Saturday, January 08, 2022

អ្នកវិភាគចៅចាក់ស្មុក៖ ប្រជាពលរដ្ឋ ការផ្សះផ្សារជាតិនិងបង្រួបបង្រួមជាតិ សន្តិភាព និងអំពើមនុស្សធម៌ដែលទទួលបានផលប្រយោជន៍ពិតប្រាកដពីភាពជោគជ័យការទូតរបស់កម្ពុជាចំពោះបញ្ហាមីយ៉ាន់ម៉ា


(ភ្នំពេញ)៖ មជ្ឈដ្ឋានជាតិនិងអន្តរជាតិបានវាយតម្លៃខ្ពស់ថាកិច្ចការការទូតដែលកម្ពុជាក្នុងនាមប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ បានធ្វើតាមរយៈលទ្ធផលដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា និងទទួលបានការបញ្ជាក់ពីការប្រកាសបទឈប់បាញ់គ្នារបស់រដ្ឋាភិបាលរហូតដល់ដំណាចឆ្នាំ ២០២២ គឺជាជោគជ័យផ្នែកការទូតមួយយ៉ាងសំខាន់ និងជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងកសាងមូលដ្ឋានគ្រឹះសន្តិភាពឡើងវិញនៅមីយ៉ាន់ម៉ា ក៏ដូចជាពង្រឹងសាមគ្គីភាព និងគោលការណ៍កុងសង់ ស៊ីសក៏ដូចជាគោលការណ៍អាស៊ាន ១០ ប្រទេស។ វាគឺជាដំណើរឆ្ពោះទៅយកប្រក្រតីភាពមកឱ្យមីយ៉ាន់ម៉ាវិញ ខណៈជម្លោះប្រដាប់អាវុធរវាងរដ្ឋាភិបាល និងភាគីជនជាតិដើមភាគតិចជាច្រើនក្នុងប្រទេសនេះកំពុងតែផ្ទុះឡើងក្រោយមានរដ្ឋប្រហារកាលពីដើមឆ្នាំ ២០២១។ លទ្ធផលនៃដំណើរទស្សនកិច្ច ២ ថ្ងៃជាមួយនឹងលទ្ធផលផ្លែផ្កាក៏ជាសារមួយយ៉ាងសំខាន់ឆ្លើយតបទៅនឹងមជ្ឈដ្ឋានមួយចំនួនដែលបានធ្វើបុរេវិនិច្ឆ័យថាដំណើរទស្សនកិច្ចនេះនឹងមិនទទួលលទ្ធផលអ្វីឡើយ ចំណែកក្រុមជនជាតិភូមា ដែលមានភក្តីភាពទៅលោកស្រី អ៊ុងសាន ស៊ូជី មួយចំនួន បានធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចតេជោនិងគណៈប្រតិភូនៅភូមា និងបានប្រើប្រាស់បច្ចេកវិទ្យាតាមចូលវាយប្រហារលើហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្ត្រីថែមទៀត។


តើនរណាជាអ្នកទទួលផលប្រយោជន៍ពិតប្រាកដពីដំណើរទស្សនកិច្ចការទូតលើកនេះ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតផ្សេងទៀតរបស់ប្រធានអាស៊ានឆ្នាំ២០២២ ជាមួយប្រទេសមីយ៉ាន់ម៉ា?


អ្នកនយោបាយបរទេសខ្លះ រួមនឹងមជ្ឈដ្ឋានប្រឆាំងរបស់ភូមា និងក្រុមអមិត្តដែលស្រឡាញ់សង្គ្រាមនិងមានផលប្រយោជន៍ភូមិសាស្ត្រនយោបាយ បានធ្វើការប្រមាថ ចំពោះកិច្ចការការទូតរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែអ្វីដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើសុទ្ធតែ បានប្រឹក្សាយោបល់ជាមួយបណ្តាថ្នាក់ដឹកនាំមួយចំនួន របស់អាស៊ាន ហើយការចូលរួមដោះស្រាយវិបត្តិមីយ៉ាន់ម៉ានេះ កម្ពុជាគ្មានទទួលប្រយោជន៍អ្វីឡើយ តែជាទំនួលខុសត្រូវក្នុងនាមជាប្រធានអាស៊ាន និងមិនចង់ឃើញសោកនាដកម្មរបស់ប្រជាជនមីយ៉ាន់ម៉ាបន្តកើតមាន ពលរដ្ឋស៊ីវិល និងយោធាបន្តបាត់បង់ជីវិត ហើយប្រជាពលរដ្ឋជនភៀសខ្លួន និងជនងាយរងគ្រោះត្រូវរងទុក្ខ វេទនាដោយសារតែការខ្វះស្បៀងនិងថ្នាំសង្កូវសម្រាប់ព្យបាលជំងឺឡើយ។ ប្រសិនបើគ្មានដំណោះស្រាយលើ ចំណុចសំខាន់ ២ គឺការឈប់បាញ់គ្នារវាងភាគីក្នុងជម្លោះ និងការផ្តល់នូវជំនួយមនុស្សធម៌ដល់អ្នកត្រូវការទេ នោះ ពលរដ្ឋមីយ៉ាន់ម៉ានឹងបន្តបាត់បង់ជីវិតរាល់ថ្ងៃ ហើយនឹង មានវិបត្តិមនុស្សធម៌កើតឡើង ពលរដ្ឋរងគ្រោះត្រូវការ ជំនួយបន្ទាន់នឹងប្រឈមមុខខ្លាំង។ នេះគឺជាស្ថានភាពដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងជាប្រទេស មិត្តភ័ក្តិមីយ៉ាន់ម៉ា មិនអាចឈរឱបដៃមើលវិបត្តិទាំងនេះ បន្តបំផ្លាញជីវិតពលរដ្ឋមីយ៉ាន់ម៉ាដោយមិនស្វះស្វែងរក ដំណោះស្រាយឡើយ។ មេរៀនបទពិសោធនេះ កម្ពុជា បានជួបប្រទះរួចអស់ហើយ ហើយសម្តេចតេជោ ហ៊ុន សែន ដែលកំពុងស្វះស្វែងជួយប្រទេសមីយ៉ាន់ម៉ា នៅពេលនេះ គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការទ្រស្ថានការណ៍ទាំងនេះកាលពីអតីតកាល ប្រឹងត្រដររស់ដោយដៃម្ខាងកសាងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់ក្រោមសម្ពាធទណ្ឌកម្មជុំទិសរបស់បស្ចឹមប្រទេស និងដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ដែល នៅតែទទួលបានការគាំទ្រឱ្យកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ និងជំនួយអាវុធដើម្បីបន្តបំផ្លាញកម្ពុជា ក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។


