Saturday, January 08, 2022

លិខិតមិត្តអ្នកអាន៖ «នាយករដ្ឋមន្រ្តី ហ៊ុន សែន ចុចគន្លឹះបើកផ្លូវឆ្ពោះ ទៅរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា»

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំកម្ពុជានិងជាប្រធានប្តូរវេនអាស៊ានផង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាគន្លឹះ ដ៏សំខាន់មួយក្នុងការត្រួសត្រាយផ្លូវទៅរកដំណោះស្រាយបញ្ហាវិបត្តក្នុងប្រទេសនេះ។

យោងសេចក្តីប្រកាសរួមដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី៧ មករា ឆ្នាំ២០២២ «លោក មីន អោង ឡាំង បានប្រកាសបទឈប់បាញ់គ្នាជា មួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ក្នុងរយៈ ពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀតរហូត ដល់ចុងឆ្នាំ ២០២២។ ទន្ទឹមនឹងនេះមេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ារូបនេះ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នាដើម្បីជាផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនបញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។ ហើយលោក មីន អោងឡាំង ក៏បានធានាថា នឹងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេស ប្រធានអាស៊ានឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ច នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់»។ នេះគឺជាខ្លឹមសារដ៏សំខាន់បំផុតខ្លះៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងរយះពេល២ថ្ងៃនេះ។


ហេតុអ្វីបានជាចំណុចនេះវាមានសារះសំខាន់? ពីព្រោះបទឈប់បាញ់ និងការបញ្ឈប់អំពើហិង្សារួចហើយ ការសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ គឺជាចំណុចស្នូល ដើម្បីឈានទៅរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ បើគ្មានបទឈប់បាញ់ បើមិនបញ្ឈប់អំពើហិង្សា និងគ្មានការសម្របសម្រួលឲ្យមានកិច្ចសន្ទនាគ្នាទេ បញ្ហាទាំងឡាយពិតជានឹងមិនអាចដោះស្រាយបាននោះឡើយ។ មកដល់ចំណុចនេះគេប្រាកដជានៅចងចាំបានអំពីដំណោះស្រាយស្វែងរកសន្តិភាព និងការបញ្ចប់សង្គ្រាមនៅកម្ពុជាកាលពីជាង៣០ឆ្នាំកន្លងទៅ។


កាលណោះចំណុចចាប់ផ្តើមក៏បានចេញដំណើរពីបទឈប់បាញ់គ្នា និងការបើកផ្លូវឲ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនេះដែរ។ តាំងពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ រហូតដល់ការសម្រេចនយោបាយឈ្នះឈ្នះផ្តួចផ្តើមនិងដឹកនាំការអនុវត្តដោយផ្ទាល់របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺសុទ្ធសឹងតែបានផ្តើមចេញ «ពីការឈប់បាញ់ ការបញ្ឈប់អំពើហិង្សា និងការបើកផ្លូវឲ្យមានកិច្ចសន្ទាទាំងអស់»។ ដូច្នេះប្រាកដណាស់ថា បទពិសោធន៍នេះពិតជាមានសារសំខាន់ ខ្លាំងណាស់សម្រាប់រកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា។


ជាក់ស្តែងក្នុងសេចក្តីប្រកាសរួមក៏មានចែងដែរថា នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ ដូច្នេះលទ្ធផលដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចដំបូង និងរយៈពេលខ្លីរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅមីយ៉ាន់ម៉ា «ពិតជាកូនសោរមាសដែលបានចុចចំគន្លឹះបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយបញ្ហា មីយ៉ាន់ម៉ាយ៉ាងពិតប្រាកដ»។ អំណឹះតទៅបេសកជនពិសេសអាស៊ានគឺឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងបន្ត ជាអ្នកដើរតួនាទីក្នុងការសម្របសម្រួល ជាមួយភាគីពាក់ព័ន្ធនានា នៅក្នុងជម្លោះមីយ៉ាន់ម៉ាដើម្បីឈានទៅរកដំណោះស្រាយយូរអង្វែងមួយនៅក្នុងប្រទេសនេះ។


ជាការពិតបញ្ហាមីយ៉ាន់ម៉ាគឺជារឿងដ៏ស្មុគស្មាញមិនងាយដោះស្រាយនោះឡើយ។ កាលពីឆ្នាំ២០២១ ពេញមួយអាណត្តិដែលប្រទេសព្រុយណេធ្វើប្រធានអាស៊ាន ក៏មិនអាចដោះស្រាយបានដែរ។ ផ្ទុយទៅវិញ អាស៊ានបានទុកមីយ៉ាន់ម៉ាឲ្យនៅម្នាក់ឯង ហើយបានដំណើរការប្រជុំកំពូលតែ ៩ប្រទេសដែលជារូបភាពមួយបង្ហាញអំពីការបែក

បាក់ក្នុងសមាគ អាស៊ាននិងខុសពីគោលការណ៍កុងសង់ស៊ុសរបស់អាស៊ានថែមទៀត។ ក្នុងន័យនេះ កម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ មានបេសកកម្មសំខាន់ណាស់ក្នុងការ ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីយកមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំនានារបស់អាស៊ានវិញ។ តាមពិតលោក ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់រួចហើយក្នុងការរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាតាំងពីប្រទេសព្រុយណេធ្វើ ជាប្រធានអាស៊ានម៉្លេះ។


ជាក់ស្តែងក្នុងចំណោមកុងសង់ស៊ុស ៥ចំណុច របស់អាស៊ានយ៉ាងហោចណាស់មាន៣ ចំណុចដែលជាគំនិតផ្តួចផ្តើមរបស់ប្រមុខដឹកនាំកម្ពុជា។ដោយឡែកលទ្ធផលដែលកើតចេញពី ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនេះក៏បានឆ្លុះបញ្ចាំងស្ទើរតែគ្រប់ចំណុចអស់ទៅ ហើយ។


កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជានិយាយជារួម និងកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និយាយដោយឡែក គឺដើម្បីតែភាពសុខដុមរមនារបស់អាស៊ានផង ក៏ដូចជាដើម្បីភាពសុខដុមរមនារបស់មីយ៉ានម៉ាផងដែរ។


ដូច្នេះកិច្ចខិតខំប្រឹងប្រែងនេះ ពិតជានឹងទទួលបាននូវការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នក ស្រឡាញ់សន្តិភាព ស្រឡាញ់អាស៊ាន និងស្រឡាញ់សេចក្តី

សុខសាន្តរបស់ប្រជាជនមីយ៉ាន់ម៉ា៕


ដោយ៖ អ្នកនយោបាយតុកាហ្វេ, ភ្នំពេញ, ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ 









No comments:

Post a Comment