Friday, January 24, 2020

លិខិតមិត្តអ្នកអាន៖ “សម រង្ស៊ី បន្តចំអកឲ្យ កឹម សុខា តែចង់លាងខ្លួនក្រោយត្រូវព្រនង់រដ្ឋបរទេស! “

បន្ទាប់ពីបានប្រកាសក្តែង ៗ ថាខ្លួនជាមេក្លោងក្នុងការឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំ រដ្ឋាភិបាលលោក ហ៊ុន សែនហើយបានបង្ហោះ រូបថតជាច្រើនសន្លឹកដើម្បីជាភស្តុតាងដាក់បន្ទុកខ្លួនឯង និងដាក់បន្ទុកលើលោក កឹម សុខា ផងនោះ លោក សម រង្ស៊ី បានបន្តចំអក បញ្ឈឺចិត្តលោក កឹម សុខា បន្ថែមទៀតដោយអះអាង នៅថ្ងៃ ២៤មករានេះថា ខ្លួនសប្បាយចិត្តពេលដឹងថា មេធាវីរដ្ឋាភិបាល ប្រកាសយកភស្តុតាងទាំងនោះទៅប្រើ។ 
លោក សម រង្ស៊ី ដែលគេដឹងថា បានប្រឹងប្រែងប្រើប្រាស់គ្រប់វិធីនិងល្បិចកិច្ចកលដើម្បីសង្កត់ក លោក កឹម សុខា មិនឲ្យមានសេរីភាពឡើងវិញនោះ បានសរសេរក្នុងហ្វេសប៊ុកនិងក្នុងធ្វីតធ័ររបស់ខ្លួនថា «ខ្ញុំត្រេកអរណាស់ដោយបានទទួលព័ត៌មានថា លោក គី តិច មេធាវី រដ្ឋាភិបាលបានយល់ព្រមទទួលយកឯកសារនិងរូបថតផ្សេងៗ ដែលខ្ញុំបង្ហោះក្នុងហ្វេសប៊ុកដើម្បីធ្វើជា ភស្តុតាងក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា…”។ 
សាររបស់លោក សម រង្ស៊ី នេះត្រូវបានមជ្ឈដ្ឋានទូទៅ មើលឃើញ យ៉ាងច្បាស់ក្រឡែតថា គឺជាការចំអកបញ្ឈឺចិត្តលោក កឹម សុខា បន្ថែមទៀតក្រោយពីខ្លួនបានប្រកាសផ្តល់ភស្តុតាងជាច្រើនដល់តុលាការពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេសក្នុងផែនការផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ខណៈដែលលោក កឹម សុខា កំពុងព្យាយាមដោះសារ បដិសេធម្តងហើយ ម្តង ទៀតថា មិនបានឃុបឃិតជាមួយបរទេស នោះឡើយ។ 
ទង្វើរបស់លោក សម រង្ស៊ី នេះបានទទួលប្រតិកម្មយ៉ាងខ្លាំងក្លាពីភាគីអ្នកគាំទ្រលោក កឹម សុខា និងពីផ្ទៃក្នុងអ្នកគាំទ្រលោក សម រង្ស៊ី មួយចំនួនផងដែរ។ ពួកគេអះអាងថា សម រង្ស៊ី គ្មានការងារធ្វើនិងកំពុងដើរទាត់ខ្យល់ ហើយទំនងជាអផ្សុកពេកបែរជា និយាយរឿងបែបនេះ ចេញមកកើតក្នុងកាលៈទេសៈដែលលោក កឹម សុខា កំពុងតតាំងក្តីយ៉ាងតឹងតែងនៅឯតុលាការ។ សម រង្ស៊ី ធ្វើបែបនេះព្រោះតែខ្លាចគេភ្លេចឈ្មោះខ្លួនហើយនាំគ្នានិយាយតែពីឈ្មោះលោក កឹម សុខា។ 
