Friday, November 08, 2013
បទអត្ថាធិប្បាយ៖ ការដាក់ឱសានវាទ លើអ្នកឈ្នះ នៅពេលដែល បក្សរបស់ខ្លួនកំពុងទន់ខ្សោយ
គឺជាការខុសឆ្គងបំផុតសម្រាប់អ្នកនយោបាយប្រឆាំងនៅកម្ពុជា នៅពេលដែលគណបក្សរបស់ខ្លួនត្រូវបានគេដឹងថា កំពុងទន់ខ្សោយ តែបែរជាព្រហ៊ើនប្រើពាក្យ « ដាក់ឱសាទវាទ » មកលើគណបក្សទទួលសម្លេងភាគច្រើន ( គណបក្សប្រជាជនកម្ពុជា)ដែលជាដៃគូចរចាដ៏មានប្រៀបនោះ។
បច្ចុប្បន្ន បញ្ហារបស់គណបក្សប្រឆាំងដែលបដិសេធមិនចូលប្រជុំសភា និងព្យាយាមបង្កើតហេតុផលផ្សេងៗបន្លំភ្នែកគេឯងថា កម្ពុជាកំពុងប្រឈមនឹងវិបត្តិនយោបាយនោះ វាមិនមែនជាទឡ្ហីករណ៍សច្ចៈ ក្នុងការបង្ខំឱ្យម្ចាស់ឆ្នោតជឿតាមបាននោះឡើយ។
ជំនួបជាបន្តបន្ទាប់កន្លងមកនេះ ជាពិសេស ជំនួបកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ គឺ ចំនុចទី១ គណបក្សទាំងពីរ បានឯកភាពគ្នាគោរព និងអនុវត្តដោយហ្មត់ចត់តាមព្រះរាជសាររបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១៦ ខែកញ្ញា ដែលអំពាវនាវឱ្យមានការប្រកាន់យកប្រពៃណីអហិង្សា ខិតខំយោគយល់គ្នា អត់ធ្មត់ជាអតិបរិមាដើម្បីបញ្ចៀសអស្ថិរភាពនៃជាតិ រក្សាភាពថ្លៃថ្នូរ និងស្ងាត់ស្ងៀម និងខំប្រឹងរកដំណោះស្រាយបញ្ហាជាតិទាំងអស់គ្នា។ ចំនុចទី២ ភាគីទាំងពីរព្រមព្រៀងគ្នា នឹងបង្កើតយន្តការមួយដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ និងចំនុចទី៣ ភាគីទាំងពីរនឹងបន្តជួបចរចាគ្នាតទៅទៀតតាមគ្រប់កម្រិត ដើម្បីដោះស្រាយបញ្ហាជាតិ។
បើពិនិត្យឡើងវិញអំពីការវិវត្តន៍ បន្ទាប់ពីមានសេចក្តីប្រកាសរួមនៃជំនួបកំពូលរវាងគណបក្សទាំងពីរ តើគណបក្សណាមានសុឆន្ទៈពិតប្រាកដក្នុងការដោះស្រាយ ហើយគណបក្សណានិយមពង្រីកបញ្ហា និងដើរផ្ទុយពីសេចក្តីប្រកាសរួមនោះ?
វាគ្មានអ្វីដែលពិបាកយល់នោះឡើយ ការប្រជុំក្រុមបច្ចេកទេសកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ គឺជាការអនុវត្តនូវការឯកភាពគ្នាតាមស្មារតីនៃកិច្ចប្រជុំលើកមុន។ ចំពោះគណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោត ក៏ដូចជារាជរដ្ឋាភិបាល បានចាប់យកការឯកភាពគ្នាយកមកអនុវត្តភ្លាមៗតាមរយៈការចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៣ អំពីកិច្ចការចាំបាច់មួយចំនួននៃដំណើរការកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ដោយបានប្រគល់ភារកិច្ចឱ្យក្រសួងមហាផ្ទៃសម្របសម្រួលរៀបចំសិក្ខាសាលាជាតិមួយ ដើម្បីប្រមែប្រមូលមតិយោបល់ និងអនុសាសន៍នានាពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ សំដៅកសាងឱ្យបាននូវក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោត ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ។
សិក្ខាសាលានេះ គ្រោងនឹងរៀបចំនៅមុនដំណាច់ឆ្នាំ២០១៣ និងមានការចូលរួមពីតំណាងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ តំណាងគណបក្សនយោបាយដែលបានចុះបញ្ជី តំណាងខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តំណាងសង្គមស៊ីវិល អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា ស្ថាប័ន និងអ្នកពាក់ព័ន្ធដទៃទៀត។ នេះ គឺជាសុឆន្ទៈដ៏ច្បាស់លាស់ និងប្រកបដោយការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងដោយគណបក្សប្រជាជនកម្ពុជា។
ចុះ គណបក្សសង្គ្រោះជាតិវិញបានធ្វើអ្វីខ្លះដើម្បីជាតិ បន្ទាប់ពីបានឯកភាពគ្នាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣?
