Tuesday, September 02, 2014

សម្តេច​​តេជោ​៖ កម្ពុជា​​មាន​​ការ​យល់​​ដឹង និង​​បាន​​គោរព​​នូវ​ការ​​សម្រេច​​ចិត្ត​របស់​​ប្រជាជន​ថៃ

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​នា​រសៀល​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៤​ អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ថា កម្ពុជា​មាន​ការ​យល់​ដឹង និង​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​ថៃ។ ​ឯឯកឧត្តម​នាយ​ឧត្ដម​សេនីយ៍ តាណាសាក់ ប៉ាទីម៉ាប្រា​កន (Tanasak Patimapragorn) អនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជាតិ​ថៃ ក្នុង​ឱកាស​ជួប​សម្តែង​ការគួរ​សម​នៅ​វិមាន​សន្តិភាព​ ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អះអាង​ពី​ជំហរ​រាជរដ្ឋាភិបាល​ថៃ​ នា​ពេល​បច្ចុប្បន្ន​នេះ​ថា ថៃ​ត្រៀម​ខ្លួ​ន​ជានិច្ច​ ដើម្បី​ធ្វើការ​ជា​មួយ​ភាគី​កម្ពុជា​ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិ​បត្តិ​ការ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែរឹង​មាំ​ថែម​ទៀត​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី។

​ឯកឧត្តម អ៊ាង សុផល្លែត ​បាន​ឱ្យ​ដឹង​ថា ឯកឧត្តម Tanasak Patimapragorn បាន​ជម្រាប​សម្ដេច​តេជោ​ថា គោលដៅ​របស់​ប្រតិភូថៃ មក​ទស្សនកិច្ច​កម្ពុជា​នា​ពេល​នេះ គឺ​តំណាង​ឱ្យ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋ​មន្ត្រី​ថៃ និងបាន​នាំ​មក​នូវ​ការ​សួរ​សុខ​ទុក្ខ​ពី​ប្រមុខ​ដឹក​នាំ​រាជរដ្ឋាភិ​បាល​ថៃ ជូន​ចំពោះ​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​អរគុណ​សម្តេច​ចំពោះ ឆន្ទៈ ស្មារតី កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន។ ឯកឧត្តម តាណាសាក់ ជម្រាប​សម្តេច​តេជោ​ផងដែរ​ថា គណៈ​ប្រតិភូ​ថៃ​ទាំង​មូល​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​បំពេញ​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ការយល់​ដឹង និង​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​ថៃ គឺ​គ្មាន​នរណា​ស្គាល់​ប្រជាជនថៃ ជាង​ប្រជាជ​ន​ថៃ​នោះ​ទេ ហើយ​សភាព​ការណ៍​ថៃ​ក៏​គ្មាន​នរណា​ដោះស្រាយ ក្រៅ​ពី​ប្រជាជន​ថៃ​ឡើយ។ សម្តេច​តេជោ​បាន​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​ថៃ ដែល​បាន​ផ្តល់​ឱកាស​ដល់​ពលករ​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ពលករ​ស្រប​ច្បាប់។ សម្តេចតេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដើម្បី​ផល​ប្រយោជន៍​រួម គឺត្រូវ​បំពេញ ឱ្យ​គ្នា​ទៅវិញ​ទៅមក​ក្នុង​វិស័យ​សេដ្ឋកិច្ច។

​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំពីរ​(កម្ពុជា-ថៃ) ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​គូស​បញ្ជាក់​ថា យើង​គប្បី​ជំរុញ​តំបន់​ព្រំដែន​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​សន្តិភាព​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ។ “កុំឱ្យ​មាន​បញ្ហា​អ្វី​បន្តិច​បន្តួច​ធ្វើ​ឱ្យ​ក្លាយ​ទៅ​ជា​ជម្លោះ​ធំ ដែល​ប៉ះ​ពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​ការ​វិនិ​យោគ និង​ប៉ះ​ពាល់​ដល់​ប្រជាជន ដែល​រស់​នៅ​ក្នុង​តំបន់​នោះ”៕

No comments:

Post a Comment