Thursday, October 26, 2017

អ្នកជំនាញចិនវិភាគអំពីការធ្វើសមាជបក្សលើកទី ១៩

អ្នកជំនាញទំនាក់ទំនងអន្តរជាតិ បានព្យាករណ៍នៅឯព្រឹត្តិការណ៍មួយជាមួយអនុប្រធានរបស់អង្គការ Harvard សម្រាប់កិច្ចការអន្តរជាតិលោក Mark C. Elliott នៅរសៀលថ្ងៃច័ន្ទថា ប្រធានាធិបតីចិនលោក Xi Jingping អាចបន្តគ្រប់គ្រងអំណាចរបស់ខ្លួន ទោះបីជាតុល្យភាពខាងមនោគមន៍វិជ្ជារបស់ប្រទេសនៅតែមានស្ថិរភាពក៏ដោយ ។

ក្រុមការងារដែលមានឈ្មោះថា «អ្នកដឹកនាំអនាគតរបស់ប្រទេសចិន: ការវិភាគភ្លាមៗ មួយនៃសមាជបក្សលើកទី ១៩ របស់ប្រទេសចិន» គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ Worldwide Week របស់សកលវិទ្យាល័យ Harvard ជាព្រឹត្តិការណ៍ពេញមួយសប្តាហ៍ដែលបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងដល់អាហារូបករណ៍របស់សាកលវិទ្យាល័យ Harvard នៅលើឆាកអន្តរជាតិ។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ វាគ្មិនបានពិភាក្សាអំពីនយោបាយរបស់លោក Xi ដែលជាអំណាចនៅក្នុងបក្សកុម្មុយនិស្តចិន និងភាពស្រដៀងគ្នារវាងភាពជាអ្នកដឹកនាំបច្ចុប្បន្នរបស់ចិន និងមេដឹកនាំគណបក្សមុន រួមទាំងលោក Mao Zedong ផងដែរ។

លោក Edward Wong ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំកាសែត The New York Times និងបច្ចុប្បន្នជាអ្នកសិក្សាស្រាវជ្រាវនៅឯវិទ្យាស្ថាន Nieman បាននិយាយអំពីអំណាចបក្សនៅក្រោយយុគសម័យ Deng។

លោក Wong បាននិយាយថា «ខ្ញុំគិតថា មានភស្តុតាងជាច្រើនដែលបង្ហាញថា ស្នូល     កណ្តាលរបស់គណបក្សនេះដឹកនាំដោយលោក Xi នៅតែមានការលំបាកដ៏ខ្លាំងដែលដាក់កំហិតទៅលើគោលបំណងរបស់ខ្លួនតាមរបៀបឯកភាពគ្នាមួយ និងដោយប្រសិទ្ធិភាពបំផុតទៅលើមន្ត្រីមូលដ្ឋាន»។

សាស្ត្រាចារ្យធ្វើការជាមួយរដ្ឋាភិបាល លោកស្រី Elizabeth J. Perry បានធ្វើការប្រៀបធៀបរវាងការផ្តួចផ្តើមរបស់លោក Xi ទៅនឹងគោលនយោបាយរបស់លោក Mao ខណៈពេលដែលលោកស្រីបានលើកឡើងពីទិដ្ឋភាព «គួរឱ្យព្រួយបារម្ភ» នៃរបបគំហើញបច្ចេកវិទ្យាក្នុងយុគសម័យថ្មីរបស់ប្រទេសចិន។

លោកស្រីបាននិយាយថា «បច្ចេកវិទ្យាមិនត្រឹមតែជាឧបករណ៍ដ៏មានអំណាចសម្រាប់ការទទួលបានព័ត៌មានបន្ថែមទៀតនោះទេ ហើយក៏ជាឧបករណ៍សម្រាប់ត្រួតពិនិត្យផងដែរ។

លោក Huang Yasheng សាស្ត្រាចារ្យនៅសាលាគ្រប់គ្រង MIT Sloan បានកត់សម្គាល់ពីការផ្លាស់ប្តូររបស់ប្រទេសចិនពីប្រព័ន្ធត្រួតពិនិត្យទៅលើនីតិប្រតិបត្តិទៅជារដ្ឋាភិបាលមួយដែលមានអំណាចកណ្តាលកាន់តែខ្លាំង។

លោក Yasheng បាននិយាយថា «សន្និបាតបក្សលើកទី ១៩ នឹងផ្តោតជាសំខាន់ទៅលើការបង្រួបបង្រួមជាជាងការកាត់បន្ថយវា»។

លោក Yasheng បានបន្ថែមថា «ខ្ញុំជឿជាក់ថា ប្រទេសលោកខាងលិចក៏ទទួលខុសត្រូវផងដែរចំពោះការកើនឡើងនៃនយោបាយរបស់បុរសខ្លាំង»។

លោក Yasheng បាននិយាយថា ការធ្លាក់ចុះសេដ្ឋកិច្ចឆ្នាំ ២០០៨ និងការបោះឆ្នោតប្រធានាធិបតីលោក Donald Trump បានកើតមានឡើងដ៏យូរដើម្បីលុបបំបាត់ចោលនូវភាពស្របច្បាប់ផ្នែកសេដ្ឋកិច្ចបែបទីផ្សារសេរី និងប្រព័ន្ធបែបនយោបាយសេដ្ឋកិច្ច៕


តើការរុះរើ​ថ្នាក់ដឹកនាំ​ចិនមានន័យ​បែបណា​សម្រាប់យុគ្គថ្មី​របស់ ​ស៊ី ជិនពីង?​

 យុគ្គ​របស់​ប្រធានាធិបតី ស៊ី ជិនពីង បាន​ចាប់​ផ្តើម។ នៅពេល​ឡើងទៅ​កាន់​វេទិការ​នៃ​វិមាន​ប្រជាជន​ចិន​ និង​ថ្លែង​សុន្ទរកថា​ដ៏យូរ​ខុសពីធម្មតារបស់គាត់​នៅ​ពិធីបើក​សមាជ​លើកទី ១៩ របស់​បក្ស​កុម្មុយនីស្ត​នៅ​ថ្ងៃពុធ​មក លោក ស៊ី បាន​ដាក់​ចេញទស្សនៈ​វិស័យ​ដ៏មហិច្ឆតា​មួយ​ មិន​គ្រាន់​តែ​សម្រាប់​អាណត្តិទីពី​នៅពេល​ ៥ ឆ្នាំ​ខាង​មុខ​របស់​គាត់​ប៉ុណ្ណោះទេ ប៉ុន្តែ​​រហូត​ដល់​រយៈ​ពេល ៣០ ឆ្នាំ​ខាង​មុខ​ទៀតផង។ ចិន​នឹង​ក្លាយជា​ប្រទេស​សង្គមនិយម​ទំនើប​ដ៏អស្ចារ្យ​មួយ​នៅ​ពាក់​កណ្តាល​សតវត្សរ៍ទី ២១។

លោក ស៊ី ​​មិន​បាន​លាក់​កំបាំង​​អំពី​តួនាទី​ដឹកនាំ​របស់គាត់ ​និង​មុខ​តំណែង​របស់​គាត់​នៅ​ក្នុង​សមាជបក្ស​ នៅពេល​គាត់​បាន​ប្រកាសថា ចិន​បាន​ឈាន​ចូល​ក្នុង​យុគ្គ​ថ្មី​មួយ​ ហើយ​បក្ស​នឹង​ចាប់​ផ្តើម​ធ្វើ​ដំណើរ​លើ​ផ្លូវ​ថ្មី​មួយ​ដែល​នឹង​ជំរុញ​ប្រទេស​ឲ្យ​ទៅ​កាន់​មជ្ឈមណ្ឌល​របស់​ពិភព​លោក ដើម្បី​សម្រេច​បាន​ការ​អំពាវនាវ​របស់គាត់​ក្នុងការ​បំពេញ​តាម​សុបិន​របស់​ចិន ​អំពី​ការ​លើក​កម្ពស់​ជាតិ​ឡើង​វិញ។

ក្នុងខណៈ​ដែល​សុន្ទរកថា​ដ៏វែង​រយៈ​ពេលជាង ៣ ម៉ោង​របស់គាត់​បាន​លើក​ឡើង​ស្ទើ​តែ​គ្រប់​អ្វីៗ​ទាំងអស់​ ដែល​មាន​តាំងពី​នយោ​បាយ​រហូត​ដល់​រឿង​សេដ្ឋកិច្ច ក្រុង​ហុង​កុង និង​កោះ​តៃវ៉ាន់ និង​ទំនាក់ទំនង​ការបរទេស​នោះ សុន្ទរកថានោះ​បាន​ទាញ​មក​ការ​សន្និដ្ឋាន​ថា នៅពេល​បក្ស​ពង្រឹង​អំណាច​លើ​ “អ្វីៗគ្រប់យ៉ាង” នោះ បក្ស​ក៏ធ្វើ​អ្វីៗទាំង​អស់​ដែល​ខ្លួន​អាច​ ដើម្បី​បំពេញ​តាម​ក្តី​សង្ឃឹម​របស់​ប្រជាជន​ចិន​សម្រាប់​ជីវិត​ប្រសើរ​ឡើង​ ដើម្បីជាការ​ដោះ​ដូរ​យក​ភាព​ស្រប​ច្បាប់​ក្នុងការ​រក្សា​ការ​ដឹកនាំ​ផ្តាច់ការ​នៅ​ក្នុង​ប្រទេស។​

នៅឆាក​អន្តរជាតិ ស៊ី មាន​បំណង​លើក​កម្ពស់​វិធី​របស់​ចិន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​ការ​ដឹកនាំ​​ផ្តាច់ការ​ និង​ដោយ​គ្មាន​ការ​ប្រើ​គោល​តម្លៃ​របស់​លោក​ខាង​លិច ជា​គំរូ​មួយ​ដែល​គេ​ស្គាល់​ថា “របប​សង្គម​និយម​តាម​ចារឹក​ចិន” មក​ធ្វើ​ជា​គំរូ​មួយ​សម្រាប់​ប្រទេស​ផ្សេង​ធ្វើ​តាម។​