ជាពិសេស គឺក្រោយពេលមេធាវី រដ្ឋាភិបាលលោក គី តិច បានប្រកាសអរគុណលោកសម រង្ស៊ី ដែលបាន បង្ហាញភស្តុតាងដើម្បីដាក់បន្ទុកលើលោក កឹម សុខា និងលើខ្លួនឯងផង នោះ ប្រតិកម្មពីផ្ទៃក្នុងអតីតបក្សសង្គ្រោះជាតិ កាន់តែកើតឡើងយ៉ាងខ្លាំងក្លា។ ពួកគេអាក់អន់ចិត្ត ខឹងសម្បារ និងស្តីបន្ទោសលោក សម រង្ស៊ី យ៉ាងខ្លាំងចំពោះទង្វើបែបអសីលធម៌ ទ្រូសមិត្ត ដោយខុសបែបបទជាមួយលោក កឹម សុខា។ 
លើសពីនេះ ប្រភពស្និទ្ធនឹងសម រង្ស៊ី បានខ្សឹបប្រាប់ថា លោក សម រង្ស៊ី ក៏ទទួលបានការព្រមានខ្លាំងៗដោយការមិន សប្បាយចិត្តពីរដ្ឋាភិបាល បរទេសដែលគាត់បាន បង្ហាញក្នុងរូបថតផងដែរពីព្រោះរដ្ឋាភិបាល បរទេសទាំងនោះកំពុងព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយកម្ពុជា ដោយពួកគេមិនចង់ឲ្យឈ្មោះមេដឹកនាំ ឬប្រទេសរបស់គេមានជាប់ប្រឡូកប្រឡាក់ជាមួយសំណុំរឿងលោក កឹម សុខា នោះឡើយ។ ហេតុនេះហើយបានជាក្នុងសវនាការ ទាំងតុលាការ និងមេធាវីការពារក្តី បានស្នើសុំមិនប្រើឈ្មោះប្រទេសចំៗ នោះទេ តែត្រូវប្រើជាអក្សរតាងដើម្បីចៀសវាងការប៉ះពាល់។
ផ្ទុយទៅវិញ លោក សម រង្ស៊ី ដែលជាអ្នកនយោបាយមិនសូវ យល់ពីការទូត និងខ្សោយខាងយុទ្ធសាស្ត្រ បែរជា ប្រកាសជាចំហរហើយថែមទាំងបានបង្ហោះ ទាំង រូបថតមេដឹកនាំបរទេសជាច្រើនដោយបញ្ជាក់ថា អ្នកទាំងនោះជាអ្នកជួយជ្រោមជ្រែងក្នុងការធ្វើឲ្យមានការផ្តួលរំលំប្តូររបប នៅកម្ពុជាទៅវិញ។ 
នេះគឺជាហេតុផលដែលរដ្ឋាភិបាលបរទេស ទាំងនោះសម្តែងការ 
មិនសប្បាយចិត្តនិងហួសចិត្តមិននឹកស្មានថា សម រង្ស៊ី ឆោតល្ងង់ដល់ម្លឹងសោះ។ ប្រទេសទាំងនោះបានព្រមានលោក សម រង្ស៊ី យ៉ាងធ្ងន់ធ្ងរ។ 
ដោយសារបញ្ហានេះហើយបានជាក្នុងសារ លើកក្រោយនេះ សម រង្ស៊ី ហាក់ដូចជាចង់លាងខ្លួនវិញ ដោយចង់កាឡៃ សាច់រឿងថា នោះគ្រាន់តែជាជំនួបធម្មតាជាមួយបរទេសតែប៉ុណ្ណោះដែលគេមិនអាចយកទៅធ្វើភស្តុតាងបានទេ។
 ប៉ុន្តែ សម រង្ស៊ី  ភ្លេចគិតថា សារដែលខ្លួនសរសេរក្នុងហ្វេសប៊ុក
ផេកផ្លូវការនិងការ និយាយសារភាពតាមវិទ្យុអាស៊ីសេរីកន្លងទៅវាមានលក្ខណៈធ្ងន់ធ្ងរនិងផ្តល់បច្ច័យអាក្រក់យ៉ាងណា ដល់លោក កឹម សុខា រហូតដល់មេធាវី រដ្ឋាភិបាលប្រកាសអរគុណថែមទៀត បែបនេះ។ 
យោងតាមសារទាំងនោះ លោក សម រង្ស៊ី មិនអាច លាងខ្លួនបានឡើយទោះជាខំសរសេរថាការ និយាយបែបនេះគ្រាន់តែចង់ឌឺ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែនក៍ ដោយ ពីព្រោះក្នុងតុលាការ អ្វីដែលសំខាន់បំផុតនោះគឺ ភស្តុតាង និងសាក្សី។ 
