Tuesday, June 13, 2017

តើអាស៊ានគួរតែឆ្លើយតបរបៀបណាទៅនឹងការគំរាមរបស់កូរ៉េខាងជើង?

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មា​ខែ​ថ្មីៗនេះ កូរ៉េខាង​ជើង​បាន​បង្កើន​ភាព​តាន​តឹង​ និង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រាប់បញ្ចូល​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ផង។ ទោះបីជា​​អាស៊ាន​មានការ​ព្រួយ​បារម្ភ​នឹង​ការគំរាម​នេះ​ ដោយ​សារតែ​មាន​ផល​វិបាក​ខាង​សន្តិសុខ​ដ៏ធ្ងន់​​សម្រាប់​តំបន់​អាស៊ីប៉ាស៊ីហ្វិក​កាន់តែ​ធំ​ក៏​ដោយ ក៏​ខ្លួន​គួរតែ​ប្រុង​​ប្រយ័ត្ន​អំពីការងារ​របស់ខ្លួន​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ឲ្យ​ខូច​ទំនុក​ចិត្ត ​និង​ភាព​ពាក់​ព័ន្ធ​របស់ខ្លួន​​លើ​វិបត្តិ​កូរ៉េខាង​ជើង។​
នៅ​ក្នុង​លិខិត​មួយ​ទៅកាន់​អគ្គលេខាធិការ​អាស៊ាន​ចុះ​ថ្ងៃទី ២៣ ខែ​កុម្ភៈ​ ឆ្នាំ ២០១៧ រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េខាង​ជើង​លោក Ri Yong-Ho បាន​បង្ហាញ​ “ការ​រំពឹង​ទុក​ របស់​គាត់​ថា អាស៊ាន ដែល​ភ្ជាប់​សារៈ​សំខាន់​ដ៏ធំ​ទៅ​នឹង​សន្តិភាព​ និង​ស្ថិរភាពតំបន់​នោះ នឹង​លើក​ឡើង​​អំពីបញ្ហា​ការ​ធ្វើ​សម​យុទ្ធ​យោធារួម​គ្នា​រវាង​អាមេរិក​ និង​កូរ៉េខាង​ត្បូង​នៅ​បណ្តាសន្និសីទ​អាស៊ាន”។  គាត់​បាន​បន្ថែម​ថា អាស៊ាន​គួរ​តែ​​ប្រកាន់ជំហរ​យុត្តិធម៌ ​និង​ដើរតួនាទី​កាន់តែ​សកម្ម​នៅ​ក្នុងការ​ការពារ​សន្តិភាព ​និង​សុវត្ថិ​ភាពនៃ​ឧបទ្វីបកូរ៉េ។​
នៅ​ខែ​មេសា ឆ្នាំ ២០១៧ ក្នុង​ពេល​កិច្ច​ប្រជុំ​លើកទី ៣០ របស់​អាស៊ាន​នៅ​ហ្វីលីពីន អាស៊ាន​ ជា​ជំនួសវិញ បាន​សម្តែង​​ការ​ព្រួយ​បារម្ភ​ខ្លាំង ​​និង​ជំរុញ​ឲ្យ​កូរ៉េខាង​ជើង​​គោរពតាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​លើ​កម្មវិធី​អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ការ​ឆ្លើយ​តប​ម៉ឺង​ម៉ាត់​របស់​អាស៊ាន​​ទៅ​កាន់កូរ៉េខាង​ជើង​នោះ​ បាន​បង្ហាញពី​ការ​មូល​មតិ​គ្នា​ជា​អន្តរជាតិ​ប្រឆាំង​នឹង​សកម្ម​ភាព​​របស់​កូរ៉េខាង​ជើង។ វា​ក៏ជា​ជំហរ​អព្យាក្រឹត្យ​ផង​ដែរ​ដែល​ជៀស​វាង​ការ​កាន់ជើង​​ភាគី​ណា​មួយ​ដែល​ពាក់ព័ន្ធ​ក្នុង​វិបត្តិនោះ រាប់បញ្ចូលទាំង​ចិន​ ឬ​សហរដ្ឋ​អាមេរិក​ផង។ ជំហរ​របស់​អាស៊ាន​​មិន​បាន​មើល​ស្រាល​លើ​សមត្ថភាព​របស់​អង្គការ​នោះ​​ក្នុងការ​រួម​ចំណែក​ដល់​ដំណោះ​ស្រាយ​ក្នុង​វិបត្តិ​នោះ ហើយ​ក៏​មិន​​​យល់​ច្រឡំ​​អំពី​គោល​បំណង​ ដែល​មាន​ស្រាប់​របស់ខ្លួន​ក្នុង​នាមជា​វេទិកា​ដើម្បី​ជួយ​បង្កើត​​សន្តិសុខ​នៅ​ក្នុង​តំបន់នោះដែរ។
