(FN)៖ បន្ទាប់ពីប្រកាសបិទប្រតិបត្តិការជួយសង្រ្គោះ ក្នុងករណីបាក់រលំអគារនៅខេត្តកែប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា មូលហេតុដែលធ្វើឲ្យអគារកម្ពស់ ៦ជាន់នេះបាក់រលំ ដោយសារបណ្តាលមកពីកំហុសចំនួន ២យ៉ាង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯទីតាំងកើតហេតុនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កំហុសចំនួន២ ដែលធ្វើឲ្យអគារនេះបាក់រលំ ដោយសារទី១ បណ្តាលមកពីមេការសំណង់ប្រើប្រាស់ដែកសាងសង់ មិនត្រឹមត្រូវតាមបច្ចេកទេសរបស់អ្នកគូសប្លង់ និងទី២ បណ្តាលមកពីការឆាប់ដកពុម្ភប្លង់សេមុនកាលកំណត់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងទទួលស្គាល់ចំណុចខ្វះខាតនៅទីនេះ គ្រាន់តែយើងសិក្សាបឋមមានចំណុចខ្វះខាត២រួចទៅហើយ ប៉ុន្តែខ្ញុំមិនសន្និដ្ឋានចំនួនអ្នកបច្ចេកទេសទេ។ ទីមួយ គឺផ្នែកខាងគូសប្លង់ តម្រូវឲ្យដាក់ដាក់ទំហំប៉ុណ្ណោះ ប៉ុន្តែមេការសាងសង់ដាក់ដែកខុសបានសេចក្តីថា ដែកតូចជាងកម្រិតបច្ចេកទេសដែលគេផ្តល់។ កំហុសទីពីរ គឺកំហុសទាក់ទិននឹងបញ្ហាប្លង់សេ គេត្រូវការ២៧ ទៅ២៨ថ្ងៃ ទើបអាចដកក្តារពុម្ភបាន ក៏ប៉ុន្តែយើងទទួលព័ត៌មានត្រឹមមិនដល់ ១០ថ្ងៃទេ គាត់ដកក្តារពុម្ភចេញតែម្តង ដើម្បីឈានឡើងទៅចាក់ខាងលើទៀត»។
សូមជម្រាបថា បន្ទាប់ពីចំណាយពេលបើកប្រតិបត្តិការ រុករកមនុស្សក្រោមអគាររលំនៅខេត្តកែប អស់រយៈពេលជិតជាង៤៣ម៉ោង ប្រតិបត្តិការរុករកសង្គ្រោះនេះ ត្រូវបានបិទបញ្ចប់ហើយ នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកែប ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការបិទបញ្ចប់ជាស្ថាពរនៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្រោមគំនរបាក់បែកអគាររលំ។
រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។
រដ្ឋបាលខេត្តកែប បានបញ្ជាក់ទៀតថា ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារ ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចុះត្រួតពិនិត្យ ដឹកនាំបញ្ជាផ្ទាល់នៅទីតាំងកើតហេតុ រយៈពេល២ថ្ងៃ២យប់ និងបានឧបត្ថម្ភជាសម្ភារៈថវិកាផងនោះ គឺពិតជាបានបង្ហាញនូវការ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនកម្មករជាជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ហើយក៏ជាការលើកទឹកចិត្តដ៏ធំធេងដល់បងប្អូន គ្រប់ក្រុមការងារទាំងអស់ ដែលចូលរួមក្នុងបេសកកម្មករកជនរងគ្រោះ ដោយឧបទ្ទវហេតុដ៏សែនអាក្រក់នេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកែប ក៏សូមគោរពថ្លែងអំណរគុណ ចំពោះក្រុមការងារជួយសង្គ្រោះទាំងអស់ ដែលបានចំណាយពេលវេលា ប្រើអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការជួយសង្គ្រោះជនរងគ្រោះចេញពីគំនរបាក់បែកនៃអគារដួលរលំនេះ៕