ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា « បើច្បាប់ថ្មីមិនមក ច្បាប់ចាស់នៅតែដំណើរការជាធរមាន» ។ ពិតណាស់ថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាច្បាប់កំពូលរបស់ជាតិ ដែលបានបង្កើតជាមូលដ្ឋានគ្រឹះនៃច្បាប់ទាំងទ្បាយរបស់ប្រទេសដើម្បីស្ថិរភាពនយោបាយ សង្គម និងការអភិវឌ្ឍន៍ ហើយច្បាប់ដែលបានអនុម័តនីមួយៗមិនងាយនឹងធ្វើវិសោធនកម្មញឹកញ៉ាប់ តាមទំនើងចិត្តនោះឡើយ។
ជាក់ស្តែង ពាក់ព័ន្ធនឹងងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺរដ្ឋធម្មនុញ្ញ ជំពូកទី ៧ មាត្រា ៧៦ នៅក្នុងវាក្យខណ្ឌចុងក្រោយ បានចែងយ៉ាងច្បាស់ថា « អង្គការរៀបចំការបោះឆ្នោត នីតិវិធី និងបទបញ្ជានៃការបោះឆ្នោត ត្រូវបានកំណត់ដោយច្បាប់បោះឆ្នោត» ។ បើបែបនេះ តើស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាំបាច់ក្លាយជាស្ថាប័នធម្មនុញ្ញ នឹងត្រូវជ្រើសតាំងសមាសភាពសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប នោះ ដោយសំឡេងបោះឆ្នោតគាំទ្រចំនួន ២ ភាគ ៣ នៃសមាជិករដ្ឋសភាដែរ ឬទេ? ការប្រកាន់ជំហរទាមទារលើសំណើរស្នើរសុំដែលផ្ទុយពីផ្លូវច្បាប់របស់គណបក្សសង្គ្រោះជាតិគឺដើម្បីអ្វី?
គណបក្សសង្គ្រោះជាតិបានដឹងយ៉ាងច្បាស់ណាស់ថា រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ គឺតម្រូវឲ្យមានការអនុម័តច្បាប់ និងរាល់ឯកសារគតិយុត្តិផ្សេងៗ ដោយសំឡេង ២ ភាគ ៣ នៃសមាជិករដ្ឋសភា ហើយរាល់ពេលដំណើរការអនុម័តច្បាប់ម្តងៗ តែងតែជួបប្រទះនូវវិបត្តិជាញឹកញាប់ ជាពិសេស គឺវិបត្តិនៃការខ្វះកូរ៉ុមកនៃកិច្ចប្រជុំសភា ដែលគណបក្សមានសំឡេងភាគតិចនៅក្នុងរដ្ឋសភា តែងតែយកគណបក្សឈ្នះឆ្នោតដែលមានសំឡេងភាគច្រើនជាចំណាប់ខ្មាំង ដើម្បីផលប្រយោជន៍នយោបាយរបស់បក្សខ្លួនជានិច្ច។
ចុះហេតុអ្វីក្នុងស្ថានការណ៍នយោបាយដែលពោពេញដោយសុខសន្តិភាព ការអភិវឌ្ឍន៍ជាតិ គេចផុតពីវិបត្តិការជាប់គាំងនយោបាយ បក្សប្រឆាំងបែជាទាមទារឲ្យមានការអនុម័តកែទម្រង់ប្រព័ន្ធបោះឆ្នោតដោយសំឡេង ២ភាគ៣ នោះទៅវិញ ?
ការទាមទាររបស់គណបក្សប្រឆាំងត្រូវបានក្រុមអ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជាជាយល់ឃើញថា ជាការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាដែលកំពុងតែចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ។ ម៉្យាងវិញទៀត ក្នុងបរិបទនេះ គឺគេបានដឹងច្បាស់ណាស់ថា ប្រសិនជាធ្វើតាមសំណើរបស់គណបក្សសង្គ្រោះជាតិ ប្តូររូបមន្តពី៥០ភាគរយ បូក១ មក ២ភាគ៣មែននោះ បញ្ហាទាំងអស់នឹងជាប់គាំង ពីព្រោះថា គណបក្សសង្គ្រោះជាតិ នឹងមិនអោយមានការអនុម័តអ្វីបានទាំងអស់ និយាយជារួម រាល់សំណើណាមួយរបស់គណបក្សប្រជាជន ក្នុងការពន្លឿនប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់នានា ប្រាកដជានឹងត្រូវបានបដិសេធដោយគណបក្សជំទាស់។ នោះហើយជាពហុវិបត្តិជាថ្មីរបស់កម្ពុជា ដែលអាចកើតមានទ្បើងតាមរយៈរូបមន្ត ដែលប្រាស់ចាកពីផ្លូវច្បាប់នេះ ។ បើ គ.ជ.