Tuesday, June 13, 2017

ស្ត្រីមេម៉ាយទីទ័លក្រខ្លាំង ទទួលបានផ្ទះមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នៅថ្ងៃទី១៣ ខែមិថុនា  ឆ្នាំ២០១៧នេះ ផ្ទះមនុស្សធម៌ទី១៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា និងសហការី ប្រគល់ជូនអ៊ុំស្រី សោម រ៉ង់  អាយុ៦០ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្រខ្លាំង ត្រូវមើលថែទាំកូនប្រុសពិការគមខ្នងផង រស់នៅភូមិខ្សាច់  ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។ ផ្ទះមនុស្សធម៌នេះមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់ពីឈើតម្កល់លើជើងតាង កម្ពស់ពីដី ១,៦ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ។
នៅក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុក​ដាក់​គិតគូរចំពោះសុខភាពប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំ​នឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រី ក៏បានសំណូមពរឱ្យសម្អាត ថែរក្សាផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ត្រូវបន្តមើលថែកូនឱ្យគាត់សុខភាពល្អ។ នេះជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
អំណោយសង្កត់ផ្ទះរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ ទូរទស្សន៍១ សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួនផងដែរ ។ ក្នុងនោះដែរលោក អៀម សូវៀត ជាម្ចាស់ភោជនីយដ្ឋាន កោះកេរ្តិ៍ ក្រុងសៀម​រាប បានឧបត្ថម្ភ នូវទូរទស្សន៍ ២១អ៊ិញ ១គ្រឿង ភួយ២ កន្សែងពោះគោ ២ ផងដែរ ។ សម្រាប់លោកតា លោកយាយ និង ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមពិធីក៏ទទួលបានថវិកាមួយចំនួនសម្រាប់កំដរដៃផងដែរ៕







No comments:

Post a Comment