Monday, April 03, 2017

ស្វែងយល់ពី ភ្នំសុមេរុក្នុងលទ្ធិព្រះពុទ្ធសាសនាខ្មែរ

យើងតែងលឺពាក្យថា ភ្នំសុមេរុ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅ​ក្នុងរឿង​និទាន​បាន​ដំណាលថា ជាភ្នំមួយដែលទេពធីតាទាំង ៧ បុត្រីកុបិលមហាព្រហ្ម ហែប្រទក្សិណភ្នំព្រះសុមេរុនោះរៀងរាល់ឆ្នាំ។ តើភ្នំសុមេរុ នោះនៅទីណា?
យើង​ធ្លាប់​ដឹង​រួចមកហើយ​អំពី​សារៈសំខាន់​នៃ​វិស័យ​ស្ថាបត្យកម្ម​សំណង់​ប្រាង្គ​ប្រាសាទខ្មែរនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃក៏ដូចជា​ប្រាសាទ​មួយចំនួន​ដែល​ស្ថិតក្នុង​អតីត​បង្គោល​ខណ្ឌសីមា​នៃ​នគរ​ខ្មែរ​បុរាណ​។ ដូច្នេះហើយ បានជា​យើង​បាន​យល់​យ៉ាងច្បាស់​អំពី​ប្រភព និង​និមិត្តរូប​នៃ​ប្រាង្គ​ប្រាសាទខ្មែរ ដែល​តំណាង​ឱ្យ​ភ្នំ​សុមេរុ ឬ​សិនេរុ​នៃ​លោកធាតុ​វិទ្យា​ឥណ្ឌា​។​ យោង​លើ​និមិត្ត​រូបភាព​នៃ​ព្រះមេរុ ឬ​ព្រះ​មេន​ខ្មែរ​នា​សម័យ​ក្រោយ​អង្គរ ដែល​គេ​បាន​សង់​ឡើង​ដើម្បី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ព្រះមហាក្សត្រ​ខ្មែរ​បុរាណ​។ ក៏ប៉ុន្តែ យើង​ពុំទាន់​បានបង្ហាញ​នៅឡើយ​នូវ​ភាពខុសគ្នា​ខ្លះៗ​រវាង​លោកធាតុ​វិទ្យា​បែប​ព្រហ្មញ្ញសាសនា និង​លោកធាតុ​វិទ្យា​បែប​ព្រះពុទ្ធសាសនា​ជុំវិញ​បញ្ហា​ភ្នំ​សុមេរុ​។ ​
ជាបឋម សូម​រំ​ឮ​ក​ឡើងវិញ​ថា ក្នុង​បញ្ញា​ត្តិ​កម្ម​ព្រហ្មញ្ញសាសនា មាន​ចែងថា នៅ​ចំ​ពិភពលោក​យើង​នេះ​ដែលមាន​រាង​៤​ជ្រុង​ស្មើ មាន​ទ្វីប​មួយ​ធំ​ហៅថា ជម្ពូទ្វីប ដែល​នៅ​ចំ​កណ្តាល​មាន​ភ្នំ​ពិសិដ្ឋ​មួយ​ឈ្មោះថា ភ្នំ​សុមេរុ ហ៊ុំព័ទ្ធ​ជុំវិញ​ដោយ​កំពែង​ដែលជា​ជួរ​ភ្នំ​។ ជម្ពូទ្វីប​មាន​ទ្វីប​៤ និង​មហាសមុទ្រ​៧ ហ៊ុំព័ទ្ធ​ជុំវិញ​។ នៅលើ​កំពូលភ្នំ​សុមេរុ គឺជា​ស្ថាន​របស់​ព្រះព្រហ្ម ទេវស្ថាន ឬ​ស្ថាន​សួគ៌ា ការពារ​ដោយ​ឆ្មាំ​ទាំង​៨​ទិស (​ទិស​ធំ​ទាំង​៤ និង​អនុទិស​៤)​។ ដូចនេះ ប្រាសាទខ្មែរ​គឺ​តំណាង​ឱ្យ​ភ្នំ​សុមេរុ នៅ​ស្ថាន​មនុស្ស​យើង​នេះ​។​
ចំពោះ​ព្រះពុទ្ធសាសនា​វិញ ផ្សេង​ពី​ទស្សនៈ​ស្តីពី​លោក​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​បន្តិច គេ​ជឿថា មាន​ភ្នំ​សុមេរុ​ដែល​នៅ​ពីលើ​មាន​ស្ថាន​ទេវលោក​ដូចគ្នា ដូច​ករណី​សំណង់​សិប្បនិម្មិត​សាងសង់​នៅ​ឆ្នាំ ១៩០៤ ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ​នរោត្តម​ទី​១ ដែល​យើង​ភ្ជាប់​រូបភាព​ខាងលើនេះ​ជា​ភស្តុតាង​ស្រាប់​។ ជុំវិញ​ភ្នំ​សុមេរុ​ខាងលើនេះ មាន​ភ្នំ​៧​ជាន់ (​សត្ត​បរ​ព៌​ត​) និង​សមុទ្រ​ទាំង​៧​ជាន់ (​សត្ត​ទន្តរ​)​។​ ជុំវិញ​នេះ មាន​មហាសមុទ្រ មាន​ទ្វីប​៤ ហើយ​ទ្វីប​មួយ​ក្នុងចំណោម​នៃ​ទ្វីប​ទាំង​៤ គឺ​ជម្ពូទ្វីប ស្ថិតនៅ​ខាងត្បូងជា​ស្ថាន​មនុស្សលោក​។ ទ្វីប​នេះ​ហ៊ុំព័ទ្ធ​ជុំវិញ​ទៅដោយ​កំពែង​ថ្ម ដូច​លោកធាតុ​វិទ្យា​ព្រហ្មញ្ញសាសនា​ដែរ​។ នៅលើ​កំពូលភ្នំ​សុមេរុ ជា​លំនៅស្ថាន​របស់​ព្រះឥន្ទ្រ​ព័ទ្ធជុំវិញ ដោយ​ស្ថាន​ត្រៃ​ត្រឹ​ង្ស (​ស្ថាន​ទេវតា​ទាំង ៣៣​អង្គ​)​។ នៅលើ​ពីនេះ​ទៀត ជា​ស្ថាន​ទេវលោក​ដែល​​តូចធំ​តាម​គណៈ ឬ​សម័យកាល​។​
ដូចនេះ យើង​ឃើញថា សាសនា​ធំៗ​ទាំងពីរ​មាន​ទស្សនៈ​រួមមួយ​អំពី​ភ្នំ​កណ្តាល ជា​ស្នូល​នៃ​ពិភពលោក​យើង​នេះ​។ មានន័យថា ទាំង​ប្រាង្គ​ប្រាសាទ ទាំង​ព្រះមេរុ​ដែល​សុទ្ធសឹងតែ​ជា​ស្ថាន​នៃ​ព្រះអាទិទេព គឺជា​ការបង្ហាញ​ឱ្យឃើញ​នូវ​ស្ថាន​សួគ៌ា ព្រោះថា​ជា​ភ្នំ​ខ្ពស់​ជាងគេ​បំផុត ហើយ​ជាទី​តាំង​នៃ​ព្រះអាទិទេព ឬ​ស្ថាន​ត្រៃ​ត្រឹ​ង្ស​។ គឺ​នៅលើ​ភ្នំ​ដ៏​ពិសិដ្ឋ​នេះហើយ ដែល​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​ប្រថាប់​គង់នៅ​។​

​បើ​និយាយ​មួយបែប​ទៀត ប្រាសាទ ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ ឬក៏​សំណង់​សិប្ប​និ​មិ្ម​ត​ដែល​សាងសង់​លើ​កំពូលភ្នំ​សុមេរុ គឺ​តំណាង​ឱ្យ​ទេវស្ថាន ឬ​ឋានសួគ៌​យ៉ាង​ប្រាកដ​ក្នុង​ទស្សនវិជ្ជា​របស់​ខ្មែរ ហើយ​សំណង់​នេះ​ផ្សាភ្ជាប់​គ្នា​រវាង​មនុ​ស្សភាព និង​ទេវ​ភាព​។ កុំភ្លេចថា សម្រាប់​មតិ​មហាជន​ខ្មែរ​ដែល​កាន់​លទ្ធិ​ព្រះពុទ្ធសាសនា គេ​ជឿថា ក្រោយពី​យាង​ចូល​ទីវ​ង្គ​ត ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះមហាក្សត្រ​នឹង​យាង​ទៅ​នៅ​ជាមួយ​ព្រះ ឬក៏​ក្លាយទៅជា​ព្រះ​ដោយ​ពិតៗ​៕


ពហុ​កី​ឡដ្ឋាន “​មរតក​​តេ​ជោ​” ដំណា​ក់​កាល​ទី​១ នឹង​​បើក​សម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃ​ស្អែក

ភ្នំពេញ៖ សមិទ្ធិផល​ពហុ​កីឡដ្ឋាន “​មរតក​តេ​ជោ​” ដំណាក់​កាលទី​១ បាន​លេចចេញ​ជា​រូបរាង​ហើយ នឹង​តៀម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី០​៤ ខែមេសា ឆ្នាំ​២០១៧ ខាងមុខនេះ ក្រោម​អធិបតីភាព​របស់​ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​។​
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឱ្យដឹងថា ដំណាក់កាល​ទី​១ នៃ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ដែល​គ្រោង​សាងសង​នៅលើ​ផ្ទៃដី​ប្រមាណ ៨៣​ហិច​តា​នេះ គឺ​ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌឫស្សីកែវ បានបញ្ចប់​ការសាងសង​នៅ​ចុងខែ​មីនាកន្លងទៅ​។​

សូមជម្រាបផងដែរថា ដំណាក់កាល​ទីមួយ​ដែល​គ្រោង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មុនគេ រូ​ម​មាន​មជ្ឈមណ្ឌល​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល ទីលាន​បាល់បោះ ទីលាន​បាល់ទះ និង​អគារ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​៕

