ប្រធានសភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗចំនួន៥ស្ថាប័ននៅទ្វីបអឺរ៉ុប ដែលក្នុងនោះមានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង ប្រចាំនៅកម្ពុជា (CCIFC), ក្រុមធុរកិច្ចអាល្លឺម៉ង់ប្រចាំនៅកម្ពុជា (ADW), សភាពាណិជ្ជកម្មអឺរ៉ុបខាងជើងប្រចាំនៅកម្ពុជា (NordCham), សមាគមធុរកិច្ចអ៉ីតាលីប្រចាំនៅកម្ពុជា ដែលជាតំណាងឱ្យប្រទេសធំៗចំនួន៩ប្រទេសនៅអឺរ៉ុប នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជា។
លិខិតរួមរបស់ស្ថាប័នធុរកិច្ចអន្តរជាតិ តំណាងក្រុមហ៊ុនចំនួន៣៣៥ ដែលមាននិយោជិតជាង៥ម៉ឺននាក់ បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរអំពីដំណើរការឆ្ពោះទៅរកការដកហូតភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប «អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ» (EBAs) ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាកដែលការដកហូតនេះអាចបង្កឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍ផ្នែកពាណិជ្ជកម្មយូរអង្វែងរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។ លិខិតរួមនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងទទួលស្គាល់ថា ពេលនេះមិនទាន់មានការសម្រេចណាមួយត្រូវបានធ្វើឡើងដើម្បីព្យួរ ឬដកហូតឋានៈអនុគ្រោះ EBA ពីប្រទេសកម្ពុជានៅក្នុងឡើយទេ ហើយយើងនៅតែសង្ឃឹមថា នឹងមានការចរចាបន្តទៅទៀត ដើម្បីស្វែងរកឱ្យឃើញនូវវិធីកាន់តែប្រសើរសម្រាប់ឆ្លើយតប ទៅនឹងក្តីកង្វល់នានារបស់សហភាពអឺរ៉ុប»។
សភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗទាំង៥ស្ថាប័ន បានបន្តទៀតថា៖ «យើងខ្ញុំយល់ឃើញថា ការចាប់ផ្ដើមដំណើរការព្យូរភាពអនុគ្រោះ EBA ឬក៏ការដាក់ទណ្ឌកម្មជាឯកតតោភាគីមួយ រយៈពេលខ្លីណាមួយ អាចនាំមកនូវផលប៉ះពាល់អវិជ្ជមានយូអង្វែង ដែលវាមិនមែនជាឧបករណ៍មួយមានប្រសិទ្ធភាពសម្រាប់កែលម្អដំណើរការប្រជាធិបតេយ្យឲ្យប្រសើរឡើង ដុចកិច្ចសហប្រតិបត្តិការទេ។ នៅក្នុងករណីប្រទេសកម្ពុជា ការព្យួរភាពអនុគ្រោះ EBA នឹងដើរផ្ទុយពីរបៀបវារៈពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការបញ្ចូល ប្រទេសកំពុងអភិវឌ្ឍន៍ទៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោក និងផ្ទុយពីគោលការណ៍អឺរ៉ុបក្នុងការប្រើប្រាស់ពាណិជ្ជកម្មជាវ៉ិចទ័រសំខាន់ សម្រាប់សាយភាពគុណតម្លៃប្រជាធិបតេយ្យ។ នេះជាទស្សនៈមួយដែលអ្នកតំណាងអន្ដរជាតិជាច្រើននាក់ ដែលធ្លាប់មានបទពិសោធន៍ផ្ទាល់ច្រើនឆ្នាំ ជាមួយប្រទេសកម្ពុជាយល់ឃើញដូចគ្នា»។
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា សូមឆ្លៀតឱកាសសុំជួបជាមួយលោកស្រី នៅក្នុងឱកាសសម័យប្រជុំកំពូលរវាង អាស៊ី-អឺរ៉ុប នៅទីក្រុងប្រ៊ុចសែល តាមពេលវេលាដែលលោកស្រីអាចអនុញ្ញាតឲ្យជួបបាន ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា និងក្ដីកង្វល់នានារបស់ផ្នែកឯកជនអឺរ៉ុប៕