Tuesday, February 07, 2023

វិភាគអន្តរជាតិ៖ តើរុស្ស៉ីសម្រេចចិត្តប្រើ «អាវុធនុយក្លេអ៊ែរ» ដោយរបៀបណា?


(វ៉ាស៊ីនតោន)៖ ចាប់តាំងពីរុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ការជជែកដេញដោលពីលទ្ធភាពដែលលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរ នៅតែកើតមាន ឥតឈប់ឈរមកទល់នឹងពេលនេះ។ សហរដ្ឋអាមេរិក ធ្លាប់បានព្រមានជារឿយៗថារុស្ស៉ីអាចនឹងមានឆន្ទៈប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើប្រឈមមុខនឹងបរាជ័យទាំងស្រុងនៅអ៊ុយក្រែន ហើយមិនតែប៉ុណ្ណោះ វិមានក្រឹមឡាំងខ្លួនឯងក៏តែងតែលើកឡើងជាប្រចាំផងដែរពី «ប្រផ្នូលនៃការចុចប៊ូតុងនុយក្លេអ៊ែរ»។

បើតាមក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក មន្ត្រីយោធាជាន់ខ្ពស់រុស្ស៉ីបានជួបពិភាក្សារួចហើយថាតើពេលណា និងស្ថិតនៅក្នុងកាលៈទេសៈបែបណាដែលពួកគេអាចប្រើប្រាស់ ឬត្រូវតែប្រើអាវុធនុយក្លេអ៊ែរនៅក្នុង សង្រ្គាមអ៊ុយក្រែន។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមើលមិនឃើញពីសញ្ញាដែលរុស្ស៉ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែដរាបណាសង្រ្គាមនៅតែបន្តអូសបន្លាយ នោះលទ្ធភាពផ្ទុះសង្រ្គាមនុយក្លេអ៊ែរ នៅតែបន្តលងបន្លាចពិភពលោកដូចគ្នាដែរ។ ជាគោលការណ៍ អ្នកនយោបាយ ឬមេដឹកនាំទាំងអស់នៅក្នុងប្រទេសមានអាវុធនុយក្លេអ៊ែរ ត្រូវតែរក្សាឱ្យបាននូវកាត្វកិច្ចដ៏ចម្បងចំនួន ២ នោះគឺ៖ «ទីមួយ៖ ត្រូវតែធានាឱ្យបានថាអាវុធនុយក្លេអ៊ែររបស់ពួកគេ នឹងមិនត្រូវបានប្រើដោយមិនមានបទបញ្ជាត្រឹមត្រូវនោះទេ និងទី២៖ គឺត្រូវធានាឱ្យបានថាអាវុធនុយក្លេអ៊ែររបស់ពួកគេស្ថិតនៅក្នុងស្ថានភាព ត្រៀមលក្ខណៈជាប្រចាំ»។

ក្រៅពីលោក ពូទីន គ្មាននរណាម្នាក់ដឹងច្បាស់ថាតើរុស្ស៉ីអាចនឹងប្រើប្រាសអាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែនឬក៏យ៉ាងណានោះទេ ហើយថាតើអាវុធប្រភេទណាអាចនឹងត្រូវបានប្រើនោះដែរ។ ប៉ុន្តែ គេក៏គួរតែដឹងជាមុនសិនដែរថាតើ «ការសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៉ី ដំណើរការយ៉ាងដូចម្ដេចទៅ»? ដ្បិតប្រទេសមានអាវុធនុយក្លេអ៊ែរ មានទីបញ្ជាការ និងប្រព័ន្ធគ្រប់គ្រងពិសេស ដាច់ដោយឡែកពីគ្នាដែលមានឥទ្ធិពលលើការសម្រេចចិត្តលើអាវុធនុយក្លេអ៊ែរ។ នៅពេលដែលនិយាយពីអាវុធនុយក្លេអ៊ែរ អ្វីដែលត្រូវពិរចារណាមុនគេ នោះគឺ «តុល្យភាពអំណាច ឬ CHECKS AND BALANCES»៖

