នៅក្នុងរយៈពេលប៉ុន្មាខែថ្មីៗនេះ កូរ៉េខាងជើងបានបង្កើនភាពតានតឹង និងធ្វើឲ្យមានការព្រួយបារម្ភនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រាប់បញ្ចូលទាំងតំបន់អាស៊ីអាគ្នេយ៍ផង។ ទោះបីជាអាស៊ានមានការព្រួយបារម្ភនឹងការគំរាមនេះ ដោយសារតែមានផលវិបាកខាងសន្តិសុខដ៏ធ្ងន់សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែធំក៏ដោយ ក៏ខ្លួនគួរតែប្រុងប្រយ័ត្នអំពីការងាររបស់ខ្លួនដើម្បីបញ្ចៀសការធ្វើឲ្យខូចទំនុកចិត្ត និងភាពពាក់ព័ន្ធរបស់ខ្លួនលើវិបត្តិកូរ៉េខាងជើង។
នៅក្នុងលិខិតមួយទៅកាន់អគ្គលេខាធិការអាស៊ានចុះថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong-Ho បានបង្ហាញ “ការរំពឹងទុក របស់គាត់ថា អាស៊ាន ដែលភ្ជាប់សារៈសំខាន់ដ៏ធំទៅនឹងសន្តិភាព និងស្ថិរភាពតំបន់នោះ នឹងលើកឡើងអំពីបញ្ហាការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងនៅបណ្តាសន្និសីទអាស៊ាន”។ គាត់បានបន្ថែមថា អាស៊ានគួរតែប្រកាន់ជំហរយុត្តិធម៌ និងដើរតួនាទីកាន់តែសកម្មនៅក្នុងការការពារសន្តិភាព និងសុវត្ថិភាពនៃឧបទ្វីបកូរ៉េ។
នៅខែមេសា ឆ្នាំ ២០១៧ ក្នុងពេលកិច្ចប្រជុំលើកទី ៣០ របស់អាស៊ាននៅហ្វីលីពីន អាស៊ាន ជាជំនួសវិញ បានសម្តែងការព្រួយបារម្ភខ្លាំង និងជំរុញឲ្យកូរ៉េខាងជើងគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ការឆ្លើយតបម៉ឺងម៉ាត់របស់អាស៊ានទៅកាន់កូរ៉េខាងជើងនោះ បានបង្ហាញពីការមូលមតិគ្នាជាអន្តរជាតិប្រឆាំងនឹងសកម្មភាពរបស់កូរ៉េខាងជើង។ វាក៏ជាជំហរអព្យាក្រឹត្យផងដែរដែលជៀសវាងការកាន់ជើងភាគីណាមួយដែលពាក់ព័ន្ធក្នុងវិបត្តិនោះ រាប់បញ្ចូលទាំងចិន ឬសហរដ្ឋអាមេរិកផង។ ជំហររបស់អាស៊ានមិនបានមើលស្រាលលើសមត្ថភាពរបស់អង្គការនោះក្នុងការរួមចំណែកដល់ដំណោះស្រាយក្នុងវិបត្តិនោះ ហើយក៏មិនយល់ច្រឡំអំពីគោលបំណង ដែលមានស្រាប់របស់ខ្លួនក្នុងនាមជាវេទិកាដើម្បីជួយបង្កើតសន្តិសុខនៅក្នុងតំបន់នោះដែរ។
អ្នកស្រាវជ្រាវលោក Shawn Ho និងSarah Teo បានសរសេរថា “អាស៊ានគួរតែពង្រឹងទំនុកចិត្តខាងសន្តិសុខក្នុងតំបន់របស់ខ្លួនដោយការយកចិត្តទុកដាក់កាន់តែខ្លាំងទៅនឹងកត្តាប្រឈមនៅក្នុងឧបទ្វីបកូរ៉េ”។ មូលហេតុនោះគឺ “ដោយសារតែសារៈសំខាន់ខាងផ្នែកសន្តិសុខរបស់ឧបទ្វីកូរ៉េចំពោះក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ប្រសិនបើអាស៊ានខិតខំដោះស្រាយបញ្ហាប្រឈមនៅក្នុងឧបទ្វីបកូរ៉េខាងនោះ ភាពពាក់ព័ន្ធនិងសារៈសំខាន់របស់អាស៊ានចំពោះមហាអំណាចធំទាំងពីរគួរតែលើកកំពស់”។
