Tuesday, September 02, 2014

ឯកឧត្តមបណ្ឌិត​សភាចា​រ្យ​ សុខ អាន ទទួល​ជួប​ពិភាក្សា​ជាមួយ​គណៈ​ប្រតិភូ APRRG ស្តី​អំពីការ​ប្រឆាំង​ការ​លាង​សំអាត​ប្រាក់ និង​អំពើ​ហិរញ្ញប្បទាន​ភេរវកម្ម

ភ្នំពេញថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤: ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋ មន្រ្តី​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​អនុញ្ញាត​អោយ​ឯកឧត្តម Yogpal Singh សហ​ប្រធាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (APRRG) ចូលជួប​ពិភាក្សា​ការងារ​ស្តីអំពី​ការ​ប្រឆាំង​ការ​លាង​សំអាត​ប្រាក់ និង​អំពើ​ហរិញ្ញប្បទាន​ភេរវកម្ម។ ភាគី​ទាំងពីរ​បាន​យល់​ស្របគ្នា​អំពី​ដំណើរ​ការរីក​ចម្រើន​ដែលរាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បានកន្លង​មក​ទាក់​ទង ទៅ​នឹង​​ការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ដើម្បី​អនុវត្ត​ផែន​ការ​សកម្មភាព​នេះ។

ឯកឧត្ត​មបណ្ឌិត​សភាចារ្យ សុខ អាន បានមាន​ប្រសាសន៍​ថា ចាប់​តាំង​ពីខែ​មីនា ឆ្នាំ​២០១៣ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​កសាង​ផែន​ការ​យុទ្ធ​សាស្រ្តស្តីពី​ការប្រឆាំង​ការ​សំអាត​ប្រាក់ និង​ហិរញ្ញ​ប្បទាន​ភេរវ​កម្មតាម​រយៈ​ការ​ពង្រឹង​ក្រប​ខណ្ឌ​គតិយុត្តិ និងប្រសិទ្ធភាព​យន្តកា​រអនុវត្ត​ច្បាប់​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា បើទោះ​បីជា​ទិដ្ឋ​ភាព​ប្រតិ​បត្តិការ​ហិរញ្ញវត្ថុ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ខ្លះក៏​ដោយ ក៏រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​អនុ​វត្តន៍​ផែន​ការ​សកម្មភាព​នេះដោយ​រលូន​ស្រប​ទៅតាម​ស្តង់ដា​អន្តរជាតិ ដែល​ធ្វើអោយ​ក្រុម​ការងារ​ហិរ​ញ្ញ​​វត្ថុ​អន្តរជាតិ (FATF) បាន​ដក​កម្ពុជា​ចេញ​ពីបញ្ជី​ប្រផេះ​នៅ​ខែមិ​ថុនា ឆ្នាំ២០១៤ កន្លង​ទៅនេះ ខណៈ​ដែល​មាន​ប្រទេស ៥ ផ្សេង​ទៀត​នៅ​ក្នុង​អាស៊ី​កំពុង​ស្ថិត​នៅក្នុង​បញ្ជីនេះ​នៅ​ឡើយ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យសុខ អាន ក៏បាន​មាន​ប្រសាសន៍​ទៅកាន់​ក្រុម​គណៈ​ប្រតិ​ភូថា ឆ្លើយ​តប​ទៅនឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ក្នុងកា​រអនុវត្ថ​ផែនការ​សកម្មភាព​នេះ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ធ្វើវិសោធន​កម្ម​ច្បាប់​ប្រឆាំង​ការសំអាត​ប្រាក់ និង​អំពើ​ហរិញ្ញប្បទាន​ភេរវ​កម្ម​និង​អនុក្រឹត្យស្តីពី​ការ​បង្កក​ទ្រព្យសម្បត្តិ​ភេរវកម្ម និងអង្គកា​រនានា ដែល​ទាក់​ទង​ទៅនឹង​អំពើ​ភេរវកម្ម។
នៅ​ចុង​ឆ្នាំ២​០១១ រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​បង្កើត​អោយ​មាន​កិច្ច​សហប្រតិបត្តិការ​រវាងអង្គ​ភាពស៊ើប​ការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ជាមួ​យអគ្គ​ស្នង​កា​រនគរ​បាលជាតិ។

នៅឆ្នាំ​២០១២ អង្គភាព​ស៊ើប​ការណ៍​ហិរញ្ញ​វត្ថុ​កម្ពុជា​ក៏​បង្កើត​អោយ​កិច្ច​សហប្រតិ​បត្តិជាមួយ​អគ្គនាយ​កដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ផងដែរ តាមរ​យៈអនុស្ស​រណៈ​យោគ​យល់គ្នា​ស្តីពី​ការផ្លាស់​ប្តូរ​ព័ត៌​មាន​ក៏ដូច​ជា​បណ្តុះ​បណ្តាល​សមត្ថភាព​ជំនាញ​ដល់​មន្ត្រីសា្ថប័ន​ទាំង​នេះដើម្បី​រួមចំណែក​ក្នុង​ការ​អនុវត្ត​ផែន​ការ​សកម្មភាព​អោយកាន់​តែមាន​ប្រសិទ្ធិភាព។

ដំណើរ​ទស្សន​កិច្ច​របស់​ក្រុម​ត្រួត​ពិនិត្យ​អាស៊ី​ប៉ាស៊ីហិ្វក (APRRG) ដែល​មាន​គណៈ​ប្រតិភូ៥​រូបដឹក​នាំដោយ​សហ​ប្រធាន Yogpal Singh និង​លោកស្រី Julia Bacay Abad នឹង​ចុះត្រួត​ពិនិត្យ​ដល់ទី​កន្លែង​ថ្ងៃទី១ ដល់​ថ្ងៃទី២ ខែ​កញ្ញា នៅ​រាជ​ធានី​ភ្នំពេញ។ ហើយ​កិច្ច​ប្រជុំ​ផ្ទាល់រ​វាង​ក្រុម​ត្រួត​ពិនិត្យ​​​ប្រចាំ​តំបន់ (APRRG) ជាមួយ​បណ្តា​ប្រទេស​ដែល​ស្ថិត​នៅក្រោម​ដំណើរ​ការ​ត្រួតពិនិត្យ​ពីកិច្ច​សហ​ប្រតិ​បត្តិ​អន្តរជាតិ​នៅថ្ងៃទី៣ ដល់​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ នៅ​ខេត្ត​សៀមរាប ៕

No comments:

Post a Comment