Thursday, October 26, 2017

បេឡាជាតិរបបសន្តិសុខសង្គម​ បើកសិក្ខា​សាលាស្តីពី​ “ ការពង្រាងការ​វិភាគលើខ្សែ​សង្វាក់តម្លៃ​ នៃវិស័យ​សំណង់ ”​​

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ ការពង្រាងការវិភាគលើខ្សែសង្វាក់តម្លៃ នៃវិស័យសំណង់ ” ។
សិក្ខាសាលានេះ រៀបចំឡើងដោយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សហការណ៍ជាមួយអង្គការពលកម្មអន្តរជាតិខាងការងារ (ILO) នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយកដ្ឋានពេទ្យការងារ នាយកដ្ឋានអធិការកិច្ចការងារ តំណាងសមាគមអ្នកសាងសង់កម្ពុជា(CCA) តំណាងសហព័ន្ធនិយោជក និងសហគមពាណិជ្ជកម្ពុជា (CAMFEBA) តំណាងក្រុមហ៊ុនសំណង់ និងផ្គត់ផ្គង់សម្ភារៈ តំណាងកម្មករនិយោជិត និងស្ថាប័នពាក់ព័ន្ធ ប្រមាណជា ៣៥នាក់។
សិក្ខាសាលានេះដែរ ធ្វើឡើងក្នុងគោលបំណងចម្បង ពិគ្រោះយោបល់ និងប្រមូលធាតុចូលសំខាន់ៗមួយចំនួនពីបណ្តាភាគីពាក់ព័ន្ធ ដើម្បីរៀបចំពង្រាង ការវិភាគលើខ្សែសង្វាក់តម្លៃនៃវិស័យសំណង់ និងឈានទៅពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ដល់កម្មករនិយោជិតនៅក្នុងវិស័យសំណង់ ដែលជាវិស័យមានកម្មករទទួលរងនូវហានិភ័យខ្ពស់។
អនុលោមតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់មានសិទ្ធិទទួលបានការគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គមពី ប.ស.ស ជាពិសេសការផ្តល់អត្ថប្រយោជន៍ជាប្រាក់ឧបត្ថម្ភបន្ថែមពេលសម្រាលកូនជូនកម្មករនិយោជិតជាស្ត្រី ទាំងក្នុង និងក្រៅប្រព័ន្ធ៕





No comments:

Post a Comment