ពេលនេះ ខ្ញុំយល់ថា លោក សម រង្ស៊ី កំពុងធ្ងន់កមែនទែនហើយពីព្រោះទាំងលោក កឹម សុខា និងអ្នកគាំទ្រកឹម សុខា ក៏មិនសប្បាយចិត្ត ទាំងអ្នកគាំទ្រ សម រង្ស៊ី ខ្លួនឯងក៏បញ្ចេញប្រតិកម្មស្តីបន្ទោស និងលើសពីនេះ លោក សម រង្ស៊ី ក៏ត្រូវព្រនង់យ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលបរទេសដែលខ្លួនធ្លាប់ចាត់ទុកជាទីពឹងបង្អែក។ សូមកុំភ្លេចថា ពាក្យពេចន៍របស់លោក សម រង្ស៊ី ត្រូវបានគេថតចម្លងទុកអស់ហើយទោះចង់កែក៏កែមិនបាន ដែរ។
ទោះយ៉ាងណាក ដើម្បីផលប្រយោជន៍ នយោបាយខ្លួនឯង លោក សម រង្ស៊ី នឹងនៅតែបន្តឆ្លៀតចំអកបញ្ឈឺចិត្តលោក កឹម សុខា ដោយគ្មានញញើតកោតក្រែងដដែល។ ក្រៅពីចេតនា ចង់រឹតចំណងលោកកឹម សុខា មិនឲ្យរើខ្លួនរួច លោក សម រង្ស៊ី ក៏មានបំណងមួយទៀត ដែរនោះគឺ ធ្វើឲ្យលោក កឹម សុខា ឈឺចិត្ត គ្រាំគ្រា រហូតទ្រាំលែងបានហើយប្រកាសបែកផ្លូវពីសម រង្ស៊ី ដោយខ្លួនឯងដើម្បីយកលេសចោទលោក កឹម សុខា ថា«ក្បត់ឆន្ទៈរាស្ត្រ» ហើយ កេងចំណេញខាងនយោបាយឲ្យខ្លួនឯង។
ចេតនានេះត្រូវបានក្រុម លោក កឹម សុខា បានដឹង ហើយវាក៏បានក្លាយជា សម្ពាធផ្លូវអារម្មណ៍ យ៉ាងធ្ងន់ធ្ងរសម្រាប់ភាគី លោក កឹម សុខា ដែល មិនដឹងថាអាចទ្រាំគ្រាំចិត្តដល់ពេលណាឡើយ។
សរុបមកវិញ សម រង្ស៊ី ពេលនេះក្លាយជាមនុស្សគ្រប់គ្រងខ្លួនឯងលែងបានហើយ  ដោយសារបានដឹងខ្លួនឯង យ៉ាងច្បាស់ថា ឈ្មោះរបស់គាត់ត្រូវបានគេ បំភ្លេចចោលទាំងស្រុងចាប់តាំងពីថ្ងៃទី ៩ វិច្ឆិកា ២០១៩ មក។
ដូច្នេះ ដើម្បីកុំឲ្យគេ ភ្លេចឈ្មោះខ្លួន ជំរើស របស់លោក សម រង្ស៊ី 
មាននៅសល់តែមួយគត់គឺការដាក់បន្ទុកបន្ថែមលើ សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខាទោះជាត្រូវយកប្រទេស ធំៗជាច្រើនមកពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់ខ្លួនក៏ដោយដែលជាកំហុសឆ្គងខាងនយោបាយយ៉ាងធ្ងន់ធ្ងរក៏ដោយ ។ នេះជាហេតុផលដែល លោក សម រង្ស៊ី មិនបោះបង់ចេតនាអាក្រក់ នេះចោលជាដាច់ខាតក្នុងការដាក់បន្ទុកលើលោក កឹម សុខា ពីព្រោះ
សម រង្ស៊ី និង កឹម សុខា គឺ “មានតែមួយ” ប៉ុណ្ណោះ៕
ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ


សមាគមមិត្តភាព កម្ពុជា-ចិន ចេញសារលិខិតជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំជូត ប្រពៃណីចិន

លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានចេញសារលិខិតជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំជូត ប្រពៃណីចិន។ នេះបើតាមសារលិខិតជូនពរ របស់សមាគមមិត្តភាព កម្ពុជា-ចិន ដែលទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ។
ក្នុងសារលិខិតជូនពរ បានឲ្យដឹងថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំជូត ដែលមានរូបសត្វកណ្តុរ តាងនាមសមាគមមិត្តភាព កម្ពុជា-ចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា ចូលរួមជូននូវសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនាមហាប្រសើរគ្រប់ប្រការចំពោះ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រីអ្នកនាង កញ្ញា សូមបានប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៏ ជន្មាយុយឺនយូរតរៀងទៅ»។
សារលិខិតជូនពរ បានបន្ដទៀតថា «ឆ្លៀតក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លានេះផងដែរ ខ្ញុំសូមអរគុណសន្តិភាព និងសូមបួងសួងដល់ទេវតាខ្មែរ ទេវតាចិន វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយអភិបាលបោះព្រំសព្វសាធុការពរជ័យគ្រប់យ៉ាងចំពោះ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងសូមសមប្រកបដោយសុខភាពល្អបរិបូណ៌ សុភមង្គល និងជោគជ័យលើ គ្រប់ការងារក្នុងឆ្នាំថ្មី»។ សួស្តីឆ្នាំថ្មីប្រពៃណីចិន! កុងស៊ីហ្វាឆាយ!
ខាងក្រោមនេះ ជាសារលិខិតជូនពរ របស់សមាគមមិត្តភាព កម្ពុជា-ចិន៖

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីការរឹតបន្តឹងច្បាប់ចរាចរណ៍ បន្ទាប់ពីអត្រាស្លាប់កើនឡើងច្រើនពេក

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាស ពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បន្ទាប់ពីអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើងច្រើនពេក នៅឆ្នាំ២០១៩។ 
យោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ផ្លូវដ៏ច្រើនលើសលុប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ប៉ុន្តែយោងតាមសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០១៩កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍មានកំណើនយ៉ាងគំហុក ទាំងស្លាប់ ទាំងរបួស និងការខូចខាចទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន បើប្រៀបធៀបនឹងឆ្នាំ២០១៨។
ជាក់ស្តែង អ្នកស្លាប់កើនឡើងចំនួន ២២០នាក់ ស្មើនឹង១២% និងអ្នករបួសកើនឡើងចំនួន ១.៣៧១នាក់ ស្មើនឹង២៩%។ ទាំងនេះ មូលហេតុដោយសារកត្តាសំខាន់បីយ៉ាងគឺ កត្តាកំណើនយានយន្ត (ប្រមាណ ៣៧%) កត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលមិនទាន់មានតុល្យភាពនឹងកំណើនយានយន្ត និងកត្តាឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវដែលមិនគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់។
បើតាមសេចក្តីប្រកាសដដែល បានឲ្យដឹងទៀតថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២០នេះ អនុវត្តន៍តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមប្រកាសជូនសាធារណជន ដូចខាងក្រោម៖
១៖ ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាលារៀន ... ត្រូវបន្ត និងបង្កើនការផ្សព្វផ្សាយ ការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិក កម្មករ សិស្ស និស្សិត ... ឱ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ទន្ទឹមនេះ ត្រូវបញ្ចូលស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទៅក្នុងបទបញ្ជាផ្ទៃក្នុងក្រសួង ស្ថាប័ន ... របស់ខ្លួន។
២៖ អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ១០ចំណុច ឲ្យបានដាច់ខាត (ដកស្រងចេញពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក) ដែលមានដូចខាងក្រោម៖
១៖ ត្រូវចេះបើកបរ
២៖ ត្រូវពាក់មួកសុវត្ថិភាព
៣៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព
៤៖ ត្រូវប្រកាន់ស្តាំ
៥៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
៦. ត្រូវប្រុងប្រយ័ត្នជានិច្ច
៧. មិនត្រូវបើកបរលើសល្បឿនកំណត់
៨៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
៩៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន
១០៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក។
៣៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមប្រកាសយក ឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
៤៖ អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ និងកងកម្លាំងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវយកអស់ស្មារតីទទួលខុសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ដោយស្មើភាព ដោយគ្មានការលើកលែង ដោយតម្លាភាព និងប្រកបដោយសីលធម៌វិជ្ជាជីវៈ សំដៅជំរុញអ្នកប្រើប្រាស់ផ្លូវឲ្យគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹម និងមានជំនឿជឿជាក់លើស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក របស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដើម្បីការពារអាយុជីវិតខ្លួនឯង ជោគវាសនារបស់ក្រុមគ្រួសារ ជោគវាសនា និងកិត្តិយសនៃសង្គមជាតិរបស់យើង៕


ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា នឹងចុះសិក្សាស្វែងយល់អំពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

ក្នុងឱកាសទេសរដ្ឋមន្រ្តី លី ធុជ បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ទៅជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០, លោកឯកអគ្គរដ្ឋទូត បានសន្យាថានឹងចុះសិក្សាស្វែងយល់ អំពីផលប៉ះពាលដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងជាប្រធានអាជ្ញាធរមីន ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ ឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលចិន ដែលតែងតែគាំទ្រ និងសហប្រតិបត្តការគ្រប់ជ្រុងជ្រោយជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំង២ និងការយកចិត្តទុកដាក់ជួយដល់វិស័យសកម្មភាពមីនរបស់រដ្ឋាភិបាលចិនដល់កម្ពុជា ដោយបានផ្តល់នូវថវិកា សម្ភារបរិក្ខា និងការបណ្តុះបណ្តាលធនធានមនុស្សជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតចិន ក៏បានបញ្ជាក់ផងដែរ រដ្ឋាភិបាលចិន នឹងខិតខំបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា បោសសម្អាតមីន ដែលបានដឹងឲ្យអស់ត្រឹមឆ្នាំ២០២៥ តាមផែនការយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីន ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនាពេលកន្លងមកនេះ ដើម្បីចូលរួមសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា និងជួយគាំទ្រលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅតាមតំបន់ជនបទ ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងតំបន់មានការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ឯកអគ្គរដ្ឋទូតចិន ក៏បានឯកភាពថា នឹងចុះសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ អំពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងផលលំបាកក្នុងការបោសសម្អាតមីនរបស់ប្រតិបត្តករ នៅមូលដ្ឋាននៅពេលសមស្របណាមួយ ដើម្បីរកវិធីសាស្រ្តជួយដល់វិស័យសកម្មភាពមីន នៅកម្ពុជាបន្ថែមទៀត ៕



ថ្ងៃសែនបុណ្យចូលឆ្នាំចិន! លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជូនពរជនរួមជាតិជួបតែសំណាល្អ ជោគជ័យ និងហេហេងគ្រប់ៗគ្នា និងអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅក្នុងឱកាសថ្ងៃសែនចូលឆ្នាំចិន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ តាមរយៈ Facebook ផ្លូវការរបស់លោក បានជូនពរដល់បងប្អូនជនរួមជាតិ សូមជួបតែសំណាល្អ ជោគជ័យ និងហេហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២០នេះតទៅ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គិភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសំណូមពរឲ្យបងប្អូនជនរួមជាតិ ដែលធ្វើដំណើរទីជិតទីឆ្ងាយ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០! ខ្ញុំ និងភរិយាសូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិន នៅថ្ងៃទី ២៤ មករានេះ។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។
ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាល្អ ជោគជ័យ និងហេហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២០ នេះតទៅ។ អរគុណសន្តិភាព» ៕