នៅក្នុងសហរដ្ឋអាមេរិក ប្រធានាធិបតីដែលជាអគ្គមេបញ្ជាការកងទ័ព ជាបុគ្គលតែម្នាក់គត់អាចបញ្ជាឱ្យមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ដោយមិនចាំបាច់មានការសួរនាំ ឬការត្រួតពិនិត្យអ្វីនោះ ឡើយ។ បានន័យថាបើមានបញ្ជាធ្លាក់មក មេដឹកនាំយោធាអាមេរិកត្រូវតែអនុវត្តតាម ឬអាចជំទាស់បានតាមរយៈការលាលែងចេញពីតំណែងតែប៉ុណ្ណោះ។ តែនេះមិនមែនជាករណីនៅក្នុងប្រទេសរុស្ស៉ី នោះទេ។ រដ្ឋធម្មនុញ្ញ ច្បាប់យោធា និងគោលនយោបាយយោធា រួមទាំងគោលការណ៍ទុកអាវុធនុយក្លេអ៊ែរត្រឹមកំញើញសត្រូវរបស់រុស្ស៉ី បាននិយាយថាប្រធានាធិបតីតែម្នាក់គត់ដែលអាចបញ្ជាឱ្យ មានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនៅក្នុងសមរភូមិសង្រ្គាម ហើយប្រធានាធិបតីតែម្នាក់គត់ដែលអាចបញ្ជាឱ្យធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។

តែទោះជាបែបនេះក្ដី ជាការអនុវត្តជាក់ស្ដែងពីទីបញ្ជាការ និងគ្រប់គ្រងនុយក្លេអ៊ែររុស្ស៉ីបានបញ្ជាក់ថាប្រធានាធិបតីរុស្ស៉ី ចាំបាច់ត្រូវតែទទួលការយល់ព្រមពីមន្ត្រីសំខាន់ចំនួន២រូបជាមុនសិន មុននឹងយោធា អាចនឹងអនុវត្តបទបញ្ជាតាមរយៈទីបញ្ជាការនុយក្លេអ៊ែរ។ ដូចគ្នានៅនឹងសមភាគីអាមេរិក លោក ពូទីន ក៏មាន «ការបូបនុយក្លេអ៊ែរ» ដែរ ដែលមនុស្សជំនិតរបស់លោកត្រូវយួរតាមរូបលោកជានិច្ច ហើយ មនុស្សសំខាន់២នាក់ដែលបានលើកឡើង គឺរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu និងនាយអគ្គសេនាធិការកងទ័ពរុស្ស៉ី លោក Valery Gerasimov។ នៅត្រង់នេះ បទបញ្ជាណាមួយត្រូវតែ ឆ្លងកាត់ការយល់ព្រមពីមន្ត្រីសំខាន់ទាំង២រូបនេះ ឬក៏ម្នាក់ក្នុងចំណោមទាំងអ្នក ២នាក់នេះ មុននឹងរុស្ស៉ីអាចប្រើអាវុធនុយក្លេអ៊ែរ ខណៈការយល់ព្រមពីលោក Gerasimov គឺជាករណីចាំបាច់បំផុត ដ្បិត បទបញ្ជានុយក្លេអ៊ែរ ត្រូវឆ្លងកាត់តាមទីបញ្ជាការ និងគ្រប់គ្រងនុយក្លេអ៊ែរនៃកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៉ី ដែលស្ថិតនៅក្រោមការបញ្ជាដោយផ្ទាល់ពីលោក Gerasimov។

