លោក ហ៊ុន សែន បានមានប្រសាសន៍ថា «យើងស្វាគមន៍ចំពោះអ្នកតំណាងរាស្រ្ត ក្រុមប្រឹក្សា និងមេឃុំ ចៅសង្កាត់ ជំទប់ និងសមាជិកក្រុមប្រឹក្សា ខេត្ត ស្រុក ឃុំ-សង្កាត់ ដែលផ្តាច់ខ្លួន និងចង់បន្តការងាររបស់ខ្លួនតទៅទៀត មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឧទាហរណ៍៖ មេឃុំ ចៅសង្កាត់ ជំទប់ នៅពេលដែលគណបក្សនេះត្រូវបានរំលាយ អាសនៈត្រូវបានបែងចែកទៅឱ្យគណបក្សផ្សេងៗ ក្នុងនោះចំណែកជាច្រើនត្រូវបានមកគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា នឹងផ្តល់ឱកាសឱ្យធ្វើ ដោយរៀបចំបញ្ជីសារជាថ្មីបន្ទាប់ពីការបែងចែកអាសនៈសារជាថ្មី ហើយដាក់ចៅសង្កាត់នៅក្នុងតំណែងដែលចេញពីគណបក្សសង្រ្គោះជាតិ មកចូលគណបក្សប្រជាជនកម្ពុជាឱ្យបន្តធ្វើមេឃុំតទៅទៀត»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា ការផ្តន្ទាទោសនោះ គឺធ្វើឡើងសម្រាប់តែអង្គការចាត់តាំងនយោបាយ ដែលធ្វើសកម្មភាពក្បត់ជាតិ ពោលគឺផ្តន្ទាទោសតែមេដឹកនាំតែប៉ុណ្ណោះ មិនចង់ឱ្យមានការប៉ះពាល់ជាមួយនឹងអ្នកខាងក្រោមនោះទេ។ លោកក៏បានប្រៀបធៀបការអនុវត្តន៍គោលការណ៍នេះ ប្រៀបដូចជាការអនុវត្តន៍នយោបាយឈ្នះឈ្នះ ដែលធ្លាប់បានធ្វើជាមួយកងទ័ពខ្មែរក្រហមផងដែរ ព្រោះជើងក្រោមមិនបានប្រព្រឹត្តខុសនោះឡើយ៕

No comments:
Post a Comment