Tuesday, September 02, 2014

សម្តេច​​តេ​ជោ​៖ លទ្ធផល​​នៃ​ការ​​ប្រឡង​​បាក់​​ឌុប​ឆ្នាំ​​សិក្សា​​២០១៣-២០១៤ បង្ហាញ​ពី​​កំណែ​ទម្រង់​ស៊ីជម្រៅ​​ក្នុង​វិស័យ​​អប់រំ​

សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​នា​ព្រឹក​​ថ្ងៃ​ទី​០១​ ខែ​កញ្ញា ឆ្នាំ​២០១៤ ដោយ​ចាត់​ទុក​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) ​ឆ្នាំ​សិក្សា​២០១៣-២០១៤ ដែល​បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​ជា​លទ្ធផល​នៃការ​កែ​ទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​អប់រំ​។

ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​គោល​នយោបាយ​ជាតិ និង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច ឆ្នាំ​២០១៤-២០១៨​នៅ វិទ្យាស្ថាន​ជាតិ​អប់រំ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ឲ្យ​ដឹង​ថា​ ឆ្នាំនេះ​ការ​ប្រឡង​បាក់​ឌុប​ជាប់​និទ្ទេស​A មានតែ ​ចំនួន​១១​នាក់​តែប៉ុណ្ណោះ ដែល​បណ្ដា​ឆ្នាំមុន ៗ​អ្នក​ជាប់​មាន​រហូតដល់​១៥០​នាក់ ដូច្នេះ​បាន​សេចក្ដី​ថា ជា​ការ​ច្របាច់​ទឹក​១០​យក​ទឹក​១ ដែល​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា​មាតាបិតា សិស្សា​នុសិស្ស​ក៏​ដូច​ជា​កុមារ និង​យុវជន​ខ្លួនឯង​ត្រូវ​ប្រឹង​ទាំង​អស់​គ្នា។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់ (ចំពោះ​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​សិក្សា​២០១៣-២០១៤)ថា អត់​មាន​ដោះ​ស្រាយ​បញ្ហា​តាមរយៈ​ការ​សូកប៉ាន់ ឬ​តាមរយៈ​ការ​បន្ធូរ​បន្ថយ​ណាមួយ ដោយ​គ្រូបង្រៀន ឬ​អ្នក​ធ្វើ​កំណែ ឬ​ដោយ​ក្រសួង​អប់រំ ហើយក៏​មិន​អាច​យក​ការ​បន្ធូរបន្ថយ ដោយ​គិត​ពី​រឿង​ឲ្យ​ជាប់ដែល​ទី​ចុង​បំផុត​អត់​ធ្វើ​ការងារ​បាន​នោះ គឺ​មិន​អាច​ទៅ​រួច​ទេ។

សម្តេច​តេ​ជោ​ថ្លែង​ថា ឥឡូវ​នេះ​កំណែទម្រង់​បាន​ចាប់ផ្ដើម​ហើយ ជាមួយ​នឹង​កិច្ចការ​ដ៏​ល្អ និង ជឿជាក់ ដែល​ដឹកនាំ​អនុវត្តន៍ និង ជា​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​អប់រំ យុវជន និង កីឡា។ យើង​សង្ឃឹម​ថា កំណែ​ទម្រង់​នេះ មិនមែន​គ្រាន់តែ​ធ្វើ​នូវ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​​នោះទេ ក៏ប៉ុន្តែ​កុមារ យុវវ័យ​របស់​យើង​ត្រូវ​ចេះ​ប្រឹង​តាំងពី​កម្រិត​បឋម ទៅ​មធ្យម​សិក្សា​​កម្រិត​ទី​១ មធ្យម សិក្សា​កម្រិត​ទី​២ ព្រោះ​ដឹង​ថា​មកដល់​កន្លែង​នេះ​គឺ​ផ្លោះ​របង​កាន់តែ​ខ្ពស់ ដូច្នេះ​គឺ ត្រូវ​ចាប់ផ្ដើម​រយៈពេល​១២​ឆ្នាំ​មក”។

សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា យើង​នឹង​ប្រឹង​បន្ត​បែប​នេះ​តទៅ​ទៀត ដើម្បី​ឲ្យ​ធនធាន​មនុស្ស​របស់​យើង​ចេញ​ពីសា​លាមក គឺ​ទីផ្សារ​ការងារ​អាច​ទទួល​យើង​យក​ទៅ​ធ្វើការ ឬក៏​ផ្នែក​រដ្ឋ​គេ​ទទួល​យើង​យកទៅ​ធ្វើការ រហូតដល់​ស្ថាប័ន​អន្តរជាតិ ដែល​គេ​មក​ធ្វើការ​ក្នុងប្រទេស​យើង គេ​​រើស​យើង​យក​ទៅ​ធ្វើការ​នៅក្នុងប្រទេស​របស់​យើង ឬ​យើង​អាច​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។

សូម​បញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និងបំពេញវិជ្ជា ឆ្នាំ​សិក្សា​២០១៣-២០១៤​នៅ​ទូទាំង​ប្រទេស​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៣ ១២៦​នាក់ ​ស្មើ​នឹង​២៥,៧២​ភាគ​រយ​នៃ​បេក្ខជន ដែល​ចូលរួម​ប្រឡង​សរុប​ចំនួន ៨៩ ៩៣៧​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន​១៥៤​កន្លែង ចែកចេញជា​៣ ៦៨៣ បន្ទប់​ប្រឡង។ ជា​រៀងរាល់ឆ្នាំ​ការប្រឡង​បាក់​ឌុប​ជាប់​រហូត​ដល់​ទៅ​ជាង​៨០%។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ផ្តល់​ជា​អនុសាសន៍​ដល់​យុវសិស្ស​ ដែល​ប្រឡង​ធ្លាក់​ថា ឱកាស​នៃ​ការ​ប្រឡង​លើក​ទី​២ ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ និង ១៤​ខែ​តុលា​ខាងមុខ ដូច្នេះ​សុំ​ក្មួយ​ៗ​ដែល​ប្រឡង​មិន ជាប់​ត្រូវ​ប្រឹង​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ប្រឡង បើសិនជា​ខិតខំ​រៀន ​ការ​ប្រឡង​លើក​ទី​២ ក្មួយៗ​ពិតជា​មានឱកាស។ មាតា​បិតា អាណាព្យាបាល​របស់​សិស្សា​នុសិស្ស ក៏ដូច​ជា​ក្មួយៗ​សិស្សានុសិស្ស​ខ្លួនឯង ត្រូវ​ដាស់​តឿន​ក្រើនរំឭក​ឲ្យ​កូនចៅ​របស់​ខ្លួន​ខិតខំ​រៀន​ឡើង បើ​មិន​ដូច្នោះ​ទេ​ក្មួយៗ​នឹង​រៀន​ត្រួតថ្នាក់។ សម្តេច​មាន​ប្រសាសន៍​ក្រើន​រំលឹក​ជា​មុន​សម្រាប់​យុវសិស្ស​ដែល​ត្រូវ​ប្រឡង​បាក់​ឌុប ក្នុង​ឆ្នាំ​សិក្សា ២០១៤-២០១៥ ឲ្យ​ខិត​ខំ​រៀន​ ព្រោះ​ថា ​ឆ្នាំ​ក្រោយ​​មិន​ប្រាកដ​ថា ​ក្រសួង​អប់រំ នឹង​ចាត់ចែង​ឲ្យ​មា​ន​ការ​ប្រឡង​ជា​លើក​ទី​២​នោះ​ទេ៕

No comments:

Post a Comment