«តុល្យភាពអំណាច ឬ CHECKS AND BALANCES» ដែលបានរៀបរាប់នេះគឺជាមរតកបន្សល់ទុកពីសម័យសូវៀតមកម្ល៉េះ ហើយតាមរយៈប្រព័ន្ធមួយនេះថ្នាក់ដឹកនាំសូវៀត នៅពេលនោះគឺចង់ធានា ឱ្យបានថាអាវុធនុយក្លេអ៊ែរ មិនអាចស្ថិតនៅក្រោមបញ្ជារបស់មនុស្សតែម្នាក់ តួយ៉ាងដូចជាមេដឹកនាំដែលមានវ័យចំណាស់ពេក ឬមានបញ្ហាសុខភាពផ្លូវចិត្ត ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមអវសានពិភពលោក ផ្ទុះឡើង។ ប្រព័ន្ធនេះក៏មានគោលដៅរារាំងកុំឱ្យយោធាដាក់បញ្ជាប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយខ្លួនឯងផងដែរ។ បើតាមការរៀបរាប់មកនេះ មើលទៅប្រព័ន្ធអាវុធនុយក្លេអ៊ែររុស្ស៉ីហាក់ដូចជាមានការដាក់ កំហិតតឹងរ៉ឹងជាងសហរដ្ឋអាមេរិក ជាទីដែលប្រធានាធិបតីមានអំណាចយ៉ាងពេញដៃ។ ក៏ប៉ុន្តែតាមពិតទៅ មានមនុស្សតិចណាស់ដែលបានដឹងថាប្រព័ន្ធនេះមានការផ្លាស់ប្ដូរ នៅក្នុងបរិបទដែលអំណាច និងការសម្រចចិត្តគ្រប់យ៉ាងនៅរុស្ស៉ីគឺស្ថិតក្នុងដៃរបស់លោក ពូទីន។ ប្រធានាធិបតីរុស្ស៉ីរូបនេះបានបញ្ជ្រាបខ្លួនចូលកាន់តែជ្រៅនៅក្នុងការរៀបចំផែនការនុយក្លេអ៊ែរ អស់រយៈពេលជាង ២០ឆ្នាំមកនេះ និងមើលការខុសត្រូវលើការកែប្រែដ៏ធំសម្បើមនៃយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៉ីក្នុងឆ្នាំ១៩៩៨ ដែលគេមើលឃើញថាបានបង្កើនតួនាទីអាវុធនុយក្លេអ៊ែរនៅក្នុងការត្រៀមលក្ខណៈរបស់យោធារុស្ស៉ី។

ម្យ៉ាងវិញទៀត នៅក្នុងសុន្ទរកថាស្ដីពីអាវុធនុយក្លេអ៊ែរ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏បានបង្ហាញដែរថាលោក ពូទីន អាចបញ្ចូលមតិយោបល់ផ្ទាល់ខ្លួនរបស់លោក និងអាចស្នើសុំយោបល់ពី មនុស្សជំនិតមួយចំនួនរបស់លោក តួយ៉ាងដូចជាលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក Nikolai Patrushev។ យ៉ាងណាក៏ដោយ ទស្សនៈយល់ឃើញរបស់យោធារុស្ស៉ីនៅតែមានជាប់ពាក់ព័ន្ធ យ៉ាងជិតស្និទ្ធជាមួយការសម្រេចចិត្តរបស់លោក ពូទីន ជុំវិញអាវុធនុយក្លេអ៊ែរ។ ក្នុងករណីនេះ ប្រសិនបើលោក ពូទីន សម្រេចចិត្តចុងក្រោយថាត្រូវប្រើអាវុធនុយក្លេអ៊ែរ លោកត្រូវតែពិគ្រោះយោបល់ ជាមួយលោក Shoigu និងលោក Gerasimov ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តលោកទុកចិត្តបំផុត។ ជាការឆ្លើយតប ក្រុមការងាររបស់លោក Gerasimov (ដែលមានភារកិច្ចមើលការខុសត្រូវលើការរៀបចំ ផែនការនុយក្លេអ៊ែរ នៅក្នុងប្រទេសរុស្ស៉ី) នឹងផ្ដល់ការវាយតម្លៃសម្រាប់មេដឹកនាំកំពូលៗរបស់រុស្ស៉ីទាំង៣រូប ស្ដីពី «ទិដ្ឋភាពជាក់ស្ដែងនៃគោលនយោបាយបច្ចុប្បន្ន» និងផលប៉ះពាល់ខាងនយោបាយ ឬហានិភ័យខាតបង់ ដែលបង្កឡើងដោយការប្រើអាវុធនុយក្លេអ៊ែរ»។

