Tuesday, January 12, 2021

អភិបាលខេត្តត្បូងឃ្មុំ ជម្រុញដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ គោរពច្បាប់ ពិសេសជៀសឆ្ងាយពីគ្រឿងញៀន

 ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ទំពាំងស្នងឫស្សីដែលមានគុណភាពពោរពេញដោយចំណេះដឹងនោះ លុះត្រាតែសិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់បន្តខិតខំរៀនសូត្រក្រេបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ឲ្យបានគ្រប់ៗគ្នា ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅអនុវិទ្យាល័យ ហ៊ុនសែន ទួលសុភី ស្ថិតក្នុងឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនោះ លោកបានបញ្ជាក់ទៀតថា យុវជនសម័យសន្តិភាពគឺមានឳកាសគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រ និងជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត ។ ជាមួយនឹងឳកាសដ៏ល្អនេះសូមប្អូនៗ ក្មួយៗ ខិតខំរៀនសូត្រឲ្យបានខ្លាំងក្លាធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាអ្នកស្នងដឹកនាំប្រទេសជាតិពោរពេញដោយសមត្ថភាព មានទាំងចំណេះដឹង និងចំណេះធ្វើ បន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់រីកចម្រើនទ្វេរឡើងថែមទៀត ក្រោមដំបូលសុខសន្តិភាព ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ខិតខំពុះពារយកមកបាន។

ជាមួយគ្នានោះ ត្រូវសំអាតបរិស្ថានឲ្យបានស្អាត គោរពច្បាប់ក្នុងសាលា ច្បាប់ចរាចរ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងជាពិសេសត្រូវរួមគ្នាទប់ស្កាត់ឲ្យបានដាច់ខាតនូវការីករាលដាលជំងឺកូវីដ១៩ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិទាំងមូល “យើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងទេ” ។ ជុំវិញបញ្ហាជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការចាត់វិធានការបង្ការ និងទប់ស្កាត់ ក្នុងនោះបានចំណាយថវិការរាប់សិបលានដុល្លារឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាបន្តបន្ទាប់ផងដែរ៕





សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត

 ស្វាយរៀង៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តឆ្នាំ ២០២១ ក្រោមអធិបតីភាពលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន២៦ នាក់។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលសម្រចបានក្នុងឆ្នាំ ២០២០ ក៏ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-របាយការណ៍បូកសរុបលទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុរបស់សាខា អនុសាខា ប្រចាំឆ្នាំ២០២០ លើកទិសដៅការងារ និងអនុម័តផែនការថវិកាសកម្មភាពការងារឆ្នាំ ២០២១
២- មតិលើកឡើងរបស់គណៈកម្មាធិការសាខា និងអនុសាខាលើរបាយការណ៍ទាំង២ និងទិសដៅការងារឆ្នាំ២០២១
៣-ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា
៤-ចូលរួមពិនិត្យផែនការថវិកាសកម្មភាពការងារសាខា ឆ្នាំ២០២១
៥-ការពិភាក្សារួមនៃគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង ស្រុក ដើម្បីអនុម័តលើផែនការថវិកាសកម្មភាពការងារឆ្នាំ២០២១។
៦-អនុសាសន៍ផ្សេងៗ
តាមរបៀបវីរៈនៃកិច្ចប្រជុំ សមាជិក សមាជិការនៃអង្គប្រជុំបានឯកភាពទាំងស្រុងនូវរបាយការណ៍លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២០ និងបានអនុម័តទៅលើទិសដៅការងារ និងផែនការសកម្មភាពរបស់សាខា អនុសាខា ឆ្នាំ២០២១។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ម៉ែន វិបុល បានថ្លែងអំណរគុណចំពោះលោក លោកស្រី ដែលមានវត្តមានចូលរួមប្រជុំដើម្បីបូកសរុបលទ្ធផលដែលសាខាសម្រេចបានរយៈពេល១ឆ្នាំ កន្លងទៅនេះ មានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងសកម្មភាពការងារមនុស្សធម៌ ដោយសហការគ្នាបានល្អប្រសើ ហើយពេលមានគ្រោះមហន្តរាយកើតឡើងត្រូវទំនាក់ទំនងជាមួយអាជ្ញាធរភូមិ ឃុំ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា៕





