Monday, November 10, 2014

ចិន​នឹង​​បន្ត​ផ្តល់​​ជំនួយ និង​​គាំទ្រ​​គ្រប់​បែប​​យ៉ាង​​ដល់​​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ជាតិ​​របស់​​ប្រទេស​​កម្ពុជា

​ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​នា​រសៀល​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ឲ្យដឹង​ថា ប្រទេសចិន​នឹង​បន្ត​ផ្តល់​ជំនួយ និង​បន្តការ​គាំទ្រ​គ្រប់​បែប​យ៉ាង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ របស់​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែរីក​ចម្រើន ទ្វេ​ឡើង​ថែមទៀត។

គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នា​ល្ងាច​ថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ២០១៤ បាន​និវត្តន៍​មកកាន់​មាតុ​ប្រទេស​វិញ ប្រកប​ដោយ​សុខ​សុវត្ថិភាព បន្ទាប់​ពី​បាន​ចំណាយ​ពេល ៣ថ្ងៃ នៅ​ទីក្រុង​បេកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ចូលរួម​ក្នុង​កិច្ចសន្ទនា​ដើម្បីពង្រឹង​ភាពជា​ដៃគូ​នៃ​ការ​តភ្ជាប់ ​និង​កិច្ច​ប្រជុំ​កំពូល​នាយក​ប្រតិបត្តិ ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​អាស៊ី​ប៉ាស៊ីហ្វិក(APEC) ដែលចាប់ផ្តើម ពីថ្ងៃ​ទី​៧ ដល់ ថ្ងៃទី​៩​ខែវិច្ឆិកា ​ឆ្នាំ​២០១៤ នៅ​ទីក្រុង​ប៉េកាំង​។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី ដែល​អម​ដំណើរ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា ហ៊ុនសែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅទីក្រុងប៉េកាំង នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន រយៈ​ពេល​៣​ថ្ងៃ គឺនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកានេះ ក្រៅ​ពី​អញ្ជើញ​ចូលរួម ក្នុង​កិច្ចសន្ទនា និង​កិច្ច​ប្រជុំ​កំពូល​ខាងលើ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏​បាន​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយប្រធានា ធិបតីចិន ឯកឧត្តម ស៊ី ជីនភីង(XI Jinping), ជាមួយ​អនុ​ប្រធា​នា​ធិបតី​ចិន ឯកឧត្តម លីយ៉ុនចាវ (LI Yuanchao) និង​ទទួល​ជួប​ជាមួយ ឯកឧត្តម វង់ ជារុយ អនុប្រធាន​សភា​ពិគ្រោះ​នយោបាយ និង​ជារដ្ឋមន្រ្តីគណៈ​ទាក់ទង​អន្តរជាតិ​នៃគណៈកម្មាធិការ​កណ្តាល​បក្សកុម្មុយ​នីស្ត​ចិន និង​បាន​អនុញ្ញាត​ឲ្យប្រធាន​ក្រុមហ៊ុន​ចិន​ចំនួន​បី ផ្សេង​ទៀត ចូលជួប​សំដែង​ការគួរសម​ជា​បន្ត​បន្ទាប់​ផង​ដែរ។

ឯកឧត្តម កៅ គឹមហួន បាន​មាន​ប្រសាសន៍​ថា ក្នុង​អំឡុង​ពេល​នៃជំនួប​ពិភាក្សា ជាមួយ​នឹង​ការ​វាយ​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​សម្ដេចតេជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជារៀងដ៍រាប​មក បាន​ប្រកាន់​ជំហរ​គាំទ្រ​នយោ​បាយ «ចិនតែមួយ» នោះ​ ឯកឧត្តម​ ស៊ី ជិនភីង (XI Jinping) ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​បញ្ជាក់​ថា ប្រទេស​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ និង​បន្ត​ការគាំទ្រ​គ្រប់​បែប​យ៉ាង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ របស់​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែរីក​ចម្រើន​ទ្វេ​ឡើង​ថែម​ទៀត។ ដោយ​ឡែកទាក់​ទិន​នឹងទំនាក់​ទំនង​ទ្វេ​ភាគី សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី បាន​ស្នើ​ឲ្យ​ភាគីចិន​បន្ត​ធ្វើ​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ ឲ្យកាន់​តែ​ស្អិត​ល្មួត​ទ្វេឡើង​ថែម​ទៀត ជាពិសេស​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្រប់​កំរិត ចាប់​តាំង​ពីថ្នាក់​ដឹកនាំ​នយោ​បាយ រហូត​ដល់​កំរិត​មហាជន និង​ប្រជាជន, បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុងការ​រៀបចំ​ការ​ចងសម្ព័ន្ធ​មេត្រី​ភាព រវាង​ខេត្ត និងខេត្ត ទីក្រុង និងទីក្រុង នៃ​ប្រទេស​ទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការ លើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ជាពិសេស​ការ​ផ្លាស់​ប្តូរ​យុវជន ក៏ដូចជា​សមាគមនារី នៃ​ប្រទេស​ទាំង​ពីរ។

