Saturday, June 14, 2014

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហា​ផ្ទៃ ជម្រាប់​មក​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ស្តីអំពី​ករណី​ពលករ​ខ្មែរដែល​ភាគី​ថៃបាន​ចាប់ និង​ដឹក​បញ្ជូន​តាម​រថយន្ត​ឱ្យវិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ



អបអរសាទរ​ការវិល​ត្រឡប់​មកវិញ​នូវ​​វត្ថុបុរាណខ្មែរ

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី បណ្ឌិត​សភាចារ្យ សុខ អាន បាន​ពន្យល់​​បណ្តា​អង្គទូត​ បស្ចិម​ប្រទេស​អំពីនីតិវិធី​តាក់​តែង​ច្បាប់​របស់​កម្ពុជា

ភ្នំពេញ ថ្ងៃទី ១១ មិថុនា ឆ្នាំ​ ២០១៤:
ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​ពន្យល់​យ៉ាង​​​ក្បោះ​ក្បាយ​ជូន​បណ្តា​អង្គទូត​បស្ចិម​ប្រទេស​អំពី​នីតិវិធី​តាក់​តែង​ច្បាប់​របស់​កម្ពុជា។ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ក៏បាន​ជម្រាប់​ជូន​បណ្តា​អង្គទូត​ទាំង​នោះ​ផង​ដែរ អំពី​កម្មវិធី​សំណង​រដ្ឋប្ប​វេណី​របស់​អង្គ​ជំនុំ​ជម្រះវិសា​មញ្ញ​ក្នុង​តុលាការ​​​​កម្ពុជា (អវតក) ។

មាន​ប្រសាសន៍​នៅក្នុងកិ​ច្ចប្រជុំ​កាល​ពីថ្ងៃ​ពុធ​ទៅកាន់​បណ្តា​អង្គទូត ដែល​ដឹកនាំ​ដោយ​ឯកឧត្តម Jean-Francois Cautain ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា  ឯកឧត្តម បណ្ឌិត​សភាចារ្យ ​សុខ អាន បាន​មាន​ប្រសាសន៍​ថា តាមធម្ម​តានីតិ​វិធីតាក់​តែង​ច្បាប់​នៅ​កម្ពុជា ត្រូវឆ្លង​កាត់​ដំណាក់​​​កាល​មួយ​ចំនួន ដោយ​រាប់​បញ្ចូល​ទាំង​ទិដ្ឋ​ភាព​ច្បាប់ និង​បច្ចេក​ទេស។

កិច្ចប្រជុំនេះ​មានការ​ចូល​រួមពី​ឯកឧត្តម Joachim Baron Von ​Marschall ឯកអគ្គ​រដ្ឋ​​ទូត​អាល្លឺម៉ង់ លោកជំទាវ Anna Maj Hultgard ឯកអគ្គរាជ​ទូត​ស៊ុយ​អ៊ែត ភារៈធារី​ស្តីទីនៃ​ស្ថានទូត​បារាំង និងអង់​គ្លេស​ប្រចាំ​កម្ពុជា​ផងដែរ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​បាន​ពន្យល់​បន្ថែម​ទៀតថា បន្ទាប់ពីការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​ដើមដោយ​ក្រសួង-ស្ថាប័ន​ជំនាញ​រួចមក សេច​ក្តីព្រាង​ច្បាប់​ដើម​នោះ​ត្រូវ​បញ្ជូនមក​ទីស្តីការ​គណៈ​​រដ្ឋមន្ត្រី ដើម្បីត្រួត​ពិនិត្យ​រួមគ្នា​ដោយ​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ និង​ក្រុមប្រឹ​ក្សា​​សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌ នៃទីស្តីការ​គណៈរដ្ឋមន្ត្រី លើគ្រប់​ទិដ្ឋភាព មុននឹង​ដាក់​ឆ្លង​កិច្ចប្រជុំ​អន្តរ​ក្រសួង ដែល​ដឹក​នាំ​ដោយ​អគ្គ​លេខាធិការ​រាជរ​ដ្ឋាភិបាល និង​រដ្ឋលេខា​ធិការ​ទទួល​បន្ទុក​មួយរូប​នៃ​ទីស្តីការ​​​គណៈ​រដ្ឋ​មន្ត្រី។

បន្ទាប់​មក​គឺជា​ដំណាក់​កាល​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​ចុង​ក្រោយ ដែល​មាន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ជាអ្នក​ដឹកនាំ​អង្គប្រជុំ និង​ដោយ​មាន​ការ​ចូល​រួម​ពីតំណាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ មុន​នឹងដាក់​ឆ្លងកិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរា​ជាណា​ចក្រ​កម្ពុជា។

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ សុខ អាន ក៏បាន​ជម្រាប​បណ្តា​អង្គ​ទូត​​​បរទេស​អំពី​​គំនិត​ផ្តួចផ្តើមថ្មីរបស់ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ថា ចាប់ពីពេលនេះតទៅ​រដ្ឋ​មន្ត្រី​នីមួយ​ៗ​​​មានសិទ្ធិ​​រៀបចំ​សេចក្តី​ព្រាងច្បាប់​ចាប់តាំង​ពីដំណាក់​កាល​​ដំបូង រហូតដល់​ដំណាក់​​កាល​ចុង​ក្រោយ​ ហើយបន្ទាប់មក គោរពស្នើសុំការអនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោនាយក​រដ្ឋមន្ត្រី ដើម្បី​ដាក់ឆ្លង​​គណៈរដ្ឋ​​មន្ត្រីប្រជុំពេញ​អង្គតែម្តង។