តាមពិត អ្នកដែលទទួលបានផលប្រយោជន៍ពិតប្រាកដពី ភាពជោគជ័យដំណាក់កាលដំបូងនៃកិច្ចការទូតដែលអាច ប្រសិទ្ធនាមថា «ការទូតឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះគឺទី១-ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាផ្ទាល់តែម្តង ដែលបានទទួលការប្រកាសពីថ្នាក់ដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្ន ឧត្តមសេនីយ៍ មីន អោងឡាំង ពីបទឈប់បាញ់គ្នាពីពេលនេះរហូតដល់ចុងឆ្នាំ២០២២ ដែលមានន័យស្មើនឹងការធានាបានអាយុជីវិត ឬកាត់បន្ថយការស្លាប់របស់ពលរដ្ឋ កាត់បន្ថយការឈឺចាប់ក្នុងចំណោមជាតិសាសន៍របស់មីយ៉ាន់ម៉ា កាត់បន្ថយកំហឹង ការសងសឹក និងសោនាដកម្មផ្សេងទៀតដែលមិននឹកស្មានដល់។ ទី២-ជាច្រកទ្វារថ្មីមួយសម្រាប់ដំណើរការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិរវាងជាតិសាសន៍នានាដែលកំពុងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នបាននិងកំពុងបែកបាក់ធ្ងន់ធ្ងរ ហើយប្រសិនបើមិនអាចគ្រប់គ្រងបានទេ ក្តីព្រួយបារម្ភដែលខ្លាចថាប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមស៊ីវិល វានឹងក្លាយជាការពិត ហើយវិនាសកម្មមនុស្ស ហេដ្ឋារចនាសម្ព័ន្ធប្រទេសនឹងកាន់តែមានទំហំធំ តម្លៃធំធេង។ ការបែកបាក់ជាតិក៏នឹងកើតឡើង ដែលអាចប្រឈមនឹងភាពបែកបាក់កាន់តែធ្ងន់ធ្ងរ ហើយសុខសន្តិភាព ការអភិវឌ្ឍសព្វបែបយ៉ាងត្រូវបានបំផ្លិចបំផ្លាញ មីយ៉ាន់ម៉ានឹងបន្តរាប់សាកសពពលរដ្ឋខ្លួនជារៀងរាល់ថ្ងៃ។ ប្រសិនបើបទឈប់បាញ់គ្នាត្រូវបានថែរក្សាបានល្អ និងមានការចូលរួមយ៉ាងសកម្មពីកក្រុមជនជាតិជាច្រើនទៀតដែលកំពុងប្រកាសសង្គ្រាមជាមួយរដ្ឋាភិបាល នោះវាគឺជាភាពជោគជ័យធំធេងសម្រាប់មនុស្សជាតិ។ ទី៣-ផលប្រយោជន៍បើកផ្លូវសម្រាប់សកម្មភាពមនុស្សធម៌ ព្រោះបច្ចុប្បន្ននេះជំនួយ មនុស្សធម៌មាន តែមិនទាន់បានចែកជូនដល់អ្នកដែលត្រូវ ការជំនួយនោះឡើយ ដែលជាហេតុធ្វើឱ្យវិបត្តិមនុស្សមានទម្ងន់បន្ថែមទៀតដាក់សម្ពាធលើវិបត្តិនយោបាយ និងជម្លោះប្រដាប់អាវុធ។


ការយល់ព្រមអនុវត្តបទឈប់បាញ់ ការបញ្ឈប់អំពើហិង្សា និងទទួលយកជំនួយមនុស្សធម៌របស់មីយ៉ាន់ម៉ា រួមទាំងការស្វាគមន៍ចំពោះប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២នេះ ជាការវិវឌ្ឍថ្មីស្របទៅតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដែលត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៃប្រមុខរដ្ឋាភិបាលនិងប្រមុខរដ្ឋនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គួររំឭកថាគោលការណ៍ទាំង ៥ចំណុចនេះរួមមាន៖


ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឱ្យដល់កម្រិតខ្ពស់បំផុត។


ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុង ចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។


ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។


ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។


ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។ ក្និងការស្វះស្វែងដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ានេះ នឹងអាចមានកិច្ចប្រជុំ ការចរចា និងកិច្ចការងារការទូតច្រើនបន្ថែមទៀត ទោះបីជា កិច្ចការការទូតដំបូងនៅដើមឆ្នាំ២០២២ របស់កម្ពុជាជាប្រធានអាស៊ានមានភាពវិជ្ជមានទៅមុខ ពោលគឺត្រូវការពេលវេលាត្រូវការភាពអត់ធ្មត់ និងត្រូវការភាពជាក់ស្តែង។


