Monday, October 07, 2024

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវសប្បុរសជនបន្តចូលរួមគាំទ្រសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើន




(រតនគិរី)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា សូមអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រសមាគមតាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាពពង្រឹងនឹងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។


ការអំពាវនាវបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកឆ្លៀតមកសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្ស និងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរីនា ល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ គ្រាដែលលោកដឹកនាំបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ ចុះទស្សនកិច្ចសិក្សាតាមបន្ទាត់ព្រំដែន ក្នុងទិសឦសាន។


នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា លោកពិតជាសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ ព្រមសូមថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។


ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកថា ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗ និងកម្រទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។ ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជាគឺមានចំនួនកាន់តែច្រើនឡើង»។ 


សូមបញ្ជាក់ថា កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាលដែលកំពុងថែរក្សានិងអភិរក្ស និងមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាលដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជានៅក្នុងភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ជាដើម។ ជាមួយគ្នានេះ ការបង្កាត់ពូជដំរីក្នុងស្រុក របស់សមាគមនេះបានផ្តល់លទ្ធផលដ៏ត្រចះត្រចង់ដោយទទួលកូនដំរីមួយក្បាលឈ្មោះណូអែល ដែលជាក្តីសង្ឃឹមថ្មីសម្រាប់ការងារអភិរក្សដំរីស្រុក។


ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បាននឹងកំពុងថែរក្សា និងអភិរក្សដំរីស្រុកចំនួន ៤ក្បាលក្នុងនោះឈ្មោលពីរ ញីមួយ និងកូនដំរីញីមួយ ហើយការថែរក្សា និងអភិរក្សសត្វដំរីស្រុក។







ពលរដ្ឋជាង២០០នាក់ បន្តធ្វើទស្សនកិច្ចនៅថ្ងៃទី២ សម្រាប់ជើងទី៤ នៅបង្គោលព្រំដែនច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្តែង នៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា



នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ទិសប៉ែកឦសាន ក្នុងថ្ងៃទី២ សម្រាប់ជើងទី៤ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ច នៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា បន្ទាប់បានចុះពិនិត្យពីស្ថានភាពជាក់ស្តែងចំពោះបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ-ឡេថាញ់ នារសៀលថ្ងៃទី០៥ ខែតុលាម្សិលមិញ។


សម្រាប់ដំណើរទស្សនកិច្ច ជើងទី៤នេះ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺចប់ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ដោយក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង៤កន្លះព្រឹកថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ហើយនឹងត្រូវវិលត្រឡប់មករាជធានីភ្នំពេញវិញ នៅយប់ថ្ងៃទី៦ ខែតុលា។


ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តមឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការ ដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។ 


ដំណើរទស្សនកិច្ចនេះ គឺបានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងមូលដ្ឋាន ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រនេះ អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះ បង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានស្វែងយល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។


នៅក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តទាំងពីរនេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវបង្គោលព្រំដែននៅក្នុងទីតាំងដែលជាទីតាំងបង្គោលមេ ព្រមទាំងអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន។

ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។


ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។ 


ដំណើរទស្សនកិច្ចប្រជាពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។


គួរជម្រាបថា ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសរៀចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមកកាន់តំបន់ទិសឦសាន គឺមានប្រជាពលរដ្ឋ មកពីគ្រប់ស្រទាប់វណ្ណៈ បានចុះឈ្មោះ ដើម្បីបានមកពិនិត្យដោយផ្ទាល់ពីស្ថានភាពនៅតាមបន្ទាត់ព្រំដែន។ តាមរយៈចុះមកឃើញផ្ទាល់ភ្នែក បងប្អូណប្រជាពលរដ្ឋបានអះអាងថា ការបំពុលព័ត៌មានរបស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន គ្មានប្រសិទ្ធភាពឡើយ, ពួកគាត់បានឃើញនឹងភ្នែកច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជាបានការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ហើយអ្វីដែលក្រុមជ្រុលនិយមនិយាយពីបញ្ហាព្រំដែន និងការបំភ្លៃលើការបាត់បង់ទឹកដី គឺគ្រាន់តែជាការភូតកុហកដែលគេមិនដែលជឿម្តងណាឡើយ។


សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕






ពលរដ្ឋជាង២០០នាក់ បន្តចូលរួមធ្វើទស្សនកិច្ចទិសឦសានជើងទី៤ ដើម្បីស្វែងយល់ពីការពិតជាក់ស្តែង នៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា




ពលរដ្ឋជាង២០០នាក់ បន្តចូលរួមធ្វើទស្សនកិច្ចទិសឦសានជើងទី៤ ដើម្បីស្វែងយល់ពីការពិតជាក់ស្តែង នៃកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជាត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ និងទី៦ ខែតុលា ឆ្នាំ២០២៤។ ក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង៤កន្លះព្រឹកថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដោយប្រើរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា។

ប្រជាពលរដ្ឋកម្ពុជាបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាន តាមការរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។ 

ដំណើរទស្សនកិច្ចនេះ គឺបានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងមូលដ្ឋាន ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះ អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះ បង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។

មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានស្វែងយល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។

ក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតតាមផែនការដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែងជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចអាទិត្យទី៦ ខែតុលា។ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តទាំងពីរនេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវបង្គោលព្រំដែននៅក្នុងទីតាំងដែលជាទីតាំងបង្គោលមេ ព្រមទាំងអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន។

ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។

ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។ 

ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