នាយឧត្តមសេនីយ៍ ម៉ឹង សំផន ចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងស្រុកចន្ទ្រា

 ស្វាយរៀង÷ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត បានចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងឃុំមេសរថ្ងក និងឃុំសំរោង ស្រុកចន្ទ្រា។

ក្នុងនោះ មានការចូលរួមពីលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា មន្ត្រីរាជការ កងកម្លាំងប្រអាវុធក្នុងស្រុក និងក្រុមប្រឹក្សាឃុំមេសរថ្ងក និងឃុំសំរោង។

ក្នុងពេលចុះជួបសំណេះសំណាល លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រសាងសង់ផ្ទះនៅភូមិបារាយណ៍ ឃុំមេសរថ្ងក ចំនួន២០០ដុល្លារ ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមសំណេះសំណាល ២១នាក់ ម្នាក់ៗថវិកា ៣០,០០០ រៀល កុមារា កុមារី ១២នាក់ ម្នាក់ៗថវិកា ១០,០០០ រៀល ឧបត្ថម្ភថវិកាកសាងវត្តបទុមរង្សី ហៅវត្តចេក ចំនួន ៥០០ដុល្លារ ឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រនៅភូមិចេក ឃំុសំរោង ១០០ដុល្លារ ឧបត្ថម្ភអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ១០០ដុល្លារ ឧបត្ថមកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងស្រុក ០៨នាក់ ក្នុងម្ននាក់ៗ ៤០,០០០ រៀល ប្រជាពលរដ្ឋជាកម្មករ ១៣នាក់ ក្នុងម្នាក់ៗ ៥០,០០០រៀលផងដែរ៕





លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឧបត្ថម្ភថវិកាបន្ថែម៥លានរៀលទៀត ដល់ស្រ្តីពលករខ្មែរក្រីក្រម្នាក់ ដែលទើបសម្រាលកូនដោយការវះកាត់ ក្រោយត្រឡប់មកពីប្រទេសថៃ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាបន្ថែមចំនួន៥លានរៀលទៀត លើថវិកាដែលបានឧបត្ថម្ភមុនចំនួន១លាន៣០ម៉ឺនរៀលកាលពីម្សិលមិញ ជូនដល់ស្រ្តីពលករខ្មែរក្រីក្រម្នាក់ ដែលទើបសម្រាលកូនដោយវះកាត់ ក្រោយត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃនេះ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ស្រ្តីពលករខ្មែរដែលទទួលបានថវិកាពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នោះមានឈ្មោះ មាស ណារ៉ាត់ អាយុ៣០ឆ្នាំ មានទីលំនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់បានចូលមកកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ហើយគាត់មានផ្ទៃពោះជិតគ្រប់ខែ។ គាត់ធ្វើដំណើរទៅស្រុកគាត់ គឺឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងដើម្បីសម្រាលកូន ប៉ុន្តែដោយសារមន្ទីរពេទ្យរមាសហែក អត់ហ៊ានវះកាត់ ទើបគាត់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយមន្ទីរពេទ្យបង្អែកខេត្តធ្វើការវះកាត់ជូនគាត់រហូតទទួលជោគជ័យ។

លោកស្រីរដ្ឋលេខាធិការបានបន្តថា៖ ក្រោយពេលវះកាត់ហើយ ក្រុមគ្រូពេត្យក៏បានយកសំណាកស្រ្តីខាងលើទៅពិនិត្យមើលនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលគឺគាត់អវិជ្ជមានជំងឺកូវីដ១៩ ផងដែរ ៕



លោក អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឱ្យមន្ត្រីពន្ធដារត្រូវប្រកាន់ខ្ជាប់នូវបាវចនា និងគោលការណ៍រួមចំនួន៤ ក្នុងការបំពេញការងារប្រមូលពន្ធ

 លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រ​ប់​លំដាប់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវ បាវចនា-គោលការណ៍ រួមចំ​នួន៤ ក្នុងការបំពេញការងារប្រ​មូលពន្ធ។ បាវចនា-គោលការណ៍ រួមក្នុងការបំពេញការងារដែ​លឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានណែនាំដល់មន្ត្រីពន្ធដារក្នុងនោះរួមមាន៖ (១) កៀរ​គរប្រមូលឱ្យអ្នកជាប់ពន្ធ ចូលក្នុងប្រព័ន្ធរួមមួយ (២) ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួល ក្នុងការបង់ពន្ធ (៣) រៀបចំប្រព័ន្ធការងារឱ្យលំបាក ស​ម្រាប់ការគេចវេះពន្ធ និង (៤) ធានាឱ្យបាននូវការប្រ​កួតប្រជែង ដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម។ ការណែនាំរបស់អគ្គប​ណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបល​ទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ ព្រមទាំងលទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងឆ្នាំ២០២០ និងវិធានការសំខាន់ៗសម្រាប់អនុវត្តបន្តក្នុងឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។

សម្រាប់ឆ្នាំ ២០២១ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានគាំទ្រលើវិធានការដែលបានដាក់ចេញរបស់អគ្គនាយកដ្ឋានពន្ធដារ និងបានផ្តល់អនុសាសន៍សំខាន់ៗ ជាទិសដៅអនុវត្ត​ប​ន្តដូចខាងក្រោម៖

– ត្រូវយកចិត្តទុកដាក់ ពិនិត្យ និងសិក្សាលើលទ្ធភាព នៃការប្រមូលចំណូលដែលមានសក្តានុពលផ្សេងទៀត ដោយគិតគូរទាំងទិដ្ឋភាពចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធដើម្បីធា​នាបាននូវអនុលោមភាពសារពើពន្ធ និងការប្រមូលចំណូលឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនោះប្រភពចំណូលពីវិស័យ E-Commerce, វិស័យប្រេងកាតដែលជាសក្តានុពលថ្មី, វិស័យធនធនរ៉ែ ព្រមទាំងវិស័យដែលមានសក្តានុពលមួយចំនួនទៀត។

– រៀបចំកែសម្រួលបទប្បញ្ញតិ ក្នុងការកំណត់និយមន័យសហគ្រាសធុនតូចនិងមធ្យម និងជំ​រុញសម្រួលលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមមកក្នុងប្រព័ន្ធ ក្នុងគោលដៅជំរុញកំណើ​ន និងបង្កើតជាកាលានុវត្តភាពសេដ្ឋកិច្ច។

– ពង្រឹងការចុះបញ្ជីពន្ធដារ និងជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធ សម្រាប់សហគ្រាសក្នុងវិស័យកាស៊ីណូ ដើម្បីធានាឱ្យបាននូវតម្លាភាពសារពើពន្ធ និងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានជាអតិបរមា។

– បន្តអនុវត្តកំណែទម្រង់ស្ថាប័ន ទំនើបកម្មរដ្ឋបាលសារពើពន្ធ-ប្រព័ន្ធបច្ចេកវិទ្យព័ត៌មានដោយធានាយ៉ាងណាបង្កភាពងាយស្រួល (User Friendly) សម្រាប់អ្នកជាប់ពន្ធនិងមន្ត្រី ព្រមទាំងព​ង្រឹងអនុលោមភាពសារពើពន្ធដើម្បីជំរុញប្រសិទ្ធភាព និងភាពប្រទាក់ក្រឡាក្នុងការបំពេញបេ​សកកម្ម គ្រប់គ្រងប្រមូលចំណូលពន្ធ។

– បន្តអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

– បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាព នូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌​មា​ន (IT Platform) ស្របតាមខ្លឹមសារអនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