រដ្ឋមន្ត្រីក្រសួងការងារបានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧

ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ជាមួយកម្មករ កម្មការិនីប្រមាណជាង ២០០០ នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ។
ពិធីសំណេះសំណាលនាពេលនេះ ស្របទៅនឹងការរៀបចំខួបលើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ ឧសភា និងការអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វសក ពុទ្ធសករាជ ២៥៦១ ។ តាមរបាយការណ៍របស់ម្ចាស់តំបន់ បានឱ្យដឹងថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានរោងចក្រចំនួន ១០៩ និងមានកម្មករនិយោជិតប្រមាណ ១៦០០០ នាក់។
លោកបានសម្តែងនូវការកោតសរសើរចំពោះបងប្អូនកម្មករនិយោជិតនៃតំបន់សេដ្ឋកិច្ចពិសេស ដែលបានយកចិត្តបំពេញការងារប្រកបដោយវិជ្ជាជីវៈ រក្សាសុខដុមរម្យនាក្នុងរោងចក្រ ដែលជាឆ្នាំបាយរួមរបស់បងប្អូនទាំងអស់គ្នា។
ព្រមជាមួយនោះលោកក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត សូមយកចិត្តទុកដាក់បន្តសិក្សា មុខជំនាញ បន្ថែមទៀត ដែលនៅពេលខាងមុខមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្រោមជំនួយរបស់ រដ្ឋាភិបាលចិន នឹងត្រូវ សាងសង់ ហើយរួចរាល់នៅពេលខាងមុខ និងអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករ សូមបើកបរគោរពច្បាប់ប្រកបដោយសុវត្តិភាព ជៀសវាងកុំឱ្យមានឧបទ្ទវហេតុផ្សេងៗកើតឡើង ដែលនាំឱ្យបាត់បង់អាយុជីវិត និងរងរបួស។
ក្នុងឱកាសនេះ លោកបានជម្រាបជូនអង្គពិធីអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹក នាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្ដី សំដៅ ធ្វើឱ្យ ប្រសើរ ឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹង ភាពសុខដុមរម នា នៃទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹង ការបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្រប តាមតម្រូវការ ទីផ្សារ ការងារ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និង អភិវឌ្ឍ សេដ្ឋកិច្ចប្រកប ដោយ ចីរភាព។ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម កសាងហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ ដោយរក្សាបានកំណើនថេរ ជ មធ្យម ប្រចាំឆ្នាំ៧% អត្រាភាពក្រីក្ររបស់ប្រជាជន ត្រូវបានកាត់បន្ថយមកត្រឹម១៣,៥% និងអត្រាអត់ការងារធ្វើចំនួន ០,៧% ។ ប្រែក្លាយប្រទេសកម្ពុជា ពីប្រទេស ដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូល មធ្យម កម្រិតទាប និងកំពុងឈានទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ការតម្លើងប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតចំនួន ១៥៣ដុល្លា រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបានទទួលពី១៧០ដុល្លា ទៅ១៨១ដុល្លា សម្រាប់ឆ្នាំ២០១៧ ការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗតាមរយៈបេឡាជាតិរបបសន្តិសុខសង្គមដូចជារបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តនៅពេលខាងមុខ ការលើកលែងការបង់ពន្ ធលើប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ការតម្លើងប្រាក់បៀវត្សមន្រ្តីរាជការឱ្យបានយ៉ាងតិច ១លានរៀល លើកលែងការបង់ពន្ធក្នុងការផ្ទេរទ្រព្យសម្បត្តិពីឪពុកម្តាយទៅកូន លើកលែងការបង់ថ្លៃប្រថាប់ត្រា ការធ្វើសំបុត្រកំណើត សំបុត្រមរណៈភាព អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងលិខិតបញ្ជាក់នានាដោយឥតបង់ថ្លៃ ការកាត់បន្ថយអត្រាប្រាក់កម្ចីនៅត្រឹម ១៨% និងការគិតគូរដល់ការផ្តល់សេវា និងភាពងាយស្រួលជូនប្រជាជនកាន់តែច្រើនថែមទៀត។
លោកក៏បានផ្តល់អនុសាសន៍ដល់រោងចក្រទាំងអស់ក្នុងតំបន់ សូមខិតខំអនុវត្តតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គមជាពិសេសរបបហានិភ័យការងារ និងរបបថែទាំសុខភាពឱ្យបាន១០០% ។ និយោជក និងកម្មករនិយោជិតត្រូវរក្សាឱ្យបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយចាត់ទុករោងចក្រជាឆ្នាំងបាយរួម ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី។

លោកក៏បានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ នាឱកាសនេះ លោកបានជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់ ក្នុងឱកាសឆ្នាំថ្មី សូមសមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕






លោក ប៉ុល សារឿន អំពាវនាវឱ្យខិតខំបម្រើសេវាសាធារណៈឱ្យបានទាន់ពេលវេលានិងបន្តសហការគ្នាចុះសាកសួរសុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ

លោក ប៉ុល សារឿន សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងខេត្តព្រះសីហនុ បាន​អំពាវ​នាវឱ្យខិតខំបម្រើសេវាសាធារណៈឱ្យបានទាន់ពេលវេលានិងបន្តស​ហ​ការគ្នាចុះសាកសួរសុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ លោក បានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ស្តីពីផែន​ការឆ្ពោះទៅការបោះឆ្នោត ឃុំសង្កាត់ និងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំទូទាំងស្រុកព្រៃកប្បាស និងស្រុកបាទី នៅខេត្តតាកែវក្នុងដើមសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០១៧នេះ។
លោក ប៉ុល សារឿន ក៏បានបញ្ជាក់ថា យើងត្រូវបន្តអនុវត្តកម្មវិធីផែនការដែលមានស្រាប់ របស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន និងខិតខំបម្រើសេវាសាធារណៈឱ្យបានទាន់ពេលវេលា តាមតម្រូវការរបស់ប្រជាពលរដ្ឋ បន្តសហការគ្នាចុះសាកសួរសុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងដោះស្រាយសំណូមពរ បញ្ហាប្រឈម នានាជូនប្រជាពលរដ្ឋ ហើយកុំធ្វើអី្វៗដែលនាំឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ  ត្រូវបន្តឈរជាមជ្ឈ​មណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុង ធានាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីភាពសុខដុមរមនាជូនដល់ប្រជាជន និងរួមសហការគ្នាអនុវត្តនូវយន្តការពីរ ដើម្បីសម្រេចគោល​ដៅតែមួយ។
នៅក្នុងឱកាសនោះ លោក ប៉ុល សារឿន បាននាំមកនូវការសាកសួរសុខទុក្ខ និងនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត  ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទាំងអស់ទូទាំងខេត្តតាកែវ ដែលបាននិងកំពុងបំពេញភារកិច្ចរៀងៗខ្លួន រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោក ប៉ុល សារឿន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក លោកស្រី ជាប្រធាន អនុប្រធាននៃគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តតាកែវ និងក្រុមការងារថ្នាក់កណ្តាល ចុះជួយ មូលដ្ឋាន ដែលបានសហការគ្នា យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សម្ភារៈនិងថវិកា ក្នុងការបំពេញភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ក្នុង​ទិសដៅបន្ត លោក ប៉ុល សារឿន បានសំណូមពរដល់អស់លោក លោកស្រីទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំងក្លា និងគោរពឱ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់ដែលបានកំណត់៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវអាជ្ញាធរខេត្តរៀបចំកម្មវិធីសង្ក្រាន្តដើម្បីទាក់ទាញទេសចរក្នុងឱកាសបុណ្យចូលឆ្នាំ

នៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវ​អា​ជ្ញាធរខេត្ត​រៀបចំកម្មវិធីសង្ក្រាន្តដើម្បីទាក់​ទាញ​ទេសចរ​ក្នុងឱកាសបុណ្យ​ចូលឆ្នាំ។ លោក បាន​ថ្លែង​ដូចនេះ ក្នុងឱកាសអញ្ជើញជាអធីបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មហាវិថីសម្តេចតេជោ ហ៊ុន សែន» ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាក់ថា តំបន់ទេសចរណ៍ ធំៗដែលលាតសន្ធឹងកាន់តែធំទៅៗ មិនគ្រាន់តែសៀមរាបដែលមានអង្គរសង្រ្កាន្តនោះទេ ឆ្នាំ​នេះ ក៏មានសង្រ្កាន្តនៅតាមខេត្តមួយចំនួនទៀតដូចជាខេត្តព្រៃវែងជាដើម ដែលឆ្នាំ​ទៅលោក ក៏​បានអំពាវនាវថា សង្រ្កាន្តមិនចាំបាច់តែធ្វើនៅអង្គរនោះទេ សង្រ្កាន្តអាចរៀបចំនៅតាមខេត្ត នានាដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋរបស់យើងមានការជួបជុំ កំសាន្ត និងសប្បាយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា តំបន់ទេសចរណ៍ពិតជាមានច្រើនឥឡូវនេះ ហើយជាតំបន់ដែលប្រជាពលរដ្ឋចូលចិត្តធ្វើដំណើរទៅកាន់តំបន់ទាំងនោះ សូមតំបន់ទាំង​នោះទាក់ទាញទេសចរទៅដើម្បីបង្កើតឡើងនូវមុខរបរក្នុងវិស័យទេសចរណ៍។ ដើម្បីធានា​បាន​លើបញ្ហានេះ អាជ្ញាធរដែនដីដែលគ្រប់គ្រងនៅតំបន់នោះ ត្រូវរៀបចំសន្តិសុខ និង​សណ្តាប់​​ធ្នាប់ឱ្យបានល្អ អ្នកលក់ដូរទាំងឡាយនៅតំបន់នោះ ត្រូវខិតខំរក្សានូវតម្លៃ ចៀសវាង ការលក់ដំឡើងថ្លៃធ្វើឱ្យគេរាងចាល ហើយបាត់បង់នូវភាពប្រកួតប្រជែងទាក់ទាញទេសចរទៅ សារជាថ្មី។ អ្នកដែលឆ្លាតគឺអ្នកដែលយកចំណេញតិច ក៏ប៉ុន្តែលក់បានច្រើន ឯអ្នកល្ងង់​លក់​បានតិច តែបានថ្លៃខ្ពស់ ហើយលក់បានតែម្តង ពីរដង គេរាងចាល អាហ្នឹងគេហៅថា «រក​ស៊ី​កោរគេ»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងថា គ្រប់តំបន់ទេសចរណ៍ ត្រូវមានការ​ឈ្លាសវៃដើម្បីធានាឱ្យអតិថិជនដែលទៅកាន់តំបន់ទេសចរណ៍ដែលទើបបង្កើតថ្មីទៅលេងឆ្នាំ នេះហើយ ពេលក្រោយទៅលេងបន្តបន្ទាប់ទៀត។ ដើម្បីធានាថា តំបន់ទេសចរណ៍កើតថ្មីនោះ គឺជាទេសចរណ៍ដែលមានការទាក់ទាញនៅពេលខាងមុខ។ ឆ្នាំ២០១៦កន្លងទៅ យើងទទួល បានទេសចរបរទេស ជាង៥លាននាក់ ប៉ុន្តែយើងមិនត្រូវភ្លេចថា ទេសចរផ្ទៃក្នុង​ជាទេសចរ​ដែលមិនចេះរីងស្ងួត ហើយជាទេសចរដែលប្រជាជនទទួលបាន​ប្រាក់ចំណូលនៅឯ​មូល​ដ្ឋាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងថា នៅឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូលកើនឡើង របស់ប្រជាពលរដ្ឋ ជាមួយនឹងប្រាក់ខែដែលទើបឡើងថ្មីរបស់មន្រ្តីរាជការ កងកម្លាំង​ប្រដាប់​អាវុធ និងកម្មករ កម្មការិនីរបស់យើង ផលប្រយោជន៍នោះវានឹងរាយប៉ាយ​នៅក្នុងក្រប​ខណ្ឌ​ទូទាំងប្រទេសរបស់យើង៕





លោក គន់ គីម ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូន អតីតយុទ្ធជនជាសមាជិកសមាគមចំនួន ២៥២នាក់

