Tuesday, June 13, 2017

លិខិតចៅចាក់ស្មុក៖ តើគណបក្សសង្គ្រោះជាតិចង់បង្កើតរដ្ឋនៅក្នុងរដ្ឋ?

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៧ សម រង្ស៊ី ដែល លែងជាប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែបាននិយាយនិងធ្វើសកម្មភាពក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថា គណបក្សសង្គ្រោះជាតិ នឹងនិយាយដោយផ្ទាល់ជាមួយប្រទេសម្ចាស់ជំនួយឱ្យផ្តល់ថវិកាមកជួយឃុំសង្កាត់ដែលគ្រប់គ្រងដោយគណបក្ស​សង្គ្រោះជាតិតែម្តង មិនចាំបាច់ឆ្លងកាត់តាមរយៈរាជរដ្ឋាភិបាលកម្ពុជាឡើយ។ តើហេតុអ្វីបានសម រង្ស៊ី ហ៊ាននិយាយដូច្នេះ? តើទណ្ឌិតរូបនេះមានបានពិនិត្យមើលច្បាប់ស្តីពីការគ្រប់​គ្រងរដ្ឋបាលឃុំសង្កាត់ដែរឬទេ? ឬមួយទណ្ឌិត សម រង្ស៊ី មានចេតនាយកឃុំសង្កាត់ដែលខ្លួនឈ្នះ និងទទួលបានការគ្រប់គ្រងឃុំសង្កាត់ទាំងនោះទៅធ្វើជាតំបន់អបគមន៍ ឬចង់បង្កើតរដ្ឋនៅក្នុងរដ្ឋ?

ទណ្ឌិតសម រង្ស៊ី គួរយល់ថា យោងតាមច្បាប់ ឃុំសង្កាត់គ្រប់គ្រងកិច្ចការមូលដ្ឋានរបស់ខ្លួនដោយផ្អែកទៅតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជ ក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធនានា។ រដ្ឋបាលឃុំសង្កាត់មានតួនាទីពីរប្រភេទគឺ៖ ១-តួនាទីបម្រើកិច្ចការមូលដ្ឋានសម្រាប់បម្រើផលប្រយោជន៍ឃុំសង្កាត់ និងប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួន។ ២-តួនាទីជាភ្នាក់ងារតំណាងរដ្ឋក្រោមការចាត់តាំងឬការប្រគល់អំណាចរបស់អាជ្ញាធររដ្ឋ។ មាត្រា ៥៨ ក្នុងករណីក្រុមប្រឹក្សាឃុំសង្កាត់ណាធ្វើ សកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងនយោបាយរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវសម្រេចរំសាយក្រុមប្រឹក្សាឃុំសង្កាត់នោះជាបន្ទាន់ ហើយត្រូវធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះឡើងវិញ ទៅតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់នេះ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់។ លើសពីនេះទៀត ទណ្ឌិត សម រង្ស៊ី ក៏ត្រូវដឹងផងដែរថា មាត្រា ៨០ ចែងថា ឃុំសង្កាត់គ្មានសិទ្ធិខ្ចីប្រាក់បានឡើយ។ ឃុំសង្កាត់មិនអាចធានារ៉ាប់រងចំពោះការខ្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុណាមួយឡើយ។

ដូច្នេះអ្វីដែលទណ្ឌិត សម រង្ស៊ី និយាយក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិកគឺជាការនិយាយដោយមិនមើលច្បាប់ និងជាការស្រមើស្រម៉ៃក្នុងភាពងងឹតងងុល និងកំពុងជួញស្បែកគោទទឹកប៉ុណ្ណោះ។ ទណ្ឌិត សម រង្ស៊ី មិនអាចបង្កើតរដ្ឋនៅក្នុងរដ្ឋឡើយ ហើយគ្រប់ឃុំសង្កាត់ទាំងអស់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា និងធ្វើអ្វីៗស្របតាមរដ្ឋធម្មនុញ្ញច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធនានាមិនអាចរំលោភច្បាប់បានឡើយ។ បើគ្រាន់តែនិយាយដើម្បីចំណេញនយោយបាយទេ ទណ្ឌិត​សម រង្ស៊ី គួរ កុំព្យាយាមនាំរឿងដាក់ខ្លួន និងបក្សខ្លួន!

ដោយ៖ ចៅ ចាក់ស្មុក


No comments:

Post a Comment