– ពង្រឹងនិងយកចិត្តទុកដាក់លើការធ្វើសវនកម្ម ស្របតាមខ្លឹមសារប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្តីពីសវនកម្មពន្ធដារដែលជាជញ្ជីងវាស់នូវអនុលោមភា​ពរបស់សហគ្រាសនិងចៀសវាងការបង្កការលំបាកដល់អ្នកជាប់ពន្ធ។

– បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌បង់ពន្ធ ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តបទប្បញ្ញត្តិថ្មីពាក់ព័ន្ធនឹងពន្ធដារជូនដល់មន្ត្រីអនុវត្តផ្ទាល់ អ្នកជាប់ពន្ធនិងសាធារណជនដើម្បីពន្យល់និងដោះស្រាយការលំបាកនិងចម្ងល់របស់ប្រជាពលរដ្ឋ។

– បន្តកិច្ចសហការ និងពិគ្រោះយោបល់ ជាមួយវិស័យពាក់ព័ន្ធដើម្បីទទួលយកធាតុចូលក្នុងការសិក្សារៀបចំ និងកែលម្អ បទប្បញ្ញត្តិពាក់ព័ន្ធចាំបាច់នានា៕





លោក អូស្មាន ហាសាន់ ៖ ជួយគ្នាក្នុងគ្រាលំបាកជាសកម្មភាពមនុស្សធម៌មួយក្នុងស្មារតីសាមគ្គី «នាមជាខ្មែរតែមួយ»

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក អូស្មាន ហាសាន់ ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់កន្លងមកចំនួន ៤០០ គ្រួសារ នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី ប៊ន សុភី និងលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ហើយពិធីនោះបានរៀបចំឡើងនៅភូមិ៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ចំពោះអំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Rafulin Holdings Sdn Bhd សហការ ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សមាគមអភិវឌ្ឍន៍ នារីឥស្លាមកម្ពុជា(CIWODA) សមាគម សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គីឡូក្រាម ស្ករស ២គីឡូក្រាម ប្រេងឆា ២ លីត្រ ត្រីខ ៤ កំប៉ុង មី ១០ កញ្ចប់ សាប៊ូដុះខ្លួន ៤ដុំ សាប៊ូលាងចាន ១ ដប និងអំបិល ១ គីឡូក្រាម។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដោយសារឆ្នាំ២០២០កន្លងមកថ្មីនេះ មានបញ្ហាប្រឈមជាច្រើន ដែលបញ្ហាចម្បងនោះគឺការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានចេញវិធានការទប់ស្កាត់ការរីករាលក្នុងសហគមន៍ ហើយក្រោយមកគឺរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងពីផ្នែកខាងលើខ្លាំង បណ្ដាលឱ្យជន់លិចប្រជាពលរដ្ឋ ហើយបានធ្វើឱ្យប៉ះពាល់ដំណាំកសិកម្ម ផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងបង្អាក់ការប្របកអាជីវកម្មប្រជាពលរដ្ឋផងដែរ។

លោក អូស្មាន ហាសាន់ ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានមានប្រសាសន៍ថា ការចែកអំណោយនាពេលនេះ គឺយើងមិនប្រកាន់ ឬរើសអើងពូជសាសន៍ ពណ៌សម្បុរ និងសាសនាអ្វីឡើយ គឺយើងបានប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់មិនថាគ្រួសារកាន់សាសនា មុស្លីម ឬសាសនាដទៃ គឺយើងធ្វើឡើងក្នុងនាមជាខ្មែរតែមួយ។ លោក បានមានប្រសាសន៍ថ្លែងការអភ័យទោសដោយសារការពន្យាការចែកជូនប្រជាពលរដ្ឋ ដោយសារតែបញ្ហាព្រឹត្តិការណ៍ ៣វិច្ឆិកា និង២៨ វិច្ឆិកា ដែលមានការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានបង្អាក់ដំណើរក្នុងការរៀបចំការចែកអំណោយជូនប្រជាពលរដ្ឋ ព្រោះដើម្បីចូលរួមក្នុងការការពារ ការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍៕





ក្រសួងធនធានទឹក៖ ពីថ្ងៃទី១៣ ដល់ ១៩ ខែមករា អាកាសធាតុនៅកម្ពុជាបន្តចុះត្រជាក់ខ្លាំង, សូមប្រជាពលរដ្ឋថែរក្សាសុខភាព !

 ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ ១៩ ខែមករា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនិងខ្យល់មូសុងឦសានខ្លាំង។
* នៅថ្ងៃ១៣-១៥ ខែមករា ខ្យល់មូសុងឦសានបក់ខ្លាំង ។
* នៅថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូសុងឦសានថមថយមកក្នុងកម្រិតពីមធ្យម ទៅបង្គួរ ។
ភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* នៅថ្ងៃទី១៣-១៤ ខែមករា ៖
* សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦ °C
* សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °C
នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C ។
២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
* នៅថ្ងៃទី១៣-១៤ ខែមករា ៖
* សីតុណ្ហភាពអប្បបរមា មានពី ១១-១៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °Cនៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមាមានពី២៧-៣០ °C ។
៣៖ តំបន់មាត់សមុទ្រ ៖
* នៅថ្ងៃទី១៣-១៤ ខែមករា ៖
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា ។
នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងជាពិសេសវីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបន្តបង្កើនយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះធាតុអាកាសដែលបន្តត្រជាក់នៅតំបន់នោះ៕



លោក ទៀ សីហា ៖ សិក្សាក្នុងគន្លងថ្មី ដើម្បីសុខភាពយើង សាលារៀនយើង និងសង្គមជាតិយើង

 សៀមរាប ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខេត្តសៀមរាបបានជ្រើសរើសយកវិទ្យាល័យ ១០ មករា ១៩៧៩ តែមួយគត់សម្រាប់ការបើកបវេសនកាលឆ្នាំ២០២១ជានិមិត្តរូបកម្រិតថ្នាក់ខេត្ត ដែលពិធីប្រព្រឹត្តឡើងក្រោមការអញ្ជើញជាអធិបតីភាពលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត។

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ អាចថាជាមោទនភាពមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃប្រមុខរាជរដ្ឋាភិបាល ដែលពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំង និង មិនទាន់មានភាពច្បាស់លាស់នៅឡើយ ពាក់ព័ន្ធនឹងកូរីដ-១៩ យ៉ាងណាក៏ដោយ ពិធីបើកបវេសនកាលនេះ ត្រូវបានស្ថិតនៅលើគន្លងជីវិតថ្មីក្នុងវិស័យអប់រំ។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានឲ្យដឹងថា នៅមុនវិបត្តិកូវីដ-១៩ អនុវិស័យការអប់រំមធ្យមសិក្សា បានផ្តល់សេវាអប់រំគ្របដណ្តប់លើគ្រប់ឃុំ-សង្កាត់ទូទាំងខេត្ត ស្របតាមអនុសាសន៍ដ៏ថ្លែថ្លានៃប្រមុខរាជរដ្ឋាភិបាល ក្នុងនោះអនុវិទ្យាល័យចំនួន៨១កន្លែង វិទ្យាល័យចំនួន៤២ កន្លែងបានផ្តល់សេវាអប់រំដល់សិស្សជិត៨ម៉ឺននាក់ ក្នុងនេះសិស្សនារីជិត៥ម៉ឺននាក់។

នាឱកាសនោះផងដែរ សារលិខិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអានទាំងស្រុងដោយ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឆ្លុះបង្ហាញថាការអនុវត្តវិធានការសុវត្ថិភាព សុខភាព សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន និងការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក ការផ្តល់សេវារៀនសូត្រពីចម្ងាយ ការនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា៣ដំណាក់កាល ទាំងអស់នេះត្រូវបានធានាឱ្យសិស្សានុសិស្ស-និស្សិតនៅគ្រប់ភូមិសិក្សា នៅតែបន្តទទួលបានសេវាអប់រំតាមរូបភាពការអប់រំតាមបែបចម្រុះ” ឬក៏អាចនិយាយបានថា សិស្សបានរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផង និងធ្វើស្វ័យសិក្សាផងដែរ ។