លោក គន់ គីម អញ្ជើញចុះជួបសំណេះ សំណាល សាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនជាសមាជិកសមាគមចំនួន ២៥២នាក់ មកពីក្រុង ស្រុកទាំង ៤ នៃ ខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការសមាគម ស្រុក ក្រុង នៃខេត្តព្រះសីហនុ បានរកឃើញអតីតយុទ្ធជន ៤ គ្រួសារ ក្នុងចំណោម ១៤ គ្រួសារ ដែលទ័លលំបាក កំពុងត្រូវការចាំបាច់នូវទីជម្រកសមរម្យនោះ លោក គន់ គីម បានគោរពស្នើសុំ ទៅលោកនាយករដ្ឋមន្ដ្រី ហើយលោកក៏បាន ឯកភាពសម្រេចផ្តល់ផ្ទះជូនបងប្អូន រួមមាន ៖
1- ឈ្មោះ កែវ មើត យោធិនចូលនិវត្តន៍ នៅភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ
2- ថាច់ សុផល នគរបាលចូលនិវត្តន៍ នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់
3-ឈ្មោះ រស់ សុះ យោធិនពិការនៅភូមិទួលទទឹង ១ ឃុំទួលទទឹង ស្រុកព្រៃនប់
4-ឈ្មោះ សៅ ឡាយ យោធិនពិការ នៅភូមិ ស្មាច់ដែង ឃុំ រាម ស្រុកព្រៃនប់
សល់ក្រៅពីនេះ សមាគមខេត្ត ត្រូវចុះទៅ ពិនិត្យអោយបានជាក់លាក់ ដើម្បីលើកសំណើសុំ ការសម្រេច 
ពី លោកនាយករដ្ឋមន្ដ្រី ផ្តល់ផ្ទះ បន្ត….៕




ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ីបន្តអន្តរាគមជួយពលករការិនីខ្មែរ៤នាក់ត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីអន្តរាគមនជួយ ពលការិនីខ្មែរ៤នាក់បានត្រឡប់មកកម្ពុជាវិញ។
បើតាមក្រសួងការបរទេស បានបញ្ជាក់ថា ពលការិនីខ្មែរទាំង៤នាក់នោះ គឺមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺពីរ នាក់, ព្រះវិហារ និងប៉ៃលិន៕

គណៈ​​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ជ្រើសរើស​បេក្ខភាព​តំណាង​រាស្ត្រ​លោក ជា វណ្ណ​ដេត ជំនួស​លោក សុខ អាន

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បាននឹងកំពុងពិនិត្យបេក្ខភាព លោក ជា វណ្ណដេត ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំនួសលោក សុខ អាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧កន្លងទៅ។

អង្គប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានមានការចូលរួមទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃនេះ បានសម្រេចដាក់បេក្ខភាព លោក ជា វណ្ណដេត ឲ្យសមាជិករដ្ឋសភាពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់តំណាងរាស្ត្រនៅថ្ងៃទី០៧ ខែមេសា ខាងមុខនេះ។ នេះជាការលើកឡើងរបស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភានៅក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
សូមជម្រាបផងដែរថា តាមច្បាប់នៅពេលសមាជិកសភាណាម្នាក់ទទួលមរណភាព គឺត្រូវដាក់ជំនួសវិញនូវបេក្ខភាពតំណាងរាស្ត្រទៅតាមលេខលំដាប់នៃឈ្មោះបេក្ខជនរបស់គណបក្សនយោបាយដែល បានឈរឈ្មោះក្នុងមណ្ឌលរបស់ខ្លួន។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា ការបោះឆ្នោតទទួលស្គាល់លោក ជា វណ្ណដេត ជាតំណាងរាស្ត្រ ជំនួសលោក សុខ អាន គឺចាំពេលរដ្ឋសភាចាប់ផ្តើមចូលប្រជុំពេញអង្គលើកទី៨ នីតិកាលទី៥ បន្ទាប់ពីវិសមកាលរយៈពេល៣ខែ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ម្ចាស់រថយន្តដឹកអ្នកដំណើរកុំដំឡើងថ្លៃហួស ហេតុក្នុងឱកាសបុណ្យចូលឆ្នាំ

នៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់​ម្ចាស់រថយន្តដឹកអ្នកដំណើរកុំដំឡើងថ្លៃហួស ហេតុក្នុងឱកាសបុណ្យចូលឆ្នាំ។ លោក បាន​ថ្លែង​ដូចនេះ ក្នុងឱកាសអញ្ជើញជាអធីបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មហាវិថីសម្តេចតេជោ ហ៊ុន សែន» ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានអំពាវនាវដល់ម្ចាស់រថយន្ត ដឹកអ្នកដំណើរទាំងឡាយមេត្តាកុំដំឡើងថ្លៃហួសហេតុ ប្រសិនបើមានការដំឡើងណាមួយ ក៏គួរតែដំឡើងក្នុងកម្រិតសមល្មម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ក៏បានបញ្ជាក់ថា លោក តែងតែអំពាវនាវ​រៀងរាល់ឆ្នាំ​ទាំង​ពេលភ្ជុំបិណ្ឌ ទាំងពេលចូលឆ្នាំ ក៏ប៉ុន្តែដោយសារតម្រូវការខ្ពស់ពេកនៃការធ្វើដំណើរ និងការ ចង់មានចង់បានពីសំណាក់អ្នកបើកបរ ឬក្រុមហ៊ុនផង តម្លៃនៃការធ្វើដំណើរ ក៏មានការកើន​ឡើង ដូច្នេះ សូមអំពាវនាវចំពោះម្ចាស់រថយន្ត ខិតខំយ៉ាងណាជួយទៅដល់ប្រជាពលរដ្ឋ ដែល ជាសាច់ឈាមរបស់យើង ក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ភូមិកំណើត ពីភូមិកំណើត មកទីក្រុងភ្នំពេញវិញ សង្ឃឹមថា ម្ចាស់រថយន្ត នឹងទទួលយកនូវការគិតគូរបែបនេះ ដើម្បីកាត់ បន្ថយនូវការចំណាយរបស់ប្រជាជនរបស់យើង៕





ក្រសួង​ទេស​ចរណ៍ បើក​កិច្ចប្រជុំគណៈ​កម្មាធិការ​ទេសចរ​ណ៍អាស៊ាន ភ្ជាប់​ជាមួយកា​រជំរុញផ្សព្វ​ផ្សាយយុទ្ធនា​ការ​ទស្សនាអាស៊ា​នខួប​​លើក​​ទី​៥០

សៀមរាប ៖ ក្រសួងទេសចរណ៍ បើកកិច្ចកិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ាន ភ្ជាប់ជាមួយការជំរុញ ផ្សព្វផ្សាយយុទ្ធនាការ​ទស្សនាអាស៊ានខួប​លើក​ទី​៥០​ឆ្នាំ (Visit ASEAN@50) និងការផ្សព្វផ្សាយអង្គរសង្រ្កាន្ត ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ទិត ចន្ថា រដ្ឋលេខាធិការ ជាតំណាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាប ។

លោក ទិត ចន្ថា បានសម្តែងនូវការស្វាគមន៍ និងអរគុណដល់ប្រតិភូ បណ្តាប្រទេសសមាជិកអាស៊ាន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដោយដោយលោកបានវាយតម្លៃខ្ពស់ចំពោះវត្តមានដែលបានចូលរួម ដែលបានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីជម្រុញផ្សព្វផ្សាយអាស៊ាន។
លោកបានបន្តថា អាស៊ានជាសហគមន៍តែមួយដែលមាន ចក្ខុវិស័យនិងអត្តសញ្ញាណតែមួយ។ ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅឆ្នាំ ២០១៥ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងរបៀបវារៈនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ក្នុងអាស៊ាន។
លោកបានបន្តទៀតថា នៅក្នុងបរិបទពិភពលោក ទេសចរណ៍អាស៊ានបានបង្ហាញឱ្យឃើញជាផ្នែកមួយនៃវិស័យនាំមុខគេ និងការរីកលូតលាស់លឿនបំផុត។ ប៉ុន្មានឆ្នាំមកនេះ តំបន់អាស៊ាន បានបង្ហាញនូវកំណើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍យ៉ាងខ្លាំងក្លា។ អង្គការទេសចរណ៍ពិភពលោក បានរាយការណ៍ថាចំនួនទេសចរអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើង ៨%ក្នុងឆ្នាំ២០១៦ ខ្ពស់ជាងកំណើនជាមធ្យមជាសកលដែលមាន៣%។
សូមជម្រាបផងដែរថា  ប្រមុខដឹកនាំអាស៊ានបានប្រកាសថាឆ្នាំ២០១៧ ជាឆ្នាំសំខាន់មួយដើម្បីអបអរខួបលើកទី៥០របស់អាស៊ានដែលបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់នេះ “Visit ASEAN@ 50: Golden Celebration 2017” ត្រូវបានដាក់ឱ្យដំណើរការដោយ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅខែមករាឆ្នាំ២០១៦ ដោយមានបំណងបង្ហាញភាពសម្បូរបែបនៃវប្បធម៍ ធនធានធម្មជាតិ ភាសាមនុស្សនិងជាតិសាសន៍នៃតំបន់អាស៊ាន ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ានតាមរយៈការបង្កើនការផ្សព្វផ្សាយអាស៊ានជាគោលដៅទេសចរណ៍តែមួយ និងជំរុញការរំឮកខួបលើកទី៥០របស់អាស៊ាន។
នាឱកាសនោះផងដែរ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា “អង្គរសង្រ្កាន្ត” ត្រូវបានជ្រើសរើសជាពិធីបុណ្យដ៏ល្អបំផុតមួយក្នុងចំណោមពិធីបុណ្យដែលល្អបំផុតទាំង៥០ (ASEAN’s Best 50 Festivals) ដែលអាស៊ានបានជ្រើសរើសផ្សព្វផ្សាយសម្រាប់អបអរសាទរខួបទី៥០ឆ្នាំ នៃការបង្កើត “សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍” ១៩៦៧-២០១៧ នៅក្នុងក្របខណ្ឌនៃយុទ្ធនាការផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន២០១៧ (VISIT ASEAN@50 campaign) ដោយផ្អែកលើ “គុណតម្លៃ” ក្នុងការលើកស្ទួយការអភិរក្ស និងការលើកតម្លៃវប្បធម៌ និងទំនៀមទំលាប់ តាមរយៈការអប់រំ (Educating) ការចូលរួម (Participating and Celebrating) និងការកម្សាន្តរីករាយ (Enjoying and having Fun) នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ក្នុងនាមជាមហាគ្រួសារខ្មែរជាមួយមិត្តភក្តិអាស៊ានប្រកបដោយស្មារតីសាមគ្គីភាព ភាតរភាព និងសុខដុមនីយកម្មក្នុងតំបន់៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំការពារប្រជាជនឱ្យបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំ

នៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំ​ការពារ​ប្រជា​ជនឱ្យបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំ។​ ​​លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធីបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មហាវិថីសម្តេចតេជោ ហ៊ុន សែន» ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ អំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានការប្រុងប្រយ័ត្ន ទាំងអស់គ្នាក្នុងនោះ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរនៅទូទាំងប្រទេស ត្រូវរៀបចំការពារ ប្រជាជនឱ្យបានល្អនៅក្នុងឱកាសចូលឆ្នាំខាងមុខនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋរបស់យើង សូមបើកបរ ដោយមានការប្រុងប្រយ័ត្ន ចៀសវាងការលេងល្បែងណាដែលនាំដល់​ការគ្រោះថ្នាក់ជា​ពិ​សេស​ការប៉ាតម្សៅ ការគប់ទឹកដល់អ្នកដែលកំពុងតែបើកបរដូចជាបើកឡាន ឬម៉ូតូជាដើម។ ប្រជាពលរដ្ឋ ក៏ត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងអគ្គីភ័យ ដែលអាចកើតឡើងជាយថា​ហេតុ ដោយសារតែការធ្វើបុណ្យទានរបស់យើង ភ្លើងធូប ភ្លើងទៀន ត្រូវតែមានការប្រុង​ប្រ​យ័ត្ន «កុំឱ្យថ្ងៃចូលឆ្នាំក្លាយទៅជាថ្ងៃសោកនាដកម្ម» ការគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារ​តែ​គ្រោះថ្នាក់ចរាចរណ៍ ឬបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិដោយសារតែអគ្គីភ័យ និងការ​គ្រោះ​ថ្នាក់ផ្សេងៗ៕




