Tuesday, June 13, 2017

ចិន៖ របាយការណ៍យោធាអាមេរិកត្រូវបានជំរុញឡើងដោយយកលំនាំតាមបែបសង្រ្គាមត្រជាក់

រដ្ឋាភិបាលទីក្រុងប៉េកាំងបានរិះគន់របាយការណ៍មួយ ដែលចេញផ្សាយដោយមន្ទីរបញ្ចកោ​ណនៅសប្តាហ៍នេះ ដែលវាយតម្លៃពីសមត្ថភាពយោធារបស់ចិន ដោយចោទប្រកាន់ថា អាមេរិកបានបំភ្លៃការពិត។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានថ្លែងកាលពី​ថ្ងៃព្រហស្ប​តិ៍នេះ អំពីរបាយការណ៍អំណាចយោធាចិនឆ្នាំ ២០១៧ របស់ក្រសួងការពារចិនប៉ុ​ន្មាន​ថ្ងៃមុនចេញផ្សាយប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍ មន្ទីរបញ្ចកោណបានវិភាគអំពីកំណែទម្រង់​រចនាសម្ព័ន្ធយ៉ាងធំនៃយោធាចិន ដែលធ្វើឡើងក្រោមការដឹកនាំរបស់លោក Xi Jinping ហើយ​បានចោទប្រកាន់ចិនថា បានពង្រីកឥទ្ធិពលកងទ័ពរបស់ខ្លួននៅក្នុងតំបន់ដែនទឹកមានជម្លោះ ព្រំដែនទឹក និងព្រំដែនដីគោករបស់ខ្លួន។ អាមេរិកក៏បានរិះគន់ចិនដែរថា បានលួចយកបច្ចេក​វិទ្យាបរទេស និងគាំទ្រដល់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមួយចំនួនផងដែរ។ លោកស្រី​ Hua បានចាត់ទុករបាយការណ៍របស់អាមេរិកនេះថា “ពោរពេញដោយបញ្ហា លំអៀង និងបង្កប់​ដោយគំនិតបែបសង្រ្គាមត្រជាក់” ដែលផ្ទុយពីការពិត។ លោកស្រីក៏បានអំពាវនាវឱ្យអាមេរិក បញ្ឈប់ការចេញនូវការវាយតម្លៃដូច្នោះទៀតទៅ។

យោងតាមសុន្ទរកថារបស់លោកស្រី Hua បានឱ្យដឹងថា “យើងសង្ឃឹមថា អ្នកដែលចេញពីយោ​ធា​អាមេរិកគួរបោះបង់គំនិតបែបសង្រ្គាមត្រជាក់នេះចេញ ហើយសម្លឹងមើលការអភិវឌ្ឍរបស់ចិនវិញ​។ លោកស្រី Hua បានអះអាងថា ប្រទេសលោកស្រីពុំមានកំហុសក្នុងការអភិវឌ្ឍសមត្ថភាពយោ​ធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង និងខាងកើតនោះទេ ពីព្រោះ វាគឺជាទឹកដីរបស់ចិន។ ការទាមទារទឹកដីដ៏ធំរបស់ចិននេះមានជម្លោះជាមួយនឹងប្រទេសក្នុងតំបន់មួយចំនួន ហើយរបា​យ​ការណ៍របស់មន្ទីរបញ្ចកោណបានលើកឡើងថា ចិនបានដាក់ពង្រាយឆ្មាំការពារសមុទ្រ កងទ័ព​ជើងទឹក និងទូកនេសាទជាច្រើនជាទៀតទាត់ដើម្បីទាមទារតំបន់ទាំងនោះ។ លោកស្រី​ Hua ក៏​បានលើកឡើងអំពីការបង្កើនសមត្ថភាពយោធារបស់អាមេរិកនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិកផងដែរ រួមមានយន្តហោះចម្បាំងចំនួនពីរគ្រឿង ព្រមទាំងពង្រីកតួនាទីកងទ័ពជើងទឹកនៅក្នុងតំបន់នេះផង​ដែរ។ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានពង្រីកវត្តមានយោធារបស់ខ្លួន ដើម្បីឆ្លើយតបទៅ​នឹងការលើកឡើងរបស់កូរ៉េខាងជើង ដែលថានឹងសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦។ លោក Trump បានអំពាវនាវឱ្យចិនធ្វើការគ្រប់គ្រងស្ថានការណ៍នេះ លើកូរ៉េខាងជើង ដែលជាសម្ព័ន្ធ​មិត្តជាយូរមកហើយរបស់ខ្លួនផងដែរ។

 ដើម្បីទប់ទល់ទៅនឹងការសន្និដ្ឋានរបស់អាមេរិក ដែលថា ចិនបាន និងកំពុងពង្រីកអំណាច​យោធារប​ស់ខ្លួន ដោយការបង្កើតមូលដ្ឋានបរទេសទីមួយនៅក្នុងប្រទេស Djibouti ជិតឈូងសមុទ្រយុទ្ធ​សាស្រ្ត Aden ហើយកំពុងរៀបចំផែនការបង្កើតមូលដ្ឋានទីពីរនៅប្រទេស Pakistan ដែរ។ ពាក់​ព័ន្ធនឹងបញ្ហានេះ លោកស្រី​ Hua បានលើកឡើងអំពីមូលដ្ឋានយោធាអាមេរិកទូទាំងពិភពលោក។ នៅឆ្នាំ ២០១៥ អាមេរិកត្រូវបានគេប៉ាន់ស្មានថា មានមូលដ្ឋានយោធានៅបរទេសប្រ​មាណជា ៨០០ កន្លែងទូទាំងពិភពលោក។

លោកស្រី Hua បានរិះគន់អំពី “ការមិនទទួលខុសត្រូវ” នៃរបាយការណ៍របស់មន្ទីរបញ្ចកោណ នៅ​ពេលដែលសួរអំពីបញ្ហានេះ។ លោកស្រីបានការពារថា ចិនមានការតាំងចិត្តដើម្បីរក្សាសន្តិភាព និងច្រានចោលរបាយការណ៍របស់យោធាអាមេរិក ដែលបានលើកឡើងនេះ។ លោកស្រីបន្ត​ថា “ចិនបានដើរតាមផ្លូវសន្តិភាព ប្រកាន់ភ្ជាប់គោលនយោបាយការពារជាតិមួយ ដែលនៅតែមានគោលដៅរក្សាសន្តិភាព និងស្ថិរភាពនៅ អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត”។ ការការពារជាតិ​របស់ចិន គឺមានគោលបំណងប្រកាន់ភ្ជាប់នូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលជាសិទ្ធិស្របច្បាប់របស់ចិន៕

(ប្រភព : Newsweek ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧)



No comments:

Post a Comment