញចិត្តចំពោះការសម្រេចបាននូវការចុះហត្ថលេខាលើ MOU ចំនួនប្រាំបី ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ។ 

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាផងដែរអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត រួមមាន៖ វិស័យវិនិយោគ, កសិកម្ម, ពាណិជ្ជកម្ម, អប់រំ, កីទ្បា, ការពារជាតិ, សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។ សំខាន់ផងដែរនោះ ឯកឧត្តម លី ឈាង ក៏បានឯកភាពតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស ដោយយកកត្តាប្រជាជនជាគោល ៕

 










ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា​​ និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា   និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លើឯកសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ច សហប្រតិបត្តិការសមត្ថភាពផលិត និងការ វិនិយោគ កម្ពុជា-ចិន។ 

២ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការ បង្កើតយន្តការការងារសម្រាប់ការអនុវត្ត គម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។ 

៣ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប។ 

៤ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទ ដំណាក់កាលទី៨។ 

៥ លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។ 

៦ កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សា សមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

៧ អនុស្សរណៈនៃការយោគយល់ ស្តីពីការ បង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង កម្ពុជា-ចិន ។

៨ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់ សួនឧស្សាហកម្មចិន-កម្ពុជា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។


រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃអង្គារ ទី១៧ តុលា ២០២៣