លោកស្រី ម៉ែន សំអន លើកឡើងថា គ្រប់សាសនានៅកម្ពុជាសុទ្ធតែបានផ្ដល់នូវសុខដុមនីយកម្មក្នុងការអភិវឌ្ឍសង្គមជាតិ

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតី បានថ្លែងថា លើកឡើងថា គ្រប់សាសនានៅកម្ពុជាសុទ្ធតែបានផ្ដល់នូវសុខដុមមនីយកម្មក្នុងការអភិវឌ្ឍសង្គមជាតិ។ លោកស្រី បានថ្លែងដូចនេះ ក្នុងឱកាសបិទពិធីសូត្រគម្ពីរអាល់គួរអានថ្នាក់ជាតិ លើកទី២៦ នៅម៉ាស្ជិទអាល់មូបារ៉ាក់ ស្ថិតក្នុងភូមិពោធិ៍ឥន្ធ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧។
លោកស្រីបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំកម្ពុជាប្រែក្លាយពីប្រទេសដែលបាក់បែកដោយសង្គ្រាមរ៉ាំរ៉ៃ ខេ្ទចខ្ទាំ មកជាប្រទេសដែលមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ហើយចំណែកឯប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងបងប្អូនខ្មែរឥស្លាមផងដែរ ក៏បានរួមរស់ និងប្រាស្រ័យទាក់ទងគ្នាដោយសុខសាន្ត និងមានភាពស្និទ្ធិស្នាល មិនប្រកាន់ពូជសាសន៍ និងសាសនានោះទេ ដោយប្រកាន់យកនូវវប្បធម៌ សន្តិភាព អហិង្សា និងបង្រួបបង្រួមជាតិ ដែលជាបច្ច័យដ៏ល្អសម្រាប់អភិវឌ្ឍប្រទេសជាតិ។ លោកស្រីបានបន្ដទៀតថា ប្រធានបទដែលបានដាក់ចេញ នៅក្នុងពិធីសូត្រគម្ពីរ អាល់គួរអានលើកទី២៦ ស្តីពី ឥស្លាម និងនារី នៅឆ្នាំនេះគឺបានផ្សារភ្ជាប់ទ្រឹស្តីដែលមាននៅក្នុងគម្ពីរអាល់គួរអានទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយ៉ែនឌ័រ ដែលជាការរួមចំណែក ធ្វើឱ្យមានសុវត្ថិភាព សន្តិសុខ សុខដុមនីយកម្ម គុណធម៌ និងមោទនភាពជាតិ។
បេក្ខជន បេក្ខនារី ដែលបានចូលរួមសូត្រគម្ពីរឆ្នាំនេះមានចំនួន ៣៦រូប មកពីគ្រប់ខេត្ដ-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។ បេក្ខជនដែលទទួលបានជ័យលាភី លេខ ១ មកពីខេត្ដពោធិ៍សាត់ និងបេក្ខនារី ដែលទទួលបានជ័យលាភី លេខ១ មកពី រាជធានីភ្នំពេញ បេក្ខជនដែលទទួលបានជ័យលាភីលេខ ២ មកពីខេត្ដក្រចេះ និងបេក្ខនារី ដែលទទួលបានជ័យលាភី លេខ២ មកពីខេត្តកំពត បេក្ខជនដែលទទួលបានជ័យលាភី លេខ ៣ មកពីខេត្ដព្រៃវែង និងបេក្ខនារី ដែលទទួលបានជ័យលាភី លេខ៣ មកពីខេត្តកណ្តាល។

នៅក្នុងឱកាសនោះដែរ លោកស្រី ក៏បានពាំនាំនូវថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយាចំនួន ១០លានរៀល ឧបត្ថម្ភជូនកម្មវិធីនោះផងដែរ៕




រដ្ឋម​ន្រ្តី​ការងារ ណែ​នាំកម្មករ​ទៅ​ទទួលសេវា​ថែទាំ​សុខភាព​​២៤​ម៉ោង ដោយ​​ឥត​​គិត​​ថ្លៃ ពី​មន្ទីរ​ពេទ្យ​ដែលចុះកិ​ច្ចព្រម​ព្រៀង​ជាមួ​យ ប.ស.ស

ព្រះសីហនុ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវណែនាំដល់កម្មករ-កម្មការិនី ឱ្យទៅទទួលសេវាថែទាំសុខភាព ២៤ម៉ោង ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យនានាដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទូទាំង២៥រាជធានី-ខេត្ត ចំនួន ១,២២៤កន្លែង។
ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយរបបថែទាំសុខភាព ដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៦ រោងចក្រសហគ្រាសដែលបានចុះបញ្ជីមក ប.ស.ស មានចំនួន ៣៤៣រោងចក្រ មានកម្មករជាង៣០ម៉ឺននាក់ ហើយកម្មករទៅទទួលសេវាពីមន្ទីរពេទ្យ មានចំនួនជាង៦ម៉ឺននាក់។
លោក អ៊ិត សំហេង បានបន្តថា អត្ថប្រយោជន៍របបថែទាំសុខភាព ដែលកម្មករទទួលពី ប.ស.ស រួមមាន៖
១៖ ទទួលបានសេវាពិគ្រោះជំងឺដោយឥតគិតថ្លៃ
២៖ ទទួលបានការព្យាបាលដោយឥតគិតថ្លៃ
៣៖ ទទួលសេវាពិនិត្យសុខភាព មុន និងក្រោយពេលសម្រាកមាតុភាពដោយឥតគិតថ្លៃ
៤៖ ទទួលសេវាសម្រាលកូនដោយឥតគិតថ្លៃ
៥៖ ទទួលបានសេវាថែទាំ និងបង្ការសុខភាពដោយមិនគិតថ្លៃ
៦៖ រយៈពេល៣ខែ ឈប់សម្រាកមាតុភាពទទួលបានប្រាក់ខែ ៥០% ពីថៅកែរោងចក្រ និងទទួលបាន ៧០% ពី ប.ស.ស សរុប ១២០%។
សូមជម្រាបផងដែរថា នៅក្នុងខេត្តព្រះសីហនុ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យចំនួន ១៦កន្លែង រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មណ្ឌលសុខភាពក្រុងព្រះសីហនុ, មណ្ឌលសុខភាពសង្កាត់១ មណ្ឌលសុខភាពវាលរេញ មណ្ឌលសុខភាពអណ្តូងថ្មមណ្ឌលសុខភាពទឹកល្អក់ មណ្ឌលសុខភាពទួលទទឹង មណ្ឌលសុខភាពស្ទឹងហាវ មណ្ឌលសុខភាព ហ៊ុន សែន កែវផុស មណ្ឌលសុខភាពជើងគោ មណ្ឌលសុខភាពអូរឧកញ៉ាហេងមណ្ឌលសុខភាពអូរជ្រៅ មណ្ឌលសុខភាពអូរតាសេក មណ្ឌលសុខភាពតក្កវិទ មណ្ឌលសុខភាពរាម មណ្ឌលសុខភាពព្រៃនប់។
នៅចុងឆ្នាំ២០១៧នេះ ក្រសួងការងារ គ្រោងនឹងដាក់ឱ្យដំណើរការ នូវរបបសោធននិវត្តន៍ សម្រាប់កម្មករនិយោជិត។ ផ្អែកតាមច្បាប់សន្តិសុខសង្គម កម្មករនិយោជិតដែលកំពុងបម្រើការងារ នៅតាមសហគ្រាស គ្រឹះស្ថាន ជាពិសេសកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារនៅតាមរោងចក្រកាត់ដេរ នឹងទទួលបានប្រាក់ខែចូលនិវត្តន៍ នៅពេលដែលពួកគាត់មានអាយុចាប់ពី ៥៥ឆ្នាំឡើងទៅ៕


ហ្វេសប៊ុក Boulam San៖ មូលនិធិ កែម ឡី ប្រមូលលុយដាក់ហោប៉ៅ ឈ្លោះគ្នាបែកខ្ទិះ!

ទំព័រហ្វេសប៊ុក Boulam San បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «មូលនិធិ កែម ឡី ប្រមូលលុយដាក់ហោប៉ៅ ឈ្លោះគ្នាបែកខ្ទិះ! » នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ដែលអត្ថបទនេះ បានបញ្ជាក់ពីការកិបកេង និងស៊ីដាច់លុយមូលនិធិក្បត់គ្នា​ព្រោះតែលាភ​សក្ការៈ។
ហ្វេសប៊ុក Boulam San បញ្ជាក់ថា៖ ថាមែនៗ ក្រុមអ្នកអួតខ្លួនថា កែម ឡី និយម តាមពិតជាក្រុមកេងចំណេញពីសពលោកបណ្ឌិត កែម ឡី មែន។ កេងចំណេញនយោបាយមិន អស់ចិត្ត ឥឡូវកេងចំណេញលុយដាក់ហោប៉ៅទៀត។ ពិតជាកាក់កបមែន!
Boulam San បានបញ្ជាក់ថា មូលនិធិ កែម ឡី ដែលមានលោកបណ្ឌិត ឡៅ ម៉ុងហៃ ជាប្រធាន បណ្ឌិតមាស នី និង ក្រុមអ្នកអះអាងថាកែម ឡីនិយមរួមទាំងក្រុម យុវជនដែលយកឈ្មោះលោក កែម ឡី មកបិទបាំងដែរនោះ ដឹកនាំដោយឈ្មោះ ហង់ ពិទូ ពេលនេះកំពុងឈ្លោះគ្នាឡើងបែកខ្ទិះដោយសារ រឿងស៊ីដាច់លុយមូលនិធិ ក្បត់គ្នាព្រោះតែលាភសក្ការៈ។ ស្តាប់អស់លោកបណ្ឌិត និងក្រុមយុវជនទាំងនេះនិយាយ តាមរយៈវិទ្យុអាស៊ីសេរី ជាឧបករណ៍បំពងសំឡេង ពិតជាទំនងណាស់។ ម៉ាត់ណាក៏ពួកគេនិយាយប្រដៅគេពីរឿងតម្លាភាព ម៉ាត់ណាក៏រិះគន់គេពីកង្វះតម្លាភាព តែឥឡូវស្រាប់តែនាំគ្នាប្រមូលលុយដាក់ហោប៉ៅរៀងៗខ្លួន។ បច្ចុប្បន្ននេះ គ្មានអ្នកណាដឹងថា តើលុយចូលមូលនិធិមានប៉ុន្មាន? មកពីប្រភពណាខ្លះ? ប្រើលើអ្វីខ្លះ? គ្មានរបាយការណ៍ គ្មានតម្លាភាព ហើយសមាជិកស្ថាបនិកទាំង ១៥ នាក់កំពុងឈ្លោះគ្នា ឆ្លើយដាក់គ្នា គ្មានអ្នកណាទទួលខុសត្រូវឡើយ។
ហ្វេសប៊ុក Boulam San ក៏បានបញ្ជាក់ថា ប្រភពផ្ទៃក្នុងនៃសមាជិករបស់មូលនិធិនេះឱ្យដឹងថា គេបានយកលិខិតផ្ទេរសិទ្ធិរបស់ភរិយាសពលោក កែម ឡី យកទៅបើកគណនីធនាគារដើម្បីប្រមូលប្រាក់យ៉ាងអនាធិបតេយ្យ និងប្រមូលប្រាក់ដាក់ហោប៉ៅយ៉ាងកាក់បកបំផុត។ ជម្លោះផ្ទៃក្នុងមូលនិធិនេះកាន់តែរីកធំឡើង ហើយអាចនឹងផ្ទុះក្នុងពេលឆាប់ៗនេះ។ ពិតជាអត់ខ្មាសអៀនមែន! កេងចំណេញពីសពទាំងនយោបាយ ទាំងលុយដាក់ហោប៉ៅទៀត!

