ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ទំពាំងស្នងឫស្សីដែលមានគុណភាពពោរពេញដោយចំណេះដឹងនោះ លុះត្រាតែសិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់បន្តខិតខំរៀនសូត្រក្រេបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ឲ្យបានគ្រប់ៗគ្នា ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
លោកអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅអនុវិទ្យាល័យ ហ៊ុនសែន ទួលសុភី ស្ថិតក្នុងឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីនោះ លោកបានបញ្ជាក់ទៀតថា យុវជនសម័យសន្តិភាពគឺមានឳកាសគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រ និងជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត ។ ជាមួយនឹងឳកាសដ៏ល្អនេះសូមប្អូនៗ ក្មួយៗ ខិតខំរៀនសូត្រឲ្យបានខ្លាំងក្លាធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាអ្នកស្នងដឹកនាំប្រទេសជាតិពោរពេញដោយសមត្ថភាព មានទាំងចំណេះដឹង និងចំណេះធ្វើ បន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់រីកចម្រើនទ្វេរឡើងថែមទៀត ក្រោមដំបូលសុខសន្តិភាព ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ខិតខំពុះពារយកមកបាន។
ជាមួយគ្នានោះ ត្រូវសំអាតបរិស្ថានឲ្យបានស្អាត គោរពច្បាប់ក្នុងសាលា ច្បាប់ចរាចរ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងជាពិសេសត្រូវរួមគ្នាទប់ស្កាត់ឲ្យបានដាច់ខាតនូវការីករាលដាលជំងឺកូវីដ១៩ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិទាំងមូល “យើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងទេ” ។ ជុំវិញបញ្ហាជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការចាត់វិធានការបង្ការ និងទប់ស្កាត់ ក្នុងនោះបានចំណាយថវិការរាប់សិបលានដុល្លារឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាបន្តបន្ទាប់ផងដែរ៕
No comments:
Post a Comment