គាត់​បាន​និយាយថា “គំរូ​នោះ​គឺជា​ជម្រើស​ថ្មី​មួយ​សម្រាប់​ប្រទេស​ផ្សេង​ៗ​ដែល​ចង់​ពន្លឿន​ការ​អភិវឌ្ឍ​របស់គេ​ ក្នុង​ខណៈ​ដែល​រក្សា​ភាព​ឯករាជ្យ​របស់គេ”។​

ការ​ធ្វើ​អត្ថាធិប្បាយ​របស់​កាសែត​ ស៊ីនហួរ បាន​ធ្វើ​លើស​ពីនោះទៀត ដោយ​លើក​ឡើង​ថា សុន្ទរកថារបស់​លោក ស៊ី ផ្តល់​ជា​សញ្ញា​ថា “សតវត្សរ៍​ទី ២១ គឺទំនង​ជា​មើល​ឃើញ​ថា របប​មូល​ធន​និយម​បាន​បាត់​បង់​ការ​ទាក់​ទាញ​របស់​វា ក្នុង​ខណៈ​ដែល​ចលនាសង្គម​និយម​ ដឹកនាំ​ដោយ​ចិនបាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ឆាប់​រហ័ស”។

នៅ​ចំណុច​ផ្សេង​មួយ​ទៀត សុន្ទរកថា​ដ៏វែង​របស់​លោក ស៊ី ដែល​បាន​ធ្វើ​តេស្ត​ដល់​សុខ​ភាព​រាង​កាយ​របស់​បុរស​អាយុ ៦៤ ឆ្នាំ​រូប​នោះ ក៏​បាន​ជួយ​​បំបាត់​កង្វល់​ណា​មួយ​អំពី​សុខ​ភាព​របស់​គាត់​ចាប់​ពីគាត់​ឡើង​កាន់អំណាច​នៅឆ្នាំ ២០១២ ផង​ដែរ។​

ដូចការ​រំពឹង​ទុក ទស្សនៈ​វិស័យ​ដ៏ធំ ​និង​មូល​ហេតុ​​របស់​លោក ស៊ី ដែល​បាន​បញ្ចូល​នៅ​ក្នុង​សុន្ទរកថា​នោះ​នឹង​ត្រូវ​សរសេរ​ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​បក្ស​ នៅពេល​សមាជ​នោះ​បិទបញ្ចប់​នៅ​ថ្ងៃ​អង្គារ។ បន្ទាប់ពី​សុន្ទរកថារបស់​លោក ស៊ី មេដឹកនាំ​ចិន​ផ្សេង​ទៀត​បាន​ចាប់​ផ្តើម​កោត​សរសើរ​​លើ​ទ្រឹស្តី​នយោ​បាយ​ថ្មី​ដែល​មាន​ឈ្មោះ​របស់គាត់​ថា “ទស្សនៈ​របស់​ ស៊ី ជិនពីង លើ​របប​សង្គម​និយម​តាម​ចារឹក​ចិន​សម្រាប់​យុគ្គថ្មី​មួយ”។​

នេះ​នឹង​ដាក់​លោក ស៊ី ធៀប​ជា​មួយ​លោក ម៉ៅ សេទុង ដែល​នៅតែ​មាន​អំណាច​ នៅពេល​ទស្សនៈ​ដែលដាក់​ឈ្មោះ​គាត់​ត្រូវ​បាន​ចារ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញបក្ស។​

សម្រាប់​មេដឹកនាំ​កំពូល​ចិន​ម្នាក់​ដែល​មាន​អំណាច​ខ្លាំង​នោះ លោក ស៊ី ចាំបាច់ត្រូវ​តែ​​បន្ត​សម្រេច​នូវ​គោល​ដៅ​ ៣ គឺ ការ​ដាក់​ទស្សនៈ​របស់គាត់​ចារ​​ជា​ទ្រឹស្តី​តម្រង់​ទិស​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​បក្ស ប្រើ​ការ​គ្រប់​គ្រង​ផ្តាច់មុខ​​លើ​កងកម្លាំង​ប្រដាប់​អាវុធ និង​តែងតាំង​អ្នក​គាំទ្រ​របស់គាត់​ដើម្បី​បំពេញ​​ក្នុង​ការិយាល័យ​នយោ​បាយ​ដែល​មាន​សមាជិក ២៥ នាក់​ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែល​មាន​សមាជិក​ ៧ នាក់​របស់​វា (​ជា​ក្រុម​ប្រឹក្សា​​ដឹកនាំ​ខ្ពស់​បំផុត​សម្រាប់បក្ស​ និង​ប្រទេស)។

បន្ទាប់ពីសម្រេច​បាន​គោល​ដៅ​ដំបូង​ពីរ​នោះ ការ​ធ្វើ​តេស្ត​ចុងក្រោយ​នឹង​ឃើញ​មាន​នៅ​ព្រឹក​ថ្ងៃពុធ នៅពេល​គេរំពឹងថា លោក ស៊ី នឹង​ដឹកនាំ​សមាជិក​​ ៦ រូប​ផ្សេង​ទៀត​​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នយោ​បាយ​​ឡើង​ទៅ​កាន់វេទិការ​នៅ​ក្នុង​វិមាន​ប្រជាជន​ចិន​ដើម្បី​ជួប​អ្នក​កាសែត។​

បណ្តាញផ្សព្វ​ផ្សាយ​ និង​អ្នកវិភាគ​បរទេស​ជា​ច្រើន​បាន​មើល​ឃើញ​សមាសភាព​ថ្មី​របស់​គណៈ​កម្មាធិការនោះ​ថា ជា​ការ​ធ្វើ​តេស្ត​ចុងក្រោយ​នៃ​អំណាច​របស់​លោក ស៊ី និង​ជា​សូចនាករ​លើ​ចេតនា​របស់គាត់​អំពី​ថា តើ​គាត់​មាន​ផែនការ​កាន់អំណាច​យូរ​ជាង​ការ​រំពឹង​ទុក​ឬអត់។​

តាម​ការ​សង្កេត​របស់​កាសែត South China Morning Post ការ​រៀបចំថ្នាក់ដឹកនាំ​ថ្មី​នោះ​ទំនង​ជា​មាន​ដូច​ជា លោក ស៊ី ជិនពីង លោក លី គឺឈៀង លោក Li Shanshu, Han Zheng, Wang Huning, Zhao Leji, និង Wang Yang។ ប្រសិនបើ​បញ្ជីនោះ​ច្បាស់​មែននោះ វា​ពិតជា​ផ្ទុយ​ទៅ​នឹង​ការ​ព្យាករណ៍​របស់​អ្នក​វិភាគ​នៅបរទេស​ជា​ច្រើន។ វា​ក៏​បញ្ជូន​​សារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​​អំពី​រៀប​ដឹកនាំ​សម្រាប់​ពេល​ជា​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀតនោះ។​

ដូច​បាន​លើក​ឡើង​កាលពីពេល​មុន លោក ស៊ី ហាក់​ដូចជា​បាន​ជ្រើសរើស​យក​និរន្តរភាព​​និង​ស្ថិរភាព​នយោ​បាយ​ នៅពេល​សម្រេច​រៀបចំថ្នាក់ដឹកនាំ​ ទោះបីជា​​​គាត់​នៅកាន់អំណាច​ក៏​ដោយ។ សមាសភាព​នៃ​ការ​រៀបចំ​ថ្នាក់ដឹកនាំ​ថ្មី​នោះ​ក៏​បាន​បង្ហាញពី​ចំណាប់​អារម្មណ៍​មក​ពី​​ក្រុម​ផ្សេង​ៗទៀតដែរ ដូចជា​ក្រុម​នៅសៀង​ហៃដឹកនាំ​ដោយ​លោក Jiang Zemin និង​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ដឹកនាំ​ដោយ​លោក Hu Jintao ជា​ដើម។

ផ្ទុយ​នឹង​ការនិយាយតៗគ្នា លោក Li Keqiang ដែល​ស្នើ​​ពី​សម្ព័ន្ធយុវជន​កុម្មុយនីស្ត​នឹង​នៅតែ​ជា​នាយក​រដ្ឋមន្ត្រី​រយៈ​ពេល ៥ ឆ្នាំ​ខាង​មុខ​ទៀត​ដែល​មាន​ឋានៈ​នយោ​បាយ​មិន​ផ្លាស់​ប្តូរ​ក្នុងលេខ​រៀង​​ទីពីរ​នៅ​ក្នុង​បក្ស។​

លោក Wang Qishan ជា​សម្ព័ន្ធមិត្ត​ទុក​ចិត្ត​របស់​ ស៊ី ដែលទទួល​បន្ទុក​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ នឹង​លា​ចេញពី​គណៈ​ក​ម្មាធិការ​នោះ ដោយ​សារតែ​គាត់​ឈាន​ចូល​ដល់​អាយុ​ចូល​និវត្តន៍។ លោក Chen Miner ជា​​សិស្ស​របស់​ ស៊ី នឹង​មិន​​ចូល​ទៅ​កាន់​គណៈ​កម្មាធិការ​នោះទេ។ នេះ​បង្ហាញជា​សញ្ញាថា ស៊ី បាន​គោរព​តាម​យ៉ាង​ខ្ជាប់​ខ្ជួន​អំពី​ការ​កំណត់​អាយុ​​ និង​​ភាព​ធ្វើការ​យូរ​​ នៅពេល​ពិចារណា​លើ​បេក្ខជន​សម្រាប់​តំណែង​កំពូល​នោះ ជា​ថ្មី​ម្តង​ទៀត​ ផ្ទុយ​ទៅ​នឹង​ការ​និយាយ​តៗគ្នា​ដែល​ថា គាត់​នឹង​រំលោភ​ច្បាប់​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​របស់គាត់។​