រដ្ឋមន្រ្តីសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ក្នុងការពិសាចំណីអាហារ និងការបើកបរក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាង​មុខនេះ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវ​នាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការ​ពិសា​​ចំណីអាហារ និងការបើកបរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណី​ជាតិ ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោករដ្ឋមន្ដ្រីលើកឡើងបែបនេះ ក្នុងឱកាសចុះសំណេះសំណាល សួរសុខទុក្ខ និងចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិត​ថ្លៃនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែ​មេសា ឆ្នាំ២០១៧។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ត្រូវតែយក​ចិត្ដទុក​​ដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការបរិភោគចំណីអាហារនានា មិនថានៅទីណាកន្លែងណាទេ ទាំងបន្លែ ផ្លែឈើ នំចំណី ត្រូវលាងទឹក​ឲ្យស្អាត ចម្អិនឲ្យបានឆ្អិនល្អ បន្លែង ឬសាច់ ឆ្អិន ឆៅ ត្រូវដាក់ដោយ​ឡែក​​ពីគ្នា ។ សម្រាប់នៅទីវត្ដអារាម លោកតា លោកយាយ ត្រូវលាងចានឆ្នាំងឲ្យបានស្អាត ទឹក​ដាំ​​ឲ្យបានពុះ ការដាក់ម្ហូបអាហារ ឲ្យមានអនាម័យ ជៀសវាងការពុល​ចំណី​អាហារកើតមានឡើង៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងជាថ្មីថា សុខសន្តិភាពគឺជាគ្រឹះមូលដ្ឋានក្នុងការអភិវឌ្ឍជាតិ

នៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងជាថ្មីថា សុខសន្តិភាពគឺជាគ្រឹះមូលដ្ឋានក្នុងការ​អភិវឌ្ឍជាតិ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធីបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មហាវិថីសម្តេចតេជោ ហ៊ុន សែន» ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាក់ថា សុខសន្តិភាព គឺជាគ្រឹះ​មូលដ្ឋានក្នុងការអភិវឌ្ឍគ្រប់បែបយ៉ាង បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍ​ទៅរួច​ដែរ។ នៅក្នុងឱកាសនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់​រួប​រួម​គ្នា​ដើម្បីថែរក្សាការពារសន្តិភាពដែលយើងរកបានដោយលំបាកនេះផងដែរ៕


គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិភាក្សារបៀបវារៈមួយចំនួននៅថ្ងៃនេះ

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំពិភាក្សាទៅលើរបៀបវារៈមួយចំនួន ក្រោមអធិបភាព លោក ហេង សំរិន ប្រធានរដ្ឋសភា៕


ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធមហាវិថីសម្តេចតេជោ

នៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធីបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មហាវិថីសម្តេចតេជោ ហ៊ុន សែន» ហៅផ្លូវ​៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។
ខាងក្រោមនេះគឺជាប្រសាសន៍សំខាន់ៗមួយចំនួនដែលលោកបានថ្លែងនាឱកាសនោះ ដែលមានខ្លឹមសារដូចខាងក្រោម៖
-មហាវិថីសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបម្រើផលប្រយោជន៍រួមរបស់ប្រជាជនទូទាំងប្រទេស និងដោយឡែកសម្រាប់ពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញប៉ុណ្ណោះទេ តែយើងក៏អាចកែច្នៃជាផ្លូវសម្រាប់យន្តហោះចុះចត ក្នុងគ្រាមានអាសន្នផងដែរ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
– ប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបានតំឡើងនៅថ្ងៃទី១ ខែមេសានេះហើយ ហើយធានាបើកឲ្យ បានមុនថ្ងៃទី១០ ដែលហៅថា ប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំ សាច់ប្រាក់កើនឡើង សញ្ញាប្រាក់រៀល របស់យើងមិនមានការធ្លាក់ចុះនោះទេ។
– សង្ឃឹមថា ឆ្នាំនេះ មិនក្ដៅពេកមិនត្រជាក់ តែយ៉ាងណាក៏ដោយ ត្រូវស្ដាប់ការព្យាករ របស់ក្រសួង ធន ធានទឹក និងឧតុនិយម ដើម្បីដឹងស្ថានភាព អាកាសធាតុ ។
-អំពាវនាវដល់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ពិសេសកម្លាំងប្រដាប់អាវុធ ត្រូវការពារប្រជាពលរដ្ឋឲ្យមានសុវត្ថិភាពទាំងអស់គ្នា សម្រាប់ការចូលឆ្នាំខាងមុខនេះ។
-ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សូមប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្ន។ ចៀសវាងការលេងបាតម្សៅ ជះទឹក នាំឲ្យគ្រោះថ្នាក់ដល់អ្នកបើករថយន្តជាដើម ឬបើកម៉ូតូ
-នៅតែបន្តអំពាវនាវដល់ម្ចាស់រថយន្តដឹកអ្នកដំណើរទាំងអស់កុំតម្លើងថ្លៃក្នុងឱកសបុណ្យចូលឆ្នាំខាងមុខនេះ។

– អំពាវនាវចំពោះម្ចាស់ រថយន្តខិតខំយ៉ាងណា ជួយទៅដល់ប្រជាពលរដ្ឋ ដែលជាសាច់ឈាម របស់ យើងក្នុងការធ្វើដំណើរ ពីទីក្រុងភ្នំពេញ ទៅកាន់ភូមិកំណើត៕


លិខិតមិត្តអ្នកអាន៖ បំបែកអាថ៌កំបាំង CNRP ទង់ព្រះអាទិត្យ ជាទង់ក្រពើ ? (ភាគ២)

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧កន្លងទៅ» បន្ទាប់ពីមាន ការចេញផ្សាយលិខិតមិត្តអ្នកអាន ដែលសរសេរដោយ សុភា ទន្សាយ ជាមួយចំណងជើងថា «បំបែកអាថ៌កំបាំង CNRP ទង់ ព្រះអាទិត្យ ជាទង់ក្រពើ ? (ភាគ១) ដោយនៅយប់ ចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ លិខិតរបស់ សុភា ទន្សាយ ចំណងជើងដដែល «ភាគ២» ក្នុងនោះ បាន លើក ឡើង យ៉ាង លម្អិតអំពីក្រុមអ្នកពិភាក្សានយោបាយរបស់ CamPro។
ទ្រឹស្តីរបស់ Carlos Castaneda ក្នុងសៀវភៅយុទ្ធសាស្ត្ររបស់ Sun Tzu ដែលសរសេរចង្រក្រងដោយអ្នកនិពន្ធល្បីល្បាញ ឈ្មោះថា Gary Gagliardi ក្រោមចំណងជើងថា «សិល្បៈ នៃសង្គ្រាម» បានបញ្ជាក់ន័យមកថា The different between a true warrior and an ordinary person is that the warrior sees everything as a challenge while an ordinary person sees everything as a blessing or a curse មានន័យជាខេមៈភាសាថា ភាពខុសគ្នារវាងអ្នកចម្បាំងពិត និង ជាមនុស្សធម្មតានោះ គឺថាអ្នក ចម្បាំងមើលឃើញអ្វីគ្រប់យ៉ាង ដែលជាបញ្ហាប្រឈមមួយ ខណៈមនុស្សធម្មតាមើលឃើញ នូវអ្វីៗគ្រប់យ៉ាងថា ត្រឹមជាការប្រទានពរ និងបណ្តាសារ។
នឹកដល់ចំណុចនេះ សុភា ទន្សាយ នឹកស្រណោះពាក្យទាំង ឡាយរបស់សមាជិកសកម្មរបស់ CamPro មួយចំនួនដែល មានលំអៀងទៅបក្សប្រឆាំង បានប្រតិកម្មមក លើអត្ថបទ ទីមួយរបស់ សុភា ទន្សាយ កាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ០១៧ កន្លងទៅថ្មីៗនេះ។ មិនចម្លែកទេ ដែលអ្នកមាន របៀបវារៈ លាក់បាំងខំប្រណាំងឆ្លងឆ្លើយបញ្ជាក់ ពីការសង្ស័យនោះ ខណៈក្រុមអ្នកគ្មានការ ពាក់ព័ន្ធយល់ថា វាជាការបញ្ចេញមតិ ដើម្បីកែតម្រូវក្រុមដែលហៅខ្លួនគេថា ក្រុមវិជ្ជាជីវៈបែរជាភ្លាំង ភ្លាត់ធ្លាក់ក្នុងសំណាញ់ក្រុមអ្នក មានឆន្ទៈប្រឆាំងនឹងរដ្ឋាភិ បាលពិសេសគណៈបក្សប្រជាជនកម្ពុជា។
ពួកគេខ្លះ ម្នាក់ៗអន្ទះសារចង់ស្វែងរក សុភា ទន្សាយ ឲ្យ ឃើញដើម្បីចាប់អាំងប្រឡាក់អំបិល តាមតែចិត្តគេកំពុងខឹង ព្រោះតែបានវាយប្រហារ ពួកគេចំចំណុចល្អពេករហូតមាន អ្នកខ្លះក្នុងក្រុមរត់ព្រោងព្រាតប្រើប្រាស់គ្រប់មធ្យាបាយ ដើម្បី ស្វែករក ដោយមិនគិតខ្វល់រឿង សុភា ទន្សាយ និយាយត្រូវ ហើយខំកែខ្លួនឲ្យជៀសឆ្ងាយ ពីការបង្កើតកំហុសទាំងឡាយ ពីក្រុមដែល បានព្យាយាមមានឥទ្ធិពលប្រើប្រាសវេទិការនេះ ដើម្បីចំណេញនយោបាយ។ អ្នកខ្លះទៀតនិយាយថា តើ សុភា ទន្សាយ អាចដឹងពីក្រុម CamPro ដោយរបៀបណា? ចំណែកអ្នកខ្លះ ដែលទើប តែចេះធ្វើ កិច្ចការ ស្រាវ ជ្រាវ សង្គម មិនបាន១០ឆ្នាំផង ប្រឹងនិយាយថា អត្ថបទនេះ គ្មានលក្ខណៈ Academic សោះ? ហើយមានចេតនាញ៉ុះញ៉ង់ និងលាប ពណ៌។ ចេះនិយាយចឹងកើតដែរ !..

