នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូចឆ្នាំ២០១៤-២០១៨ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអះអាងអំពីការប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង បន្ថែមទៀត ក្នុងបុព្វហេតុកុមារគ្រប់ស្រទាប់ទាំងអស់ ដូចដែលធ្លាប់បានធ្វើ សកម្មភាពតាំងពីអតីតកាលមកនោះ។
សម្តេចតេជោបានមានប្រសាសន៍ចាត់ទុកគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ថ្មីនេះ គឺពិតជាបានឆ្លុះបញ្ចាំងអំពីមោទនភាពថ្មីមួយទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅក្នុងកិច្ចគាំពារ យ៉ាងពេញលេញ និង កិច្ចសហប្រតិបត្តិ ការគ្នាយ៉ាងជិតស្និទ្ធ ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពកុមារ ព្រមទាំង បានឆ្លើយតបជាវិជ្ជមានទៅក្នុងសិទ្ធិជាមូលដ្ឋានរបស់កុមារ រួមទាំងសិទ្ធិរស់រាន មានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការអភិវឌ្ឍន៍ និង សិទ្ធិចូលរួម របស់កុមារ។
សម្តេចតេជោបានមានប្រសាសន៍ថា ចំពោះមុខនេះ ខ្លួនខ្ញុំផ្ទាល់ និងភរិយាក៏បន្តកិច្ចខិត ខំប្រឹងប្រែងបន្ថែមទៀតក្នុងបុព្វហេតុកុមារគ្រប់ស្រទាប់ទាំងអស់ដោយក្តីអាណិត ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅមិនអាចវាស់បាន ដូចដែលខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារតែងបានរួមចំណែកយ៉ាងមុតមាំនាពេលកន្លងមកនេះ។ ខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងមុតមាំចំពោះរាល់សកម្មភាព ដែលកំពុងអនុវត្តន៍នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅរួមចំណែកដោះស្រាយតម្រូវការចាំបាច់ជាមូលដ្ឋានរបស់កុមារ រួមទាំងការងារផ្តល់ការថែទាំ ការការពារ ការអប់រំ ការអភិវឌ្ឍន៍រាងកាយ និងបញ្ញាស្មារតីរបស់កុមារ ការងារប្រយុទ្ធប្រឆាំងការជួញដូរ អំពើហិង្សាលើកុមារ និងការលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កុមារ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ថ្ងៃនេះយើងផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងដាក់ឲ្យអនុវត្តន៍នូវផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ឆ្នាំ២០១៤-២០១៨ បន្ថែមទៀត ដើម្បីបន្តលើកកម្ពស់សុខុមាលភាពកុមារ ព្រមទាំងឆ្លើយតបជាវិជ្ជមានទៅនឹងដំណើរវិវត្តន៍នៃវិស័យកុមាររបស់កម្ពុជា នៅក្នុងកម្រិតតំបន់ និងពិភពលោក។ ប្រការនេះក៏បង្ហាញពីការយកចិត្តទុកដាក់ខ្លាំងថែមទៀត ក្នុង ការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល គឺកសាងសង្គម កម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមធម៌ ការលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិ ជាមួយនឹងការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងការគោរពសិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់មនុស្ស និងមានមនសិការផ្សារភ្ជាប់គ្នា មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនា ទាំងក្នុងសង្គមជាតិ ទាំងក្នុងក្រុមគ្រួសារ ព្រមទាំងមានកិត្យានុភាពខ្ពស់លើឆាកអន្តរជាតិ ក្នុងឋានៈជាសមាជិកពេញសិទ្ធិ និង ស្មើភាពនៅក្នុងសហគមន៍អន្តរ ជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មក្នុងពេលកន្លងមក ទាំងការផ្តល់អាហារូបត្ថម្ភ ការបំបៅកូនដោយទឹកដោះម្តាយ ការផ្តល់វីតាមីនអាបន្ថែម ដល់កុមារអាយុពី៦ ដល់ ៥៩ខែ ការថែទាំសុខភាព ដែលបានកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក ព្រមទាំងការពង្រីកសេវាអប់រំកុមារតូចតាមគ្រប់រូប ភាព។ ជាមួយនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើបញ្ហាការគាំពារទារក និងកុមារ តាមរយៈកម្មវិធីបង្ការការពារ និងកាត់បន្ថយជំងឺទារក និងកុមារ ជំងឺរាករូស ជំងឺរលាកផ្លូវដង្ហើម ជំងឺស្លេកស្លាំងដោយខ្វះជីវជាតិដែក កង្វះជាតិអ៊ីយ៉ូត កង្វះជីវជាតិសេ កង្វះអាហារូបត្ថម្ភ មេរោគហ៊ីវ ជំងឺអេដស៍។ល។ ជាលទ្ធផល ស្ថានភាពសុខភាពរបស់កុមារបានកែលម្អឲ្យប្រសើរឡើងជាលំដាប់ ដូចជា ជំងឺ គ្រុនស្វិតដៃជើងត្រូវលុបបំបាត់តាំងពី ឆ្នាំ១៩៨៩។ លើសពីនេះទៀត រាជរដ្ឋាភិ បាលក៏បានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈផែនការជាតិ៥ឆ្នាំជាបន្ត