Friday, January 05, 2024

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសតែងតាំងលោក វង្សី វិស្សុត ជាប្រធានក្រុមកាងារគណបក្សប្រជានកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង


(កំពង់ឆ្នាំង)៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានធ្វើពិធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា។


លោក សោម សឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្ស ស្ដីពីការកែសម្រួលប្រធានក្រុមការងារ ដោយត្រូវបានចាត់តាំង លោក វង្សី វិស្សុត ជាប្រធានក្រុមការងារគ ណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជំនួសសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល។


លោក វង្សី វិស្សុត សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក៏បានប្តេជ្ញាចិត្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាគោរពនិងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាជាពិសេស គឺគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។


ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយសម្រេចបាននូវសា្នដៃជាច្រើនក្នុងការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង ជាពិសេសគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ទទួលបានការគាំទ្រ និងទទួលជ័យជម្នះគ្រប់អាណត្តិ។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្ដាំផ្ញើដល់លោក វង្សី វិស្សុត ដែលទើបទទួលបានការចាត់តាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចម្រើនថ្មីៗ បន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្សដែលថ្នាក់កណ្ដាល បានដាក់ចុះឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានរឹងមាំ ដោយឈរលើមាគ៌ារបស់បក្ស ដើម្បីអនុវត្តនូវការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះ ឆ្នោតនៅអាណត្តិក្រោយៗទៀត ឲ្យទទួលបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់៕