មជ្ឈដ្ឋានជាតិនិងអន្តរជាតិបានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវឌ្ឍស្ថានការណ៍នៅភូមា ហើយក្រសែភ្នែកពិភពលោកបានសំឡឹងមកលើសម្តេចតេជោ ហ៊ុន សែន លើតួនាទីជាអ្នកសម្របសម្រួលនិងស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា ព្រោះសម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភពលោកទទួលស្គាល់ថា ជាស្ថាបនិកសន្តិភាពនៅកម្ពុជា បិតានយោបាយឈ្នះឈ្នះដែលបានបញ្ចប់សង្គ្រាមដ៏រ៊ាំរ៉ៃនៅកម្ពុជាជិត ៣ ទសវត្សរ៍។ ជាមួយនឹងការជ្រើសរើសការទូតបែបទន់ភ្លន់ និងតម្កល់ផលប្រយោជន៍រួមជាធំ ផលប្រយោជន៍សន្តិសុខ ស្ថិរភាព សន្តិភាពតំបន់និងពិភពលោកជាធំ គួបផ្សំនឹងបទពិសោធដ៏សម្បូណ៌បែបក្នុងសមរភូមិសង្គ្រាម និងការទូតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គេជឿជាក់ថាបញ្ហាមីយ៉ាន់ម៉ានឹងត្រូវដោះស្រាយបាន ហើយគោលការណ៍អាស៊ាន ១០ និងកុងសង់ស៊ីសនឹងត្រូវពង្រឹងមកវិញ ឥទ្ធិពលនិងគោលការណ៍អាស៊ាននឹងត្រូវបានការពារ មិនអាចនរណាមកបំបែកបំបាក់អាស៊ានបាន ឡើយ។ អ្វីដែលសំខាន់ ជំហានការទូតជ្រើសរើសដើរដោយប្រុងប្រយ័ត្នរបស់កម្ពុជានឹងអាចធ្វើឱ្យភាគីនានាក្នុងជម្លោះនៅភូមាងាកមករកតុចរចា និងថែរក្សាបទឈប់បាញ់គ្នាដែលប្រកាសឡើងដោយរដ្ឋាភិបាល។ នេះគឺជាការបង្ហាញយ៉ាងច្បាស់ពីឆន្ទៈនិងចិត្តស្មោះសរបស់កម្ពុជា ក្នុងការជួយប្រទេសជាមិត្តឱ្យបញ្ចប់បញ្ហាជម្លោះទាំងឡាយ ព្រោះកម្ពុជាធ្លាប់បានរងគ្រោះដោយសារសង្គ្រាមស៊ីវិល និងបានស្គាល់ច្បាស់នូវសោកនាដកម្មជូរចត់នៃសង្គ្រាមស៊ីវិល និងលទ្ធផលនៃសង្គ្រាមស៊ីវិល ដែលអូសបន្លាយអស់ជិត ៣ទសវត្សរ៍ ហើយទម្រាំឱ្យកម្ពុជាងើបបានដូចសព្វថ្ងៃនេះ ត្រូវប្រើប្រាស់ពេលយូររ។ ចេតនាដ៏ស្មោះត្រង់របស់កម្ពុជាគឺចង់ឱ្យប្រជាជនមីយ៉ាន់ម៉ា ជៀសផុតពីសោកនាដកម្មដែលកម្ពុជាធ្លាប់ឆ្លងកាត់និងស្គាល់រសជាតិដ៏ល្វីងជូរចត់នេះ។


ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានបំពេញតួនាទី ភារកិច្ចដ៏ល្អឥតខ្ចោះប្រកបដោយការទទួលខុសត្រូវ ក្នុងការជួយគ្រួសារអាស៊ានជាមួយគ្នា ហើយប្រសិនបើសិនប្រទេសមីយ៉ាន់ម៉ា ធ្លាក់នៅក្នុងវិបត្តិសង្គ្រាមស៊ីវិលដូចអ្វីដែលគេកំពុងតែបារម្ភនោះ វានឹងមានឥទ្ធិពលអាក្រក់រហូតដល់សមាគមអាស៊ានទាំងមូល បង្កកេរ្តិ៍ឈ្មោះអាក្រក់ដល់អាស៊ាន អាក្រក់រហូតដល់ការឯកភាពរបស់អាស៊ាន។ ហេតុដូច្នេះបានជាប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា៖«យើងជួយមីយ៉ាន់ម៉ា ក៏ដូចជួយអាស៊ានអញ្ចឹង ក្នុងឋានៈជាប្រធានត្រូវតែមានការទទួលខុសត្រូវខ្ពស់ចំពោះកាតព្វកិច្ចរបស់ខ្លួនយើងជាប្រធានអាស៊ាននេះ»។ ការទូតឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបោះជំហានទៅមុខលើការស្វែងរកដំណោះស្រាយភូមា ត្រូវបានពលរដ្ឋខ្មែរទទួលស្វាគមន៍ និងអបអរសាទរយ៉ាងកងរំពង និងបង្ហាញមោទកភាពចំពោះមេដឹកនាំខ្លួន គឺសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទ្ទេសក៏នៃនយោបាយឈ្នះ-ឈ្នះ និងការទទួលស្វាគមន៍ពីមន្ត្រីការទូតនៃបណ្តាប្រទេសអាស៊ានមួយចំនួន។ ចំពោះក្រុមប្រឆាំងរបស់មីយ៉ាន់ម៉ាក៏មានសភាពស្ងប់ស្ងាត់ ទៅវិញរកពាក្យនឹងថ្លែងគ្មាន ខណៈអ្វីដែលគេបានទស្សន៍ទាយពីមុនដំណើរទស្សនកិច្ចទៅភូមារបស់សម្តេចតេជោ ហ៊ុន សែន គឺខុសទាំងស្រុង ហើយការបញ្ចេញសារជេរប្រមាថសម្តេចតេជោនៅលើបណ្តាញសង្គមក៏ថយចុះ ខណៈការអត្ថាធិប្បាយគាំទ្រ និងអបអរសាទរជ័យជម្នះនៃកិច្ចការទូតសម្តេចតេជោនៅភូមា ត្រូវបានផ្សព្វផ្សាយយ៉ាងភ្លូកទឹកភ្លូកដីនៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះគឺជាសាមគ្គីភាព និងការលើកទឹកចិត្ត លើកតម្កើង ឆន្ទៈស្មោះសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្និងការរកដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ាបច្ចុប្បន្ន។


សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។ អាស៊ាននិងដៃគូដែលចង់ចូលរួមក៍ដូចជា

មីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើនដែលត្រូវ ធ្វើដើម្បីឱ្យការឈប់បាញ់និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។ អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩»៕


ដោយចៅចាក់ស្មុក 

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២







លិខិតមិត្តអ្នកអាន៖ «នាយករដ្ឋមន្រ្តី ហ៊ុន សែន ចុចគន្លឹះបើកផ្លូវឆ្ពោះ ទៅរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា»

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំកម្ពុជានិងជាប្រធានប្តូរវេនអាស៊ានផង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាគន្លឹះ ដ៏សំខាន់មួយក្នុងការត្រួសត្រាយផ្លូវទៅរកដំណោះស្រាយបញ្ហាវិបត្តក្នុងប្រទេសនេះ។

យោងសេចក្តីប្រកាសរួមដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី៧ មករា ឆ្នាំ២០២២ «លោក មីន អោង ឡាំង បានប្រកាសបទឈប់បាញ់គ្នាជា មួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ក្នុងរយៈ ពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀតរហូត ដល់ចុងឆ្នាំ ២០២២។ ទន្ទឹមនឹងនេះមេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ារូបនេះ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នាដើម្បីជាផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនបញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។ ហើយលោក មីន អោងឡាំង ក៏បានធានាថា នឹងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេស ប្រធានអាស៊ានឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ច នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់»។ នេះគឺជាខ្លឹមសារដ៏សំខាន់បំផុតខ្លះៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងរយះពេល២ថ្ងៃនេះ។


ហេតុអ្វីបានជាចំណុចនេះវាមានសារះសំខាន់? ពីព្រោះបទឈប់បាញ់ និងការបញ្ឈប់អំពើហិង្សារួចហើយ ការសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ គឺជាចំណុចស្នូល ដើម្បីឈានទៅរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ បើគ្មានបទឈប់បាញ់ បើមិនបញ្ឈប់អំពើហិង្សា និងគ្មានការសម្របសម្រួលឲ្យមានកិច្ចសន្ទនាគ្នាទេ បញ្ហាទាំងឡាយពិតជានឹងមិនអាចដោះស្រាយបាននោះឡើយ។ មកដល់ចំណុចនេះគេប្រាកដជានៅចងចាំបានអំពីដំណោះស្រាយស្វែងរកសន្តិភាព និងការបញ្ចប់សង្គ្រាមនៅកម្ពុជាកាលពីជាង៣០ឆ្នាំកន្លងទៅ។


កាលណោះចំណុចចាប់ផ្តើមក៏បានចេញដំណើរពីបទឈប់បាញ់គ្នា និងការបើកផ្លូវឲ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនេះដែរ។ តាំងពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ រហូតដល់ការសម្រេចនយោបាយឈ្នះឈ្នះផ្តួចផ្តើមនិងដឹកនាំការអនុវត្តដោយផ្ទាល់របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺសុទ្ធសឹងតែបានផ្តើមចេញ «ពីការឈប់បាញ់ ការបញ្ឈប់អំពើហិង្សា និងការបើកផ្លូវឲ្យមានកិច្ចសន្ទាទាំងអស់»។ ដូច្នេះប្រាកដណាស់ថា បទពិសោធន៍នេះពិតជាមានសារសំខាន់ ខ្លាំងណាស់សម្រាប់រកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា។


ជាក់ស្តែងក្នុងសេចក្តីប្រកាសរួមក៏មានចែងដែរថា នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ ដូច្នេះលទ្ធផលដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចដំបូង និងរយៈពេលខ្លីរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅមីយ៉ាន់ម៉ា «ពិតជាកូនសោរមាសដែលបានចុចចំគន្លឹះបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយបញ្ហា មីយ៉ាន់ម៉ាយ៉ាងពិតប្រាកដ»។ អំណឹះតទៅបេសកជនពិសេសអាស៊ានគឺឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងបន្ត ជាអ្នកដើរតួនាទីក្នុងការសម្របសម្រួល ជាមួយភាគីពាក់ព័ន្ធនានា នៅក្នុងជម្លោះមីយ៉ាន់ម៉ាដើម្បីឈានទៅរកដំណោះស្រាយយូរអង្វែងមួយនៅក្នុងប្រទេសនេះ។


ជាការពិតបញ្ហាមីយ៉ាន់ម៉ាគឺជារឿងដ៏ស្មុគស្មាញមិនងាយដោះស្រាយនោះឡើយ។ កាលពីឆ្នាំ២០២១ ពេញមួយអាណត្តិដែលប្រទេសព្រុយណេធ្វើប្រធានអាស៊ាន ក៏មិនអាចដោះស្រាយបានដែរ។ ផ្ទុយទៅវិញ អាស៊ានបានទុកមីយ៉ាន់ម៉ាឲ្យនៅម្នាក់ឯង ហើយបានដំណើរការប្រជុំកំពូលតែ ៩ប្រទេសដែលជារូបភាពមួយបង្ហាញអំពីការបែក

បាក់ក្នុងសមាគ អាស៊ាននិងខុសពីគោលការណ៍កុងសង់ស៊ុសរបស់អាស៊ានថែមទៀត។ ក្នុងន័យនេះ កម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ មានបេសកកម្មសំខាន់ណាស់ក្នុងការ ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីយកមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំនានារបស់អាស៊ានវិញ។ តាមពិតលោក ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់រួចហើយក្នុងការរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាតាំងពីប្រទេសព្រុយណេធ្វើ ជាប្រធានអាស៊ានម៉្លេះ។


