យោងតាមលិខិតរបស់ ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ផ្ញើទៅកាន់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា អគ្គិសនីកម្ពុជា បានចាប់ផ្តើមជំហានទី២ ក្នុងការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រជូនកម្មករ កម្មការិនី ទៅកាន់ខណ្ឌចំនួន៦ថែមទៀត ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៥។
ការពង្រីកវិសាលភាពការងារជំហានទី២
ក្នុងការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រដល់បន្ទប់ជួលកម្មករ
កម្មការិនី ទាំង៦ខណ្ឌខាងលើរួមមាន៖ ខណ្ឌសែនសុខ ព្រែកព្នៅ ពោធិ៍សែនជ័យ
ចំការមន ច្បារអំពៅ និងជ្រោយចង្វារ។ ការប្រតិបត្តិការតបណ្តាញអគ្គិសនី ដល់បន្ទប់ជួលជូនកម្មករ
កម្មការិនី ក្នុងតំលៃ៦១០រៀលក្នុងមួយគីឡូវ៉ាត់ នៅជំហានទី១ សម្រេចបាន ២៣.១៤២បន្ទប់ហើយ។
ក្នុងលិខិតដដែលនោះ ឯកឧត្តម
កែវ រតនៈ បានបញ្ជាក់ថា និយោជិតរបស់អគ្គិសនី ដែលនឹងចុះបំពេញការងារតបណ្តាញនេះ
មានចំនួនសរុប ២៤០នាក់ ចែកចេញជា ៣០ក្រុម ក្នុងមួយក្រុមមានគ្នា ៨នាក់។ ក្រុមនិយោជិតរបស់អគ្គិសនីកម្ពុជា
នឹងចុះទៅទទួលពាក្យស្នើសុំបន្តចរន្ត និងធ្វើការភ្ជាប់ចរន្តអគ្គិសនីនៅទីតាំងស្នាក់ការរបស់កម្មករ
កម្មការិនី។ ក្នុងលិខិតនោះដែរ ឯកឧត្តម កែវ រតនៈ ក៏បានស្នើសុំលោកអភិបាលរាជធានីភ្នំពេញ
ជួយសហការអនុវត្ត ការងារជំហានទី២ បន្តទៀត ដើម្បីឲ្យទទួលបានជោគជ័យ ដូចក្នុងជំហានទី១។
គួរបញ្ជាក់ឲ្យដឹងថា
ការចុះទៅអនុវត្តន៍កិច្ចការងារនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់កម្មករ កម្មការិនី ក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ដែលមានតម្លៃខ្ពស់ចាប់ពី ១.៥០០រៀល រហូតដល់ ២.៥០០រៀលនោះ រាជរដ្ឋាភិបាល
បានសម្រេចចំណាយ ថវិកាប្រមាណជា ២លានដុល្លារ ដើម្បីតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មារិនី និងនិយោជិត ធ្វើយ៉ាងណាជួយឲ្យកម្មករ
កម្មការិនី អាចប្រើប្រាស់ថាមពលអគ្គិសនីជាមួយតម្លៃទាប
ដែលជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាល
ដើម្បីកាត់បន្ថយការចំណាយរបស់ ពួកគាត់មួយកម្រិត។
អត្ថបទ៖
ច័ន្ទ ទេវី



No comments:
Post a Comment