សម្តេច​តេជោក៏​បាន​ស្នើ​ដល់ភាគី​ចិនផង​ដែរ​ឲ្យបន្តជួយ​គាំទ្រ ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា តាម​រយៈ​ការផ្តល់​កម្ចី​ហិរញ្ញប្បទាន ពី៥០០​លាន​ដុល្លា ទៅ៧០០​លាន ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំ និង​បើក​ចំហ​ទីផ្សារ​របស់​ប្រទេស​ចិន ក្នុងការ​ទទួល​យក​កសិផល​កម្ពុជា ពិសេស​ការនាំ​ចូល​អង្ករ​ពី​កម្ពុជា មកកាន់​ប្រទេស​ចិន​ និង​បាន​ស្នើ​ឱ្យ​ថ្នាក់​ដឹកនាំ​ចិន ជួយ​ជំរុញ​ទេសចរណ៍​ចិន មក​កាន់​កម្ពុជា ឲ្យ​កាន់​តែច្រើន​ឡើង​ថែម​ទៀត ដោយ​កម្ពុជា​ចង់​ឃើញ​ទេសចរណ៍​ចិន ឈរ​ក្នុង​អាត្រា​កំណើន​ចំណាត់​ថ្នាក់​ទី១​នៅ​កម្ពុជា។

ដោយផ្អែក​លើ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ (ចិន-កម្ពុជា) ឈាន​ដល់​កំរិត​ទំនាក់​ទំនង​កិច្ច​សហប្រតិការ​ ​ដៃគូយុទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ ឯកឧត្តម កៅ គឹមហួន បាន​មាន​ប្រសាសន៍​ថា ឯកឧត្តម​ប្រធានាធិបតីចិន បាន​លើក​ឡើងថា ចិន​បាន​ចាត់​ទុក​កម្ពុជា គឺជា​ប្រទេស​ដ៏មាន​សារៈ​សំខាន់ និង​ចាត់​ទុក សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន​ គឺជាមិត្ត និង​ជា​បងប្អូន។ ​ប្រទេស​ចិន​នឹង​ស្វាគមន៍​ជានិច្ច ចំពោះ​វត្តមាន​សម្តេចតេជោ​សែន ក្នុង​ការ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។ ក្នុង​នោះ​ដែរ ឯកឧត្តម​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​អំពីការ​ជួយ​ឧបត្ថម្ភ​ដល់​យុវជ​នក​ម្ពុជា ចំនួន​១០០​នាក់ ទៅ​ទស្សន​កិច្ច​សិក្សា​នៅ​ប្រទេស​ចិន ក្នុង​ឆ្នាំ២០១៥​ផងដែរ។