ជាក់ស្តែងក្នុងចំណោមកុងសង់ស៊ុស ៥ចំណុច របស់អាស៊ានយ៉ាងហោចណាស់មាន៣ ចំណុចដែលជាគំនិតផ្តួចផ្តើមរបស់ប្រមុខដឹកនាំកម្ពុជា។ដោយឡែកលទ្ធផលដែលកើតចេញពី ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនេះក៏បានឆ្លុះបញ្ចាំងស្ទើរតែគ្រប់ចំណុចអស់ទៅ ហើយ។


កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជានិយាយជារួម និងកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និយាយដោយឡែក គឺដើម្បីតែភាពសុខដុមរមនារបស់អាស៊ានផង ក៏ដូចជាដើម្បីភាពសុខដុមរមនារបស់មីយ៉ានម៉ាផងដែរ។


ដូច្នេះកិច្ចខិតខំប្រឹងប្រែងនេះ ពិតជានឹងទទួលបាននូវការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នក ស្រឡាញ់សន្តិភាព ស្រឡាញ់អាស៊ាន និងស្រឡាញ់សេចក្តី

សុខសាន្តរបស់ប្រជាជនមីយ៉ាន់ម៉ា៕


ដោយ៖ អ្នកនយោបាយតុកាហ្វេ, ភ្នំពេញ, ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ 









សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលប្រឆាំងជាមួយបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ចំណែកអ្នកប្រឆាំងជាមួយការផ្តល់ជំនួយមានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ និងអត់ថ្នាំពេទ្យ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់មានន័យថាអ្នកនោះចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ហើយអ្នកដែលប្រឆាំងជាមួយនឹងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩។


តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហិង្សា និងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៌តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។


សម្តេចលើកឡើងដូច្នេះថា៖ «អាស៊ាន និងដៃគូដែលចង់ចូលរួមក៏ដូចជាមីយ៉ាន់ម៉ាខ្លួនឯង នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឱ្យការឈប់បាញ់ និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។ អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩»។


បើតាមសេចក្តីប្រកាសរួមរបស់កម្ពុជា-មីយ៉ាន់ម៉ា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ បានឱ្យដឹងថា នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយលោកបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះលោកបានប្រកាសគាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងធានាសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។


ទោះបីជាដំណើរទស្សនកិច្ចនេះ បានហុចផ្លែផ្កាយ៉ាងច្រើនដល់នយោបាយនៅក្នុងតំបន់ និងពិភពលោក ជាពិសេសសម្រាប់មីយ៉ាន់ម៉ាក៏ដោយ ប៉ុន្តែលទ្ធផលនេះហាក់ដូចជាដំណឹងអាក្រក់សម្រាប់ក្រុមប្រឆាំងមួយចំនួន។ តាមបណ្តាញសង្គម Facebook លោក សម រង្ស៉ី បានវាយប្រហារចំពោះជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក មីន អោង ឡាំង។ ដោយឡែកនាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិយូមែនរ៉ៃត៍ រ៉ច្ឆ (Human Right Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បែរជាចាត់ទុកថា ទស្សនកិច្ចនេះគឺការប្រមាថមើលងាយចំពោះពលរដ្ឋមីយ៉ាន់ម៉ាទៅវិញ។


ការយល់ព្រមអនុវត្តបទឈប់បាញ់ បញ្ឈប់អំពើហិង្សា និងទទួលយកជំនួយរបស់មីយ៉ាន់ម៉ា រួមទាំងស្វាគមន៍ចំពោះប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២នេះ ជាការវិវឌ្ឍថ្មីស្របទៅតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដែលត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គោលការណ៍ទាំង៥ចំណុចនេះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។

ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។

ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។


សូមឆ្លៀតឱកាសនេះ សម្តេចតេជោ បានបញ្ជាក់ជូនផងដែរថា ថ្ងៃដំណើរទស្សនកិច្វនេះ គឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលសម្តេចបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង ហើយដែលអាចចាត់ទុកថា ជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះផងដែរ។


សម្តេចបញ្ជាក់បន្ថែមថា៖ «ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការបរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៧ឆ្នាំហើយក៍ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ ដូចនេះខ្ញុំត្រូវប្រើពេលវេលាជាងពាក់ កណ្តាលជីវិតរបស់ខ្ញុំសម្រាប់ កិច្ចការ មួយនេះ»៕




Facebook ឈ្មោះ " Sok Kongkea" អតីតណាហ្គាវើលដ៏ បានអំពាវនាវសាជាថ្មីម្តងទៀត ដល់បងប្អូនដែលមានឈ្មោះកាត់ទាំងអស់ មេត្តាចូលរួមសហការជាមួយក្រសួង

 

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នេះ Facebook ឈ្មោះ " Sok Kongkea" អតីតណាហ្គាវើលដ៏ បានរៀបរាប់យ៉ាងដូច្នេះថា: 

ខ្ញុំបាទ សុខ គង្គា អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត បានទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្តាប់ការបកស្រាយពន្យល់របស់ក្រសួង អំពីការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារតាមគោលការណ៍ច្បាប់ នៅឯទីស្តីការក្រសួង កាលពីម្សិលមិញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ជាក់ស្តែង ខ្ញុំឃើញថាការទូទាត់របស់ក្រសួង ពិតជាមានភាពច្បាស់លាស់ តម្លាភាព និងត្រឹមត្រូវតាមច្បាប់ ដែលងាយស្រួលក្នុងការយល់ និងធ្វើឲ្យខ្ញុំឯកភាពក្នុងការទទួលយកការទូទាត់ដោយពេញចិត្តពិតប្រាកដមែន។