បន្ទាប់ ដើម្បីប្រឆាំង និងលុបបំបាត់ការជួញដូរស្ត្រី និងកុមារ ជំរុញការអនុវត្តច្បាប់ និងបទបញ្ញត្តិអន្តរជាតិទាំងឡាយ និងបានបង្កើនកិច្ចសហការល្អជាមួយប្រទេសនានាក្នុងតំបន់ និង ប្រទេសជិតខាង សំដៅទប់ស្កាត់ឲ្យមានប្រសិទ្ធភាព លើការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់រូបភាពមកលើកុមារ។ សម្តេចតេជោបានមានប្រសាសន៍អះអាងថា រាជរដ្ឋាភិបាល បានប្តូរផ្តាច់ដាក់ចេញនូវវិធានការចាំបាច់គ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់អំពើគាបសង្កត់ និងការធ្វើអាជីវកម្មតាមគ្រប់រូបភាពទៅលើកុមារ រួមមានការប្រើប្រាស់ ដោយខុសច្បាប់នូវពលកម្មកុមារ អំពើពេស្យាចារលើកុមារ ការជួញដូរកុមារ ការមិនប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ និង អសីលធម៌ផ្សេងៗទៀតទៅលើ កុមារនោះ។
តាមរយៈសុន្ទរកថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅកម្ពុជាកិច្ចគាំពារ និងអភិវឌ្ឍន៍កុមារតូចមិនមែនជាកិច្ចការថ្មី ដែលយើងទើបនឹងចាប់ផ្ដើមយកចិត្តទុកដាក់នោះទេ ជាក់ស្តែងកិច្ចការនេះបានចាប់ផ្តើមយកចិត្តទុកដាក់អនុវត្តន៍តាំងពី ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មក ដែលបានធ្វើឲ្យកុមារកម្ពុជាទទួលបានការឧបត្ថម្ភគាំទ្រ ទទួលបានការការពារចិញ្ចឹមបីបាច់ថែរក្សា ហើយសិទ្ធិរបស់កុមារត្រូវបានលើកតម្កើងជាបន្តបន្ទាប់។ ក្នុងនោះកិច្ចគាំពារកុមារមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងច្បាប់ស្តីពីការអប់រំ និង ក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ។ ជាងនេះទៀត ការអភិវឌ្ឍន៍វិស័យកុមារ នៅកម្ពុជាក៏ត្រូវបានកំណត់យ៉ាងច្បាស់ក្នុងមុំទី៤នៃយុទ្ធសាស្ត្រចតុកោណ ដែលក្នុងនោះបានផ្តោតអាទិភាព លើការបន្តលើកកម្ពស់ សុខុមាលភាព និងសិទ្ធិរបស់កុមារ ក្នុងការទទួលនូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអភិវឌ្ឍន៍សិទ្ធិទទួលបានការការពារ និងសិទ្ធិចូលរួមរបស់កុមារ។
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគាំទ្រដល់ការបង្កើតភូមិកុមារអេសអូអេស ភូមិកុមារអរុណរះ និងមជ្ឈមណ្ឌលកុមារជាច្រើនទៀត ដែលមានទីតាំងនៅតាមបណ្តារាជធានី ខេត្ត ហើយថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តន៍នូវយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ ២០១៤-២០១៨ ដែលជាការបង្ហាញពីការគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះវិស័យកុមារនៅកម្ពុជា។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា គោលបំណង និងគោលដៅនៃគោលនយោបាយជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច បានលើកឡើងនូវផលសម្រេចចុងក្រោយ គឺ៖
១, ស្ត្រីទាំងអស់ទទួលបាននូវសេវាថែទាំ និងសេវាអប់រំសុខភាព ព្រមទាំងអាហារូបត្ថម្ភ នៅពេលមានផ្ទៃពោះ។
២, កុមារតូចទាំងអស់ទទួលបានការចុះបញ្ជីកំណើត ការថែទាំពិនិត្យសុខភាពជាប្រចាំថ្នាំបង្ការ អាហារូបត្ថម្ភគ្រប់គ្រាន់ និងទទួលបានការហាត់រៀនពីដំបូង។
៣, កុមារតូចទាំងអស់មានលក្ខណៈ ត្រៀមជាស្រេច ដើម្បីចូលរៀនថ្នាក់ទី១ នៅអាយុ៦ឆ្នាំ។
៤, បុគ្គលិកបច្ចេកទេស អ្នកថែទាំកុមារតូច មាតាបិតា និងអ្នកអាណាព្យាបាល ដែលមានចំណេះដឹងគ្រប់គ្រាន់លើការគាំពារ និងអភិវឌ្ឍន៍កុមារតូច។
៥, គ្រប់ក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហា ដែលទាក់ទងនឹងការគាំពារ និងអភិវឌ្ឍន៍កុមារតូច។
៦, កុមារតូចចាប់ពីប្រសូតរហូតដល់ពេលចូលរៀន មានការរីកចម្រើនផ្នែករាងកាយចំណេះដឹង ប្រាជ្ញា និងអារម្មណ៍នៅតាមផ្ទះរបស់ខ្លួន ព្រមទាំងតាមមណ្ឌលនានា ដែលផ្ដល់សេវាសុខភាព អាហារូបត្ថម្ភ ការអប់រំប្រកបដោយគុណភាព និងនិរន្តរភាព។
គោលនយោបាយជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច មានខ្លឹមសារសំខាន់ ដូចខាងក្រោម៖
១, ធានាការផ្ដល់សេវាសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច ចាប់ពីកំណើត រហូតដល់អាយុក្រោម៦ឆ្នាំ។
២, ធានាឱ្យកុមារតូចមានការគាំពារ និងអភិវឌ្ឍន៍ពេញលេញលើគ្រប់ផ្នែក។
៣, ធានាឱ្យក្រសួង ស្ថាប័នសាធារណៈ និងសង្គមស៊ីវិលដែលពាក់ព័ន្ធទាំងអស់ សហការគ្នា សម្រាប់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច៕