អ្នក​ស្រាវ​ជ្រាវ​លោក Shawn Ho និងSarah Teo បាន​សរសេរថា “អាស៊ាន​គួរ​តែ​ពង្រឹង​​ទំនុក​ចិត្ត​ខាង​សន្តិសុខ​ក្នុង​តំបន់​របស់ខ្លួន​ដោយការ​យក​ចិត្ត​ទុក​ដាក់​កាន់តែ​ខ្លាំង​ទៅ​នឹង​កត្តាប្រឈម​នៅ​ក្នុង​ឧបទ្វីបកូរ៉េ”។ មូល​ហេតុនោះគឺ “ដោយ​សារតែ​​សារៈ​សំខាន់​ខាង​ផ្នែក​សន្តិសុខ​របស់​ឧបទ្វីកូរ៉េ​ចំពោះ​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន ប្រសិន​បើ​អាស៊ាន​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​​នៅ​ក្នុង​ឧបទ្វីប​កូរ៉េខាង​នោះ ភាព​ពាក់ព័ន្ធនិង​សារៈ​សំខាន់​របស់​អាស៊ាន​ចំពោះ​មហាអំណាច​ធំ​ទាំង​ពីរ​គួរ​តែ​លើក​កំពស់”។
ទឡ្ហីករណ៍​នេះ​បាន​បង្កើន​សារៈ​សំខាន់​សម្រាប់​អាស៊ាន​ក្នុងការ​ជំរុញ​អាមេរិក​ឲ្យ​បន្ត​ចូល​រួម​ជា​មួយ​តំបន់​អាស៊ី​អាគ្នេយ៍។ អាមេរិកគួរ​តែ​ធ្វើ​បែបនេះ​​តាម​រយៈ​​វេទិការ​តំបន់​ដែល​មាន​ស្រាប់​ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​ស្ថានប័ន​ពហុភាគី​របស់​អាស៊ាន ជាជាង​​សើរើ​រចនាសម្ព័ន្ធ​ដែល​បាន​បង្កើត​ឡើង​រួច​នេះ នៅពេល​ដោះស្រាយ​បញ្ហា​សន្តិសុខ​ និង​ភូមិសាស្ត្រ​នយោ​បាយ។ ប៉ុន្តែ ឧបទ្វីបកូរ៉េ​មិន​អាច​ជា​ផ្លូវ​សមរម្យ​សម្រាប់​ទំនាក់ទំនង​រវាងអាស៊ាន ​និង​អាមេរិក​ទេ ដូច្នេះ​​ទឡ្ហីករណ៍​នេះ​អាច​បង្ករ​ឲ្យ​មាន​បញ្ហា​ដោយ​មូលហេតុ​ចំនួន​ពីរ។
ទីមួយ​ វា​មិន​ច្បាស់​ថា តើ​អាស៊ាន​បង្ហាញភាព​ពាក់ព័ន្ធ​របស់ខ្លួន​ដោយ​របៀប​ណា​នោះទេ​ជា​មួយ​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ការ​ដោះ​ស្រាយ​ការគំរាម​របស់​កូរ៉េខាងជើង នៅពេល​អាស៊ាន​បាន​ប្រឈម​មុខ​រួច​ទៅ​ហើយ​​អំពី​បញ្ហា​ភូមិសាស្ត្រ​នយោ​បាយ​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់នោះ។ នៅពេល​អាស៊ាន​មិន​អាច​ឈាន​ដល់​ការ​មូល​មតិ​គ្នា​ទៅ​លើ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ធំៗ​ ដូច​ជា​រឿង​សមុទ្រចិន​ខាង​ត្បូង​នោះ គេ​មិន​ច្បាស់​ទេថា តើ​អាស៊ាន​នឹង​មាន​ភាព​ពាក់​ព័ន្ធ​ដោយ​របៀប​ណា​ជា​មួយ​អាមេរិក​ក្នុងការ​ដោះស្រាយ​វិបត្តិ​ឧបទ្វីបកូរ៉េ ដោយ​មិន​បាន​បង្ហាញ​ពី​សមត្ថភាព​ដំបូង​របស់​​ខ្លួន​​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ។​