បន្ទាប់មកទៀត ទើបក្រុមការងាររបស់លោក Gerasimov នឹងតាក់តែងអនុសាសន៍មួយថាតើរុស្ស៉ីគួរ ឬមិនគួរបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឬក៏រក្សាជម្រើសនេះទុកសម្រាប់ នៅពេលក្រោយ។ ផ្ទុយមកវិញ ប្រសិនបើពួកគេផ្ដល់អនុសាសន៍ឱ្យប្រើអាវុធនុយក្លេអ៊ែរ នោះពួកគេនឹងផ្ដល់ព័ត៌មានលម្អិតថា «ថាតើគួរតែវាយប្រហារដោយរបៀបណា? ប្រើអាវុធនុយក្លេអ៊ែរប្រភេទណា? ត្រូវវាយប្រហារលើគោលណា? និងថាតើអ្វីទៅជាលទ្ធផលដែលអាចនឹងកើតឡើង»?

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រុមអ្នកយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៉ី កំពុងមមារញឹកក្នុងការពិចារណា និងថ្លឹងថ្លែងថាតើការប្រើអាវុធនុយក្លេអ៊ែរអាចនឹងបង្ខំឱ្យ NATO និងលោកខាងលិចបោះចោល អ៊ុយក្រែនដែរឬទេ? ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនថាជាប្រភេទអាវុធតូច ឬធំនោះទេ ត្រូវបានក្រុមអ្នកជំនាញភាគច្រើនយល់ស្របដូចគ្នាថានឹងបង្កជាគ្រោះមហន្តរាយដ៏ធំសម្បើម ហើយបើសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង នោះទាំងសហរដ្ឋអាមេរិក NATO​ និងរុស្ស៉ី រួមទាំងមនុស្សជាតិទាំងមូលនឹងត្រូវរលាយបាត់ចេញពីផែនទីពិភពលោកដូចតែគ្នា។ មេដឹកនាំរុស្ស៉ី ក្នុងនោះរួមមានទាំង លោក ពូទីន បានបញ្ជាក់ថាសង្រ្គាមឈ្លានពានអ៊ុយក្រែន នៅក្រោមស្លាកប្រតិបត្តិការយោធាពិសេស មិនមែនជាប្រភេទសង្រ្គាមដែលរុស្ស៉ីត្រូវប្រើអាវុធនុយក្លេអ៊ែរនោះទេ។

ក៏ប៉ុន្តែ គោលនយោបាយយោធារុស្ស៉ី បានផ្ដល់ការណែនាំតិចតួចបំផុតពីស្ថានភាពដែលរុស្ស៉ីកំពុងប្រឈមមុខសព្វថ្ងៃនៅអ៊ុយក្រែន ពីព្រោះថានៅក្រោមគោលនយោបាយដដែលនេះ ក៏បាននិយាយដែរថា កងកម្លាំងអាវុធទូទៅធម្មតារបស់រុស្ស៉ីគួរតែមានលទ្ធភាពឈ្នះនៅក្នុងសង្រ្គាម។ តែអ្វីដែលគេកំពុងឃើញ នោះគឺរុស្ស៉ីកំពុងប្រឈមមុខនឹងអាវុធទំនើបៗរបស់លោកខាងលិចបញ្ជូនឱ្យអ៊ុយក្រែនដែល គេមើលឃើញថាមានប្រសិទ្ធភាពខ្លាំងជាអាវុធទូទៅធម្មតារបស់រុស្ស៉ី។ នេះបង្ហាញពីស្ថានភាពមួយដែលក្រុមអ្នកវិភាគបានសន្និដ្ឋាន បើរុស្ស៉ីចាញ់ ឬបាត់បង់តំបន់គ្រីមៀ វានឹងជំរុញឱ្យអ្នកយុទ្ធសាស្ត្ររុស្ស៉ី ពិចារណាឡើងវិញពីជម្រើសប្រើអាវុធនុយក្លេអ៊ែរ។ ដូច្នេះនៅពេលនិយាយពីអាវុធនុយក្លេអ៊ែររុស្ស៉ី គេចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នមិនមែនត្រឹមតែទៅលើការគិតរបស់លោក ពូទីនប៉ុណ្ណោះទេ តែក៏ ត្រូវគិតពីអ្វីដែលថ្នាក់ដឹកនាំយោធារុស្ស៉ី កំពុងគិតពីអាវុធនុយក្លេអ៊ែរផងដែរ៕ (Fresh News)


អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមទណ្ឌិតក្បត់ជាតិ៣ជំនាន់គ្មានសារជាតិជាមនុស្សឡើយ តែជាសត្វតិរិច្ឆានគ្មានកំណើតពោរពេញទៅដោយភាពអសីលធម៌ និងគ្មានគុណធម៌


(ភ្នំពេញ)៖ សន្តានជាសត្វតិរិច្ឆានរបស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងបក្ខពួកក្បត់ជាតិរបស់ខ្លួនកាន់តែមានសភាពអាក្រក់ខ្លាំងនិងពិសពុលជូរជាតិ ដោយពួកគេកំពុងប្រព្រឹត្តដោយគ្មានសីលធម៌ និងគ្មានគុណធម៌ប្រមាថ មួលបង្កាច់ លាបពណ៌មកលើសព លោក ជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតជាទីស្រឡាញ់បំផុតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ដោយរោគាពាធ។

មិនត្រឹមប៉ុណ្ណោះ ក្រុមក្បត់ជាតិទាំងនេះបានបន្តបំភ្លៃព័ត៌មានថា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតកំពុងមានជំងឺជាទម្ងន់» ខណៈសម្តេចមិនបានឃ្លាតឆ្ងាយពីប្អូនស្រីខ្លួនតាំងពីមុនចែកឋានរហូតមកដល់ថ្ងៃនេះ។ មិនតែប៉ុណ្ណោះ ពួកសន្តានដ៏អាក្រក់នេះបានមួលបង្កាច់ចោទប្រកាន់យ៉ាងអយុត្តិធម៌ពាក់ព័ន្ធរឿងរ៉ាវផ្សេងៗដែលមិនមែនជាការពិត។

ទង្វើរបស់ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដែលបង្កើតភាពឈឺចាប់លើគំនរទុក្ខដែលកំពុងមានស្រាប់នេះគឺគ្មានសារជាតិជាមនុស្សឡើយ តែជាពពួកសត្វតិរិច្ឆាន ដែលពោរពេញទៅដោយគំនុំសងសឹក និងការចងអាឃាតព្យាបាទសព្វបែបយ៉ាងដែលសូម្បីតែមនុស្សដែលបានស្លាប់ទៅ ហើយក៏បានប្រមាថ មួលបង្កាច់ លាបពណ៌ទាំងអយុត្តិធម៌ថែមទៀត។

ពេលនេះគឺជាពេលវេលាដ៏សោកសង្រេងនិងឈឺចាប់បំផុត សម្រាប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសាច់ញាតិដែលបានបាត់បង់លោកជំទាវ ប៊ុន សុថា ប្អូនស្រីជាទីស្រឡាញ់បំផុត, ជាពេលវេលានៃការកាន់មរណៈទុក្ខ និងចូលរួមមរណៈទុក្ខ និងការសោកស្តាយ។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងគណបក្សនយោបាយគ្រប់និន្នាការបានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបានផ្ញើសាររំលែកទុក្ខជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះការបាត់បង់ប្អូនស្រីដែលមិនអាចវិលត្រឡប់មកវិញនេះ និងមិនឱ្យមានការនិយាយអ្វីដែលប៉ះពាល់ប្រមាថដល់សពឡើយ ដែលជាសីលធម៌និងគុណធម៌របស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលក្រុមគ្រួសារ និងសាច់ញាតិមួយមានទុក្ខលំបាក ព្រមទាំងចូលរួមរំលែកទុក្ខ សោកសៅនេះដោយក្តីគោរពនិងប្រកបដោយគុណធម៌បំផុត។

