Tuesday, December 12, 2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ







(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបំរុង នៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។


ក្នុងជំនួបនេះ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី នោះទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម នឹងបន្តរីកចម្រើនរឹងមាំខ្លាំងបន្ថែមទៀត ។


ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការចែករំលែកនូវមតិយោបល់ល្អៗរបស់ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ ពាក់ព័ន្ធនឹងការងារយុវជននៅក្នុងប្រទេសវៀតណាម និងបានគូសបញ្ជាក់ថា ការភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវជន គឺមានសារៈសំខាន់ណាស់ ដើម្បីជំរុញសកម្មភាពគ្រប់ផ្នែកឱ្យមានកាន់តែច្រើនឡើង ជាពិសេសយុវជននៅក្នុងមជ្ឈដ្ឋានធុរកិច្ច ដែលទាំងនេះ គឺជាការរួមចំណែកមិនអាចខ្វះបានដល់ការពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ








(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ជិន បា សឿង (Tran Ba Duong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។


ក្នុងជំនួបនេះ លោក ជិន បា សឿង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលារដ៏មមាញឹកអនុញ្ញាតិអោយរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមគ្នានេះ លោក ជិន បា សឿង ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ជាពិសេស ការដុះដំណាំហូបផ្លែ, ដំណាំឧស្សាហកម្ម, រោងចក្រកែច្នៃ និងការចិញ្ចឹមសត្វ ព្រមជាមួយនឹងទិសដៅក្នុងការពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ  ដែលមានតម្លៃបន្ថែមខ្ពស់។ ដោយឡែក សម្តេចធិបតី ក៏បានរំឭកអំពីវិធានការមុតស្រួចមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ដែលបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះ នៅក្នុងការធ្វើធុរកិច្ច ដោយសំដៅធ្វើយ៉ាងណាទាក់ទាញ និងជំរុញការវិនិយោគបន្ថែមទៀត ទាំងប្រភពក្នុងស្រុក និងមកពីបរទេស ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ







(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (VCFA) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។


ក្នុងជំនួបនេះ លោកជំទាវ ង្វៀន ធី ថាញ់ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះផងដែរ លោកជំទាវ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពការងាររបស់សមាគម ជាពិសេស ការគាំទ្រដល់និស្សិតកម្ពុជា ដែលបានមកបន្តការសិក្សាក្នុងប្រទេសវៀតណាម ។ លោកជំទាវប្រធាន  ក៏បានគូសបញ្ជាក់បន្ថែមទៀតថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម នឹងកាន់តែមានការរីកចម្រើនរឹងមាំបន្ថែមទៀត ។


ជាការឆ្លើយតប សម្តេចធិបតី ថ្លែងអំណរគុណចំពោះរបាយការណ៍ពាក់ព័ន្ធនឹងលទ្ធផលការងាររបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពូនជ្រំស្មារតីមិត្តភាព និងបង្កើតភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងនាមការទូតប្រជាជន តាមរយៈសកម្មភាពជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ច និងវប្បធម៌, ការជំរុញទំនាក់ទំនងរវាងយុវជន ស្ត្រី និងធុរជន, ការធ្វើសកម្មភាពមនុស្សធម៌ និងការជួយឧបត្ថម្ភគ្នាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងរយៈកាលនៃចំណងការទូតប្រមាណ ៥៦ ឆ្នាំ និងបានថ្លែងអំណរគុណចំពោះទឹកចិត្ត និងកាយវិការនៃការជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈលំបាក ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាប គឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ








(រដ្ឋធានីហាណូយ)៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។


ក្នុងជំនួបនេះ លោក ង្វៀន ថាញ់ ហ៊ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយអាជីវកម្មមួយដែលលេចធ្លោ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ។ លើសពីនេះ លោក ង្វៀន ថាញ់ ហ៊ុង ក៏បានសម្តែងនូវសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះប្រទេសកម្ពុជា នឹងកាន់តែមានការរីកចម្រើងរុងរឿងប្រកបដោយវិបុលភាពជាក់ជាមិនខាន ។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទាំងពីរ និងបានសម្តែងនូវការគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប នៅថ្ងៃទី១៥ ធ្នូ ២០២៣ ឆាប់ៗខាងមុខ ដែលនេះគឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរ ថារាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់នូវកិច្ចគាំទ្រនិងសម្របសម្រួលចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់អ្នកទេសចរវៀតណាម តាម Vietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ៕


#ហ៊ុនម៉ាណែត #Hunmanet 

#កម្ពុជា #Cambodia

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាប គឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ







នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។


ក្នុងជំនួបនេះ លោក ង្វៀន ថាញ់ ហ៊ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយអាជីវកម្មមួយដែលលេចធ្លោ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ។ លើសពីនេះ លោក ង្វៀន ថាញ់ ហ៊ុង ក៏បានសម្តែងនូវសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះប្រទេសកម្ពុជា នឹងកាន់តែមានការរីកចម្រើងរុងរឿងប្រកបដោយវិបុលភាពជាក់ជាមិនខាន ។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទាំងពីរ និងបានសម្តែងនូវការគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប នៅថ្ងៃទី១៥ ធ្នូ ២០២៣ ឆាប់ៗខាងមុខ ដែលនេះគឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ ។ 


ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការផ្តល់នូវកិច្ចគាំទ្រសម្របសម្រួលចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់អ្នកទេសចរវៀតណាម តាម Vietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ៕