បញ្ហាទីពីរ​នោះគឺថា អាស៊ាន​អាច​បែក​បាក់​រវាង​ចិន​ និង​អាមេរិក​។ ក្នុង​ពេល​កិច្ច​ប្រជុំ​នាពេល​ថ្មីៗ​នៅថ្ងៃទី ៤ ខែ​ឧសភា​ ឆ្នាំ ២០១៧ នោះ​​នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន​ រដ្ឋ​មន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson បាន​ផ្ញើសារ​ទៅ​កាន់រដ្ឋ​មន្ត្រីការបរទេស​អាស៊ាន​ថា វ៉ាស៊ីនតោន​ចង់​ចូល​រួម​ជា​មួយ​តំបន់​អាស៊ី​អាគ្នេយ៍​នៅពេល​គាត់​លើក​ឡើង​អាស៊ាន​ថា ជា​ដៃគូ​សំខាន់​របស់​អាមេរិក។ លោក Tillerson ក៏​ជំរុញ​ឲ្យ​អាស៊ាន​ដាក់​សម្ពាធ​​កូរ៉េខាង​ជើង​ តាម​រយៈ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ទំនាក់ទំនង​របស់​ទីក្រុង​ព្យុង​យ៉ាង​​ជា​មួយ​អាស៊ាន​និង​ទប់​ស្កាត់​លំហូរ​ប្រាក់​របស់​ប្រទេស​ពី​តំបន់​អាស៊ី​អាគ្នេយ៍។​
ប៉ុន្តែ​ ប្រសិន​បើ​អាស៊ាន​គោរពតាម​សំណើរ​របស់​អាមេរិក​ក្នុងការ​ថ្កោល​ទោស​សកម្មភាព​កូរ៉ខាង​ជើង​ ចិន​អាច​យល់​រឿង​នេះ​ថា ជា​ចេតនា​របស់​វ៉ាស៊ីនតោន​ក្នុងការ​ធ្វើ​​ឲ្យ​ស្មុគ​ស្មាញ​ដល់​ភាព​ស្រួច​ស្រាវ​ចំពោះវិបត្តិ​​នៅ​ឧបទ្វីបកូរ៉េ​ ដែល​អាស៊ាន​មិន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់។​ ការ​ឯកភាព​ផ្ទៃក្នុង​របស់​អាស៊ាន​​ក៏​អាច​រង​ផល​ប៉ះពាល់​ដោយ​អវិជ្ជមាន​ ប្រសិន​បើ​ខ្លួន​នឹង​ចូល​រួម​ពាក់​ព័ន្ធ​ក្នុង​វិបត្តិ​ឧប​ទ្វីប​នោះ។ មាន​សញ្ញា​បង្ហាញ​រួច​ហើយ​ថា រដ្ឋ​សមាជិក​ខ្លះ​​​ទោរទន់​ទៅ​រក​ចិន​ជាង ក្នុង​ខណៈ​សមាជិក​ផ្សេង​ទៀត​​​​ងាកទៅ​រក​អាមេរិក។ ប្រសិន​បើ​អាស៊ាន​មានភាព​លម្អៀង​​អំពី​ការគំរាម​​កូរ៉េខាង​ជើង នេះ​អាច​ពង្រីក​ភាព​ប្រះ​ឆារ​​នៅ​ក្នុង​អាស៊ាន​កាន់តែ​ធំ។​
ដូច្នេះ ប្រសិន​បើ​អាស៊ាន​មាន​បំណង​​បង្ហាញ​ភាព​ពាក់ព័ន្ធ​របស់ខ្លួន​អំពី​ការគំរាម​របស់​កូរ៉េ​ខាង​ជើង​នោះ អាស៊ាន​គយរ​តែ​​មើល​ថា តើ​ខ្លួន​​អាច​មាន​សមត្ថភាព​​​ក្នុងការ​ផ្តល់​ដំណោះ​ស្រាយ​គួរ​ឲ្យ​ជឿជាក់​​ចំពោះ​វិបត្តិ​នោះ និង​ជៀស​វាង​​ការលម្អៀង​ទៅ​រក​ចិន​ ឬ​អាមេរិកដែរឬអត់។​ ក្នុង​ពេល​កិច្ច​ប្រជុំ​​វេទិ​កា​​តំបន់​អាស៊ាន​ អាស៊ាន​​អាច​​ផ្តល់​សញ្ញា​ប្រាប់​កូរ៉េខាង​ជើងថា ប្រទេស​នោះ​គួរ​តែ​បញ្ចៀស​អកប្បកិរិយា​​ញួសញង់​របស់ខ្លួន