ខ្ញុំក៏ចង់បញ្ជាក់ផងដែរថា មូលដ្ឋានសម្រាប់គណនាប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជាមធ្យមប្រចាំថ្ងៃ គឺត្រូវប្រើប្រាស់ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជាមធ្យមនៃ ១២ខែចុងក្រោយ ដែលបានធ្វើការពេញលេញ គឺគិតចាប់ពី ខែ៤ ឆ្នាំ២០១៩ ដល់ ខែ៣ ឆ្នាំ២០២០។ 

ខ្ញុំបាទសូមអំពាវនាវសាជាថ្មីម្តងទៀត ដល់បងប្អូនដែលមានឈ្មោះកាត់ទាំងអស់ មេត្តាចូលរួមសហការជាមួយក្រសួង ដើម្បីទូទាត់ប្រាក់សំណងដែលត្រឹមត្រូវតាមច្បាប់ ជាជាងការគណនាមួយដែលគ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើឲ្យបងប្អូនមានការយល់ច្រឡំ និងសូមបងប្អូនជួយយកឯកសារ ឬព័ត៌មានដែលពាក់ព័ន្ធទៅជាមួយផង ដើម្បីងាយស្រួលក្នុងការផ្ទៀងផ្ទាត់។

រួមគ្នា បញ្ចប់វិវាទនេះ ដោយសន្តិវិធី!





អ្នកវិភាគចៅចាក់ស្មុក៖ ភាពជោគជ័យដ៏ត្រចះត្រចង់នៃ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា ជាការចាប់ផ្តើមនាំមកនូវក្តីសង្ឃឹម នៃការនាំសន្តិភាពជូនពលរដ្ឋមីយ៉ាន់ម៉ាឡើងវិញ

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូនៅប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជានាយករដ្ឋមន្ត្រី នៃសាធារ ណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យដែលលទ្ធផលទទួលបានគឺមជ្ឈដ្ឋាននានាមិននឹកស្មានដល់។

មិននឹកស្មាន និងអាចខុសពីការរំពឹងទុករបស់ក្រុមជនអគតិមួយចំនួន ព្រោះក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ នេះ គឺឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បញ្ជាក់ជូនប្រធានអាស៊ានថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។

ការប្រកាសបទឈប់បាញ់នេះគឺជាជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ នេះជាការចាប់ផ្តើមដ៏វិជ្ជមាន និងជាការបោះជំហានទៅមុខរបស់បណ្តាប្រទេសសមាជិកអាស៊ាន នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការនាំប្រទេសមីយ៉ាន់ម៉ា វិលទៅរកប្រក្រតីភាពវិញ និងជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់មិនឱ្យជីវិតពលរដ្ឋមីយ៉ាន់ម៉ាទាំងយោធា និងទាំងប្រជាពលរដ្ឋធម្មតា កុំឱ្យបន្តបាត់បង់ជីវិតរបួសស្នាម និរាសព្រាត់ប្រាស់ រត់ចោលផ្ទះសម្បែងដោយសារតែការបាញ់ប្រយុទ្ធគ្នារវាងភាគីនៅក្នុងជម្លោះប្រដាប់អាវុធ។

ការប្រកាសបទឈប់បាញ់គ្នាពីរដ្ឋាភិបាលយោធានេះគឺជាលទ្ធផលមួយដ៏សំខាន់ ហើយនាយឧត្តមសេនីយ៍ជាន់ខ្ពស់នៃប្រទេសមីយ៉ាន់ម៉ា ក៏បានអំពាវនាវដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកប ដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្ថិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ក្នុងន័យនេះឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិច។

ការប្រកាសបទឈប់បាញ់គ្នាដោយផ្តើមពីរដ្ឋាភិបាល និងត្រូវការចាំបាច់ការចូលរួមពីភាគីពាក់ព័ន្ធនេះ គឺជាចំណុចសំខាន់នៅក្នុងដំណើរការស្វែងរកសុខសន្តិភាព ព្រោះថា តាមបទពិសោធនៅលើពិភពលោក សង្គ្រាមមិនអាចបញ្ចប់ដោយចុងកាណុងបានឡើយ គឺត្រូវឈរលើមូលដ្ឋាននៃការចរចានិងពិភាក្សាគ្នារកដំណោះស្រាយ។ សម្តេចតេជោ ហ៊ុន សែន បានស្គាល់ច្បាស់ និងមានបទពិសោធយ៉ាងជ្រាលជ្រៅលើកិច្ចការនេះ ព្រោះសម្តេចបានចាប់ផ្តើមសង្គ្រោះជាតិ និងប្រជាជនដោយយកជីវិតធ្វើដើមទុន និងបានដឹកនាំការចរចា ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា ហើយអ្វីដែលពិភពលោកទទួលស្គាល់នោះគឺសម្តេចតេជោជាស្ថាបនិកនៃសន្តិភាពកម្ពុជា តាមរយៈការដាក់ចុះគោលនយោបាយឈ្នះឈ្នះដើម្បីបញ្ចប់សង្គ្រាមនាំយកសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីសម្រាប់ជាតិនិងប្រជាជនកម្ពុជា និងធ្វើឱ្យកម្ពុជាមានរដ្ឋធម្មនុញ្ញតែមួយ មានរាជរដ្ឋាភិបាលតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយដែលមិនធ្លាប់មានសោះរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយ ឈ្នះ-ឈ្នះរបស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានធានាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា។

គ្រប់ភាគីទាំងអស់ចាំបាច់ត្រូវចូលរួមគោរពបទឈប់បាញ់គ្នានេះ ព្រោះជាការចូលរួមការពារអាយុជីវិតមនុស្ស និងមិនបង្កឱ្យមានការឈឺចាប់ និងការសងសឹកគ្នា។ ការថែរក្សាបាននូវបទឈប់បាញ់គ្នានេះ នឹងធ្វើមូលដ្ឋានគ្រឹះនៃដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សារបង្រួបបង្រួមជាតិ និងការកសាងឯកភាពជាតិកាន់តែមានភាពរឹងមាំ ហើយអាចនឹងផ្តល់ឱ្យគ្រប់ភាគីទាំងអស់ អង្គុយក្នុងតុចរចារួមគ្នាបង្កើតការយោគយល់គ្នា ដើម្បីរកដំណោះស្រាយពេញលេញលើជម្លោះកើតឡើង។