បើវាគ្រាន់តែជាអត្ថបទបញ្ចេញទស្សនៈមួយសោះ តើត្រូវ តម្រូវតាមស្តង់ដារ Academic ម្តេចក៏កើត? បើអត្ថទនេះ មិនមានអ្នកជួយឧបត្ថម្ភការ ស្រាវជ្រាវ និងសរសេរផង? សូមជូនពន្លឺទៅវិញមួយចុះ ដើម្បីស្វែងរក សុភា ទន្សាយ ថា ជានរណាពិតប្រាកដ។ សុភា ទន្សាយ រៀនចប់និងធ្វើការ ស្រាវជ្រាវ តាំងពីជាង២០ឆ្នាំមុនម៉្លេះ មុនពេលអ្នកតបត ខ្លះ រៀនមិនទាន់ចប់ពីសាលាផងពេលនោះ។ ហើយអត្ថបទអត់បានលុយនេះ សុភា ទន្សាយ ធ្វើការ សរសេរ ត្រឹមតែការក្រើនរំលឹកប៉ុណ្ណឹង អាចសម្មមគ្រប់គ្រាន់ពេកហើយ ដើម្បីពញ្ញាក់ស្មារតីអ្នកកំពុងត្រៀមគិត និងដើរក្នុងផ្លូវខុស នោះ។

សមាជិក CamPro មានភាពលំអៀង ផ្នែកនយោបាយ ខ្លះ កំពុងយល់ថា Strategy is the science of positioning. All of strategy can be reduced to techniques for understanding your position and advancing it។ សុភា ទន្សាយ ចេះ អង់គ្លេសតិចតូចដែរ ហើយចង់បញ្ជាក់ ឃ្លាខាងលើ ដោយ ចង់ ពន្យល់ប្រាប់ថា ពិតហើយវាពិតជាមានពួកបញ្ញវន្ធដែល ប្រឹង លាក់ខ្លួនសន្សំចិត្តរក្សាគំនិតធ្វើបដិវត្តន៍នៅក្នុងក្រុមវិជ្ជា ជីវៈជា ច្រើននោះមែន ដើម្បីឈរក្នុងទីតាំងមួយរឹងមាំ ប៉ុន្តែវាពុំបាន លាក់បាំង សុភា ទន្សាយ ដែលស៊ីខ្មៅជិតៗនោះទេ។
យុទ្ធសាស្ត្រនេះ ផ្តួចផ្តើមដោយមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមានសមាជិកថ្មីៗច្រើនឡើងៗ ពួកគេបានបង្វែនូវ យុទ្ធសាស្ត្រដែលបង្ហាញ ពីការពិត នៃទីលាក់ កំបាំងនោះ ទាំង ស្រុងតាមរយៈការវាយប្រហារផ្នែកចិត្តសាស្ត្រ និងស្មារតីជា មួយអត្ថបទ ឬមតិលំអៀងរបស់ខ្លួន។ ពួកគេខ្លះ ធ្វើហួសពីការ បញ្ចេញមតិដោយមិនដឹងខ្លួន ខ្លះជជែកនយោបាយ បាយ ដូចពួកអ្នកក្នុងតៀមកាហ្វេចិញ្ចើមថ្នល់ ដើម្បីហុចដៃឲ្យក្រុម ខ្លួន បើកសមរភូមិវាយប្រហារតាមច្រកផ្សេងៗទៀត ដើម្បីវែក ញ៉ែកស៊ីជំរៅ ហែកហួរពីភាពអសកម្មរបស់រដ្ឋាភិបាល។

អ្នកសម្របស្រួល CamPro ខ្លះដែលមិន បានចាប់ អារម្មណ៍ រឿងនេះ បានស្ទុះស្ទារធ្វើការត្រួតពិនិត្យឡើងវិញអំពីផ្នែកច្បាប់ អំពីគោលកាណ៍ និងក្រមវិន័យរបស់ក្រុមខ្លួន។ វាគឺជាសញ្ញា វិជ្ជមាន ប៉ុន្តែសមាជិកខ្លះដែលមានបេះដូងបដិវត្តន៍ ហើយ កំពុងត្រូវគេបានកត់សំគាល់យ៉ាងច្បាស់ ជាង៣ឆ្នាំមកនេះ នៅ តែខំអភិវឌ្ឍន៍គំនិតបដិសេធ និងការពាក់ព័ន្ធរបស់ខ្លួន ចិញ្ចឹម ចិត្តបើកសមរភូមិចិត្តសាស្ត្រ និងមនោគមន៍វិទ្យាតាមរូបភាព ផ្សេងៗគ្នា។
ថ្មីៗនេះ ក្រុមអ្នកគ្រប់គ្រង CamPro និងអ្នកសម្របសម្រួល បានចេញប្រកាសនូវក្របខ័ណ្ឌច្បាប់ គោលនយោបាយ និង ក្រមសិលធម៌វិជ្ជាជីវៈ របស់ខ្លួនដើម្បីគេចចេញពីការសង្ស័យ និងចោទប្រកាន់របស់ សុភា ទន្សាយ ម្នាក់នេះ។ តាមការ ពិនិត្យបើមើលដ៏ហ្មត់ចត់នៃទស្សនៈវិស័យនៃក្រុម CamPro ក្នុងមាត្រា២ ដែលបានចែងថា៖ ចង់ឃើញប្រទេសកម្ពុជា មានការរីកចម្រើនដូចប្រទេសជិតខាងក្នុងឆ្នាំ២០៣០….ជាការគួរគត់សំគាល់ ខ្លាំងណាស់។ ពិតណាស់ទស្សនៈវិស័យ គ្រាន់ តែជាត្រីវិស័យចង្អុល នៃអ្វីដែលគេស្រម៉ៃចង់បាន ហើយមិន ប្រាកដថា វាអាចបានទៅដល់ទេ ប៉ុន្តែវាបានបង្កប់នូវគោល ដៅនយោបាយស៊ីជំរៅមួយ។
ប្រៀបធៀបទៅនិងគុណតម្លៃក្រមសីលធម៌ ព្រមទាំងសកម្ម ភាព និងគោលការណ៍ និងដែលបាន ដាក់ចេញហើយបាន ចែងយ៉ាងច្បាស់ក្នុងមាត្រា ៣ ៤ និង៥ វាហាក់មិនស៊ីគ្នាសោះ ក្រៅពីថា ការប្រើប្រាស់វេទិការ ការពិភាក្សា និងការចែក រំលែកគ្នា នូវការចូលរួមវិភាគទានផ្នែកគំនិត និងស្មារតី មិន អាចជួយបំពេញមហិច្ឆិតានៃទន្សនៈវិស័យនោះបានទេ ពួកគេ មានតែបានត្រៀមរួច ជាស្រេចក្នុងការបង្កើតការបណ្តុះ មន សិការ ពង្រឹងឆន្ទះឆ្អិនឆ្អៅ និងសាបព្រោះមនោគមន៍វិទ្យា ក្រោម រូបភាពការចូលរួមបំផុសគំនិតពីការខ្វល់ខ្វាយ ពី សង្គម ជាតិ ហើយអនុញ្ញាតិបោះដៃ ឲ្យភាគី ប្រឆាំងរដ្ឋាភិបាល មាន គំនិតកាន់តែទូលាយ ដើម្បីវាយប្រហារ។
តើនរណាអាចជឿថា ទាំងនេះមិនមែនជាទស្សនៈ និងត្រី វិស័យផ្នែកចិត្តសាស្ត្រ និងមនោគមន៍វិទ្យាបដិវត្តន៍? វាពិត ណាស់ អ្នកបានរៀបចំគំនិត នេះយល់ថា បើប្រជាជនមានការ យល់ដឹងគ្រប់គ្នាក្នុងពេលមួយ នោះការប្រែប្រែសង្គម និង ថ្នាក់ ដឹកនាំប្រទេសជាតិនឹងបានសម្រេច ហើយបដិវត្តន៍ ចិត្តសាស្ត្រ នឹងមកគ្របដណ្តប់ជួយពួកគេឲ្យប្តូររបប និងអ្នកដឹកនាំឲ្យពួក គេបាន។ បើតាមការយល់របស់ សុភា ទន្សាយ វាគឺជា គ្រាប់ បែកប្រល័យ កម្ពុជា ដែលបានកំណត់ម៉ោងផ្ទុះ ហើយវា ពិត ជាមានការគិតគូរវែងឆ្ងាយណាស់ ព្រោះថា ឆ្នាំ២០៣០ មិន មែនមកដល់នៅថ្ងៃស្អែកទេ ហើយតាម រយៈសកម្មភាពពួកគេ ពួកគេគ្មានថ្ងៃបំពេញអោយសម្រេចបានទស្សនៈវិស័យនេះទេ ហើយក្រៅពីបង្កើតសង្គ្រាមចិត្តសាស្ត្រ ក៏គ្មានការដាក់ចេញ នូវ ទស្សនៈវិស័យវែងឆ្ងាយដូច្នេះដែរ? តើនរណាមិនជឿថា ពួក បច្ចឹមប្រទេសដែលមានការដឹកនាំដោយអាមេរិក ពួកបដិវត្សន៍ វៀតណាម និងក្រុមឆ្វេង និយមមិនប្រើប្រាស់ឱកាសមាសនេះ ដើម្បីឲ្យមានការផ្លាស់ប្តួរ? សូមជម្រាបថា ផ្នែកផ្លូវច្បាប់ Cam Pro នេះគ្មានទេ ហើយការទទួលខុសត្រូវជាមួយ រដ្ឋាភិ បាល នៅតែជាចំណោទគ្មានចម្លើយសោះ។
The secret to success is not beating the competition. Success is competition requires wisely managing limited resources. ផ្នែកមួយនៃយុទ្ធសាស្ត្រសង្គ្រាមដ៏ជោគជ័យរបស់ Sun Tzu គឺប្រើការវាយប្រហារផ្នែកស្មារតី និងចិត្រ សាស្ត្រ ជាជាងប្រើកំលាំងទ័ព។ អ្វីជាអាថ៌កំបាំងនៃយុទ្ធសាស្ត្រនេះ? នរណាជាអ្នកបង្កើត CamPro? ហើយស្ថាបនណា ជាអ្នក នៅពីក្រោយ ផ្គត់ផ្គង់ផ្នែកបច្ចេកទេសប្រយុទ្ធ និងថវិកា? តើ ការបរិច្ចាកដោយសមាជិក អាចយកទៅបម្រើ កិច្ចការគ្រ ប់គ្រាន់ទេ? តើអ្វីជារបៀបវារៈដែលលាក់បាំងនៅពីក្រោយ?