លោក ទៀ សីហា ក៏បានធ្វើការក្រើនរំលឹក និងអំពាវនាវដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ក្មួយៗសិស្សានុសិស្ស ត្រូវចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ ការឆ្លងរាលដាលជម្ងឺកូវិដ១៩ ដោយធ្វើអនាម័យឲ្យបានជាប្រចាំ ដោយលាងសម្អាតដៃនឹងទឹកសាប៊ូ ជេល ឬ អាល់កុល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពយើង សាលារៀនយើង និង សង្គមជាតិយើង។

លោក ក៏បានលើកផងដែរថា ក្រោមម្លប់សន្តិភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងវិស័យអប់រំ ព្រមទាំងផ្តល់អគារសិក្សានៅគ្រប់ទីកន្លែង ដើមី្បឲ្យក្មួយៗបានសិក្សារៀនសូត្រ ព្រមទាំងបានយកចិត្តទុកដាក់លើកកម្ពស់សុខភាពអនាម័យ និងវិធានការការពារជម្ងឺកូវីដ-១៩ ដើម្បីការពារកុំឲ្យមានការឆ្លងចូលមកក្នុងគ្រឹះស្ថានសិក្សា ត្រូវការពារពីសុវត្ថិភាព សុខភាពសិក្សា រក្សាគម្លាតសុវត្ថិភាព១,៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ ទៀតផង ។

ម៉្យាងទៀតក្នុងពេលនេះខេត្តសៀមរាប មានគម្រោងសាងសង់ផ្លូវ៣៩ខ្សែក្នុង ក្រុង ក្រោមការផ្តល់ថវិការបស់លោកនាយករដ្ឋមន្ត្រី ក្នុងកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ក្នុងពេលដែលកំពុងជួបវិបត្តិជម្ងឺកូវិដ១៩នេះ ព្រមទាំងគម្រោងការអភិវឌ្ឍន៍ស្ទឹងសៀមរាបផងដែរ។

ក្នុងនោះលោកអភិបាលខេត្តក៏បានសុំឲ្យ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលខេត្តកំពុងធ្វើការសាងសង់ផ្លូវទាំង៣៨ខ្សែ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ទៅមករបស់បងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្ស ដើមី្បបញ្ជៀសនូវការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។លោកបានផ្តាំផ្ញើក្មួយៗ ឲ្យត្រូវ ខិតខំសិក្សារៀនសូត្រឲ្យក្លាយទៅជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ព្រមទាំងចូលរួមក្នុងការងារសង្គមផងដែរ ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពទី១ សម្រាប់វិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីដំណក់ប្រេងដំបូង ស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិទាំងស្រុង កសាងបានជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំងមូលក្នុងរយៈពេល២២ឆ្នាំ មកនេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការចែកប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សគ្រប់ថ្នាក់ ដែលរៀនពូកែនិងជាប់លំដាប់ថ្នាក់លេខ១ ដល់លេខ២ផងដែរ ៕









លោក អ៊ូច ភា ៖ រិតបណ្តឹងច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាព និងបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍

 តាកែវ៖ នៅព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២១ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងារ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវ ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ និងលោកទិសដៅអនុវត្តបន្ត ឆ្នាំ២០២១នេះ ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក ខាន់ សុខា អភិបាលរងខេត្ត លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ទាំង ១០ លោកអធិការនគរបាលក្រុង ស្រុកទាំង ១០ និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូប។

មានប្រសាសន៍នាសឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងការកោតសរសើរកងកម្លាំងសមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយជោគជ័យកន្លងមក និងបានជំរុញលើកទឹកចិត្តឲ្យក្រុមការងារខិតខំប្រឹងប្រែងការងារបន្តទៀត ដើម្បីឲ្យខេត្តតាកែវ ក៏ដូចជាប្រទេសកម្ពុជាកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។

