សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍នាព្រឹកពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៤ បានមានប្រសាសន៍រំលឹកសារជាថ្មី ចាត់ទុកបញ្ហាធនធានមនុស្សនៅតែជាចំណោទធំសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានអំពាវនាវឲ្យក្រសួងអប់រំ យុវជន និងកីឡាបន្តពង្រឹងគុណភាពអប់រំនៅគ្រឹះស្ថានឧត្តមសិក្សា ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សឲ្យត្រូវនឹងទីផ្សារការងារ។
នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុបចំនួន ៧.៥៧១ នាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ឲ្យដឹងថា ចាប់តាំងពីថ្ងៃទីរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ យើងកសាងប្រទេសបានពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ មិនមែនមានន័យថា យើងមិនបានយកចិត្តទុកដាក់ទៅលើបញ្ហាធនធានមនុស្សនោះទេ។ ប៉ុន្តែតាមដំណាក់កាលនីមួយៗយើងបានឆ្លងកាត់នូវការលំបាករាប់មិនអស់ ហើយយើងក៏បានរិះរកគ្រប់វិធីទាំងអស់ ដើម្បីបញ្ជូននិស្សិតរបស់យើងចេញទៅរៀននៅបរទេសនៅក្នុងដំណាក់កាលនៃការលំបាកនោះ។ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា នៅក្នុងដំណាក់កាលមួយទសវត្សចុង ក្រោយនេះកំណើនសេដ្ឋកិច្ចកម្ពុជាជាមធ្យមមានជាង ៨% ក្នុងមួយឆ្នាំ ដែលកំណើននេះមិនអាចបានមកដោយសារការគ្រប់គ្រង និងដឹកនាំមិនច្បាស់លាស់នោះទេ ក៏ប៉ុន្តែបានមកអាស្រ័យដោយការដឹកនាំ និងអាស្រ័យដោយកត្តាធនធានមនុស្សរបស់យើង។
សម្តេចតេជោមានប្រសាសន៍ថា ដូចដែលវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជនបានឆ្លុះបញ្ចាំងអំពីភាពពាក់ព័ន្ធគ្នារវាងម្ខាងគឺធនធានមនុស្ស និងម្ខាងទៀតការបណ្តុះបណ្តាលរបស់យើងមិនឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ឥឡូវនេះមិនថា ពិភពលោកកំពុងមានការប្រែប្រួលយ៉ាងខ្លាំងពីស្ថានភាពមួយទៅកាន់ស្ថានភាពមួយទៀតទេ សូម្បីតែនៅក្នុងប្រទេសកម្ពុជារបស់យើងវាក៏មានតម្រូវការ ហើយឥឡូវនេះដំណាក់កាលនេះជាដំណាក់កាលនៃការធ្វើឯកទេសកម្ម ដែលនៅក្នុងការធ្វើឯកទេសកម្មនោះហើយ ដែលតែងតែឆ្លុះបញ្ចាំងថា និស្សិតដែលបានទទួលការងារធ្វើចំមុខជំនាញមានប៉ុន្មាន និងមិនចំមុខជំនាញមានប៉ុន្មាន?។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ឥឡូវនេះ ការបណ្តុះបណ្តាលធនធានមនុស្សរបស់យើងមានតម្រូវការចាំបាច់ គឺដើម្បីបម្រើឲ្យទីផ្សារការងារនៅពេលដែលវិនិយោគបានមកដល់ ដែលយើងត្រូវមានធនធានមនុស្សដើម្បីបម្រើការងារឲ្យគេ បម្រើឲ្យខ្សែសង្វាក់ផលិតកម្ម បើមិនដូច្នេះទេ យើងនៅតែរត់មិនទាន់ដំណើរក្នុងស្រុករបស់យើង ក៏ដូចជាសមាហរណកម្មនៅក្នុងក្របខណ្ឌតំបន់ផងដែរ។
ទាក់ទងនឹងតម្រូវការធនធានមនុស្សនេះ សម្តេចតេជោបានមានប្រសាសន៍ថា ខ្ញុំក៏នៅតែបន្តអំពាវនាវដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ទាំងរដ្ឋ ទាំងឯកជនត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាគុណភាពនៃការបណ្តុះបណ្តាល ដោយត្រូវធានាធ្វើយ៉ាងណាការបណ្តុះបណ្តាលទាំងអាហារូបករណ៍ ទាំងការសិក្សាបង់ថ្លៃនៅពេលបញ្ចប់ការសិក្សាត្រូវតែមានគុណភាព ដើម្បីបម្រើឲ្យទីផ្សារការងារ ទាំងការងាររដ្ឋ ទាំងការងារឯកជន ដែលជាតម្រូវការចាំបាច់ ហើយក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តការខិតខំធ្វើនូវកិច្ចការទាំងអស់នេះ។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គិតមកដល់ឆ្នាំ២០១៤នេះ និស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចមានចំនួន ៣១ ៦៣៣ នាក់ ដែលនិស្សិតទាំងនោះ កំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជននានា។ បច្ចុប្បន្នសាកលវិទ្យាល័យ មាននិស្សិតកំពុងសិក្សាគ្រប់កម្រិតសិក្សាសរុប១៥ ៦៧២ នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងដែរថា បច្ចុប្បន្ននៅកម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន១០៤ ដែលក្នុងនោះគ្រឹះស្ថានឧត្ដមសិក្សារដ្ឋមានចំនួន ៣៩ និងឯកជនចំនួន ៦៥ និងមាននិស្សិតថ្នាក់បរិញ្ញាបត្ររង ដល់បណ្ឌិតចំនួន ២២២ ១៦៤នាក់។ ជាមួយគ្នានេះក៏មានអន្តេវាសិកដ្ឋានចំនួន ៧ខ្នង នៅរាជធានីភ្នំពេញ និងមាននិស្សិតកំពុងស្នាក់នៅប្រមាណ ៨០៤នាក់ក្នុងនោះស្រី ៥៧៣នាក់ និងមាននិស្សិតបរទេស ១៤០ នាក់៕