លោក Li Shanshu ជា​ឧត្តម​សេនីយ​ឯក​ដ៏ទុក​ចិត្ត​បំផុត​ម្នាក់​របស់ ស៊ី គឺទំនងជា​ក្លាយជា​ប្រធាន​របស់​សមាជប្រជាជន​ (National People’s Congress)។ នេះ​គួរ​ជា​ការ​ភ្ញាក់​ផ្អើល​ ដោយ​សារតែ​គាត់​ត្រូវ​បាន​គេ​និយាយតៗគ្នា​ថា នឹង​ដឹកនាំ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ទាប់ពី​ការ​ចូល​និវត្ត​ន៍​របស់​លោក Wang។

ការ​ឡើង​តំណែង​របស់​លោក Han Zheng ជា​លេខាធិការ​បក្ស​នៅ​ក្រុង​សៀង​ហៃ ដែល​ជា​មូល​ដ្ឋាន​អំណាច​របស់​លោក Jiang នោះ​ ត្រូវ​បាន​រំពឹង​ទុក​ខ្លាំង។ មាន​ការ​លើក​ឡើង​ថា គាត់​អាច​ក្លាយជា​​ឧបនាយក​រដ្ឋមន្ត្រី ប៉ុន្តែ​ការ​កាន់មុខ​តំណែង​លើ​សន្និសីទ​ពិគ្រោះ​នយោ​បាយ​របស់​ប្រជាជន​ចិន​ ជា​មុខ​តំណែង​លេខរៀង​ទី ៤ ​ក្នុង​បក្សគួរ​តែ​ផ្តល់​ឲ្យ​គាត់​នូវ​​ឋានៈ​និង​កិត្យានុភាព​ថែម​ទៀត។​

ការ​លើក​កម្ពស់​លោក Wang Huning ជា​អ្នក​ផ្តល់​យោបល់​ដល់​បក្ស​ដ៏ទុក​ចិត្ត​បំផុត​ដែល​បាន​ផ្តល់​ប្រឹក្សា​ដល់​ប្រធានាធិបតី​ ៣ នាក់​ចាប់ពី​លោក Jiang រហូត​ដល់លោក Hu និង​ឥឡូវ​នេះ​លោក ស៊ី ស្តីពី​ការ​បង្កើត​ទស្សនៈ​នយោ​បាយ​របស់គេ​នោះ ក៏​នឹង​ជា​ការ​ភ្ញាក់​ផ្អើលដល់​អ្នក​វិភាគ​ខ្លះ​ដែល​​គេ​ជឿ​ថា បក្ស​ចង់​មាន​មេដឹកនាំ​របស់គណៈ​កម្មាធិការ​កំពូល​របស់បក្ស​​ដែល​មាន​បទ​ពិសោធន៍​ច្រើន ក្នុងការ​គ្រប់គ្រង​ខេត្ត​មួយ​ឬពីរ​ក្នុងនាមជា​ប្រធានបក្ស។ ប៉ុន្តែ មាន​ការ​លើក​លែង​នៅ​ក្នុងឆ្នាំ ២០០២ នៅពេល​លោក Wen Jiabao ត្រូវ​បាន​ដាក់​ឈ្មោះ​ចូល​ក្នុង​គណៈ​កម្មាធិការ​នោះ ហើយ​ក្រោយ​មក​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ ទោះបីជា​​មិន​មាន​បទពិសោធន៍​ដឹកនាំ​ខេត្ត​ណា​មួយ​ក៏​ដោយ។​

លោក Zhao Leji ដែល​នឹង​គ្រប់គ្រង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ក៏​មានការ​ភ្ញាក់​ផ្អើល​ដែរ ប៉ុន្តែ​ការពិនិត្យ​កាន់តែ​គៀក​ទៅ​ បាន​បង្ហាញពី​មូល​ហេតុល្អ​នៅពីក្រោយការ​តែ​ងតាំង​នោះ។ នៅ​ពេល​ ៥ ឆ្នាំ​កន្លងទៅ​នេះ លោក Zhao បាន​ទទួល​ខុស​ត្រូវ​ក្នុង​នាយក​ដ្ឋាន​​ដ៏មាន​អំណាច​របស់​បក្ស​ ក្នុងការ​គ្រប់គ្រង​អាជីព​របស់​មន្ត្រីបក្ស​រាប់​លាន​នាក់។ នៅពេល​យុទ្ធនាការ​​ប្រឆាំងអំពើ​ពុក​រលួយ​របស់​ចិន​មាន​គោល​ដៅ​ក្នុងការ​ប្រយុទ្ធ​អំពើ​ប្រឆាំង​អំពើ​ពុករលួយ​របស់​មន្ត្រី​នោះ បទ​ពិសោធន៍​របស់​គាត់​គួរតែ​​ជា​បទ​ពិសោធន៍​ល្អ​នៅ​ក្នុង​មុខ​តំណែង​ថ្មី​របស់គាត់។​

ចុងក្រោយ ការ​តម្លើង​លោក Wang Yang ទៅ​កាន់​តំណែង​ឧបនាយក​រដ្ឋមន្ត្រី​នោះ ត្រូវ​បាន​គេ​រំពឹង​ទុក​ដែរ។ លោក Wang ដែល​ធ្វើការ​ឡើង​​ជា​លំដាប់​នៅ​ក្នុង​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​នោះ​បាន​បង្ហាញ​ពី​ជំនាញរបស់គាត់​ក្នុងការ​គ្រប់គ្រងបញ្ហា​សេដ្ឋកិច្ច​ដ៏​ស្មុគ​ស្មាញ​ ក្នុង​ខណៈ​ជា​ប្រធាន​បក្ស​របស់​ខេត្ត​ Chongqing និង​ខេត្ត​ក្វាងចូវ និង​ក្នុង​តួនាទី​បច្ចុប្បន្ន​របស់​គាត់​ក្នុង​នាម​ជា​ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កសិកម្ម​និង​ពាណិជ្ជកម្ម​បរទេស។ ក្នុងពេល​ ៥ ឆ្នាំ​កន្លងទៅ​នេះ ក្នុង​នាមជា​មន្ត្រី​ទទួល​បន្ទុក​យុទ្ធនាការ​លប់បំបាត់​ភាព​ក្រីក្រ ជា​អាទិភាព​ខ្លាំងមួយ​របស់​លោក ស៊ី លោក Wang បាន​បង្ហាញ​ពីភាព​ស្មោះ​ត្រង់​របស់គាត់ដែរ។ នៅពេល​មនុស្ស​សំខាន់​របស់ចិន​លើការ​ដោះ​ស្រាយ​ជា​មួយ​ក្រុង​វ៉ាស៊ីនតោន​លើ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នោះ ការ​តម្លើង​តួនាទីរបស់​លោក Wang គួរតែ​ត្រូវ​ស្វាគមន៍​ដោយ​វិនិយោគិន​បរទេស។​

ជា​ការ​ពិត ការ​រៀប​ចំ​ថ្នាក់ដឹកនាំ​ថ្មី​ដោយ​គ្មាន​អ្នក​ស្នង​តំណែង​ពូកែ​នៅ​ចំពោះ​មុខ​នោះ​អាច​បង្ក​ឲ្យ​មានការ​និយាយតៗគ្នា​ច្រើន​ថែម​ទៀត​អំពី​ថា តើ​លោក ស៊ី នឹង​បន្តកាន់​អំណាច​លើ​ពី​អាណត្តិ​ទីពីរ​របស់គាត់​ឬអត់។ ប៉ុន្តែ​ ការរៀប​ចំ​របស់គាត់​នោះក៏​អាច​បង្ហាញ​ពី​វិធី​ថ្មី​របស់​ ស៊ី លើ​បញ្ហា​នៃ​ការ​ជ្រើសរើស​អ្នក​ស្នង​តំណែង​បន្ត​ដែរ ពោល​គឺ បេក្ខជន​ខ្លាំងពូកែ​នឹង​ត្រុវតែ​បង្ហាញ​ខ្លួន​ឯង​នៅ​កម្រិត​ការិយាល័យ​នយោ​បាយ​ នៅមុនពេល​ទទួល​បាន​ឱកាស​ឡើង​ដល់​មុខ​តំណែង​ថ្មី​ទៀត។​

តាម​របៀបណា​ក៏​ដោយ ការ​រៀប​ចំថ្នាក់ដឹកនាំ​បែបនេះ​នឹង​ជួយ​​បង្កើន​តួនាទី​របស់​ ស៊ី មក​ធ្វើជា​មេដឹកនាំ​ដ៏​ខ្លាំង​ថ្មី​របស់​ចិន ជា​អ្វីមួយ​ដែល​បង្ហាញ​ថា លោក Jiang, Hu និង​សមាជិក​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នៃ​ការិយាល័យ​នយោ​បាយ​ចូលនិវត្ត​ទាំង​អស់​​​ជំនះ​អាកាស​ធាតុ​ត្រជាក់​ដើម្បី​បង្ហាញ​មុខ​របស់គេ​និង​អប​អរ​សាទរ​​សុន្ទរកថា របស់​លោក ស៊ី នៅ​ក្នុង​ពិធីបើក​សមាជបក្ស៕

ប្រភព៖ South China Morning Post ចុះថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៧

ចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សាសង្កាត់ដំរីជាន់ខ្លា ខេត្តកំពង់ធំ៣នាក់ ប្រកាសសុំចូលរួមជាមួយគណបក្សប្រជាជន

ចៅសង្កាត់ ចៅសង្កាត់រងទី១ ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់ សុរប៣នាក់ នៃសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បានប្រកាសជាសាធារណៈ និងសរសេរលិខិតចាកចេញពីគណបក្សសង្គ្រោះជាតិ ហើយមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃនេះតទៅ។

ចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សាសង្កាត់ដំរីជាន់ខ្លា របស់គណបក្សសង្គ្រោះជាតិទាំង៣រូបនេះ បានហៅលោក កឹម សុខា ជាជនក្បត់ជាតិ បម្រើឲ្យបរទេសពិតប្រាកដមែន បន្ទាប់ពីពួកគាត់បានឃើញវីដេអូឃ្លីបរបស់លោក កឹម សុខា និងលោក សម រង្ស៊ី គឺជាសកម្មភាពជាក់ស្ដែងញុះញង់បំបែកខ្មែរជាពីរ។
មន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៣រូបខាងលើនេះ រួមមានទី១-លោក ហេង សុចិន្ដា អាយុ៤៧ឆ្នាំ ជាចៅសង្កាត់ដំរីជាន់ខ្លា របស់គណបក្សសង្គ្រោះជាតិ, ទី២-លោក សែង ចន្ថា អាយុ៣៧ឆ្នាំ ជាចៅសង្កាត់រងទី១ របស់គណបក្សសង្គ្រោះជាតិ និងទី៣-លោក ធ្លក គីម ជាសមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សសង្គ្រោះជាតិ។
យោងតាមលិខិតស្នើសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើការបម្រើឲ្យបរទេស ដូចដែលបានឃើញតាមរយៈវីដេអូឃ្លឹប ហេតុដូច្នេះហើយធ្វើឲ្យពួកយើងអស់ជំនឿ ទៅការដឹកនាំរបស់គាត់។ ហេតុដូច្នេះពួកយើងសុខចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំឲ្យប្រទេសជាតិទទួលបានការអភិវឌ្ឍន៍ សន្ដិភាព និងការរីកចម្រើនយ៉ាងពិតប្រាកដ»។
លោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានឲ្យដឹងថា សម្រាប់សង្កាត់ ដំរីជាន់ខ្លាមាន៤នាក់ មកពីគណបក្សសង្គ្រោះជាតិ ហើយ៣នាក់មកពីគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សសង្រ្គោះជាតិ៣រូបហើយ សម្រេចផ្លាស់ជីវភាពនយោបាយរួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងលោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ និងលោក ប៊ុន ឆៃលីម ជំទប់ទី២ នៃសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕







រដ្ឋបាលរាជធានីភ្នំពេញ កំពុងដោះស្រាយគ្រប់មធ្យោបាយ ដើម្បីជួយសម្រួលបញ្ហា កកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ លោកអភិបាលរាជធានីភ្នំពេញ បានជួបប្រជុំជាមួយគណៈកម្មការបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាដាក់ផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ឱ្យចរាចរដោយឯកទិស ព្រោះផ្លូវឯកទិសនឹងអាចកាត់បន្ថយការកកស្ទះចរាចរណ៍ បានមួយផ្នែកធំសម្រាប់អ្នកធ្វើដំណើរ។

លោកអភិបាលបានណែនាំដល់ក្រុមការងារធ្វើការសិក្សាឱ្យអស់ពីលទ្ធភាព ដើម្បីរៀបចំដាក់ឱ្យចរាចរឯកទិស នៅលើផ្លូវលេខ១៩ និងតិរវិថីព្រះស៊ីសុវត្ថិ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។ ទន្ទឹមនឹងការបង្កើតផ្លូវឯកទិសថ្មីនេះ កម្លាំងនគរបាលចរាចរណ៍ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្ដរបស់បងប្អូនប្រជាពលរដ្ឋនៅតាមផ្លូវឯកទិសទាំង១៣ខ្សែ ដែលមានស្រាប់ឱ្យបានខ្ជាប់ខ្ជួនផងដែរ៕




បទវិភាគ៖ លោក Xi Jinping បានជ្រើសរើសអ្នកស្នងតំណែងរបស់គាត់ដោយស្ងាត់ៗ

រហូតមកដល់ពេលនេះ លោក Sun Zhengcai លេខាធិការបក្សនៃទីក្រុង Chongqing ត្រូវបានគេមើលឃើញថា អាចជាអ្នកស្នងតំណែងម្នាក់របស់លោក Xi Jingping។ ក្រោយមក នៅខែកក្កដា គណបក្សកុម្មុយនីស្តចិនបានដំណើរការស៊ើបអង្កេតណ៍ប្រឆាំងនឹងរូបគាត់ពាក់ព័ន្ធនឹងអំពើពុករលួល ហើយបានដកតំណែងគាត់ និងបណ្តេញចេញពីការងារនយោបាយ។
តាមរយៈកាសែតលោកខាងលិច ការដកលោក Sun Zhengcai ត្រូវបានគេចាត់ទុកថា ជាភស្តុតាងមួយនៃផែនការរបស់លោក Xi ដើម្បីរក្សាអំណាចក្រោយឆ្នាំ ២០២២ នៅពេលដែលការកំណត់អាណត្តិ និងប្រពៃណីនយោបាយ នឹងទាមទារឱ្យគាត់ចុះចេញពីអំណាច។ រឿងនេះគឺជារឿងធម្មតានៃការវិភាគនយោបាយចិនយ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ ២០១៥ មក នៅពេលដែលសារព័ត៌មាន Foreign Policy បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា “Xi Jinping Forever” ដោយលើកឡើងថា មេដឹកនាំចិននឹងព្យាយាមពង្រីកការគ្រប់គ្រងអំណាចលើពីរអាណត្តិ។
ក៏ប៉ុន្តែ មហិច្ឆិតារបស់លោក Xi ត្រូវបានគេប៉ាន់ស្មានខុសទាំងស្រុង ហើយការដកតំណែងលោក Sun គឺជាករណីពិចារណាមួយ។ លោក Xi មិនប្រើប្រាស់ការដកតំណែងរបស់លោក Sun ដើម្បីតែពង្រឹងអំណាចរបស់ខ្លួនតែ ថែមទាំងដើម្បីរៀបចំអ្នកស្នងតំណែងរបស់គាត់សម្រាប់ឆ្នាំ ២០២២។
លោក Xi មានសម្ព័ន្ធមិត្តមួយចំនួន ដែលសុទ្ធសឹងតែជាអ្នកកាន់តំណែងមានអំណាចតាមខេត្តរបស់ចិន ដូចជា លោក Li Qiang ឬក៏លោក Li Xi ដែលអ្នកទាំងពីរនេះ អាចត្រូវបានតែងតាំងជាអ្នកស្នងតំណែងពីលោក Sun នៅទីក្រុង Chongqing។ ក៏ប៉ុន្តែ ជម្រើសរបស់លោក Xi បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយគាត់បានតែងតាំងលោក Chen Min’er ដែលកើតក្នុងឆ្នាំ ១៩៦០។ ហេតុអ្វីបានជាថ្ងៃកើតនេះមានសារៈសំខាន់? ពីព្រោះ យោងតាមប្រពៃណីអាយុចូលនិវត្តន៍ ៦៨ឆ្នាំ លោក Chen Min’er នឹងអាចកាន់តំណែងពីរអាណត្តិចាប់ពីឆ្នាំ ២០២២ ពេលដែលគាត់មានអាយុ ៦២ ឆ្នាំ។
នៅក្នុងការជ្រើសរើសលោក Chen Min’er ជាមេដឹកនាំថ្មីនៃទីក្រុង Chogqing លោក Xi បានព្រលយយ៉ាងច្បាស់ទៅកាន់គណបក្ស និងពិភពលោក។ គណបក្សកុម្មុយនីស្តមិនបានបើកសន្និសីទសារព័ត៌មានដើម្បីប្រកាសអ្នកស្នងតំណែងនោះទេ គឺគេប្រើប្រាស់សញ្ញាបែបនេះ បើទោះបីជាអ្នកមួយចំនួននៅប្រទេសលោកខាងលិចហាក់ដូចជាអាចយល់អំពីរឿងនេះក៏ដោយ។
ការសំឡឹងមើលលោក Chen Min’er របស់លោក Xi  គឺស្របទៅនឹងទំនាក់ទំនងរបស់ពួកគេចាប់តាំងពីដើមឆ្នាំ ២០០០ មក ពេលដែលពួកគេបានជួបគ្នានៅខេត្ត Zhejiang កន្លែងដែលលោក Xi កាន់តំណែងជាប្រធានបក្សខេត្ត។ លោក Chen គឺជាប្រធាននាយកដ្ឋានឃោសនាការខេត្ត ទទួលបន្ទុកចែកចាយព័ត៌មាន ឬក៏សាររបស់លោក Xi ទូទាំងខេត្ត Zhejiang។ នៅក្នុងមុខតំណែងនេះ គាត់បានជួយសរសេរអត្ថបទប្រចាំសប្តាហ៍របស់លោក Xi នៅក្នុងកាសែតបក្សខេត្តជិតបួនឆ្នាំ។
ទន្ទឹមនឹងនោះដែរ លោក Chen Min’er នៅតែស្ថិតនៅពីក្រោយនៅក្នុងខេត្ត Zhejiang ហើយត្រូវបានតែងតាំងជាអភិបាលរងខេត្ត ហើយក្រោយមកទៀតក្លាយជាសមាជិកជម្រើសនៃគណៈកម្មាធិការកណ្តាលរបស់បក្ស នៃសមាជបក្សឆ្នាំ ២០០៧។ នៅក្នុងខែមករា ឆ្នាំ ២០១២ លោក Chen ត្រូវបានតែងតាំងឱ្យកាន់តំណែងជាអនុប្រធានបក្សនៃខេត្ត Guizhou។ ហើយនៅសមាជបក្សឆ្នាំ ២០១២ ពេលដែលលោក Xi ត្រូវបានតែងតាំងជាលេខាធិការបក្ស លោក Chen ក៏ត្រូវបានតែងតាំងជាសមាជិកអចិន្ត្រៃយ៍ក្នុងចំណោម ២០៥ នាក់ នៃគណៈកម្មាធិការកណ្តាលរបស់បក្ស ហើយក្រោយមកទៀត ត្រូវបានតែងតាំងជាអភិបាលខេត្ត Guizhou។
ជាងបីទសវត្សរ៍កន្លងមកចាប់តាំងពីលោក Deng Xiaoping ចូលនិវត្តន៍ បណ្តាមេដឹកនាំចិនមិនអាចកំណត់ឈ្មោះអ្នកស្នងតំណែងរបស់ពួកគេទេ។ លោក Jiang Zemin ត្រូវទទួលយកលោក Hu Jintao ហើយតស៊ូរដើម្បីរក្សាឥទ្ធិពលរបស់ខ្លួនក្នុងទសវត្សរ៍ឆ្នាំ ២០០០។ ហើយក្រោយមក លោក Hu Jintao មិនអាចលើកលោក Li Keqiang ជាអ្នកស្នងតំណែងរបស់គាត់ទេ ហើយត្រូវតែទទួលយកលោក Xi Jingping។ ឥឡូវ នៅក្នុងការបង្ហាញនៃឥទ្ធិពលផ្ទាល់របស់កាត់ ដោយប្រៀបធៀបទៅនឹងអ្នកកាន់តំណែងមុនៗ លោក Xi ហាក់ដូចជាបានជំរុញអ្នកស្នងតំណែងរបស់គាត់យ៉ាងច្បាស់លាស់ គឺជំនួសរូបគាត់ដោយមនុស្សដែលគាត់បានជ្រើសរើស។ មានមនុស្សពីររូបតែប៉ុណ្ណោះ ដែលអាចស្នងតំណែងលោក Xi គឺលោក Chen Min’er និងលោក Hu Chunhua មនុស្សរបស់លោក Hu Jintao។ នៅក្នុងកាលៈទេសៈធម្មតា លោក Xi អាចត្រូវបានបង្ខំឱ្យទទួលយកលោក Hu Chunhua ប្រធានបក្សខេត្ត Guangdong។ ក៏ប៉ុន្តែ ផែនការរបស់លោក Xi ហាក់ដូចជាជ្រើសរើសយកលោក Chen Min’er ឱ្យក្លាយជាប្រធានាធិបតីចិនបន្ទាប់។