ប៉ុន្តែសម្រាប់ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដែលគ្មានសារជាតិជា មនុស្ស បានធ្វើសកម្មភាពដ៏អសីលធម៌ និងអគុណធម៌បំផុតដោយប្រមាថ មួលបង្កាច់មកលើសពលោកជំទាវដោយផ្សព្វផ្សាយព័ត៌មានមិនពិត មានចេតនាបង្កើតឱ្យមានការយល់ច្រឡំនិងធ្វើឱ្យប៉ះពាល់កិត្តិយសរបស់សពលោកជំទាវ ប៊ុន សុថា។ ពួកគេក៏បានមួលបង្កាច់និងប្រឌិតព័ត៌មានផ្សេងៗប្រមាថចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារដែលកំពុងមានទុក្ខជាទម្ងន់បាត់បង់ប្អូនស្រីជាទីស្រឡាញ់។ បើពួកគេជាមនុស្សជាតិ ពួកគេមិនអាចធ្វើ ទង្វើដ៏ថោកទាបមួលបង្កាច់និងលាបពណ៌ទាំងនេះបានឡើយ។

បើពួកគេជាមនុស្សជាតិ ពួកគេអាចនឹងនៅចាំបានថាកាលពីខែកក្កដា ឆ្នាំ២០១៣ អំឡុងពេលនៃការកាន់មរណទុក្ខលោកឪពុកជាទីគោរពបំផុតរបស់ខ្លួន សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើលិខិតក្រាបបង្គុំទូលថ្វាយព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហនមុនី ដើម្បីលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី បានវិលចូលស្រុក និងចូលរួមយុទ្ធនាការបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥។ បើពួកគេមានសារជាតិជាមនុស្ស ជាពិសេសទណ្ឌិត សម រង្ស៊ី នឹងមិនភ្លេចរូបភាពដែលឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងក្រុមគ្រួសារបានទៅចូលរួមរំលែកមរណទុក្ខដោយផ្ទាល់ពេលម្តាយក្មេករបស់ខ្លួនបានទទួលមរណភាព។

តែពួកគេមិនស្គាល់បុណ្យ ស្គាល់បាបឡើយ ព្រោះជាសត្វតិរិច្ឆាន គ្មានវិចារណញ្ញាណ។

បើពួកគេមានសារជាតិជាមនុស្ស ពួកគេមិនអាចប្រើប្រាស់ និងឆ្លៀតឱកាសនៃការកាន់ទុក្ខ និងឱកាសនៃភាពសោកសង្រេងនេះដើម្បីវាយប្រហារ មួលបង្កាច់ លាបពណ៌ដើម្បី ទាញចំណេញផ្នែកនយោបាយឡើយ។ តែដោយសារតែពួក គេមានសន្តាននិងសារជាតិជាសត្វតិរិច្ឆាន បានជាពួកគេមិន ស្គាល់ខុសស្គាល់ត្រូវ និងធ្វើសកម្មភាពដោយគ្មានគុណធម៌ និងគ្មានសីលធម៌។ ទង្វើគ្មានគុណធម៌និងអសីលធម៌នេះត្រូវបានបង់ថ្លៃយ៉ាងខ្ពស់តាមរយៈការវាយតម្លៃរបស់ប្រជាពលរដ្ឋខ្មែរដែលថា «ចរិតកម្រោលបួនជ្រុង អសីលធម៌ អសុជីវធម៌ និងគ្មានគុណធម៌នេះ»របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកក្បត់ជាតិកែមិនឡើងឡើយ ហើយពួកគេមិនគួរកើតជាជនជាតិខ្មែរ នោះឡើយ។ ហេតុដូច្នេះហើយពួកគេដើរខុសផ្លូវម្តងហើយម្តងទៀតកាន់តែផុងជ្រៅក្នុងអំពើទុច្ចរិតក្បត់ជាតិ គំនុំ សងសឹក ដោយសារតែភាពវង្វេងវង្វាន់លែងស្គាល់ខុសត្រូវ និងគ្មានសារជាតិជាមនុស្ស៕

ដោយ៖ ចៅចាក់ស្មុក

ភ្នំពេញ, ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣



អបអរសាទរ! កម្ពុជាទទួលជ័យលាភីសរុប១៧ ពីការអនុវត្តស្តង់ដាទេសចរណ៍អាស៊ានឆ្នាំ២០២៣

 (ឥណ្ឌូណេស៉ី)៖ កម្ពុជាទទួលជ័យលាភីនិងពានរង្វាន់សរុបចំនួន១៧ ពីការអនុវត្តស្តង់ដាទេសចរណ៍អាស៊ានឆ្នាំ២០២៣ ក្នុងនោះមានរង្វាន់ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៥ រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន៣ រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៥ និងរង្វាន់សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៤។

គួរជម្រាបថា ក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី អាស៊ានបានផ្តល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣ ចំនួន១៥៨ លើការអនុវត្តស្ដង់ដា៖
១. ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៤៣
២. សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន២៩
៣. បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៤៨
៤. សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៣៨។

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា «នាឱកាសនោះដែរ អាស៊ានក៏បានប្រគល់ជូនម្ចាស់ទីតាំងទេសចរណ៍នៅកម្ពុជានូវជ័យលាភីចំនួន១៧ ដែលមានទីតាំងនៅក្នុងរាជធានី-ខេត្តចំនួន៨»

លោក ថោង រដ្ឋសក្តិ បានបន្តថា តំណាងជ័យលាភីកម្ពុជាដែលបានឡើងទទួលពានរង្វាន់នោះ រួមមាន៖ តំណាងម្ចាស់សហគមន៍ ម្ចាស់គម្រោង មន្ត្រីមន្ទីរទេសចរណ៍ មន្ត្រីរាជធានី-ខេត្ត ក្រោមការដឹកនាំដោយលោកអភិបាលរងមកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ។

លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ថា ជ័យលាភីនិងពានរង្វាន់ដែលម្ចាស់ទីតាំងនៅកម្ពុជាទទួលបាននោះ រួមមាន៖

១. រង្វាន់ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៥៖ ផ្ទះស្នាក់ Eagle ផ្ទះស្នាក់ Black Bear និងផ្ទះស្នាក់ Mien Mien ក្នុងខេត្តកោះកុង ផ្ទះស្នាក់ត្រពាំងសង្កែ ក្នុងខេត្តកំពត និងផ្ទះស្នាក់សំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។

២. រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន៣៖ សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ក្នុងខេត្តកំពត សហគមន៍អេកូទេសចរណ៍កោះហាន ក្នុងខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍អន្លង់ធំ ក្នុងខេត្តសៀមរាប។

៣. រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៥៖ បង្គន់អនាម័យសាធារណៈ Aeon Mall Phnom Penh ក្នុងរាជធានីភ្នំពេញ បង្គន់អនាម័យសាធារណៈលេខ៤ ក្នុងខេត្តព្រះសីហនុ បង្គន់អនាម័យសាធារណៈស្រះស្រង់ ក្នុងគ្រឹះស្ថានអង្គរ បង្គន់អនាម័យសាធារណៈ PTT ក្នុងខេត្តកោះកុង និងបង្គន់អនាម័យសាធារណៈស្តុបពេជ្រនិល ក្នុងខេត្តកំពង់ស្ពឺ។

៤. រង្វាន់សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៤៖ សេវាស្ប៉ា SPA Temple ក្នុងសណ្ឋាគារកាំបូឌា រាជធានីភ្នំពេញ សេវាស្ប៉ា JIVAPITA SPA ក្នុងសណ្ឋាគារ Royal Residence ភ្នំពេញ សេវាស្ប៉ា SO SPA with LÓCCITANCE ក្នុងសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ខេត្តសៀមរាប និងសេវាស្ប៉ា SPA at Naga World ក្នុងសណ្ឋាគារ Naga World ភ្នំពេញ។

លោកអគ្គនាយកបានបន្តទៀតថា តាមរយៈការទទួលជ័យលាភីរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣នេះ ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចសម្ពន្ធជាច្រើន និងការរៀបចំព្រឹត្តិការណ៍ធំៗប្រកបដោយជោគជ័យខ្ពស់កន្លងមកនៅកម្ពុជា បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថាកម្ពុជាមានផលិតផល និងគោលដៅទេសចរណ៍ទាក់ទាញច្រើនសម្រាប់ទៅលេងកម្សាន្តប្រកបដោយភាពងាយស្រួល កក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ស្របពេលជាមួយដែលកម្ពុជាកំពុងផ្សព្វផ្សាយពីឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣ Visit Cambodia 2023 និងកំពុងត្រៀមខ្លួនឆ្ពោះទៅការរៀបចំព្រឹត្តិការកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំនៅកម្ពុជា ខណៈចលនាទេសចរណ៍ក្នុងស្រុកកំពុងបន្តងើបឡើង ដែលជាសញ្ញាណមួយផ្តល់នូវទំនុកចិត្ត និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជាបានកាន់តែច្រើនថែមទៀតនាពេលខាងមុខ។