នរណាដែលប្រឆាំងនឹងបទឈប់បាញ់នេះ គឺជាការបំផ្លាញអាយុជីវិតមនុស្ស និងជាការបង្ហាញពីចេតនានៃការចិញ្ចឹមជម្លោះនៅមីយ៉ាន់ម៉ា និងជាការកេងចំណេញផ្នែក នយោបាយសម្រាប់ផលប្រយោជន៍ និងកំពុងតែរុញច្រានប្រទេសមីយ៉ាន់ម៉ា ឱ្យចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលពេញទំហឹង ដែលមហន្តរាយនៃការស្លាប់បាត់បង់ជីវិតមនុស្ស ក្នុងនោះមាន ស្ត្រីនិងកុមារកាន់តែច្រើន។

ជាមួយគ្នានេះដែរ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា ក៏បានទទួលភាពជោគជ័យក្នុងការពង្រឹងប្រសិទ្ធភាព នៃការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ាជា ពិសេសប្រជាជនដែលកំពុងត្រូវការជំនួយបំផុតថ្នាក់ដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ា បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមានប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ានតំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិ ដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។

ភាគីទាំងពីរបានទទួលស្គាល់នូវសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឱ្យមានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្របជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ ឱ្យមានប្រសិទ្ធភាពដល់ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការរើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។

ជំនួយមនុស្សធម៌គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ប្រជាជនមីយ៉ាន់ម៉ាដែលរត់ភៀសខ្លួន និងប្រជាពលរដ្ឋដទៃទៀត។ គ្រប់ភាគីទាំងអស់មិនត្រូវបំផ្លាញកិច្ចខិតខំ ប្រឹងប្រែងនេះឡើយ ព្រោះពលរដ្ឋដែលងាយរងគ្រោះកំពុងដង្ហោយស្វែងរកជំនួយ។ ប្រសិនបើជនទាំងឡាយណាប្រឆាំងនឹងការផ្តល់ជំនួយមនុស្សធម៌នេះ នោះអ្នកទាំងនោះគឺជាអ្នកដែលចង់ឱ្យប្រជាពលរដ្ឋស្លាប់ដោយអត់បាយ និងថ្នាំសង្កូវព្យាបាល ដែលនេះគឺជាការធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ារងគ្រោះទ្វេដង គឺរងគ្រោះទាំងជម្លោះប្រដាប់អាវុធ និងការអត់អាហារ និងគ្មានថ្នាំសង្កូវ។

តាមរយៈភាពជោគជ័យដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ានេះ គឺជាការផ្តល់នូវក្តីសង្ឃឹមថ្មីដល់ពលរដ្ឋមីយ៉ាន់ម៉ា ហើយរំពឹងថាពិភពលោកនឹងអបអរសាទរនិងចូលរួមគោរពលទ្ធផលផ្លែផ្កានេះ ដើម្បីបន្តដំណើរដ៏វែងឆ្ងាយបន្ថែមទៀតក្នុងការនាំប្រទេសមីយ៉ាន់ម៉ា ទៅរកប្រក្រតីភាពឡើងវិញ និងធ្វើឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មានសាមគ្គីភាពខ្ពស់ ព្រមទាំងរក្សាបាននូវគោលការណ៍កង់សង់ស៊ីស និងគោលការណ៍អាស៊ាន១០ដែលជាមូលដ្ឋានគ្រឹះ នៃភាពរឹង មាំរបស់ប្រជាជាតិមួយនេះ។ សូមអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតដ៏មានតម្លៃសម្រាប់ការកសាងសន្តិភាព ការផ្សះផ្សាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២













ការពិតពីមាតុភូមិ៖ ជំនួបរវាងប្រមុខដឹកនាំកំពូលកម្ពុជា-មីយ៉ាន់ម៉ា ទទួលបានផ្លែផ្កាដ៏មោទកភាពបំផុតសម្រាប់អាស៊ាននិងមីយ៉ាន់ម៉ា ខណៈបទឈប់បាញ់ និងជំនួយមនុស្សធម៌ជារឿងដែលប្រជាជនមីយ៉ាន់ម៉ាត្រូវការជាចំបាច់បំផុត

(ភ្នំពេញ)៖ កម្ពុជាធ្លាប់បានភ្លក់រួចហើយ នូវរសជាតិដ៏ល្វីងជូរចត់ សោកនាដកម្ម និងមហន្តរាយនៃសង្គ្រាមបង្ហូរឈាម។ ប្រជាជនកម្ពុជាស្រឡាញ់សន្តិភាព អរគុណសន្តិភាព និងការពារសន្តិភាព ដែលបានមកដោយការតស៊ូលំបាក លះបង់ញើសឈាម អាយុជីវិត របស់វីរជនខ្មែរ។ ជាពិសេស ប្រជាជនកម្ពុជា អរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ និងអរគុណស្ថាបនិកសន្តិភាព ដែលបានដឹកនាំរំដោះជាតិ និងប្រជាជន នៅថ្ងៃ៧ មករា ១៩៧៩ ពីរបបប្រល័យពូជសាសន៍ ហើយបង្រួបបង្រួមជាតិ ពីតំបន់គ្រប់គ្រងដោយភាគីប្រដាប់អាវុធជាច្រើន មកជារាជរដ្ឋាភិបាលជាតិតែមួយ និងដឹកនាំកសាងសង្គមបានសំបូរសប្បាយប្រកប ដោយការរីកចម្រើនលើគ្រប់វិស័យមួយ។

