Tuesday, September 02, 2014

រាជរ​ដ្ឋាភិ​បាល​​ក្រោម​​ការ​​ដឹកនាំ​​ក្រោម​​សម្តេច​​អគ្គ​ម​ហា​សេនា​បតី​​តេជោ ហ៊ុន សែន ប្តេជ្ញា​​បន្ត​​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​​ក្នុង​បុព្វ​ហេតុ​​កុមារ​​គ្រប់​ស្រទាប់​​ទាំ​ង​អស់​

នៅ​វិទ្យាស្ថាន​ជាតិ​អប់រំនាព្រឹក​ថ្ងៃទី​១ ខែកញ្ញា​ ឆ្នាំ២០១៤​ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ផ្សព្វផ្សាយ​គោល​នយោបាយ​ជាតិ និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​ឆ្នាំ​២០១៤-២០១៨ ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ​ យុវជន និង​កីឡា សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​បាន​ថ្លែងអះអាង​អំពី​​ការ​ប្តេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង បន្ថែមទៀត ក្នុង​បុព្វហេតុ​កុមារ​គ្រប់​ស្រទាប់​ទាំងអស់ ដូចដែល​ធ្លាប់​បាន​ធ្វើ ​សកម្មភាព​តាំងពី​អតីតកាល​មក​នោះ។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ចាត់​ទុក​គោល​នយោបាយ​ជាតិ និងផែនការ​សកម្ម​ភាព​ជាតិ ថ្មី​នេះ​ គឺពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​មោទនភាព​ថ្មី​មួយទៀត ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​កិច្ច​គាំពារ​ យ៉ាង​ពេញលេញ និង កិច្ច​សហប្រតិបត្តិ ការ​គ្នា​យ៉ាង​ជិតស្និទ្ធ ក្នុង​គោលដៅ​លើកកម្ពស់​សុខុមាលភាព​កុមារ ព្រមទាំង បាន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅ​ក្នុង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ រួម​ទាំង​សិទ្ធិ​រស់រាន មានជីវិត សិទ្ធិ​ទទួល​បាន​ការ​ការពារ សិទ្ធិ​ទទួល​បាន​ការអភិវឌ្ឍន៍​ និង សិទ្ធិ​ចូលរួម របស់​កុមារ។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ចំពោះ​​មុខ​នេះ​ ខ្លួន​ខ្ញុំ​ផ្ទាល់ និង​ភរិយា​ក៏​បន្ត​កិច្ច​ខិត ខំប្រឹង​ប្រែង​បន្ថែមទៀត​ក្នុង​បុព្វហេតុ​កុមារ​គ្រប់​ស្រទាប់​ទាំងអស់​ដោយ​ក្តី​អាណិត ក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​មិន​អាច​វាស់​បាន ដូចដែល​ខ្ញុំ និង​ភរិយា ព្រមទាំង​ក្រុម​គ្រួសារ​តែង​បានរួម​ចំណែក​យ៉ាង​មុតមាំ​នា​ពេល​កន្លងមកនេះ។ ខ្ញុំ​សូម​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​រាល់​សកម្ម​ភាព ដែល​កំពុង​អនុវត្តន៍​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ទិសដៅ​រួមចំណែក​ដោះ​ស្រាយ​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​របស់​កុមារ រួម​ទាំង​ការងារ​ផ្តល់​ការ​ថែទាំ ការ​ការពារ ការ​អប់រំ ការ​អភិវឌ្ឍន៍​រាង​កាយ និង​បញ្ញា​ស្មារតី​របស់​កុមារ ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ អំពើ​ហិង្សា​លើ​កុមារ និង​ការ​លើក​កម្ពស់​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​កុមារ។

សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​យើង​ផ្សព្វផ្សាយ​គោល​នយោបាយ​ជាតិ​ស្តីពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច និង​ដាក់​ឲ្យ​អនុវត្តន៍​នូវ​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការ​គាំពារ និងអភិវឌ្ឍន៍​កុមារ​តូច ឆ្នាំ​២០១៤-២០១៨ ​បន្ថែមទៀត ដើម្បី​បន្ត​លើកកម្ពស់​សុខុ​មាល​ភាព​កុមារ ព្រមទាំង​ឆ្លើយ​តប​ជា​វិជ្ជមាន​ទៅនឹង​ដំណើរ​វិវត្តន៍​នៃ​វិស័យ​កុមារ​របស់​កម្ពុជា នៅ​ក្នុង​​កម្រិត​តំបន់ និង​ពិភព​លោក។ ប្រការនេះ​ក៏​បង្ហាញ​ពី​ការយក​ចិត្ត​ទុក​ដាក់​ខ្លាំង​ថែមទៀត ក្នុង ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល គឺ​កសាង​សង្គម កម្ពុ​ជាមួយ​ដែល​មាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​ សង្គម ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និងសមធម៌ ការ​លើកស្ទួយ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ ជាមួយនឹង​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ព្រមទាំង​ការគោរព​សិទ្ធិ និង សេចក្តី​ថ្លៃថ្នូរ​របស់​ម​នុស្ស និងមាន​មនសិការ​ផ្សារភ្ជាប់​គ្នា មាន​ប្រជាជន​ប្រកប​ដោយ​ចំណេះ​ដឹង​ខ្ពស់ និង​វប្បធម៌​ជ្រៅជ្រះ មាន​ជីវភាព​សមរម្យ និងមានការ​រស់នៅ​ប្រកប​ដោយ​សុខ​ដុមរមនា ទាំង​ក្នុង​សង្គមជាតិ ទាំង​ក្នុង​ក្រុម​គ្រួសារ ព្រមទាំង​មាន​កិត្យានុភាព​ខ្ពស់​លើ​ឆាក​អន្តរ​ជាតិ ក្នុងឋានៈ​ជា​សមាជិក​ពេញសិទ្ធិ និង ស្មើភាព​នៅក្នុង​សហគមន៍​អន្តរ ជាតិ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា ​រាជរដ្ឋាភិបាលបាន​បំពេញការ​ងារ​​យ៉ាងសកម្ម​ក្នុងពេល​កន្លងមក ទាំងការផ្តល់​អាហារូបត្ថម្ភ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ ការ​ផ្តល់​វីតាមីន​អា​បន្ថែម ដល់​កុមារ​អាយុ​ពី​៦ ​ដល់​ ៥៩​ខែ ការថែទាំ​សុខភាព ដែល​បាន​កាត់​បន្ថយ​អត្រាស្លាប់​របស់​មាតា និងទារក ព្រមទាំង​ការពង្រីក​សេវា​អប់រំ​កុមារ​តូច​តាម​គ្រប់រូប ភាព។ ជាមួយ​នេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​ការ​គាំពារ​ទារក និង​កុមារ តាម​រយៈ​កម្មវិធី​បង្ការ​កា​រពារ និងកាត់បន្ថយ​ជំងឺ​ទារក និងកុមារ ជំងឺរាករូស ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជីវជាតិ​ដែក កង្វះ​ជាតិ​អ៊ីយ៉ូត កង្វះ​ជីវជាតិ​សេ កង្វះ​អាហារូបត្ថម្ភ មេរោគ​ហ៊ី​វ ជំងឺអេដស៍។​ល​។ ជា​លទ្ធផល ស្ថានភាព​សុខភាព​របស់​កុមារ​បាន​កែលម្អ​ឲ្យ​ប្រសើរ​ឡើង​ជា​លំដាប់ ដូចជា ជំងឺ គ្រុន​ស្វិតដៃជើង​ត្រូវ​លុបបំបាត់​តាំងពី ឆ្នាំ​១៩៨៩។ លើសពីនេះ​ទៀត រាជ​រដ្ឋា​ភិ បាល​ក៏បាន​ដាក់​ចេញ​នូវ​វិធានការ​ដ៏​ម៉ឺងម៉ាត់​ តាមរយៈ​ផែនការ​ជាតិ​៥​ឆ្នាំ​ជា​បន្ត បន្ទាប់ ដើម្បី​ប្រឆាំង និង​លុបបំបាត់​ការជួញដូរ​ស្ត្រី និង​កុមារ ជំរុញ​ការអនុវត្តច្បាប់ និង​បទ​បញ្ញត្តិ​អន្តរជាតិ​ទាំងឡាយ និងបាន​បង្កើន​កិច្ចសហការ​ល្អជា​មួយប្រទេស​នានា​ក្នុង​តំបន់ និង ប្រទេស​ជិត​ខាង សំដៅ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព លើ​ការកេងប្រវ័ញ្ច និងរំលោភបំពាន​គ្រប់​រូប​ភាព​មកលើ​កុមារ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​អះអាង​ថា រាជរដ្ឋាភិបាល បាន​ប្តូរផ្តាច់​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​គ្រប់បែប​យ៉ាង ដើម្បី​ទប់ស្កាត់​អំពើ​គាបសង្កត់ និងការ​ធ្វើ​អាជីវកម្ម​តាម​គ្រប់​រូបភាព​ទៅលើ​កុមារ រួមមាន​ការប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​ពលកម្ម​កុមារ អំពើ​ពេស្យាចារ​លើ​កុមារ ការ​ជួញដូរ​កុមារ ការមិន​ប្រើប្រាស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ និង អសីលធម៌​ផ្សេងៗ​ទៀត​ទៅលើ កុមារ​នោះ។