ប ពិតជាត្រូវអនុម័តដោយសំឡេង ២ ភាគ ៣ នោះភាពជាប់គាំងកាន់តែមានសភាពធ្ងន់ធ្ងរជាងរូបមន្ត ២ ភាគ ៣ នៃការបង្កើតរាជរដ្ឋាភិបាលទៅទៀត ព្រោះថា អតីតកាល រដ្ឋធម្មនុញ្ញមាត្រា ៩០ វាក្យខណ្ឌទី ៨ បានសរសេរថា (រដ្ឋសភាបោះឆ្នោត ទុកចិត្តដល់រាជរដ្ឋាភិបាលតាមមតិគាគច្រើន ២ ភាគ ៣ នៃសមាជិកសភាទាំងមូល) ហើយរូបមន្តនេះ បានធ្វើឲ្យមានការជាប់គាំងនយោបាយនៅក្រោយការបោះឆ្នោតម្តងៗតែប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយមក ដោយឆន្ទៈនយោបាយក្នុងការបង្រួបបង្រួមជាតិរបស់គណបក្សប្រជាជនកម្ពុជា បានទម្លុះទម្លាយនៃភាពជាប់គាំងនេះ ដោយមានការបង្កើតរាជរដ្ឋាភិបាលចម្រុះ រវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច ។ ប៉ុន្តែ បើ ២ ភាគ ៣ មិនអាចបង្កើត គ.ជ.ប វិញនោះ នៅកម្ពុជាក៏មិនអាចមានការបោះឆ្នោតបាន ហើយបើមិនបានបោះឆ្នោតក៏មិនអាច មានរាជរដ្ឋាភិបាល ហើយបើមិនមានរាជរដ្ឋាភិបាល ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ពិតជាត្រូវបានបំផ្លាញ។ បើដំណើរប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ពិតជាត្រូវបានបំផ្លាញ ប្រាកដណាស់ គឺបំផ្លាញដោយ រូបមន្ត២ភាគ៣ ដែលស្នើរដោយគណបក្សសង្គ្រោះជាតិ ។
ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាដែលប្រសូតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រាកដជាមានកាតព្វកិច្ចការពារជាតិ ហើយនឹងប្រកាន់យកគ្រប់វិធានការទាំងអស់ ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងជាពិសេសការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ដូចជាធានានូវប្រក្រតីភាពនៃដំណើរការសង្គម និងសេដ្ឋកិច្ច ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងមិនធ្វើអ្វី ដើម្បីបំពេញចិត្តក្រុមបក្សប្រឆាំង ហើយមកបំផ្លាញផលប្រយោជន៍រួមរបស់ជាតិនោះទេ ។
ល្មមដល់ពេលដែលមេដឹកនាំគណបក្សប្រឆាំង បញ្ឈប់សកម្មភាពបង្កគ្រោះថ្នាក់ដល់សង្គមជាតិ ហើយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ល្បែងប្រជាធិបតេយ្យត្រូវលេងនៅក្នុងប្រព័ន្ធច្បាប់ដ៏រឹងមាំមួយ ដែលមានការជឿទុកចិត្តគ្នា ហើយគួរក្រឡេកមើលបណ្តាប្រទេសប្រជាធិបតេយ្យធំៗ នៅលើពិភពលោកការបោះឆ្នោតគឺជារឿងដ៏សាមញ្ញបំផុត ហើយក្រោយការបោះឆ្នោត គណបក្សនីមួយត្រៀមខ្លួនទទួលយកលទ្ធផលដោយមិនតវ៉ា។ អ្នកឈ្នះនិងអ្នកចាញ់ឆ្នោតផ្ទេរតួនាទី ដោយគ្មានឧសគ្គអ្វីឡើយ។ នេះមកពីអ្នកនយោបាយប្រកួតប្រជែងដោយស្មោះត្រង់និងតម្លាភាព ហើយពួកគេគោរពសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋ មានចិត្តជាអ្នកកីទ្បាលើទីលានប្រជាធិបតេយ្យពិតប្រាកដ។
មេដឹកនាំគណបក្សប្រឆាំង គួរទទួលយកសំឡេងឆ្នោតដែលប្រជាពលរដ្ឋបានបោះជូនគណបក្សសង្គ្រោះជាតិចំនួន៥៥ អាសនៈ គឺអាចឱ្យក្រុមអ្នកតំណាងរាស្ត្រចូលទៅបំពេញកាតព្វកិច្ចជូនជាតិបាននៅក្នុងរដ្ឋសភា ហើយរាល់ការកែប្រែ ឬការអនុម័តច្បាប់ និងរាល់ឯកសារគតិយុត្តិផ្សេងៗ គួរធ្វើក្នុងក្របខ័ណ្ឌរដ្ឋសភាជាតិ មិនគួរគប្បីធ្វើខ្លួនឯងជាដង្កូវសង្គម តាមដងផ្លូវដែលចាំតែស៊ីរូង បំផ្លិចបំផ្លាញជាតិនោះទេ ។ ហើយបើអ្នកតំណាងរាស្ត្រទាំង៥៥រូបមិនចូលសភាដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មីទេ នោះច្បាប់ស្តីពី អង្គការរៀបចំការបោះឆ្នោត នីតិវិធី និងបទបញ្ជានៃការបោះឆ្នោតចាស់ត្រូវនៅជាធរមានក្នុងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខដដែល៕
អត្តបទដោយ: ឧត្តម សក្តិ