ទឡ្ហីករណ៍នេះបានបង្កើនសារៈសំខាន់សម្រាប់អាស៊ានក្នុងការជំរុញអាមេរិកឲ្យបន្តចូលរួមជាមួយតំបន់អាស៊ីអាគ្នេយ៍។ អាមេរិកគួរតែធ្វើបែបនេះតាមរយៈវេទិការតំបន់ដែលមានស្រាប់ដែលត្រូវបានបង្កើតឡើងដោយស្ថានប័នពហុភាគីរបស់អាស៊ាន ជាជាងសើរើរចនាសម្ព័ន្ធដែលបានបង្កើតឡើងរួចនេះ នៅពេលដោះស្រាយបញ្ហាសន្តិសុខ និងភូមិសាស្ត្រនយោបាយ។ ប៉ុន្តែ ឧបទ្វីបកូរ៉េមិនអាចជាផ្លូវសមរម្យសម្រាប់ទំនាក់ទំនងរវាងអាស៊ាន និងអាមេរិកទេ ដូច្នេះទឡ្ហីករណ៍នេះអាចបង្ករឲ្យមានបញ្ហាដោយមូលហេតុចំនួនពីរ។
ទីមួយ វាមិនច្បាស់ថា តើអាស៊ានបង្ហាញភាពពាក់ព័ន្ធរបស់ខ្លួនដោយរបៀបណានោះទេជាមួយសហរដ្ឋអាមេរិក តាមរយៈការដោះស្រាយការគំរាមរបស់កូរ៉េខាងជើង នៅពេលអាស៊ានបានប្រឈមមុខរួចទៅហើយអំពីបញ្ហាភូមិសាស្ត្រនយោបាយដែលមានស្រាប់នៅក្នុងតំបន់នោះ។ នៅពេលអាស៊ានមិនអាចឈានដល់ការមូលមតិគ្នាទៅលើបញ្ហាភូមិសាស្ត្រនយោបាយធំៗ ដូចជារឿងសមុទ្រចិនខាងត្បូងនោះ គេមិនច្បាស់ទេថា តើអាស៊ាននឹងមានភាពពាក់ព័ន្ធដោយរបៀបណាជាមួយអាមេរិកក្នុងការដោះស្រាយវិបត្តិឧបទ្វីបកូរ៉េ ដោយមិនបានបង្ហាញពីសមត្ថភាពដំបូងរបស់ខ្លួនក្នុងការដោះស្រាយជម្លោះដែនសមុទ្រនៅតំបន់អាស៊ីអាគ្នេយ៍នោះ។
បញ្ហាទីពីរនោះគឺថា អាស៊ានអាចបែកបាក់រវាងចិន និងអាមេរិក។ ក្នុងពេលកិច្ចប្រជុំនាពេលថ្មីៗនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៧ នោះនៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានផ្ញើសារទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ានថា វ៉ាស៊ីនតោនចង់ចូលរួមជាមួយតំបន់អាស៊ីអាគ្នេយ៍នៅពេលគាត់លើកឡើងអាស៊ានថា ជាដៃគូសំខាន់របស់អាមេរិក។ លោក Tillerson ក៏ជំរុញឲ្យអាស៊ានដាក់សម្ពាធកូរ៉េខាងជើង តាមរយៈការពិនិត្យឡើងវិញនូវទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងជាមួយអាស៊ាននិងទប់ស្កាត់លំហូរប្រាក់របស់ប្រទេសពីតំបន់អាស៊ីអាគ្នេយ៍។
ប៉ុន្តែ ប្រសិនបើអាស៊ានគោរពតាមសំណើររបស់អាមេរិកក្នុងការថ្កោលទោសសកម្មភាពកូរ៉ខាងជើង ចិនអាចយល់រឿងនេះថា ជាចេតនារបស់វ៉ាស៊ីនតោនក្នុងការធ្វើឲ្យស្មុគស្មាញដល់ភាពស្រួចស្រាវចំពោះវិបត្តិនៅឧបទ្វីបកូរ៉េ ដែលអាស៊ានមិនពាក់ព័ន្ធដោយផ្ទាល់។ ការឯកភាពផ្ទៃក្នុងរបស់អាស៊ានក៏អាចរងផលប៉ះពាល់ដោយអវិជ្ជមាន ប្រសិនបើខ្លួននឹងចូលរួមពាក់ព័ន្ធក្នុងវិបត្តិឧបទ្វីបនោះ។ មានសញ្ញាបង្ហាញរួចហើយថា រដ្ឋសមាជិកខ្លះទោរទន់ទៅរកចិនជាង ក្នុងខណៈសមាជិកផ្សេងទៀតងាកទៅរកអាមេរិក។ ប្រសិនបើអាស៊ានមានភាពលម្អៀងអំពីការគំរាមកូរ៉េខាងជើង នេះអាចពង្រីកភាពប្រះឆារនៅក្នុងអាស៊ានកាន់តែធំ។