មិនមានអ្វីជាអាថ៌កំបាំងទេ បើអាថ៌កំបាំងមិនមែនជាអាថ៌ កំបាំង? ការបង្កប់មនោគមន៍វិទ្យាបដិវត្តន៍គំនិត និង ការការ គិតទៅរកផ្លូវប្លាស់ប្តូរ ជាជាងជួយកែលំអ និងកសាង សង្គម វិជ្ជមាន ជាបញ្ហាដំបូងដែលក្រុមគេវិនិយោគ។ សមាជិក ខ្លះក្នុង ក្រុមនេះបានបង្កប់ខ្លួនទៅក្នុងក្រុមបញ្ញវ័ន្តបាន យ៉ាងជ្រៅ ហើយសំងំបញ្ចេញមតិប្រឆាំង និងរដ្ឋាភិបាល។ នៅពេល ពួកគេបំផុសពីបញ្ហា និងការជជែកវែកញ៉ែក ផ្នែកនយោបាយ ណាមួយ ពួកគេបោះ ដៃឲ្យគ្នាគេដែល មាននិន្នា ការប្រឆាំង រដ្ឋាភិបាលស្វែងយល់ពីបញ្ហា ដើម្បីបន្តយកវាយប្រហារ ក្រោមរូបភាពផ្សេងគ្នា។
ពេលខ្លះពួកគេធ្វើជាជិតស្និទជាមួយ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូល និងអាហារពេលថ្ងៃ ឬល្ងាច ដើម្បីបានស្តាប់ និងចាប់ជំរិតមន្ត្រីណាមួយនោះឲ្យចូល ស៊ង របស់ពួកគេ? នរណាមិនដឹងថា ក្រុម CamPro មាន អ្នក នយោបាយ CPP (តិចតួចបំផុត អាចជាក្រុមភាគតិចជាងគេ)CNRP វិទ្យុអាស៊ីសេរី (RFA) សម្លេងសហរដ្ឋអាមេរិក (VOA) សម្លេងប្រជាធិបតេយ្យ (VOD) និងកាសែត Cambodia Daily, Phnom Penh Post និងជនលាក់មុខមួយចំនួនទៀត ដែលមាន ចំនួនគ្នាច្រើន ប្រៀបបានក្រុម សឹង្ហ តោ ខ្លា និង សុនខ អាជី ណា ។ល។ ត្រៀម សហការបើក ការវាយប្រហារ ដល់ក្រុម អមិត្តរបស់ខ្លួន ដើម្បីធ្វើការបម្រើ ឆន្ទះលាក់បាំង ក្នុងការ ប្រឆាំងផ្តួល រដ្ឋាភិបាល និងបំពេញ មហិច្ឆិតាប ដិវត្សន៍ របស់ ខ្លួន? តើរដ្ឋាភិបាលខ្មែរល្ងង់ណាស់ ដែលមិនបានដឹង និង ចាប់អារម្មណ៍រឿងទាំងនេះ?
បើមិនចង់ឲ្យគេដឹង មានតែកុំធ្វើ ហើយបើមិនចង់អោយគេធ្វើ មានតែកុំផ្តួចផ្តើម ហើយបើបានជាផ្តើម គួតែផ្តើមជាមួយ គំនិតស្អាតស្អំ គេចចេញពីការ ធ្វើឲ្យមានពាក់ ព័ន្ធក្នុង ការ សង្ស័យទាំងឡាយ។ ចំណុចនេះ សុភា ទន្សាយ ចង់ ក្រើន រំលឹកដល់ក្រុមអ្នកសម្របសម្រួល CamPro និងសមាជិក មួយ ចំនួន៕

ដោយ៖ សុភា ទន្សាយ



ចៅចាក់ស្មុក ៖ ជំងឺតួឯករបស់ សម រង្ស៊ី

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុកបានបង្ហោះនូវអត្ថបទមួយដែលមានចំណងជើងថា ជំងឺតួឯករបស់ សម រង្ស៊ី ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ពេលស្តាប់អ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី អតីតមេបក្សព្រះអាទិត្យនិយាយពីការចុច like នៅក្នុងប្រព័ន្ធហ្វេសប៊ុក និងបន្តចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថាបានទិញទឹកចិត្តឱ្យលុយរបស់ពលរដ្ឋនៅប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ប្រេស៊ីល ឱ្យចុច like គេហទំព័ររបស់សម្តេច។ ការចោទប្រកាន់ដែលត្រូវបានកាត់ទោស អតីតមេបក្សនេះឱ្យជាប់ពន្ធនាគារ និងត្រូវបានពិន័យជាប្រាក់រួចស្រេចទៅហើយ។
បរិហារកេរ្តិ៍មិនអស់ចិត្តលើការឱ្យលុយដើម្បីចុច like លើហ្វេសប៊ុក ទណ្ឌិត សម រង្ស៊ី ក៏បាននិយាយបែបស្ទើរភ្លើងមិនយល់ពីការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ឬនិយាយបែបល្ងិតល្ងង់ថា នៅពេលបោះឆ្នោតនៅកម្ពុជាខាងមុខ សូមហៅពលរដ្ឋឥណ្ឌា ឥណ្ឌូនេស៊ី ឬប្រេស៊ីលមកបោះឆ្នោតទៅ! និយាយបែបនេះ មានន័យថា សម រង្ស៊ី ហាក់ដូចជាចាត់ទុកពលរដ្ឋមិនយល់ពីប្រព័ន្ធទំនាក់ទំនងសង្គម ខណៈប្រព័ន្ធទំនាក់ទំនងសង្គមគឺជាទំនាក់ទំនងសកល ហើយការបង្កើតទំព័រហ្វេសប៊ុកមិនមែនសម្រាប់តែប្រជាជននៅក្នុងប្រទេសម្ចាស់ទំព័រហ្វេសប៊ុកនោះចុច like ឡើយ។ នេះគឺជាការយល់ច្រឡំដ៏ធំ ឬក៏អតីតមេបក្សប្រឆាំងនេះដឹង ប៉ុន្តែធ្វើមិនដឹង ខណៈហ្វេសប៊ុករបស់ខ្លួនក៏ទទួលបានការចុច like ពីជនបរទេសមកពីប្រទេសផ្សេងៗដូចគ្នាដែរ។ ដូចអ្វីដែលពលរដ្ឋកម្ពុជា ថៃ ឡាវ វៀតណាម បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ចុច Like ទំព័រហ្វេសប៊ុករបសអតីត់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី ដូណាល់ត្រាំ ពូទីន ហ៊ីឡារី គ្លីនតុន ជាដើម ដើម្បីទទួលបានព័ត៌មានពីមេដឹកនាំទាំងនោះ។ តេជោ សែន ក៏ដូចគ្នា ក្នុងនាមជាមេដឹកនាំដែលដឹកនាំប្រទេសយូរជាងគេ និងជាបុរសខ្លាំងរបស់ កម្ពុជា ក៏ត្រូវបានចាប់អារម្មណ៍ និងតាមដានព័ត៌មានពីប្រជាពលរដ្ឋផ្សេងទៀតនៅលើពិភពលោក។
អ្វីដែល សម រង្ស៊ី ចោទប្រកាន់នេះគឺគ្រាន់តែជាកលល្បិចនយោបាយប៉ុណ្ណោះ ក្នុងបំណងដើម្បីបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ សម្តេច ហ៊ុន សែន និងមានចរិតច្រណែនឈ្នានីសដែលដំបូងឡើយ សម រង្ស៊ី ខ្លួនឯងបានប្រកាសពីជោគជ័យនៅលើហ្វេសប៊ុក រហូតដល់ប្រកាសខ្លួនឯងថាជានាយករដ្ឋមន្ត្រីហ្វេសប៊ុកផងដែរ។ ប៉ុន្តែឥឡូវនេះ ហ្វេសប៊ុក សម រង្ស៊ី ចាញ់ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ដល់ទៅ ៣ លានសំឡេងឯណោះ ហើយងាកមករករឿងគេឯងដូចជ្រូកពុលបាយ។ ពិតជាមិនចោលគំនិតមែន! មិនមែនចាញ់ការបោះឆ្នោត ឡាំប៉ា តវ៉ាដើម្បីឡើងតម្លៃខ្លួនទេ សូម្បីលេងហ្វេសប៊ុកចាញ់គេ ក៏ចាប់ផ្តើមចោទគេថាយកលុយទៅទិញទឹកចិត្តពលរដ្ឋឥណ្ឌា ឥណ្ឌូនេស៊ី ប្រេស៊ីល ដើម្បីចុច like ហ្វេសប៊ុក។ ប្រឆាំង ច្រឡំផ្លូវចុះ ប្រឆាំងទាំងឆន្ទៈអ្នកលេងហ្វេសប៊ុកទៅទៀត។
ក្នុងចិត្ត និងគំនិតរបស់អ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី រួមនឹងសកម្មជនរបស់ខ្លួនមួយចំនួនយល់ថាមានតែខ្លួនប៉ុណ្ណោះដែលគិតត្រូវ ធ្វើត្រូវ យល់ត្រូវ ចំណែកអ្នកមិនមែនខ្លួន ឬក្រុមខ្លួនធ្វើអ្វីសុទ្ធតែខុស ហើយអ្នកចុច like ហ្វេសប៊ុកសុទ្ធតែចំណាយលុយទិញ។ ត្រូវ ឬមិនត្រូវ ដឹងហើយ សូម្បីតែលក្ខន្តិកៈខ្លួនឯងមើលមិនយល់ ដើរខុសផ្លូវច្បាប់ផង។ សម រង្ស៊ី មិនគួរធ្វើជាតួឯកក្នុងរឿងហ្វេសប៊ុកទេ!!

ដោយចៅចាក់ស្មុក


មរណភាព​របស់​សម្ដេច សុខ អាន ឧបនាយក​រដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា កាសែត ឡឺ ម៉ុងដ៍ (បារាំង)

Mort de Sok An, vice-premier ministre du Cambodgeចេញ​ផ្សាយ​ថ្ងៃ​ទី​២៤ ខែ​មិនា ឆ្នាំ​២០១៧
ដោយ​លោក​ស្រី Florence Evin​
សម្ដេច សុខ អាន ឧបនាយករដ្ឋមន្ត្រី​កម្ពុជា បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃពុធ ទី​១៥ មិនា នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ក្រុង​ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច​ នឹង​មាន​អាយុ​៦៧​ឆ្នាំ​បើ​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ២០១៧។ មាន​ងារ​កិត្តិយស​ជា​ សម្ដេច​វិបុល​បញ្ញា សព​សម្ដេច សុខ អាន​ ត្រូវ​បាន​ធ្វើ​ឈាបនកិច្ចកាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មិនា នៅ​រាជធានី​ភ្នំពេញ នៅ​ឈា​បនដ្ឋាន​មួយ​​មុខ​វត្ត​បុទុមវតី។ ​ ដូច​​រៀង​រាល់​ឆ្នាំ​ដែរ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា សម្ដេច​បាន​ធ្វើ​ជា​អធិបតីភាព​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​​ទី​២៣នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​ដើម្បី​កិច្ចការ​អភិរក្ស ​និង​អភិវឌ្ឍន៍​ឧទ្យាន​ប្រវត្តិសាស្ត្រអង្គរ ដែល​ហៅ​កាត់​​ថា អាយ​ស៊ីស៊ី​ អង្គរ។ ឧទ្យាន​អង្គរ​ជា​រមណីយដ្ឋាន​លេច​ធ្លោ​មួយ​នៃ​មហា​​​អាណាចក្រ​ខ្មែរ (សតវត្ស​ទី​៩ ដល់​សតវត្ស​ទី​១៤)។ រូប​ប្រាសាទ​អង្គរ​វត្ត​មាន​នៅ​លើ​ទង់​ជាតិ​ខ្មែរ ដែល​សម្ដេច​ សុខ អាន ចាត់​ទុក​ខ្លួន​សម្ដេចថាជា​អ្នក​ការពារ​អង្គរមួយ​រូបផងដែរ។