សូមបញ្ជាក់ថា ជ័យលាភីរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានឆ្នាំ២០២៤ នឹងគ្រោងរៀបចំឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលជាប្រទេសម្ចាស់ផ្ទះបន្ទាប់ក្រោមប្រធានបទ៖ ទេសចរណ៍ប្រកបដោយគុណភាព និងការទទួលខុសត្រូវ - ចីរភាពអនាគតអាស៊ាន (Quality and Responsible Tourism - Sustaining ASEAN Future)៕





ពិធីប្រកាសទទួលស្គាល់អតីតសកម្មជនគណបក្សភ្លើងទៀន និងសមាជិកថ្មីចំនួន៤៥៨នាក់ នៅឃុំកុមារាជា ស្រុកបាទី ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា!

នៅរសៀលថ្ងៃ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យទី៥ ខែកុម្ភៈ ឆ្នាំ២០២៣  អតីតសកម្មជនគណបក្សប្រឆាំង ជាពិសេសយុវជន យុវនារី ៤៥៨នាក់ ក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានស្ម័គ្រចិត្តដោយសុទ្ធចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលពួកគាត់បានយល់ច្បាស់ពីគោលនយោបាយ និងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ពិធីបញ្ចូលសមាជិកថ្មីនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទីខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកុមាររាជា ស្រុកបាទី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោកអភិបាល អភិបាលរង និងលោកប្រធានក្រុមប្រឹក្សាស្រុកបាទី ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សឃុំ សាខាបក្សទាំង១៣ភូមិ ក្រុមការងារការិយាល័យបោះឆ្នោត ប្រជាការពារ ជាពិសេសយុវជន និងសមាជិកសមាជិកា និងអ្នកចូលរួមទាំងអស់ប្រមាណ៦០០នាក់។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បានជម្រាបជូនអង្គពិធីអំពីការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ក៏ដូចជា ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះជួយស្រុកបាទី ខេត្តតាកែវ ជូនចំពោះសមាជិក សមាជិកាថ្មី និងអង្គពិធីទាំងមូលដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បានថ្លែងថា ប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរដូចសព្វថ្ងៃនេះ គឺដោយសារកត្តាសុខសន្តិភាពដែលកើតឡើងដោយសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្តថា សន្តិភាពនិងការអភិវឌ្ឍកើតឡើងទៅបាន ក៏ដោយសារមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរាល់អាណត្តិផងដែរ។

នៅក្នុងឱកាសនោះផងដែរ តំណាងយុវជនដែលទើបចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តំណាងឱ្យសមាជិក សមាជិកាថ្មីទាំង៤៥៨នាក់ បានឡើងធ្វើការប្តេជ្ញាចិត្ត គោរពស្រឡាញ់គណបក្សប្រជាជនកម្ពុជា គោរពតាមគោលនយោបាយនិងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ខិតខំអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាសមាជិល្អនៅក្នុងសង្គម ប្រឆាំងដាច់ខាតរាល់ការចោទប្រកាន់ទាំងឡាយមកលើគណបក្សប្រជាជនកម្ពុជា ចូលរួមថែរក្សា ការពារសុខសន្តិភាព ការអភិវឌ្ឍជាតិ និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាង និងនៅអាណត្តិជាបន្តបន្ទាប់ទៀត។

ក្រោយពីបញ្ចប់កម្មវិធី សមាជិក សមាជិកា ទាំងអស់ រួមជាមួយអង្គពិធីទាំងអស់ បានចូលរួមពិសាអាហារសាមគ្គី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