តាម​រយៈសុន្ទរកថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​កិច្ច​គាំពារ និង​អភិ​វឌ្ឍន៍​កុមារ​តូច​មិន​មែន​ជា​កិច្ចការ​ថ្មី ដែល​យើង​ទើបនឹង​ចាប់ផ្ដើម​យកចិត្តទុកដាក់​នោះទេ ជាក់​ស្តែង​កិច្ចការ​នេះ​បាន​ចាប់ផ្តើម​យកចិត្តទុកដាក់​អនុវត្តន៍​តាំងពី​ ក្រោយ​​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩​មក ដែល​បាន​ធ្វើឲ្យ​កុមារ​កម្ពុជា​ទទួល​បាន​ការឧបត្ថម្ភ​គាំទ្រ ទទួល​​បាន​ការ​ការពា​រ​ចិញ្ចឹម​បីបាច់​ថែរក្សា ហើយ​សិទ្ធិ​របស់​កុមារ​ត្រូវ​បាន​លើក​តម្កើង​ជា​បន្ត​បន្ទាប់។ ក្នុង​នោះ​កិច្ច​គាំ​ពារ​កុមារ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ច្បាប់​ស្តីពី​ការអប់រំ និង ក្នុង​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ។ ជាងនេះទៀត ការអភិវឌ្ឍន៍​វិស័យ​កុមារ នៅ​កម្ពុជា​ក៏ត្រូវ​បាន​កំណត់​យ៉ាងច្បាស់​ក្នុង​មុំ​ទី​៤​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដែល​ក្នុង​នោះ​បាន​ផ្តោត​អាទិភាព លើ​ការ​បន្ត​លើកកម្ពស់ សុខុមាលភាព និងសិទ្ធិ​របស់​កុមារ ក្នុងការ​ទទួល​នូវ​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​ទទួល​បាន​ការអភិវឌ្ឍន៍​សិទ្ធិ​ទទួល​បាន​ការ​ការពារ និង​សិទ្ធិ​ចូលរួម​របស់​កុមារ។