គួបញ្ជា​ក់ផងដែរ​ថា ឯកឧត្តម ស៊ី ជីពីង ប្រធានាធិបតី​ចិន នៅក្នុង​ពិធី​បើក​កិច្ចសន្ទនា​ ស្តីពី​ការពង្រឹង​ ភាពជា​ដៃគូ នៃ​ការត​ភ្ជាប់​(Dialogue on Strengthening Connectivity Partnership) របស់​កិច្ចប្រជុំ​កំពូល​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក (APEC) ដែល​បាន​ប្រារព្ធ​ពិធីបើក​ជា​ផ្លូវការ​ នៅ​រសៀល​ថ្ងៃទី ៨ ខែ វិច្ឆិកា នៅ​ទីក្រុង​ប៉េកាំង​ បាន​មានប្រសាសន៍ថា រដ្ឋាភិបាលចិន ​នឹង​ចំណាយ​ថវិកា​ប្រមាណ ៤ពាន់​លាន​ដុល្លារ ​អាមេរិក ដើម្បី​បង្កើត​ផ្លូវដែក ​នៅក្នុងប្រទេស​ប៉ា​គី​ស្ថាន បង់​ក្លា​ដែ​ស មី​យ៉ាន់​ម៉ារ ឡាវ កម្ពុជា ម៉ុង​ហ្គោ​លី និង តាជី​គី​ស្ថាន និងប្រទេស​ចិន។ ការប្រកាសនេះគឺចិនចង់បញ្ជាក់ថា ​គោលដៅ​សំខាន់ៗ​របស់​ចិន ​ទាំង​អតីត​កាល​បច្ចុប្បន្នកាល​ និង​អនាគត ​គឺ​ធ្វើការ​រួមចំណែក​លើ​ការកសាង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​និង​សំខាន់​បំផុត​គឺ​រួមចំណែក​កសាង​ជាមួយ និងបណ្តា​ប្រទេស​ផ្លូវ​សូត្រ ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ។

ដូចគ្នា​និង​សុន្ទរកថា ​របស់​បណ្តា​មេដឹកនាំ​ នៃ​ប្រទេស​ដែលជា​ដៃគូត​ភ្ជាប់ សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះ​រាជាណាចក្រ​​កម្ពុ​ជាបានមាន​ប្រសាសន៍ចាត់​ទុក​ថា ​ផែនការមេ ស្តីពី​ការតភ្ជាប់​តំបន់      អាស៊ាន បាន​បង្កើត​ក្របខណ្ឌ​ មិន​ត្រឹមតែ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ជា​វេទិកា ​សម្រាប់​ដៃគូ​យុទ្ធសាស្ត្រ​របស់​អាស៊ាន​ ពិសេស​ក្នុង​ក្របខណ្ឌ​អាស៊ាន​បូក​១ និង​អាស៊ាន​​បូក​៣ ​ដើម្បី​ផ្តល់​ការគាំទ្រ ​ដល់​ការអនុវត្ត​ផែនការ​មេនោះ​ ទាំង​ការតភ្ជាប់ហេ​ដ្ឋារចនាសម្ព័ន្ធផ្នែក​រឹង​ និង​ផ្នែក​ទន់​ ជាពិសេស​លើ​ការតភ្ជាប់​គមនាគមន៍ ​ទាំងផ្លូវគោក ​ផ្លូវទឹក ផ្លូវ​រដែក (ផ្លូវរថភ្លើង) និងផ្លូ​វ​អាកាស​ ​ព្រមទាំង​ការតភ្ជាប់​នាវា​សមុទ្រជាដើម។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ការស្វាគមន៍ និង​ការគាំទ្រ​ពេញទំហឹង ចំពោះ​គំនិត​ផ្តួចផ្តើម ​ខ្សែក្រ វ៉ាត់​ផ្លូវ​សេដ្ឋកិច្ច​សូត្រ​ និង​ផ្លូវ​សូត្រ​សមុទ្រ​ សម្រាប់​សតវត្ស​ទី២១ ដែល​នឹង​ធានា​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាចរួមចំណែក​ដល់​ការតភ្ជាប់ ​កាន់តែ​ទូលំទូលាយ ​និង​ការបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ រវាង​គ្រប់​អនុតំបន់​ និងបានស្វាគមន៍ ​ចំពោះ​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ​ដែលជា​គំនិត​ផ្តួច​ផ្តើម​របស់​ប្រទេស​ចិន ​និង​មានជំនឿថា ​ធនាគារ​នោះ ​នឹង​ផ្តល់​អាទិភាព ជាពិសេស​ដល់​សេចក្តីត្រូវការ ​ក្នុង​ការតភ្ជាប់​ទាំង​របស់​អាស៊ាន​ និយាយ​ជារួម និង​ទាំង​របស់​កម្ពុជា​ និយាយ​ដោយឡែក​៕









សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំគណៈប្រតិភូ ទៅប្រជុំនៅសាធារណៈរដ្ឋប្រជាមានិតចិន