នៅពេលដែល សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការនយោបាយត្រូវបានជ្រើសតាំងនៅសប្តាហ៍នេះ សំណួរពិតប្រាកដគឺថា តើនរណានឹងលេចមុខមុនគេ លោក Chen Min’er ឬក៏លោក Hu Chunhua។ ប្រសិនបើជាលោក Hu នោះបង្ហាញយ៉ាងច្បាស់ថា អំណាច​របស់លោក Xi ត្រូវបានកាត់បន្ថយ។ ក៏ប៉ុន្តែ បើសិនជាលោក Chen នោះ សញ្ញាទាំង​ឡាយ​ដែលបង្ហាញឡើងថា ផែនការរបស់លោក Xi ជាង ៥ ឆ្នាំកន្លងមក បានដំណើរការហើយ៕

បេឡាជាតិរបបសន្តិសុខសង្គម​ បើកសិក្ខា​សាលាស្តីពី​ “ ការពង្រាងការ​វិភាគលើខ្សែ​សង្វាក់តម្លៃ​ នៃវិស័យ​សំណង់ ”​​

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ ការពង្រាងការវិភាគលើខ្សែសង្វាក់តម្លៃ នៃវិស័យសំណង់ ” ។
សិក្ខាសាលានេះ រៀបចំឡើងដោយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សហការណ៍ជាមួយអង្គការពលកម្មអន្តរជាតិខាងការងារ (ILO) នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយកដ្ឋានពេទ្យការងារ នាយកដ្ឋានអធិការកិច្ចការងារ តំណាងសមាគមអ្នកសាងសង់កម្ពុជា(CCA) តំណាងសហព័ន្ធនិយោជក និងសហគមពាណិជ្ជកម្ពុជា (CAMFEBA) តំណាងក្រុមហ៊ុនសំណង់ និងផ្គត់ផ្គង់សម្ភារៈ តំណាងកម្មករនិយោជិត និងស្ថាប័នពាក់ព័ន្ធ ប្រមាណជា ៣៥នាក់។
សិក្ខាសាលានេះដែរ ធ្វើឡើងក្នុងគោលបំណងចម្បង ពិគ្រោះយោបល់ និងប្រមូលធាតុចូលសំខាន់ៗមួយចំនួនពីបណ្តាភាគីពាក់ព័ន្ធ ដើម្បីរៀបចំពង្រាង ការវិភាគលើខ្សែសង្វាក់តម្លៃនៃវិស័យសំណង់ និងឈានទៅពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ដល់កម្មករនិយោជិតនៅក្នុងវិស័យសំណង់ ដែលជាវិស័យមានកម្មករទទួលរងនូវហានិភ័យខ្ពស់។
អនុលោមតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់មានសិទ្ធិទទួលបានការគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គមពី ប.ស.ស ជាពិសេសការផ្តល់អត្ថប្រយោជន៍ជាប្រាក់ឧបត្ថម្ភបន្ថែមពេលសម្រាលកូនជូនកម្មករនិយោជិតជាស្ត្រី ទាំងក្នុង និងក្រៅប្រព័ន្ធ៕





អនុរដ្ឋមន្រ្តីការបរទេសជប៉ុនប្រកាសគំាទ្រ និងកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា

លោក អ៊ិវ៉ាអុ ហូរីអ៊ិ (H.E.Mr. Iwao HORII) អនុរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសជប៉ុន បានកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភា លោក ហេង សំរិន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា។

អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានលើកឡើងថា ជប៉ុនគឺជាប្រទេសមួយដែលបានបញ្ចូនកម្លំាងរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ មករៀបចំការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ហើយបន្ទាប់មកជប៉ុន នៅតែបន្តគំាទ្រកម្ពុជាជាបន្តបន្ទាប់។ វិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់។ ក្នុងតួនាទីជាអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក អ៊ិវ៉ាអុ ហូរីអ៊ិ បានសន្យាថានឹងខិតខំបំពេញតួនាទីរបស់ខ្លួនឱ្យបានខ្លំាងក្លាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិជាមួយប្រទេសកម្ពុជាបន្តទៀត។ នៅឆ្នាំ២០១៨ ខាងមុខនេះ ចំណងការទូតរវាងកម្ពុជា និងជប៉ុនបានឈានដល់ខួប៦៥ឆ្នាំ ហើយក្នុងខួប៦៥ឆ្នាំនេះ សង្ឃឹមថាចំណងមិត្តភាពរវាងប្រទេសទំាងពីរនឹងរឹងមាំឡើង ហើយត្រូវបានពង្រីកឱ្យកាន់តែគ្រប់ជ្រុងជ្រោយទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកក៏បានគូសបញ្ជាក់ថា ជប៉ុននឹងបង្កើតការិយាល័យកុងស៊ុលនៅក្នុងខេត្តសៀមរាបនាខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ ការបង្កើតការិយាល័យកុងស៊ុលនេះ ជាចំនុចវិជ្ជមានមួយដែលបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន។

ប្រធានរដ្ឋសភា លោក ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការហ្មត់ចត់ ស្មោះត្រង់ និងប្រកបដោយគុណភាព ប្រសិទ្ធភាព ដែលជប៉ុនបាន ធ្វើជាបន្តបន្ទាប់ជាមួយកម្ពុជា ហើយបាននាំមកនូវផលប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។ ប្រជាជនកម្ពុជាចងចាំថា រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនបានរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាព និងការស្តាកសាង និងអភិវឌ្ឍន៍ដល់កម្ពុជាតាំងពីមុនចាប់ផ្តើមកិច្ចចរចាសន្តិភាព រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្តដល់បច្ចុប្បន្នធ្វើឱ្យជប៉ុនក្លាយជាដៃគូដ៏មានសក្តានុពលក្នុងដំណើរការអភិវឌ្ឍន៍នៅកម្ពុជា។

ប្រធានរដ្ឋសភា លោក ហេង សំរិន បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយសភាជប៉ុនតាំងពីទសវត្សរ៍៩០ និងបានសហការគ្នាយ៉ាងជិតស្និទ្ធតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមករវាងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរព្រមទាំងបានគាំទ្រគ្នាទៅវិញទៅមកលើវេទិកាសភាអន្តរជាតិ។ នៅក្នុងឱកាសនោះ លោកក៏បានស្នើដល់គណៈប្រតិភូជប៉ុនជួយជំរុញការផ្សព្វផ្សាយដល់ប្រជាជននិងវិនិយោគិនជប៉ុនឱ្យមកទស្សនាកំសាន្ត និងបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើន។

ទន្ទឹមនោះ លោក អ៊ិវ៉ាអុ ហូរីអ៊ិ បានសន្យាថាប្រទេសជប៉ុននិងបន្តជួយកម្ពុជាលើគ្រប់វិស័យ តាមលទ្ធភាព។ ជាពិសេសការគំាទ្រដល់ការរៀបចំការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ នៅឆ្នាំ២០១៨ខាងមុខនេះ។ ប្រជាជនជប៉ុនបានស្គាល់និងវាយតម្លៃខ្ពស់ចំពោះវប្បធម៌ប្រពៃណីរបស់កម្ពុជា ជាពិសេសននោះទោះបីជាប្រជាពលរដ្ឋជប៉ុនដែលមិនធ្លាប់បានធ្វើដំណើរទៅកាន់បរទេសក៏ពួកគេបានស្គាល់អង្គរវត្តរបស់កម្ពុជាផងដែរ៕






ប្រជាពលរដ្ឋខ្មែរ​ ត្រូវរួមគ្នា​ការពារសន្តិសភាព ​និងស្ថេរភាព ​ដើម្បីភាពរីក​ចម្រើន​របស់​កម្ពុជាកាន់តែខ្លាំងបន្ថែមទៀត