លើសពីនេះ លោកអភិបាលខេត្ត ក៏បានស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក្នុងពេលត្រួតពិនិត្យយានយន្តដឹកជញ្ជូនតាមដងផ្លូវ ត្រូវបង្កើនការត្រួតពិនិត្យ វិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត ការផាកពិន័យរថយន្តដឹកលើសទម្ងន់ រថយន្តដឹកសំពីងសំពោង ត្រួតពិនិត្យគ្រឿងញៀន ឬជាតិអកុល។ល។ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ លោក អ៊ូច ភា ក៏បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវអនុវត្ត នីតិវិធីបិទយានដ្ឋានកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដែលជាប្រភពនៃការកែច្នៃយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នាំឲ្យខូចខាតផ្លូវថ្នល់ ស្ពាន និងបង្កគ្រោះថ្នាក់ចរាចរណ៍ និងបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋនៅតាមសាលារៀន ទីប្រជុំជន ឲ្យពួកគាត់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ជិះរថយន្តត្រូវពាក់ខ្សែរក្រវ៉ាត់ ព្រមទាំងធ្វើការបិទចំណាំងផ្លាតសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ដល់គោយន្ត ឬ រថយន្ត ម៉ូតូ ដើម្បីការពារអាយុជីវិតអ្នកបើកបរពេលយប់ពីគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងជាយថាហេតុ៕






ក្រសួងទេសចរណ៍ សម្រេចបើកដំណើរការសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ឡើងវិញ

ក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃក្រោមឱវាទក្រសួងទេសចរណ៍។


សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ខាងក្រោម៖




លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឧបត្ថម្ភថវិកា១លាន៣០ម៉ឺនរៀល និងសម្ភារៈទារក ដល់ស្រ្តីពលករខ្មែរម្នាក់ ដែលទើបសម្រាលកូន ក្រោយត្រឡប់មកពីប្រទេសថៃ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកា ១លាន ៣០ម៉ឺនរៀល ដែលក្នុងនោះ៣០ម៉ឺនរៀលសម្រាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ ព្រមទាំងឧបត្ថម្ភសម្ភារៈទារកមួយចំនួនទៀត ជូនដល់ស្រ្តីពលករខ្មែរម្នាក់ ដែលទើបសម្រាលកូន ក្រោយត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់ ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ស្រ្តីពលករខ្មែរដែលទទួលបានថវិកាពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នោះមានឈ្មោះ មាស ណារ៉ាត់ អាយុ៣០ឆ្នាំ មានទីលំនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់បានចូលមកកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ហើយគាត់មានផ្ទៃពោះជិតគ្រប់ខែ។ គាត់ធ្វើដំណើរទៅស្រុកគាត់ គឺឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងដើម្បីសម្រាលកូន ប៉ុន្តែដោយសារលក្ខណៈបច្ចេកទេសស្មុគស្មាញ ក្រុមគ្រូពេទ្យមន្ទីរពេទ្យរមាសហែកក៏សម្រេចបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក៏សម្រេចធ្វើការវះកាត់ភ្លាមៗរហូតទទួលជោគជ័យ ដោយមានសុខភាពល្អទាំងម្តាយនិងកូនផងដែរ។

លោកស្រីរដ្ឋលេខាធិការបានបន្តថា៖ ក្រោយពេលវះកាត់ហើយ ក្រុមគ្រូពេទ្យក៏បានយកសំណាកស្រ្តីខាងលើទៅពិនិត្យមើលនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលគឺគាត់អវិជ្ជមានជំងឺកូវីដ១៩ ផងដែរ ៕




លោកស្រី បាន ស្រីមុំ ៖ មោទនភាពក្នុងឱកាសសិស្សានុសិស្សទទួលបានការសិក្សាក្រោមម្លប់សន្តិភាព