ជំនួបសម្តែងការគួរសមរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម

 

|





(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។


ក្នុងជំនួបនេះ ឯកឧត្តម ង្វៀន ហ៊្វូចុង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះផងដែរ  ឯកឧត្តមអគ្គលេខាធិការ ក៏បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន រហូតនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ។ ឯកឧត្តមអគ្គលេខាធិការ  បានគូសបញ្ជាក់បន្ថែមទៀតថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងមានវឌ្ឍនភាពរីកចម្រើនរឹងមាំបន្ថែមទៀត ។ លើសពីនេះ ឯកឧត្តម ង្វៀន ហ៊្វូចុង ក៏បានបង្ហាញនូវ សុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចធិបតី គឺកម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏នឹងត្រូវបាន លើកកម្ពស់ឱ្យកាន់តែប្រសើរធូរធារចម្រុងចម្រើន ។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ង្វៀន ហ៊្វូចុង ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៩ កន្លងទៅ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមអគ្គលេខាធិការបក្ស ផងដែរ ព្រមជាមួយនឹងការអំណរគុណចំពោះការអបអរសាទររបស់ ឯកឧត្តម ង្វៀន ហ៊្វូចុង ក្នុងឱកាសដែលអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំង សម្តេចធិបតី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ដោយឡែក សម្តេចធិបតី ក៏បានរំឭកឡើងវិញអំពីដំណើរទស្សនកិច្ចផ្លូវការជាច្រើនលើកមកកាន់ប្រទេសវៀតណាម នៅពេលដែល សម្តេចធិបតី កាន់មុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ជាពិសេសការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ចាក់ផងដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ក៏នៅបន្តអនុវត្តគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជាប្រកបដោយសង្គតិភាព និងនិរន្តរភាព ហើយតាមរយៈគោលនយោបាយដែលបានដាក់ចេញនេះ ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងត្រូវបានបន្តពូនជ្រំក្នុងស្មារតីមិត្តភាពជាប្រពៃណី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ព្រមជាមួយនឹងការពង្រឹងពង្រីកលើផ្នែកសក្តានុពលថ្មីៗបន្ថែមទៀត ផងដែរ ៕


សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម នៅរដ្ឋធានីហាណូយ







(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។


ជាកិច្ចចាប់ផ្តើម ឯកឧត្តម វ៉ វ៉ាន់ធឿង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយនឹងក្តីសោមនស្សរីករាយដែលបានជួប សម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនៅក្នុងវេទិកាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានចូលរួមសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយនេះពិតបានបង្ហាញយ៉ាងមុតមាំអំពីជំនឿទុកចិត្តរបស់គណបក្សមកលើសមត្ថភាពនៃការដឹកនាំរបស់ សម្តេចធិបតី ។ 










ដោយឡែក ឯកឧត្តមប្រធានរដ្ឋ ក៏បានសម្តែងនូវការពេញចិត្តចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នាឱកាសនេះ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏ល្អរវាងប្រទេស និងប្រជាជន ទាំងពីរ ។ លើសពីនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង ក៏បានបង្ហាញនូវការជឿជាក់ផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលពោរពេញដោយថាមភាពនេះ គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត ។


ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានរដ្ឋ និងបញ្ជាក់ផងដែរថា ប្រទេសវៀតណាម គឺជាប្រទេសទី១ នៅក្នុងតំបន់អាស៊ានដែល សម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ។ ក្នុងជំនួបនេះ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមប្រធានរដ្ឋវៀតណាម អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិភាក្សាជាមួយនឹង ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដោយក្នុងនេះ កម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសការបង្កើតនូវយន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” ជាដើម ។


ជាចុងបញ្ចប់ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសម្តែងនូវការវាយតម្លៃខ្ពស់ និងការគាំទ្រចំពោះលទ្ធផលនៃជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ និងបានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខថ្វាយអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងជូនចំពោះសម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងទៀតរបស់កម្ពុជា ព្រមជាមួយនឹងការបញ្ជាក់ផងដែរថា ឯកឧត្តម នឹងរង់ចាំស្វាគមន៍ជានិច្ចនូវព្រះរាជដំណើរយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពេលខាងមុខ ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ







(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាវ ឌុច ថាង (Tao Duc Thang) ប្រធានអគ្គនាយកក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។


ក្នុងជំនួបនេះ លោក តាវ ឌុច ថាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ លោកប្រធានអគ្គនាយកក្រុមហ៊ុន Viettel បានជម្រាបជូន សម្តេចធិបតី អំពីការអភិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា និងបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងការសម្របសម្រួលបង្កលក្ខណៈដល់ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជា ។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន Viettel ដែលទទួលបានជោគជ័យនៅក្នុងប្រតិបត្តិការអាជីវកម្មទាំងនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា និងបានអរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា រួមទាំងការវិនិយោគនៅក្នុងវិស័យទូរគមនាគមន៍តាមរយៈក្រុមហ៊ុនមិត្តហ្វូន (Metfone) ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏បានកត់សម្គាល់ផងដែរ អំពីការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុននៅក្នុងការងារសង្គម និងមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការវិនិយោគបន្ថែមទៀត ទាំងនៅក្នុងវិស័យទូរគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ៕