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បានធ្វើបាឋកថាក្រោមប្រធានបទ “កិច្ចគាំពារបរិស្ថាន” នៅទីស្តីការក្រសួងបរិស្ថានជូនដល់កម្មសិក្សាការីមន្ត្រីមធ្យម មន្ត្រីជាន់ខ្ពស់ សិស្សក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់ សរុប៦០០នាក់មកពីសាលាភូមិន្ទរដ្ឋបាល។

ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា “កម្ពុជានឹងមានយុគសម័យមាស អនាគតភ្លឺស្វាងដោយកម្ពុជា រក្សាបានស្ថេរភាពនយោបាយ សន្តិភាព និងបន្តរក្សាកំណើនសេដ្ឋកិច្ចជាតិប្រមាណ៧% ក្នុងមួយឆ្នាំដែលកម្ពុជារក្សាបានកំណើននេះ រយៈពេលប្រមាណ២០ឆ្នាំមកហើយ រួមនឹងសេរីភាពសារព័ត៌មានដែលប្រជាពលរដ្ឋកម្ពុជា កំពុងតែទទួល ខណៈកំណើនចំណេះដឹងរបស់ប្រជាពលរដ្ឋ កំពុងកើនឡើងស្របពេលជាមួយកំណើនប្រជាជនកម្ពុជា យ៉ាងឆាប់រហ័ស។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធិផលរបស់ក្រសួងបរិស្ថានក្នុងអាណត្តិទី៥នេះ ដែលរួមការបញ្ចប់ជម្លោះនៅក្នុងសម្បទានដីសេដ្ឋកិច្ចទាំងស្រុង រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជន ដកហូតសម្បទានដីសេដ្ឋកិច្ចដែលមិនគោរពតាមច្បាប់ កាត់បន្ថយរយៈពេលផ្តល់សម្បទានដីសេដ្ឋកិច្ច មកនៅត្រឹម៥០ឆ្នាំ ទប់ស្កាត់ការលួចកាប់ឈើក្នុងទ្រង់ទ្រាយធំជាដើម។

ដោយឡែកកិច្ចការងារទំនើបកម្មវិញ ក្រសួងបរិស្ថាន បានកែសម្រួលរចនាសម្ព័ន្ធក្រសួងឱ្យស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន រួមទាំងការលើកទឹកចិត្តមន្ត្រីផ្តល់ប្រាក់ឧបត្ថមចំពោះបេសកម្ម បែងចែកប្រាក់ចំណូលជាទៀងទាត់ បណ្តុះបណ្តាលមន្ត្រីទាំងក្នុងស្រុក និងបរទេសដែលនេះគឺជាទិសដៅសម្រាប់ការគាំពារបរិស្ថាន និងការអភិរក្សប្រកបដោយចីរភាព។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីអភិរក្សប្រមាណ៧.៥លានហិកតា នៅទូទាំងប្រទេស ហើយអត្រានៃការបាត់បង់គម្របព្រៃឈើនៅទូទៅប្រទេស មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ បន្ថែមពីនេះ កម្ពុជាបានទទួលចំណូលពីការលក់កាបោន និងបានប្រែក្លាយជីវភាពសហគមន៍ នៅតាមមូលដ្ឋានឱ្យមានជីវភាពកាន់តែប្រសើរ តាមរយៈការបង្កើតតំបន់ទេសចរណ៍នានានៅទូទាំងប្រទេស។

មុននឹងបញ្ចប់បាឋកថា និងក្រោយការឆ្លើយនឹងសំណួររបស់សិក្ខាកាមចូលរួម លោករដ្ឋមន្ត្រីបានលើកឡើងថា “ពលរដ្ឋកម្ពុជា ក៏ដូចជាសិស្ស និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ គឺសុទ្ធសឹងតែជាសរសរទ្រូងប្រទេសជាតិ យើងត្រូវប្រឹងប្រែងទាំងអស់គ្នា ក្នុងការអភិវឌ្ឍជាតិ”៕





លោកទេសរដ្ឋមន្រ្តី ឆាយ ថន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីខួបលើកទី១៣នៃការយាងគ្រងរាជសម្បត្តិ

លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងទិវាដ៏មហានក្ខត្តឬក្សថ្លៃថ្លាគំរប់ខួបលើកទី១៣ ដែលព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យឡើងគ្រងព្រះបរមរាជសម្បត្តិជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យ ព្រះរតនត្រៃយ៍ គុណកែវទាំងបី និងទេវតារក្សាព្រះមហាស្វេត្រឆ័ត្រព្រមទាំងវត្ថុស័ក្តិសិទ្ធក្នុងលោកសូមតាមជួយបីបាច់ថែរក្សា ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងព្រះរាជវង្សានុវង្ស សូមប្រកបដោយព្រះជន្មាយុយ៉ឹនយូរព្រះសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីព្រះអង្គបានគង់ជាម្លប់ដ៏ត្រជាក់ត្រជុំជាទីកក់ក្តៅសុខសាន្តរបស់ប្រជានុរាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕




លោក អ៊ិត សំហេង ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីខួបលើកទី១៣នៃការយាងគ្រងរាជសម្បត្តិ

ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៣នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនាយ៉ាងស្មោះស្ម័គ្រប្រកបដោយភក្តីភាពដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យយាងគង់ក្នុងព្រះបរមរាជសម្បត្តិដែលនេះជានិម្មិតរូបនៃការឯកភាពជាតិ និងជាម្លប់ដ៏សុខក្សេមក្សាន្តត្រជាក់ត្រជុំដល់ទូលព្រះបង្គំទាំងអស់គ្នា។


យុវជនកាកបាទក្រហម សហការណ៍ជាមួយនគរបាលចរាចរណ៍ខេត្តស្វាយរៀង ដើម្បីជួយសម្រួល និងណែនាំពីច្បាប់ចរាចរណ៍

ស្វាយរៀង៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យ ស្វាយរៀង និងវិទ្យាល័យហ៊ុន សែន ចេក បានសហការណ៍ជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ ក្រុង និងខេត្តស្វាយរៀង ដើម្បីជួយសម្រួល និងណែនាំពីច្បាប់ចរាចរណ៍ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ គំនូសសញ្ញាឈប់ ទៅមុខនៅពេលភ្លើង សញ្ញាអាទិភាព អ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ នៅភ្លើងស្តុបទាំងបីកន្លែងក្នុង ខេត្តស្វាយរៀង។

អនុវត្តតាមផែនការសកម្មភាព ដែលលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង បានដាក់ចុះរយៈពេល៣ថ្ងៃ ពី២៦ ដល់២៨ ខែតុលា ឆ្នាំ២០១៧៕





ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីខួបលើកទី១៣នៃការយាងគ្រងរាជសម្បត្តិ

ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៣នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះ​រាជាណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងសមាជិក សមា​ជិកាព្រឹទ្ធ​សភានៃព្រះរាជាណាចក្រកម្ពុជាសូមព្រះបរមរាជានុញ្ញាតលំឱនកាយអភិវន្ទនកិច្ចក្រាបបង្គំសម្តែងថ្វាយនូវអំណរសាទររីករាយឥតឧបមាព្រមទាំងសូមថ្វាយព្រះសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រកបដោយកតញ្ញុកតវេទិតាធម៌ដ៏ស្មោះស្ម័គ្របំផុត។


លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីខួបលើកទី១៣នៃការយាងគ្រងរាជសម្បត្តិ

ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៣នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន និងភរិយាតាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីអំណរសាទរឥតឧបមាចូលរួមថ្វាយនូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រកបដោយព្រះកតញ្ញូតកវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះបញ្ញាញាណ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្រ្តរបស់ព្រះករុណាជាអម្ចាស់ ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាពជីវភាពរស់នៅរបស់ប្រជានុរាស្រ្ត និងការងារកិច្ចការបរទេសនាពេលកន្លងមកដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា ការស្តារ ការអភិវឌ្ឍ និងការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ការកាត់បន្ថយភាពក្រីក្ររបស់ប្រជានុរាស្រ្តដែលបានធ្វើឱ្យមាតុភូមិអង្គរជាទីស្នេហាមានការរីកចម្រើនថ្កុំថ្កើងជឿនលឿនយ៉ាងឆាប់រហ័ស។


ទស្សនវិភាគ៖ គោរពឆន្ទៈរាស្ត្រដើម្បីជាតិ ផ្ទុយពីបោកយកឆន្ទៈរាស្ត្រដើម្បីក្បត់ជាតិបម្រើបរទេស

ប្រវត្តិសាស្ត្រនយោបាយក្រោយកម្ពុជាទទួលបានឯករាជ្យ បានបង្ហាញថា មេក្លោងក្បត់ជាតិ ជំនាន់រាជាណាចក្រ​ទី១ក្រោមរបបនយោបាយសង្គមរាស្ត្រនិយមមានលោក សម សារី បន្ទាប់មកលោក លន់ ណុល ទ្រង់ស៊ីសុវត្ថិ សិរិមតៈ និងបរិវារ។ រីឯបច្ចុប្បន្ន គឺលោក សម រង្ស៊ី និងលោក កឹម សុខា ជាមេក្លោងក្បត់ជាតិក្នុងយុគសម័យរាជាណាចក្រទី២ក្រោមរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។

ការចាប់ខ្លួនលោក កឹម សុខា គឺជាចំណាត់ការផ្លូវច្បាប់ទាន់ពេលវេលារបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោសែនដែលបានបញ្ចៀសប្រជាជាតិឱ្យរួចផុតពីមហន្តរាយជាថ្មីម្តងទៀត។ ការប្រើវិធានការណ៍ច្បាប់គឺពិតជាប្រសើរជាងការបង្ហូរឈាម។ ជាមួយគ្នានោះវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការរំលាយក្រុមនយោបាយក្បត់ជាតិជ្រកក្រោមផ្លាកគណបក្សសង្គ្រោះជាតិពិតជាមានគុណតម្លៃសម្រាប់ពង្រឹងឯករាជ្យអធិបតេយ្យភាពជាតិក្នុងរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមដំបូលសន្តិភាពក្នុងគោលដៅទប់ស្កាត់នយោបាយនាំសង្គ្រាមចូលស្រុកបម្រើភូមិសាស្ត្រនយោបាយបរទេស។ នេះបានសេចក្តីថា ក្រុមសម្លេងភាគច្រើនក្នុងអំណាចនីតិបញ្ញត្តិដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបំពេញកាតព្វកិច្ចគោរពឆន្ទៈរាស្ត្រដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការនូវសុខសន្តិភាពសម្រាប់ប្រជាជាតិខ្មែរយ៉ាងពិតប្រាកដ។

ព្រះមហាក្សត្រ ព្រះអង្គបានឈ្វេងយល់អំពីគុណប្រយោជន៍នៃការប្រកាសឱ្យប្រើច្បាប់ពាក់ព័ន្ធនឹងការដកហូតអាសនៈសភាគ្រប់ថ្នាក់របស់គណបក្សដែលបានមកពីការបោកប្រាស់ឆន្ទៈរាស្ត្រយកទៅចែកឱ្យគណបក្សដទៃវិញ។ ទន្ទឹមហ្នឹងនេះដែរ គ្រប់គ្នាសង្ឃឹមថាក្នុងពេលឆាប់ៗខាងមុខនេះ តុលាការកំពូលក៏នឹងបំពេញកាតព្វកិច្ចនៃអំណាចយុត្តាធិការរំលាយគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយក្រុមនយោបាយក្បត់ជាតិដាក់ខ្លួនធ្វើជាអាយ៉ងអាមេរិកបម្រើសេណារីយ៉ូនយោបាយបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ លើសពីនេះ គ្រប់គ្នាក៏សង្ឃឹមដែរថា តុលាការកំពូលនឹងកាត់សេចក្តីផ្អាកសកម្មភាពនយោបាយរបស់ជួរដឹកនាំបក្សនេះជាក់ជាមិនខាន៕

ប្រភព៖ សម្លេង យើង


លោក ទូច ណារ៉ុថ ដឹកនាំកិច្ចប្រជុំ​ពិភាក្សាផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់បុណ្យអុំទូក

លោក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដឹកនាំ​កិច្ចប្រជុំពិភាក្សាផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធ ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០២-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។

កិច្ចប្រជុំដែលបានធ្វើនៅអគ្គស្នងការដ្ឋាននគរបាលជាតិនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងអាវុធ ដែលពាក់ព័ន្ធជាច្រើនទៀតផងដែរ។ សូមជម្រាបថា បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា តាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋ ចូលរួមកម្សាន្ដ សប្បាយរីករាយ អបអរសាទរប្រពៃណីទំនៀមទំលាប់ជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បៈគ្រប់ទាំង៣ថ្ងៃ។

​ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះ​ឱ្យបានឱឡារឹក ស្របតាមលក្ខណៈប្រពៃណីជាតិ និងសភាពការណ៍សេដ្ឋកិច្ច ជាក់ស្តែងរបស់ប្រទេសជាតិ និងធានាសុវត្ថិភាព និងការសប្បាយផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលខុសត្រូវ តាមភារកិច្ចរៀងៗខ្លួនដើម្បីធានាថា ព្រះរាជពិធីនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។
អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំជារៀងស្នាក់ នៅរបស់កម្លាំងចំណុះទូក ដែលនឹងមកចូលរួម រួមទាំងការរៀបចំបង្គន់អនាម័យ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងឱ្យបាន សមរម្យផងដែរ ហើយទីតាំងសម្រាប់ចំណុះទូកស្នាក់នៅឆ្នាំនេះ គឺស្ថិតនៅប៉ែកខាងជើងស្ពានជ្រោយចង្វារ ទាំងអស់ ដោយមិនអនុញ្ញាតិឲ្យមកស្នាក់នៅ ឬសំចតនៅប៉ែកខាងត្បូងស្ពានទេ ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីខួបលើកទី១៣នៃការយាងគ្រងរាជសម្បត្តិ

ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៣នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាតាងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមានិងសូមចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ ទីឃាយុកោ ហោហិ បរវសួស្តី សីរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូកតវេទិតាធម៌ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ចំពោះជាតិមាតុភូមិ និងប្រជានុរាស្រ្ត និងកិច្ចការបរទេសរបស់ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការជំរុញសេដ្ឋកិច្ចសង្គមឆ្ពោះទៅកាន់ភាពចម្រុងចម្រើនថ្កុំថ្កើងរុងរឿងជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក។


លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ

នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានផ្ញើនូវសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា​ ព្រះមហាក្សត្យ នៃព្រះរាជាណា ចក្រកម្ពុជា ដែលសារលិខិតនោះមានខ្លឹមសារថា ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជទ្រព្យ ចំនួន ១,០០០ ដុល្លារអាមេរិក របស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែតុលា ឆ្នាំ២០១៧ នេះ តាមរយៈ លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។

នៅក្នុងសារលិខិតថ្លែងអំណរព្រះរាជគុណក៏បានទូលថ្វាយបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្រ្តី និងបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំ ទូលថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្រ្តកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយ គ្រោះមហន្តរាយ ផ្សេងៗ ។

ជាទីបញ្ចប់ ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជៈបារមី នៃវត្ថុសក្តិសិទ្ធិនានាក្នុងលោក ព្រះបារមី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុង ព្រះមហាសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តកម្ពុជា ជ្រកកោនតរៀងទៅ ៕


រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ បើកកិច្ចប្រជុំជាមួយ​ផ្នែកឯកជន​ក្នុងវិស័យទេសចរណ៍​ ក្នុងខេត្ត​ព្រះសីហនុ​

ព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។

លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ផងដែរថា ថ្ងៃនេះយើងបានមកជួបជុំគ្នាជាមួយបងប្អូនអាជីវករ ពាណិជ្ជករប្រកបមុខរបរវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ និងឈានទៅរកដំណោះស្រាយរួមគ្នាអំពីកង្វល់របស់អាជីវករ ពាណិជ្ជករ ឆ្លើយតបតាមតម្រូវកាទីផ្សារនាពេលបច្ចុប្បន្ន និងការប្រឡងប្រណាំងទេសចរណ៍តំបន់អាស៊ាន។

លោកអភិបាលខេត្តបានបន្តថា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចក្រសួងទេសចរណ៍ ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរប្រកបដោយចីរភាព យើងត្រូវចូលរួមសហការស្ថាបនា កែលម្អរខេត្តព្រះសីហនុឱ្យមានស្តង់ដារអន្តរជាតិ និងការចូលរួមផ្សព្វផ្សាយគោលនយោបាយទេសចរណ៍តំបន់ឆ្នេរ ដើម្បីជម្រុញកំណើនវិស័យទេសចរណ៍របស់ខេត្តឱ្យដល់កម្រឹតខ្ពស់ថែមទៀត ព្រោះខេត្តព្រះសីហនុ មានសក្តានុពលយ៉ាងសម្បូរបែប មានដូចជា៖ ផ្លូវគមនាគមន៍ ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវរថភ្លើង តភ្ជាប់ទៅកាន់បណ្តាខេត្ត ក្រុងមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា និងទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក។

ខេត្តនេះដែរ ក៏មានប្រជុំកោះជាច្រើនត្រូវបានអភិវឌ្ឍកែលម្អរក្លាយជាតំបន់ទេសចរណ៍យ៉ាងសំខាន់ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួនបី ដែលទាក់ទាញអ្នកវិនិយោគគិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនអាជីវករ ពាណិជ្ជករ ប្រកបមុខរបរទេសចរណ៍ក្នុងខេត្តព្រះសីហនុ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានាកន្លងមក និងឈានទៅអនុវត្តគោលនយោបាយទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារបច្ចុប្បន្ន ពិភពលោកកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដែលជាមាសបៃតង រកប្រាក់ចំណូល ប្រជាពលរដ្ឋមានការងារធ្វើតាមរយៈវិស័យទេសចរណ៍គ្មានផ្សែងមួយនេះផងដែរ។

ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរ និងជាតំបន់ទេសចរណ៍បែបធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធ ឆ្នេរសមុទ្រមានខ្សាច់សរស្អាតពីធម្មជាតិ ទឹកសមុទ្រពណ៍ខៀវស្រង៉ាត់ ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ ជាផ្នែកមួយក្នុងការជម្រុញទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនជារៀងរាល់ឆ្នាំ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ថ្វីត្បិតតែខេត្តព្រះសីហនុមានសក្តានុពលផ្នែកទេសចរណ៍យ៉ាងណាក៍ដោយ ប្រសិនបើយើងមិនបាននាំគ្នាចូលរូមថែរក្សា ការពារ និងអភិរក្សទេនោះ ដូច្នេះបញ្ហាសំរាម បរិស្ថាន អនាម័យជាចំណុចមួយសំខាន់ណាស់ ដែលយើងទាំងអស់គ្នាត្រូវចូលរួមគ្នាសំអាត ដោយត្រូវវេចខ្ចប់កាកសំណល់ឱ្យបានល្អជាប់ជាប្រចាំ ។

បន្ថែមពីនោះ លោកក៍បានសំណូមពរឱ្យអាជ្ញាធរខេត្តបង្កើតសង្កាត់គំរូ ដើម្បីប្រឡងប្រណាំងសង្កាត់ស្អាតនៅក្នុងក្រុងព្រះសីហនុ ដើម្បីប្រែក្លាយក្រុងព្រះសីហនុទាំងមូល ជាទីក្រុងទេសចរណ៍មួយប្រកបដោយបរិស្ថានល្អ គ្មានសំរាម គ្មានថង់ប្លាកស្ទិក មានសោភណ្ឌភាពស្រស់ស្អាត ទេសភាពមានពណ៌បៃតង៕