ចំលើយ បក្សប្រឆាំងពិតជាមិនទំនេរមែន គឺបានប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងដោយភាពអានាធិបតេយ្យបំផុតនៅតាមដងផ្លូវ និងធ្វើគ្រប់សកម្មភាពក្នុងការបំពុលបរិយាកាសសង្គម ក្នុងនោះរួមមាន៖ ការដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យចូលរួមធ្វើមហាបាតុកម្ម ក្នុងពេលប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់ ដើរល្បួងប្រជាពលរដ្ឋឱ្យផ្តិតស្នាមមេដៃប្តឹងទៅបណ្តាស្ថានទូតនានាប្រចាំនៅកម្ពុជា និងប្តឹងទៅ អ.ស.ប ការចេញលិខិតចំហរ ដើម្បីបង្អាក់អ្នកវិនិយោគសម្រាប់ការអភិវឌ្ឍនៅកម្ពុជា និងការព្យាយាមលើកយកប្រធានបទនានាដែលផ្ទុយពីស្មារតីនៃកិច្ចប្រជុំរវាងមេដឹកនាំគណបក្សទាំងពីរដែលបានឯកភាពគ្នា បង្កនូវភាពតានតឹងថ្មីៗដ៏សំបូរបែប ជាពិសេស ការដាក់ឱសានវាទ ដល់គណបក្សប្រជាជនកម្ពុជា ខណៈដែលគណបក្សប្រជាជនកម្ពុជាបាននាំមុខដ៏សែនឆ្ងាយក្នុងការដោះស្រាយបញ្ហាចំពោះជាតិ។
ល្បែងនយោបាយរបស់បក្សប្រឆាំង ដែលប៉ុនប៉ងចាប់គណបក្សឈ្នះឆ្នោត ធ្វើជាចំណាប់ខ្មាំង គឺនឹងត្រូវសាប និងអស់ឥទ្ធិពល នៅពេលដែលគណបក្សប្រឆាំងមួយនេះ ពោរពេញទៅដោយការភូតកុហកជាបន្តបន្ទាប់ និងមិនចេះអស់មិនចេះហើយ។
ក្នុងសង្គមប្រជាធិបតេយ្យ មានតែគណបក្សដែលឈ្នះឆ្នោតទេ ដែលគួរតែជាអ្នកដាក់ចេញនូវគោលការណ៍ដឹកមុខក្នុងការចរចា និងក៏ត្រូវតែជាអ្នកដាក់ឱសានវាទដល់អ្នកចាញ់ និងរឹងរូស ហើយក៏មានតែអ្នកឈ្នះផងដែរ គួរតែជាអ្នកបញ្ចេញសាច់ដុំតាមរយៈអាវុធច្បាប់ និងកម្លាំងបង្ក្រាបទៅលើក្រុមអានាធិបតេយ្យ នៅពេលដែលភាគីម្ខាងទៀតចចេះ មានៈ មិនព្រមអនុវត្តនូវគោលការណ៍ច្បាប់ និងបង្កនូវគ្រោះថ្នាក់ដល់សង្គមជាតិ។ប៉ុន្តែ គេបានដឹងថា គណបក្សប្រជាជនកម្ពុជា បានបន្ទន់ឥរិយាបថច្រើនពេកហើយ ដើម្បីលើកកំពស់ការឯកភាពជាតិ និងមុខមាត់របស់ប្រទេស គឺមិនមានទម្លាប់ដូចគណបក្សប្រឆាំង ដែលតែងតែ បន្ទាបបន្ថោក និងលាបពណ៌ជាតិសាសន៍ឯងឱ្យអន្តរជាតិស្អប់ខ្ពើម ឬលូកដៃកកូកកាយផ្ទៃក្នុងនោះទេ។
ដូច្នេះ គណបក្សប្រឆាំង ជាបក្សដែលចាញ់ឆ្នោត គួរគប្បីដឹងឱ្យច្បាស់ថា ខណៈនេះ ទង្វើបំពានច្បាប់ណាមួយដែលក្រុម បក្ខពួកខ្លួន មានផែនការធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋធម្មនុញ្ញ តាមរយៈការព្រមានធ្វើមហាបាតុកម្ម ដោយដាក់ឱសានវាទ មកលើគណបក្សដែលឈ្នះឆ្នោត គឺរាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការទប់ស្កាត់ ដើម្បីការពាររដ្ឋធម្មនុញ្ញ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេស ការពារឆន្ទៈប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនឱ្យទទួលបានសំឡេង ៦៨ អាសនៈ៕
ដោយ៖ រួម ជាតិ
Subscribe to:
Posts (Atom)