Thursday, March 05, 2015
សម្តេចតេជោ៖ ដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌កើតឡើង នៅលើទឹកដីកម្ពុជាឡើយ
នៅក្នុងពិធី បិទសិក្ខាសាលាបូកសរុបការងារកែទម្រង់ កងយោធពលខេមរភូមិន្ទ
៥ឆ្នាំ (២០១០-២០១៤) និងទិសដៅអនុវត្តន៍ ៥ឆ្នាំ (២០១៥-២០១៩) នៅថ្ងៃទី៤ ខែមីនា
ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដាច់ខាតមិនឲ្យមានបដិវត្តពណ៌កើតមានឡើងនៅលើទឹកដីកម្ពុជានោះទេ
ទោះបីជាបដិវត្តន៍ព័ណ៍នោះចេញមកពីកន្លែងណាក៏ដោយ ចាំបាច់កងទ័ពត្រូវធ្វើសកម្មភាពជាបន្ទាន់ដើម្បីទប់ស្កាត់ឲ្យបាន
ហើយយើងគ្មានការញញើតណាមួយ ជាមួយការធ្វើសកម្មភាពប្រឆាំងនិងក្រុមខិលខូច ដែលមានការប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល
ឬ ការដណ្តើមអំណាចមិនស្របច្បាប់ឡើយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សភាពការណ៍នយោបាយ
សន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិចុងក្រោយនេះ
ក៏មានការវិវត្តន៍ស្មុគស្មាញដូចដែល យើងបានដឹងស្រាប់ហើយ ជាពិសេសមហិច្ឆតារបស់ពួកជ្រុលនិយមមួយចំនួន
ក្នុងការប៉ុនប៉ងផ្តួលរលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើឧបាយកលអាក្រក់
និងធ្វើសកម្មភាពប្រឆាំងដែលប្រាសចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋដើម្បីសម្រេចគោលដៅនៃការផ្លាស់ប្តូររបស់ពួកគេ
ហើយនេះគឺជាសភាពការណ៍ដែលត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំ
ទោះបីត្រូវស្ងប់ស្ងាត់ហើយក្តី។ សម្តេចបន្តថា " សកម្មភាពទាំងនេះមិនទាន់បញ្ចប់ទេ
ពិតមែនតែមានភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែត្រូវតាមសម្លឹងមើលនូវបាតដៃទី៣ ដែលកំពុងធ្វើសកម្មភាពលួចលាក់។
ចំណុចទាំងនេះ គឺដាច់ខាតមិនត្រូវឲ្យមានបដិវតន្តន៍ព័ណ៌នៅក្នុងប្រទេសកម្ពុជានោះទេ
មិនថា បដិវត្តន៍ព័ណ៌នោះ វាចេញមកពីទីណាទេ ចាំបាច់ត្រូវធ្វើសកម្មភាពបន្ទាន់ហើយ
យើងគ្មានការញញើតណាមួយចំពោះការធ្វើសកម្មភាពប្រឆាំងជាមួយនឹងក្រុមខិលខូច
ដែលមានបំណងធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល ឬដណ្តើមអំណាចមិនស្របច្បាប់"។
សម្តេចតេជោង ហ៊ុន សែន បានបន្តថា ក្នុងស្មារតីទាំងអស់នេះ តម្រូវឲ្យកងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវធ្វើកំណែទម្រង់ឲ្យទៅជាកម្លាំងការពារជាតិដ៏រឹងមាំ
មានវិន័យម៉ឺងម៉ាត់
និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទាន់សភាពការណ៍ និងមានភាពបត់បែនគ្រប់កាលៈទេសៈ។
សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថា នៅប្រទេសកម្ពុជា
គ្មានរបស់ដែលហៅថា អព្យាក្រឹតរវាងកម្លាំងប្រដាប់អាវុធ
ជាមួយនឹងរាជរដ្ឋាភិបាលនោះទេ។ តែសម្រាប់ការបំពានណាមួយពីគណបក្សនយោបាយ
ឬពីក្រុមណាក៏ដោយមកលើច្បាប់ មកលើរដ្ឋធម្មនុញ្ញមកលើជាតិ សាសនា ព្រះមហាក្សត្រ
មកលើរាជរដ្ឋាភិបាលនោះ កងទ័ពចាំបាច់ត្រូវមានសកម្មភាព វាយបកបន្ទាន់ ព្រោះនេះជាភារកិច្ចរបស់រាជរដ្ឋាភិបាល
ហើយរឿងនេះ ត្រូវដកពិសោធន៍ពីបដិវត្តន៍ព័ណ៌នៅប្រទេសមួយចំនួន។
សម្តេចក៏បានកោតសរសើរចំពោះនាយទាហាន នាយទាហានរង
និងពលទាហានគ្រប់ស្ថាប័ន កងយោធពលខេមរភូមិន្ទ
ដែលមិនត្រឹមតែបានគាំទ្រយ៉ាងផ្តាច់ប្តូរពេញទំហឹង និងឥតងាករេ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ
ព្រមទាំងបទបញ្ញត្តិច្បាប់ និងបទបញ្ជាទាំងឡាយដែលរាជរដ្ឋាភិបាលបានដាក់ចេញប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបានអប់រំខ្លួនប្រកបដោយ ការតស៊ូអត់ធ្មត់ព្យាយាមឲ្យក្លាយជាកងទ័ពដ៏មានកិត្តិយស
និងសេចក្តីថ្លៃថ្នូរ ហ៊ានធ្វើពលិកម្មដល់អាយុជីវិត ក្នុងការបំពេញបេសកម្មរបស់ខ្លួនដើម្បីជាតិ៕
អត្ថបទ៖
ច័ន្ទ ទេវី
អគ្គិសនីកម្ពុជាពង្រីកវិសាលភាពការងារជំហានទី២ ក្នុងការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រដល់បន្ទប់ជួលកម្មករ កម្មការិនី
យោងតាមលិខិតរបស់ ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ផ្ញើទៅកាន់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា អគ្គិសនីកម្ពុជា បានចាប់ផ្តើមជំហានទី២ ក្នុងការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រជូនកម្មករ កម្មការិនី ទៅកាន់ខណ្ឌចំនួន៦ថែមទៀត ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៥។
ការពង្រីកវិសាលភាពការងារជំហានទី២
ក្នុងការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រដល់បន្ទប់ជួលកម្មករ
កម្មការិនី ទាំង៦ខណ្ឌខាងលើរួមមាន៖ ខណ្ឌសែនសុខ ព្រែកព្នៅ ពោធិ៍សែនជ័យ
ចំការមន ច្បារអំពៅ និងជ្រោយចង្វារ។ ការប្រតិបត្តិការតបណ្តាញអគ្គិសនី ដល់បន្ទប់ជួលជូនកម្មករ
កម្មការិនី ក្នុងតំលៃ៦១០រៀលក្នុងមួយគីឡូវ៉ាត់ នៅជំហានទី១ សម្រេចបាន ២៣.១៤២បន្ទប់ហើយ។
ក្នុងលិខិតដដែលនោះ ឯកឧត្តម
កែវ រតនៈ បានបញ្ជាក់ថា និយោជិតរបស់អគ្គិសនី ដែលនឹងចុះបំពេញការងារតបណ្តាញនេះ
មានចំនួនសរុប ២៤០នាក់ ចែកចេញជា ៣០ក្រុម ក្នុងមួយក្រុមមានគ្នា ៨នាក់។ ក្រុមនិយោជិតរបស់អគ្គិសនីកម្ពុជា
នឹងចុះទៅទទួលពាក្យស្នើសុំបន្តចរន្ត និងធ្វើការភ្ជាប់ចរន្តអគ្គិសនីនៅទីតាំងស្នាក់ការរបស់កម្មករ
កម្មការិនី។ ក្នុងលិខិតនោះដែរ ឯកឧត្តម កែវ រតនៈ ក៏បានស្នើសុំលោកអភិបាលរាជធានីភ្នំពេញ
ជួយសហការអនុវត្ត ការងារជំហានទី២ បន្តទៀត ដើម្បីឲ្យទទួលបានជោគជ័យ ដូចក្នុងជំហានទី១។
គួរបញ្ជាក់ឲ្យដឹងថា
ការចុះទៅអនុវត្តន៍កិច្ចការងារនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់កម្មករ កម្មការិនី ក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ដែលមានតម្លៃខ្ពស់ចាប់ពី ១.៥០០រៀល រហូតដល់ ២.៥០០រៀលនោះ រាជរដ្ឋាភិបាល
បានសម្រេចចំណាយ ថវិកាប្រមាណជា ២លានដុល្លារ ដើម្បីតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មារិនី និងនិយោជិត ធ្វើយ៉ាងណាជួយឲ្យកម្មករ
កម្មការិនី អាចប្រើប្រាស់ថាមពលអគ្គិសនីជាមួយតម្លៃទាប
ដែលជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាល
ដើម្បីកាត់បន្ថយការចំណាយរបស់ ពួកគាត់មួយកម្រិត។
អត្ថបទ៖
ច័ន្ទ ទេវី
អង្គភាពប្រឆាំងអំពើពុករលួយ កំពុងចាត់វិធានការលើស្ថាប័ន មួយចំនួនដែលអនុវត្តការដេញថ្លៃមិនបានត្រឹមត្រូវ
យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំ
វិសាមញ្ញ នៃក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ
កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិ
និងឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកន្លងទៅនេះ
អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញថា បច្ចុប្បន្នអង្គភាពកំពុងដំណើរការ
ស៊ើបអង្កេត ចាត់វិធានការទៅលើស្ថាប័ន មួយចំនួន ដែលអនុវត្ត ការដេញថ្លៃមិនបានត្រឹមត្រូវ។
អត្ថបទ៖
ច័ន្ទ ទេវី
Subscribe to:
Posts (Atom)