Tuesday, June 13, 2017

ទេសាភិបា​លធនា​គារជាតិ ណែនាំបុគ្គលិក​ធនាគារសា​ខាខេត្តសៀមរា​ប ឲ្យពង្រឹ​ងស្មារតីយកចិត្តទុកដាក់លើ​ការងារ ដើម្បីអភិវឌ្ឍប្រព័ន្ធធនាគារឲ្យកាន់តែរីកចម្រើន

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានណែនាំបុគ្គលិកធនាគារជាតិសាខាខេត្តសៀមរាបទាំងអស់ ឲ្យពង្រឹងស្មារតីយកចិត្តទុកដាក់ លើការងារបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រព័ន្ធធនាគារឲ្យកាន់តែរីចម្រើន។

ការណែនាំនេះត្រូវបានធ្វើឡើង ក្នុងឱកាសដែលលោកបានចុះជួបសំណេះសំណាលជាមួយបុគ្គលិកធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាប ដើម្បីពិនិត្យអំពីស្ថានភាពទូទៅ និងប្រតិបត្តិការនៃធនាគារ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនាគារឲ្យកាន់តែរីកចម្រើន នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។
នាឱកាសនេះលោកនាយកសាខា បានរាយការណ៍ស្តីអំពីស្ថានភាពទូទៅនៃប្រតិបត្តិការរបស់សាខា និងស្ថានភាពប្រព័ន្ធធនាគារនៅក្នុងខេត្តទាំងមូលជាពិសេសនៅឆមាសទី១ ឆ្នាំ២០១៧នេះ។

លោកទេសាភិបាល ក៏បានផ្ដល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើមួយចំនួនដល់មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាសាខាខេត្តសៀមរាប ឱ្យចេះគោរពពិន័យការងារ បទបញ្ជាផ្ទៃក្នុង គោរពតាមលក្ខន្តិកៈមន្ត្រី-បុគ្គលិក និងពង្រឹងស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការងារ ត្រូវតាមដានគ្រប់ប្រតិបត្តិការប្រព័ន្ធធនាគារទាំងមូល ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែករក្សាស្ថិរភាព និងអភិវឌ្ឍប្រព័ន្ធធនាគារនៅខេត្តសៀមរាប ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕



No comments:

Post a Comment