ឧបនាយករដ្ឋមន្រ្ដី ស ខេង ចេញសេចក្ដីណែនាំពីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញណែនាំស្ដីពីការកែតម្រូវ និងការធ្វើមោឃ ភាពនៃទិន្នន័យអត្រានុកូលដ្ឋាន ដើម្បីដោះស្រាយការលំបាកចំពោះមុខរបស់ប្រជាពលរដ្ឋ។

តាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ដោយសារការផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋ នាពេលកន្លងមក ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋប្រមាណជិត ៥% បាននិងកំពុងជួបប្រទះបញ្ហាខុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួន នៅក្នុងបញ្ជី និងសំបុត្រអត្រានុកូលដ្ឋាន ជាមួយឯកសារអត្តសញ្ញាដទៃទៀត និងប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រា នុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង ជាពិសេសការចុះបញ្ជីក្នុងអំឡុង ពេលយុទ្ធនាការចុះបញ្ជីអត្រា នុកូលដ្ឋានចល័ត ដែលបានធ្វើឱ្យសាមីខ្លួនជួបការលំបាកយ៉ាងខ្លាំង ក្នុងការស្នើសុំសេវារដ្ឋបាលផ្សេងៗ។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ៖










កម្ពុជានឹងរៀបចំការប្រកួតអង្ករល្អបំផុតប្រចាំឆ្នាំ ដើម្បីរកជ័យលាភីទៅប្រកួតប្រជែងក្នុងកម្រិតពិភពលោក

សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំឱ្យមានការប្រកួតអង្ករល្អបំផុតប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភោជនីដ្ឋាន អ៊ុយ គុយទាវ (បឹងកេងកង)។ សហព័ន្ធស្រូវអង្ករបានឱ្យដឹងថា ការរៀបចំឱ្យមានការប្រកួតប្រជែងរកអង្ករល្អបំផុត គឺដើម្បីស្វែងរកអ្នកទទួលជ័យលាភីអង្ករ ដែលមានគុណភាពល្អបំផុត យកទៅប្រកួតប្រជែងជាមួយប្រទេសនានាក្នុង។
កម្មវិធីការប្រកួតអង្ករល្អបំផុតពិភពលោកលើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦-៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ាកាវ ប្រទេសចិន។

ចំពោះអង្ករដែលនឹងត្រូវយកមកប្រកួតស្វែងរកជ័យលាភីមាន ៣ប្រភេទដូចខាងក្រោម៖
១. ជ័យលាភីលើអង្ករក្រអូបប្រណិត (Premium Fragrant Rice)
២. ជ័យលាភីលើអង្ករក្រអូប (Fragrant Rice)
៣. ជ័យលាភីលើអង្ករសគ្រាប់វែង (Long Grain White Rice)


លោក សុខ ឥសាន៖ សម្តេចតេជោ ហ៊ុន សែន ពិតជាមជ្ឈមណ្ឌលនៃសុខដុមនីយកម្មសង្គមកម្ពុជាមែន

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បានលើកឡើងថា «ដោយសារសម្តេចតេជា ហ៊ុន សែន កេីតចេញពីប្រភពកសិករនៅជនបទ សម្តេចបានដឹងសុខទុក្ខលំបាក ការក្តៅត្រជាក់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ម៉្យាងទៀត ដោយសារសម្តេចធ្លាប់ឆ្លងកាត់ ការលំបាកវេទនាក្នុងឆាកជីវិត បានជាសម្តេចតែងតែមានព្រហ្មវិហារធ៌ម សេចក្តីសណ្តោសប្រោសប្រណី ដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់និន្នាកានយោបាយ គ្រប់អ្នកធ្លាប់ជេរប្រមាថសម្តេចក្នុងពេលកន្លងទៅក្តី ជាពិសេសពួកខ្មែរក្រហម ដែលជាខ្មាំងសត្រូវសុីសាច់ហុតឈាមនឹងគ្នា ក៏នៅតែទទួលការសណ្តោសប្រណីពីសម្តេចដែរ។

លោក សុខ ឥសាន បន្តថា សូម្បីតែដៃគូប្រកួតប្រជែងក្នុងឆាកនយោបាយ របស់សម្តេច ក៏តែងទទួលបានការអធ្យាស្រ័យពីសម្តេចដែរ ជាក់ស្តែងករណី ទណ្ឌិត សម រង្ស៊ី គឺមានការយោគយល់ច្រេីនលេីកច្រេីនសារ ពីសម្តេចតេជា រហូតដល់មានការបេីកផ្លូវឲ្យចូលមកបន្តសកម្មភាពនយោបាយតទៅទៀតក្នុងប្រទេស។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងទៀតថា មួយវិញទៀត សម្តេចនៅបានព្យាយាមផ្សារភ្ជាប់មនោសញ្ចេតនាជាមួយ ទណ្ឌិត សម រង្ស៊ី ជាច្រេីនលេីកច្រេីនសារ តែត្រូវបាន ទណ្ឌិត សម រង្ស៊ី បំផ្លាញការខិតខំរបស់សម្តេចរហូតមក ហេីយនៅតែចងអាឃាតជាមួយសម្តេចដដែល ដោយគ្មានការភ្ញាក់រលឹកកែប្រែអ្វីសោះ។

លោក សុខ ឥសាន បន្តថា ចំពោះករណី លោក កឹម សុខា វិញ ក៏ត្រូវបានសម្តេចតេជា យោគយល់អធ្យាស្រ័យច្រេីនដែរ តែដោយសារ លោក កឹម សុខា បានយកបរទេសជាគ្រូ និងយកផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមវិធីបដិវត្តន៍ពណ៌ ដែលនាំគ្រោះថ្នាក់ដល់សន្តិភាព និងវាសនាប្រទេសជាតិ ទេីបលោក កឹម សុខា ត្រូវទទួលខុសត្រូវចំពោះទង្វើររបស់ខ្លួនយ៉ាងនេះ គ្មានអ្នកណាបង្កេីតទោសឲ្យគាត់ទេ គឺគាត់បង្កេីតដោយខ្លួនឯង។
លោកបន្តថា ចំពោះគណបក្សសង្គ្រោះជាតិ ក៏បានបង្កេីតកំហុសធ្ងន់ធ្ងរ ដែលត្រូវប្រឈមចំពោះមុខច្បាប់ស្តីពីគណបក្សនយោបាយ ដែលនឹងឈានទៅត្រូវរំលាយ ដោយតុលាការកំពូលនាពេលខាងមុខនេះ។ ទោះបីមានមនោសញ្ចេតនាយ៉ាងណាក៏មិនអាចជួយរួចដែរ ទុកឲ្យធ្វេីដំណេីរតាមយថាកម្មទៅចុះ ។ អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះ បានឱ្យដឹងទៀតថា ក៏ប៉ុន្តែ ដោយមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះបងប្អូនថ្នាក់ក្រោម សម្តេចតេជោ លោកបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ជាថ្មីទៀត ដេីម្បីបេីកផ្លូវឲ្យបងប្អូនមានជម្រេីសសម្រាប់អនាគតរបស់ខ្លួន តាមការភ្ញាក់រលឹក ់ស្របតាមសិទ្ធិនយោបាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ចំពោះករណី លោក ហុង សុខហួរ ត្រូវបានលោក សុខ ឥសាន លើកឡើងថា ដោយមានការភ្ញាក់រលឹក ទទួលស្គាល់កំហុសកន្លងទៅ ត្រូវបានសម្តេចតេជោ សណ្តោសប្រណីស្នេីទូលថ្វាយព្រះមហាក្សត្រ ទ្រង់ប្រោសព្រះរាជទានលេីកលែងទោស ឲ្យដោយក្តីមេត្តាធ៌ម។ ការសណ្តោសប្រោសប្រណី និងការខិតខំដេីម្បីឲ្យមានការស្រុះស្រួលនៅក្នុងសង្គមជាតិនេះហេីយ បញ្ជាក់ច្បាស់ថា សម្តេចតេជោ ហ៊ុន សែន គឺពិតជាមជ្ឈមណ្ឌលនៃសុខដុមនីយកម្មសង្គមកម្ពុជាយ៉ាងពិតប្រាកដ ដែលក្នុងនាមជាមេដឹកនាំប្រទេស សម្តេចមិនដែលយកអ្នកណាជាខ្មាំងសត្រូវទេ មានតែគេទេ ដែលតែងតែចងអាឃាតជាមួយសម្តេចជាសត្រូវស្លាប់រស់តែម្តង។

សរុបមកវិញ សម្តេចតេជោ ហ៊ុន សែន គឺពិតជាវីរជនកំពូលនៃកម្ពុជា ដែលតែងតែមានព្រហ្មវិហារធ៌មចំពោះគ្រប់ប្រជាជនកម្ពុជា មានមនោសញ្ចេតនាមិនចេះរីងស្ងួតចំពោះប្រជាជន ទោះបីមាននិន្នាកានយោបាយខាងបក្សណាក៏ដោយ ក៏នៅតែជាជនរួមឈាមខ្មែរតែមួយ ដែលលក្ខណៈនេះ សម្តេចគឺពិតជាមជ្ឈមណ្ឌលនៃសុខដុមនីយកម្មសង្គមកម្ពុជា គួរជាទីគោរព ស្រឡាញ់ មែន៕


ធនាគារជាតិកម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់ ក្រដាស់ប្រាក់៥០០០រៀល និង១០០០រៀលថ្មី

ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យខួប នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ធនាគារជាតិនៃកម្ពុជា ប្រកាសពីការដាក់ឲ្យចរាចរប្រភេទក្រដាសប្រាក់ ៥០០០រៀល និង១០០០ រៀលថ្មី ជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះតទៅ៕