អាយ​ស៊ីស៊ី​ អង្គរ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ តាម​ព្រះរាជ​សំណើរបស់​អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ មួយ​ឆ្នាំ​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ដែល​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ចរចា​ម្នាក់​ដែរ។ តាំង​ពី​ពេល​នោះ​មក អង្គការ​​យូណេស្កូ ​ជា​ស្ថាប័ន​ទទួល​បន្ទុក​លេខាធិការដ្ឋាន​ អាយស៊ីស៊ី ​នេះ ក្រោម​សហអធិបតីភាព​រដ្ឋាភិបាល​បារាំង និង​ជប៉ុន ដោយ​​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ត្រូវ​បាន​បង្កើត​ឡើង និងមាន​សម្ដេច​ សុខ អាន ជា​ប្រធាន​រហូត​មក​ទល់​ពេល​នេះ ដើម្បី​​គ្រប់គ្រង​ឧទ្យាន​អង្គរ​។
កើត​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​១៩៥០ នៅ​ក្នុង​ស្រុក​គិរីវង្ស ខេត្ត​តាកែវ សម្ដេច សុខ អាន ទទួល​​បានសញ្ញាបត្រ​ជា​ច្រើន។ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ ដោយ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​រាជធានី​ភ្នំពេញ ពេល​នោះ​រាជធានី​ដែល​ត្រូវ​បាន​ខ្មែរក្រហមបោស​សម្អាត​ប្រជាជន​​ចេញទាំងអស់ សម្ដេច​បាន​​រស់​នៅ​ក្នុង​ឋាន​នរក​ខ្មែរ​ក្រហម​ជា​មួយ​ភរិយា​របស់​សម្ដេច ដែល​មាន​ឈ្មោះ ថេង អាយ​អាន្នី។ ប្ដី​ប្រពន្ធ​សម្ដេច​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ សូម៉ា និង​កូន​ប្រុស​បួន​នាក់ គឺ ពុទ្ធិវុធ ​សូកាន សូកេន និង​សង្វារ និង​ចៅ​ប្រុស​ស្រី​៧​នាក់។ ជា​អ្នក​ស្រលាញ់​សត្វ​ស្លាប និង​ផ្កា​អ័រគីដេ សម្ដេច​ចូល​ចិត្ត​មើល​ថែ​សត្វ​ស្លាប​ចិញ្ចឹម នៅ​ផ្ទះ​របស់​សម្ដេច​នៅរាជធានី​ភ្នំពេញ និង​សត្វមាន់​នៅ​ចម្ការ​សូម៉ា​របស់​សម្ដេច​នៅ​ខេត្តតា​កែវ។

នៅ​ឆ្នាំ​១៩៨០ សម្ដេច សុខ អាន ធ្លាប់​ធ្វើ​ជា​លេខា​ផ្ទាល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នាពេល​នោះ គឺ​សម្ដេច ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា។ ក្លាយ​ជាលេខាជំនិត​របស់​សម្ដេច ហ៊ុន សែន សម្ដេច​ សុខ​ អាន បាន​កាន់​មុខ​ងារ​ក្រសួង និង​មុខងារ​ថ្នាក់​ខ្ពស់​ជា​ច្រើន រួម​មាន ឯកអគ្គរាជទូត​នៅ​ឥណ្ឌា (១៩៨៥-១៩៨៨) សមាជិក​គណៈកម្មាធិការ​កណ្ដាល​​បក្ស​តាំង​ពី​ឆ្នាំ​១៩៩២ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៣។
នៅ​ឆ្នាំ​១៩៩៩ សម្ដេច​បាន​នាំយុត្តិធម៌​ជូនប្រជាជនកម្ពុជាតាមរយៈការកាត់ទោសលើ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និង​បាន​ដឹក​នាំ​ការ​ចរចា​ជា​មួយ​អង្គការ​សហប្រជាជាតិ​ ដើម្បី​បង្កើត​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា។ ចាប់​តាំង​ពី​ឆ្នាំ​២០០៤ សម្ដេច​បាន​ក្លាយ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។
អ្នក​ការទូត​ដែលត្រូវបានគេ​ពេញ​ចិត្ត​និង​គោរព​ ចេះ​ភាសា​បារាំង​និង​អង់គ្លេស​ទាំង​ពីរ​យ៉ាង​ស្ទាត់ ពូកែ​​ធ្វើ​ការ​គួរ​ឲ្យ​ស្ញប់​ស្ញែង សម្ដេច​មាន​វប្បធម៌​ជ្រៅជ្រះ​ និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងលើ​រាល់អ្វីៗ​ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រនិង​អរិយធម៌។ “យើង​បាន​បាត់​បង់​អ្នក​ស្រឡាញ់​តម្លៃមនុស្សជាតិ និង​មនុស្ស​ល្អ​ម្នាក់។ បន្ទាប់​ពី​ព្រះ​ករុណា នរោត្ដម សីហនុ និង​សម្ដេច វិបុល បញ្ញា តើ​អ្នក​ណា​នឹង​​បន្ត​ជា​អ្នក​ការពារ​អង្គរ?” នេះ​ជា​សំណួរ​របស់​បុរាណ​វិទូ​ជនជាតិ​ទុយណេស៊ី លោក​សាស្ត្រាចារ្យ អាហ្សេឌីន បេសាអ៊ូស សមាជិក​​បណ្ឌិតសភា​អក្សរសាស្ត្រ អគ្គលេខាធិការ​វិទ្យាសាស្ត្រអចិន្ត្រៃ អាយស៊ីស៊ី អង្គរ និង​ជា​ទីប្រឹក្សា​ពិសេស​ខាង​ផ្នែក​បេតិកភណ្ឌ។
ចំណេះ​វិជ្ជា និង​​​វប្បធម៌​ជ្រៅជ្រះ និង​លក្ខណៈសម្បត្តិ​ខាង​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ភាព​ប៉ិនប្រសប់​របស់​សម្ដេច​ បានធ្វើ​ឲ្យ​សម្ដេច​ក្លាយ​ជា​រដ្ឋបុរស​ការ​ទូត​ដែល​ត្រូវបានគេពេញចិត្តនិង​គោរព។ ពោរពេញ​ទៅ​ដោយ​ភាព​ស្ងប់ស្ងៀម​ និងសុភាពរាបសារ សម្ដេច​បានបង្ហាញ​ការ​ជឿជាក់​ ​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់។ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៤ បន្ទាប់​ពី​មាន​សង្គ្រាម​ ឬពេល​ខ្លះ​​​ឈាន​ទៅ​បង្ហូរ​ឈាម​ផង អស់​រយៈពេល​៦០​ឆ្នាំ​ ជា​មួយ​ប្រទេស​ថៃ ដែលមានការប្រទាញប្រទាក់គ្នារឿង​ប្រាសាទ​ព្រះវិហារ​នៅ​តាម​ព្រំដែន។
ប្រាសាទព្រះវិហារដែលប្រៀប​ដូច​ជាប្រាសាទ​សួគ៌មួយ​ល្អវិចិត្រនូវ​​ចម្លាក់​ថ្មភក់ (សតវត្ស​ទី​១០-សតវត្សទី​១២) សម្ដេច​បាន​បិទ​ទំព័រ​ប្រវត្តិសាស្ត្រចាស់ ហើយ​បើក​​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀតនៃសន្តិភាព​ ស្ទើរ​តែ​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​ដូច្នោះ​ដែរ ដោយ​សារ​សេចក្ដី​ស្រឡាញ់​បេតិកភណ្ឌរបស់​សម្ដេច។ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បាន​បញ្ជាក់​សារ​ជា​ថ្មី​កាល​ពី​មួយ​ឆ្នាំ​មុន​នោះ​ថា ​ប្រាសាទ​ព្រះវិហារ​ជា​របស់ព្រះរាជាណាចក្រ​កម្ពុជា ហើយ ឆ្លៀត​ក្នុង​ឱកាស​ពិសារ​អាហារ​ផ្លូវ​ការ​បែប​ពិក​និក ក្រោម​ម្លប់​ប្រាសាទ​ជា​ទី​សក្ការៈ​មួយ​នេះ នៅ​ចំពោះ​មុខ​អ្នក​ការ​​ទូត​និង​អ្នក​វិទ្យាសាស្ត្រជា​ច្រើន​នាក់ សម្ដេច សុខ អាន បាន​​ប្រកាស​ពី​រាត្រី​ទឹក​ឃ្មុំ​ជា​មួយ​ប្រទេស​ថៃ។ ការ​ប្ដេជ្ញាចិត្ត​ដើម្បី​សន្តិភាព ​ឯកអគ្គរាជទូត​ថៃ​នា​ពេល​នោះត្រូវបានអញ្ជើញចូលរួម និង​សម្តេច​បាន​ស្នើ​​ឲ្យ​​​ប្រទេសថៃ​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ជូន​​គណៈកម្មាធិការ​បច្ចេកទេស​ថ្មី​ដែល​ទើប​នឹង​បង្កើត​ឡើង​នោះ។
"សម្ដេច សុខ អាន នឹង​នៅ​ជា​ស្ថាបត្យករ​ពិត​ប្រាកដ​មួយរូប​ក្នុង​ប្រតិបត្តិការ​​ឃោសនា​អន្តរជាតិ​ដែល​ដឹក​នាំ​ដោយ​អង្គការ​យូណេស្កូ ​និង​ជួយ​ជ្រោមជ្រែង​ដោយ​លោក​ស្រី ហ្វ្រង់ស៊ីន ដ័រហ្សឺវ៉ាល់ និង​លោក ប៊្រុយណូ ហ្វាវែល ខាង​ប្រទេស​បារាំង ជាមួយ​លោក​ អាហ្សេឌីន បេសាអ៊ូស " នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក មូនៀរ ប៉ូឆឺណាគី ដែល​ជា​អ្នកក​​ដឹក​នាំ​ការិយ៉ាល័យ​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​អារ៉ាប់ និង​មាន​មូលដ្ឋាន​នៅ​ប្រទេស​ បារ៉ែន។ នោះ​គឺ​ជា​អ្វី​ដែល​ពន្យល់​អំពី​ក្ដី​រន្ធត់​ដោយ​សារ​ការ​បាត់បង់​រូប​សម្ដេច ថែម​ទាំង​មាន​ការ​ចូល​រួម​រំលែក​ទុក្ខ​ផ្ទាល់​ពី​លោក​ស្រី អ៊ីរីណា បូកូវ៉ា អគ្គនាយិកា​អង្គការ​សហប្រជាជាតិ​មួយ​នេះ។
កាលបរិច្ឆេទ​គន្លឹះ​មួយ​ចំនួន​អំពី​ សម្ដេច សុខ​អាន៖
១៦ មេសា ១៩៥០ ​កើត​នៅ​ស្រុក​គិរីវង្ស (ព្រះរាជាណាចក្រកម្ពុជា)
ឆ្នាំ​១៩៨០​ លេខា​ផ្ទាល់របស់​សម្ដេច ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ (១៩៨០)

ឆ្នាំ​១៩៨៥-១៩៨៨ ​ឯកអគ្គរាជ​ទូត​ប្រចាំ​ប្រទេស​ឥណ្ឌា

ឆ្នាំ​១៩៩២ ​ចូល​រួម​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស

១៩៩៣​ ការ​បង្កើត​គណៈកម្មាធិការ​អន្តរជាតិ​អង្គរ

ឆ្នាំ​១៩៩៥ ​ការ​បង្កើតអាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​សម្ដេច​ជា​ប្រធាន

ឆ្នាំ​២០០៤-២០១៧ ​ឧបនាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

១៥ មិនា ២០១៧​ ទទួល​មរណភាព​នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន