នៅក្នុងឱកាសចូលជួបសំដែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជានាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ឯកឧត្តម អាឡិចសាន់ដឺ អ៊ីណាតូវ (Alexander Ignatov) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលត្រូវបញ្ចប់បេសកកម្មការទូតបានទទួលស្គាល់នូវការរីកចម្រើនអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា និងសម្តែងការសោកស្តាយចំពោះការចាកចេញរបស់ឯកឧត្តម។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា ក្នុងជំនួបនៅវិមានសន្តិភាព ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីថា ឯកឧត្តមបានចាត់ទុកបេសកកម្មការទូតនៅកម្ពុជា ជាអំណោយដ៏សំខាន់នៃឆាកជីវិតរបស់ឯកឧត្តម និងបានសំដែងនូវការរីករាយយ៉ាងខ្លាំងចំពោះការអភិវឌ្ឍដ៏ធំធេងរបស់កម្ពុជា។
ឯកឧត្តម Alexander Ignatov មានប្រសាសន៍ថា ឯកឧត្តមមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០៣ ហើយរហូតដល់ពេលនេះ ឯកឧត្តមអាចធ្វើការប្រៀបធៀបបានហើយឃើញថា ព្រះរាជាណាចក្រកម្ពុជាមានមុខមាត់ថ្មីស្រឡាងស្អាតជាងមុន ទេសចរកាន់តែច្រើនបានមកកាន់កម្ពុជា ក្នុងនោះទេសចររបស់រុស្ស៊ីបានមកកាន់កម្ពុជាប្រមាណជា ១២ម៉ឺននាក់នៅក្នុងឆ្នាំ២០១៣នេះ ហើយក៏មានវិនិយោគទុនរបស់រុស្ស៊ីមកកាន់កម្ពុជាជាច្រើនផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីបានមានប្រសាសន៍ចាត់ទុក ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ(កម្ពុជា-រុស្ស៊ី)មានភាពល្អប្រសើរ ជាពិសេសលើវិស័យនយោបាយ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី មន្រ្តីរាជរដ្ឋាភិបាលទាំងអស់ ដែលតែងតែគាំទ្រធ្វើឲ្យបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសំដែងនូវការសោកស្តាយ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ចប់បេសក កម្មការទូតនៅកម្ពុជា។ សម្តេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្ស៊ី ដែលតែងតែគាំទ្រដល់កម្ពុជា និងបានថ្លែងអំណរគុណចំពោះឯកឧត្តមឯកគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មយ៉ាងសកម្មនៅកម្ពុជាពោរពេញដោយមនោសញ្ចេតនា។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានយល់ស្របជាមួយ នឹងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-រុស្ស៊ី) ដែលលើកឡើងដោយឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ដោយសម្តេចតេជោបានមានប្រសាសន៍ថា តាមរយៈបេសកកម្មរបស់ឯឧត្តម Alexander Ignatov ជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជានាពេលកន្លង វិស័យទេសចរណ៍ និងវិនិយោគ បានកើនឡើងផងដែរ។
សម្តេចនាយករដ្ឋមន្រ្តីបានជូនពរឲ្យឯកឧត្តម Alexander Ignatov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលត្រូវបញ្ចប់អាណត្តិការទូតនៅព្រះរាជាណាកចក្រកម្ពុជា បានទទួលជោគជ័យជាបន្តបន្ទាប់ទៀតក្នុងបេសកកម្មរបស់ខ្លួននាពេលអនាគតនោះ៕