ដោយសារកម្ពុជាយល់ច្បាស់ពីផលវិបាកនៃសង្គ្រាម ស្គាល់ច្បាស់ពីតម្លៃនៃសន្តិភាព និងបទពិសោធន៍ដ៏ចាស់ទុំក្នុងការបញ្ចប់សង្គ្រាម និងកសាងសន្តិភាពដូចនេះហើយ ទើបកម្ពុជាឈឺឆ្អាលណាស់ ចំពោះប្រទេសជាមិត្តនៅក្នុងតំបន់។ កម្ពុជា ដែលមានតេជោសែនជាប្រមុខរាជរដ្ឋាភិបាល និងក្នុងនាមជាប្រធានអាស៊ាន បានផ្តល់អាទិភាពជាចម្បង ដល់ការបង្រួបបង្រួមអាស៊ាន និងជាពិសេស ការខិតខំជួយស្វែងរកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា ដោយឈរលើគោលការណ៍រួមទាំង៥ ដែលអាស៊ានបានសម្រេចកាលពីខែមេសា ឆ្នាំ២០២១។ គោលការណ៍រួមទាំង៥នោះគឺ៖ ទី១. បញ្ចប់អំពើហិង្សាឱ្យបានរួសរាន់ និងរក្សាភាពអត់ធ្មត់ឱ្យបានខ្ពស់បំផុត, ទី២. រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ, ទី៣. តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចការពិភាក្សា, ទី៤. បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងមីយ៉ាន់ម៉ា, និងទី៥. អនុញ្ញាតឱ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ។

នៅចំថ្ងៃប្រារព្ធខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅធ្វើទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា ដោយនាំទៅជាមួយនូវជំនួយមនុស្សធម៌យ៉ាងសន្ធឹកសន្ធាប់ ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រមុខដឹកនាំកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលមីយ៉ាន់ម៉ា និងសម្រេចបានផ្លែផ្កាដ៏មោទកភាពបំផុត សម្រាប់អាស៊ាន និងសម្រាប់មីយ៉ាន់ម៉ាផ្ទាល់។ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធទាំងអស់ រហូតដល់ចុងឆ្នាំ២០២២ ដែលកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយ ស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។

កម្ពុជាបានតែងតាំងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដែលទទួលបាននូវការស្វាគមន៍ និងការសន្យាគាំទ្រ និងសហការពីភាគីមីយ៉ាន់ម៉ា។ ទាំងអស់នេះ មិនត្រឹមតែជាការឈឺឆ្អាល និងជួយដល់ប្រទេសជាមិត្តប៉ុណ្ណោះទេ តែក៏សុទ្ធសឹងជាការអនុវត្តយ៉ាងល្អប្រសើរបំផុត នូវគោលការណ៍រួមទាំង៥ ដែលអាស៊ានបានសម្រេច។

ការគិតគូរដល់ទុក្ខលំបាករបស់ប្រជាជន តាមរយៈការផ្តល់ជំនួយមនុស្សធម៌ដោយឥតរើសអើង ជាស្បៀងអាហារក្តី ថ្នាំសង្កូវក្តី ឬគ្រឿងឧបភោគបរិភោគអ្វីក្តី នៅក្នុងស្ថានការណ៍មានវិបត្តិ ជាទង្វើដ៏ត្រឹមត្រូវបំផុត ស្របតាមនិយាមមនុស្សធម៌អន្តរជាតិបំផុត និងជាការបំពេញតួនាទីដ៏មានការទទួលខុសត្រូវខ្ពស់បំផុត ក្នុងនាមជាអ្នកដឹកនាំថ្នាក់តំបន់។ ប្រជាជាតិកម្ពុជាមានមោទកភាពក្រៃលែង ដែលមគ្គទេសក៏តេជោសែនដ៏មានគតិបណ្ឌិត បានដឹកនាំប្រទេសតាំងពីបាតដៃទទេ រហូតដល់មានការទទួលស្គាល់ គោរព និងផ្តល់តម្លៃពីសហគមន៍ក្នុងតំបន់ និងអន្តរជាតិ។

ក្រៅពីបុគ្គលអគតិជ្រុលនិយម អាត្មានិយមជួជាតិមួយដំបរស្វា ដែលធ្វើជំនួញនយោបាយយកញើសឈាម អាយុជីវិតប្រជាជនជាដើមទុន និងក្រៅពីប្រទេសឈ្មួញសង្គ្រាមដែលពុំខ្វល់ពីសុខទុក្ខអាយុជីវិតរបស់មនុស្ស ពិតជាគ្មានប្រជាជនណាម្នាក់ គាំទ្រសង្គ្រាម ហើយមិនត្រូវការសន្តិភាពសោះឡើយ។

អ្នកដែលប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងបទឈប់បាញ់ គឺជាចេតនាបំផ្លាញអាយុជីវិតរបស់មនុស្ស បំផ្លាញភាពសុខសាន្តរបស់ប្រជាជន និងបង្កគ្រោះមហន្តរាយដល់សង្គមមួយ។

អ្នកដែលប្រឆាំងនឹងការផ្តល់ជំនួយមនុស្សធម៌ ក៏ជាចេតនាបំផ្លាញអាយុជីវិតរបស់មនុស្ស ក្នុងចេតនាទុកឱ្យប្រជាជនស្លាប់ដោយគ្រោះទុរភិក្ស ដាច់បាយ ឈឺថ្កាត់វេទនាគ្មានថ្នាំសង្កូវជាដើម។ ក្រៅពីចេតនាទុច្ចរិតនេះពិតជាគ្មានហេតុផលអ្វីផ្សេងទាល់តែសោះ ក្នុងការប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងបទឈប់បាញ់ ប្រឆាំងនឹងការផ្តល់ជំនួយមនុស្សធម៌ ជួយដល់គ្នាក្នុងគ្រាលំបាក។

ការពិតពីមាតុភូមិ, ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២