ដូច្នេះ ប្រសិនបើអាស៊ានមានបំណងបង្ហាញភាពពាក់ព័ន្ធរបស់ខ្លួនអំពីការគំរាមរបស់កូរ៉េខាងជើងនោះ អាស៊ានគយរតែមើលថា តើខ្លួនអាចមានសមត្ថភាពក្នុងការផ្តល់ដំណោះស្រាយគួរឲ្យជឿជាក់ចំពោះវិបត្តិនោះ និងជៀសវាងការលម្អៀងទៅរកចិន ឬអាមេរិកដែរឬអត់។ ក្នុងពេលកិច្ចប្រជុំវេទិកាតំបន់អាស៊ាន អាស៊ានអាចផ្តល់សញ្ញាប្រាប់កូរ៉េខាងជើងថា ប្រទេសនោះគួរតែបញ្ចៀសអកប្បកិរិយាញួសញង់របស់ខ្លួន ប៉ុន្តែលើសពីនេះទៀត មិនមានកម្លាំងច្រើនដែលអាស៊ានអាចធ្វើបានដើម្បីដាក់សម្ពាធកូរ៉េខាងជើងឲ្យផ្លាស់ប្តូរផ្លូវដើររបស់ខ្លួននោះទេ។ នៅអតីតកាល អាស៊ានបានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានោះលើភាពគ្រោះថ្នាក់របស់កូរ៉េខាងជើង ហើយកូរ៉េខាងជើងមិនបានគោរពវាទេ ដោយបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយគ្មានការញញើត។
នេះមិនមែនបង្អាប់អំពីសារៈសំខាន់របស់អាស៊ានក្នុងនាមជាស្ថាប័នតំបន់នោះទេ។ ជាការពិត ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ អាស៊ានបានដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជម្លោះនៅក្នុងតំបន់តាមរយៈការចរចា ការពិគ្រោះយោបល់ និងការមូលមតិគ្នា។ គេអាចមើលឃើញថា បទដ្ឋានអាស៊ានអាចមានឥទ្ធិពលកាន់តែធំលើសន្តិសុខនៅតំបន់អាស៊ានប៉ាស៊ីហ្វិក។ វេទិកាតំបន់អាស៊ានបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ សម្រាប់អាស៊ាន និងអ្នកទទួលខុសត្រូវខាងក្រៅក្នុងការពិភាក្សាបញ្ហាសន្តិសុខ និងលើកកម្ពស់វិធានការសហប្រតិបត្តិការដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ ប៉ុន្តែវេទិការនោះមិនមានបំណងក្នុងការផ្តល់និងអនុវត្តដំណោះស្រាយដល់ជម្លោះទេ ដូច្នេះអាស៊ាននៅមានកម្រិតក្នុងការផ្តល់អនុសាសន៍ផ្តល់ទំនុកចិត្តដល់អាមេរិក និងចិនលើវិបត្តិឧបទ្វីបកូរ៉េនោះទេ។ ក្នុងរយៈពេលយូរ អាស៊ានគួរតែផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួនលើការបង្កើតសហគមន៍អាស៊ានដើម្បីពន្លឿនកម្លាំង វិធានការក្នុងការលើកកម្ពស់ការពិគ្រោះយោប់សន្តិភាពលើបញ្ហាសន្តិសុខនិងដំណោះស្រាយជាសមូហភាពសម្រាប់ការទប់ស្កាត់និងដំណោះស្រាយជម្លោះ។
ទន្ទឹមគ្នានោះដែរ អាស៊ានគួរតែបន្តលើកឡើងច្បាស់ថា កូរ៉េខាងជើងគួរតែបោះបង់ចោលសកម្មភាពកម្រោលរបស់ខ្លួន ហើយថា ភាគីពាក់ព័ន្ធទាំងអស់គួរតែជៀសវាងរាល់ការញួសញង់បន្ថែមទៀត៕
(ប្រភព៖ East Asia Forum ចុះថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៧)