 ប៉ៃលិន៖ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនសាលា វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ដោយមានការ ចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានធ្វើរបាយការណ៍ជូនអង្គពិធីថា៖ បច្ចុប្បន្ន វិស័យអប់រំនៅខេត្តប៉ៃលិន កំពុងដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០១៦-២០៣០ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍អបអរសាទរការបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ ព្រមទាំងបានអាននូវសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសបើកបវេសនកាល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីបន្ទាប់ពីបានឆ្លងកាត់ និងទទួលបទពិសោធន៍នៃការអប់រំក្នុងសម័យ Covid- ១៩ ក្នុងឆ្នាំសិក្សា២០១៩- ២០២០ កន្លងមក។

ហើយថ្វីត្បិតឆ្នាំនេះ កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមិនទាន់មានភាពច្បាស់លាស់យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្រោមទស្សនទានថ្មីនៃគន្លងជីវិតថ្មី ក្នុងវិស័យអប់រំ។

លោកស្រីអភិបាលខេត្ត បានបន្តថា យើងត្រូវស្ថិតនៅក្នុងគន្លងថ្មី ដោយរក្សាគម្លាត ការលាងសម្អាតដៃ ការវាស់កំដៅនៅតែបន្តអនុវត្តន៍ ថ្វីត្បិតតែការបើកបវេសនការឆ្នាំសិក្សាថ្មីនេះ មិនអាចជួបជុំគ្នាក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ តែសម្រាប់ខេត្តប៉ៃលិន បានបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅគ្រប់គ្រឹះស្ថានសិក្សា ហើយយើងមានបទពិសោធន៍ក្នុងការគ្រប់គ្រងការបង្រៀននៅ ក្នុងសហគមន៍នាឆ្នាំ កន្លងមក ដែលក្រសួងអប់រំបានច្នៃប្រឌិតបង្រៀនច្រើនរបៀបតាមបណ្ដាញឌីជីថល តាមទូរទស្សន៍ ក៏ប៉ុន្តែមិនអាចឱ្យសិស្សរៀនបានគ្រប់គ្នានៅទូទាំងខេត្ត ដោយសារពួកគាត់ខ្វះស្មាតហ្វូន និងកន្លែងមួយចំនួនមិនមានសេវា Internet។

ក្នុងនោះលោកគ្រូ អ្នកគ្រូ បានខិតខំចុះទៅតាមគោលដៅក្នុងសហគមន៍ ដើម្បីផ្តល់ឱកាសឱ្យសិស្សបានសិក្សា តាមរយៈការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូនៅគ្រប់កម្រិតសិក្សា ព្រមទាំងមានការ ចូលរួមពីមាតាបិតា ជម្រុញឱ្យកូនចៅចូលរួមសិក្សាតាមប្រព័ន្ធអនឡាញផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាធនធានក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង ជាពិសេសត្រូវជៀសវាង ឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមបញ្ជាក់ថា ឆ្នាំសិក្សាថ្មី ២០២០-២០២១នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានសិក្សា ចាប់ផ្តើមដំណើរការរៀន និងបង្រៀន គឺ៖ មធ្យមសិក្សាមានចំនួន ៩សាលា ក្នុងនោះវិទ្យាល័យចំនួន០២ សាលា និងអនុវិទ្យាល័យចំនួន៧សាលា មានសិស្សសរុប ៥៣១០នាក់ ស្រីចំនួន ២៨៣៩នាក់ បឋមសិក្សាចំនួន ៤៨សាលា មានសិស្សសរុបចំនួន ១០៤១៥នាក់ ស្រីចំនួន ៥៦៦៨នាក់ មត្តេយ្យសិក្សាចំនួន ២៤សាលា មានសិស្សសរុបចំនួន ១១៨៣នាក់ ស្រីចំនួន ៦០០នាក់ និងមត្តេយ្យសហគមន៍មានចំនួន១១កន្លែង មានសិស្សសរុបចំនួន ២៦៦នាក់ ស្រីចំនួន ១៣៩នាក់៕






ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកជំងឺ២នាក់ថែមទៀតជាសះស្បើយ

 នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន២នាក់ថែមទៀត បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបផងដែរថា អ្នកជាសះស្បើយទាំង២នាក់នេះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ និងស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ស្ត្រីទាំង២នាក់នេះ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៩២នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៧៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១៦នាក់៕