រាជរដ្ឋាភិបា​ល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បាន​គាំទ្រ​ដល់​ការបង្កើត​ភូមិ​កុមារ​អេស​អូ​អេស ភូមិ​កុមារ​អរុណរះ និង​មជ្ឈមណ្ឌល​កុមារ​ជាច្រើន​ទៀត ដែលមាន​ទីតាំង​នៅតាម​បណ្តា​រាជធានី ខេត្ត ហើយ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​សន្តិសុខ ស្បៀង និង​អាហារូបត្ថម្ភ ២០១៤-២០១៨ ដែល​ជា​ការ​​បង្ហាញ​ពី​ការ​គិតគូរ និង យកចិត្តទុកដាក់​ខ្ពស់​ជាប់​ជាប្រចាំ​ចំពោះ​វិស័យ​កុមារ​នៅ​កម្ពុជា។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ឲ្យ​ដឹង​ថា គោល​បំណង និង​គោល​ដៅ​នៃ​គោលនយោបាយ​ជាតិស្ដីពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច បាន​លើក​ឡើង​នូវផល​សម្រេច​ចុងក្រោយ គឺ៖

១, ស្ត្រី​ទាំង​អស់​ទទួល​បាន​នូវ​សេវាថែទាំ និង​សេវា​អប់រំ​សុខភាព ព្រម​ទាំង​អាហារូបត្ថម្ភ នៅ​ពេល​មាន​ផ្ទៃពោះ​។

២, កុមារ​តូច​ទាំងអស់​ទទួល​បាន​ការចុះ​បញ្ជី​កំណើត ការថែទាំ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ថ្នាំ​បង្ការ អាហារូបត្ថម្ភ​គ្រប់​គ្រាន់ និង​ទទួល​បាន​ការហាត់រៀន​ពីដំ​បូង​។

៣, កុមារ​តូច​ទាំង​អស់​មាន​លក្ខណៈ ត្រៀម​ជា​ស្រេច ដើម្បី​ចូល​រៀនថ្នាក់​ទី១ នៅ​អាយុ​៦​ឆ្នាំ។

៤, បុគ្គលិក​បច្ចេកទេស អ្នក​ថែ​ទាំកុមារ​តូច មាតាបិតា និង​អ្នក​អាណាព្យា​បាល ដែល​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​លើ​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច។

៥, គ្រប់​ក្រសួង​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់ សហការ​គ្នាយ៉ាង​ជិតស្និទ្ធ ដើម្បី​ដោះ​ស្រាយ​បញ្ហា ដែល​ទាក់ទង​នឹង​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច។

៦, កុមារ​តូច​ចាប់​ពីប្រសូត​រហូត​ដល់​ពេល​ចូល​រៀន មាន​ការរីក​ចម្រើន​ផ្នែក​រាង​កាយ​ចំណេះ​ដឹង ប្រាជ្ញា និង​អារម្មណ៍​នៅ​តាមផ្ទះ​របស់​ខ្លួន ព្រម​ទាំង​តាម​មណ្ឌល​នានា ដែល​ផ្ដល់​សេវា​សុខ​ភាព អាហា​រូបត្ថម្ភ ការអប់រំ​ប្រកប​ដោយ​គុណភាព និង​និរន្តរភាព។

គោល​នយោបាយជាតិ​ស្ដីពី​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច មាន​ខ្លឹមសារ​សំខាន់ ដូច​ខាង​ក្រោម៖

១, ធានា​ការផ្ដល់​សេវា​សម្រាប់​ការគាំពារ និង​អភិវឌ្ឍ​កុមារ​តូច ចាប់​ពី​កំណើត រហូត​ដល់​អាយុ​ក្រោម​៦ឆ្នាំ​។

២, ធានា​ឱ្យកុមារ​តូចមាន​ការ​គាំពារ និង​អភិវឌ្ឍន៍​ពេញលេញ​លើ​គ្រប់​ផ្នែក។

៣, ធានា​ឱ្យ​ក្រសួង ស្ថាប័ន​សាធារណៈ និង​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​ទាំង​អស់ សហការ​គ្នា សម្រាប់​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច៕

No comments:

Post a Comment