ប៉ុន្តែ​លើស​ពី​នេះ​ទៀត មិន​មាន​កម្លាំង​ច្រើន​ដែល​អាស៊ាន​អាច​ធ្វើ​បាន​ដើម្បី​ដាក់​សម្ពាធ​កូរ៉េខាង​ជើង​​ឲ្យ​ផ្លាស់ប្តូរ​ផ្លូវ​ដើរ​របស់ខ្លួន​នោះទេ។ នៅ​អតីតកាល អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្រដៀង​គ្នានោះ​លើ​​ភាព​គ្រោះថ្នាក់​របស់​កូរ៉េខាង​ជើង​ ហើយ​កូរ៉េខាង​ជើង​មិន​បានគោរព​វា​ទេ ដោយ​បន្ត​​​កម្មវិធី​អាវុធនុយក្លេអ៊ែរ​របស់ខ្លួន​ដោយ​គ្មាន​ការ​ញញើត។​
នេះ​មិន​មែន​បង្អាប់​​អំពី​សារៈ​សំខាន់​របស់​អាស៊ាន​ក្នុង​នាម​ជា​ស្ថាប័ន​តំបន់​នោះទេ។ ជា​ការ​ពិត ក្នុង​ប៉ុន្មាន​ទសវត្សរ៍ចុង​ក្រោយ​នេះ អាស៊ាន​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​កាត់​បន្ថយ​ហានិភ័យ​​នៃ​ជម្លោះ​នៅ​ក្នុង​តំបន់​តាម​រយៈ​​ការ​ចរចា ការ​ពិគ្រោះយោបល់ និង​ការ​មូល​មតិគ្នា។ គេ​អាច​មើល​ឃើញថា បទដ្ឋាន​អាស៊ាន​អាច​មាន​ឥទ្ធិពល​កាន់តែ​ធំ​លើ​សន្តិសុខ​នៅ​តំបន់​អាស៊ាន​ប៉ាស៊ីហ្វិក។ វេទិកាតំបន់​អាស៊ាន​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៤ សម្រាប់​អាស៊ាន ​និង​អ្នក​ទទួល​ខុសត្រូវ​​ខាង​ក្រៅ​ក្នុងការ​ពិភាក្សា​​បញ្ហា​សន្តិសុខ​ និង​លើក​កម្ពស់​វិធានការ​សហប្រតិបត្តិការ​ដើម្បី​លើក​កម្ពស់​សន្តិភាព ​និង​សន្តិសុខ​នៅ​ក្នុង​តំបន់។​ ប៉ុន្តែ​វេទិការ​នោះ​មិន​មាន​បំណង​​ក្នុង​ការ​ផ្តល់​និង​អនុវត្ត​ដំណោះ​ស្រាយ​ដល់​ជម្លោះ​ទេ ដូច្នេះ​អាស៊ាន​នៅ​មាន​កម្រិត​ក្នុង​ការ​ផ្តល់​អនុសាសន៍​ផ្តល់​ទំនុក​ចិត្ត​​ដល់​អាមេរិក​ និង​ចិន​លើ​វិបត្តិ​​ឧបទ្វី​ប​កូរ៉េនោះទេ។ ក្នុង​រយៈ​ពេល​យូរ អាស៊ាន​គួរ​តែ​ផ្តោត​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់ខ្លួន​​លើ​ការ​បង្កើត​សហគមន៍​អាស៊ាន​ដើម្បី​ពន្លឿន​កម្លាំង​​ វិធានការ​​ក្នុងការ​លើក​កម្ពស់​​ការ​ពិគ្រោះ​យោប់​សន្តិភាព​​លើ​បញ្ហា​សន្តិសុខ​និង​ដំណោះ​ស្រាយ​ជា​សមូហភាព​សម្រាប់​ការ​ទប់​ស្កាត់​និង​ដំណោះ​ស្រាយ​ជម្លោះ។
ទន្ទឹម​គ្នា​នោះដែរ អាស៊ាន​គួរ​តែ​បន្ត​លើក​ឡើង​ច្បាស់​ថា កូរ៉េខាង​ជើងគួរ​តែ​​​បោះបង់​ចោល​​សកម្ម​ភាព​កម្រោល​របស់ខ្លួន​ ហើយ​ថា ភាគីពាក់​ព័ន្ធ​ទាំង​អស់​គួរ​តែ​ជៀសវាង​​រាល់​ការ​ញួសញង់​បន្ថែម​ទៀត៕

(ប្រភព៖ East Asia Forum ចុះថ្ងៃ១២ ខែមិថុនា​ ​ឆ្នាំ២០១៧)


No comments:

Post a Comment