កន្លងមក រាជរដ្ឋា​ភិបាល​បានផ្ទេរ​ការងារ​ក្រុមប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និងប្រព័ន្ធ​យុត្តិធម៌​ទៅ​ក្រសួង​យុត្តិធម៌ និងក្រុម​ប្រឹក្សា​កំណែ​ទម្រង់​រដ្ឋបាល​ទៅ​ក្រសួង​មុខ​ងារ​សាធារណៈ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏បានឆ្លើយ​តបចំពោះ​ការ​លើក​ឡើងរ​បស់​​អង្គទូត​ទាំង​នោះថា សេច​ក្តី​ព្រាង​ច្បាប់​ស្តីពីសមាគម និងអង្គការ​មិនមែន​រដ្ឋា​ភិបាល​កំពុង​ត្រូវ​បាន​​រៀប​ចំដោយ​ក្រសួង​មហាផ្ទៃ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច/អ៊ីនធឺ​ណិត កំពុង​ត្រូវ​បានចាត់​ចែង​ដោយ​ក្រសួង​ប្រៃណីយ៍ និងទូរ​គមនាគមន៍ ខណៈដែល​ក្រសួង​ការងារ និង​​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈកំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​ការងារ។

លោកជំទាវ Anna Maj Hultgard ​ឯកអគ្គ​រាជ​ទូត​ស៊ុយអ៊ែត បានមានប្រសាសន៍ថា លោក​ជំទាវ​អរ​គុណ​​ចំពោះ​ការ​ពន្យល់​ដ៏ក្បោះ​ក្បាយ​របស់ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន អំពីស្ថាន​ភាពបច្ចុប្បន្ននៃសេចក្តីព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋ​កម្មតាម​ប្រព័ន្ធអេឡិចត្រូនិច/​អ៊ីនធឺ​ណិត​នេះ​។

ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម​ឧបនា​យក​រដ្ឋមន្ត្រី បានមានប្រសាសន៍ថា «កម្ពុជា​បានក្លាយ​ជា​ឋាន​សួគ៌​សម្រាប់​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ហើយឥឡូវនេះកម្ពុជាក៏ជា​ឋាន​សួគ៌​​ សម្រាប់បណ្តាញព័ត៌មានសង្គមផងដែរ» នៅ​ក្នុង​ន័យ​ថា កន្លងមក តាមរយៈបណ្តាញ​ព័ត៌មាន​សង្គម​​បក្ស​ប្រឆាំង និងបណ្តាអ្នករិះគន់រាជរដ្ឋា​ភិ​​បាល​​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បំភ្លៃការពិត និងភូតភរ​កុហក​​បោក​ប្រាស់​សាធារ​ណ​ជន​​ នៅលើ​គេហ​​ទំព័ររបស់ពួកគេ ដែលបណ្តាលសាធារណជន​មាន​ការ​យល់ច្រឡំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ពួកគេបង្ហោះព័ត៌មានដែល​ពោរ​ពេញ​​ទៅ​ដោយការបំភ្លៃ និង​ភូត​កុហក»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពួកគេបំភ្លៃស្ថានការណ៍ពិត ហើយ​បន្ត​ការភូត​កុហក​ទៅកាន់​សាធា​រណជន ដើម្បីផលប្រយោជន៍នយោបាយ​របស់ពួកគេ ប៉ុន្តែ ទោះបីជាដូច្នេះក៏ដោយ រាជ​រដ្ឋា​ភិបាលបានបង្ហាញនូវ «គោល​ជំហរទន់ភ្លន់ និងបើក​ចំហ​យ៉ាង​ខ្លាំង»។

អវតក គ្រោងនឹងប្រកាសសាលក្រម និងកម្មវិធីសំណងរដ្ឋប្បវេណី
ប្រជាជនកម្ពុជាប្រមាណ ៣ លាននាក់បានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ដោយសារ​ការ​បង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរ ការបង្អត់អារហារ ការធ្វេសប្រហែសផ្នែកវេជ្ជ​សាស្ត្រ និងការ​សម្លាប់​​​របស់​ពួកខ្មែរក្រហម ក្នុងចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បាននិងកំពុងកាត់ទោសអតីតមេដឹកខ្មែរ​ក្រហម​ពីរ​រូប​ដែល​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ​នោះ​គឺ លោក ខៀវ សំផន អាយុ ៨២ឆ្នាំ អតីតប្រមុខរដ្ឋ និង​លោក នួន ជា អាយុ ៨៧ ឆ្នាំ មេម​នោគមន៍​វិជ្ជា និងជាអតីត​ប្រធាន​រដ្ឋសភា​របស់​ខ្មែរក្រហម ពី​បទ​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងបទល្មើសផ្សេងៗទៀត។

អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហមគឺលោក អៀង សារី បានស្លាប់បាត់បងជីវិត ​កាល​ពីខែ​មីនា នាឆ្នាំកន្លងទៅ​ ក្នុង​អំឡុង​​ពេល​នៃការ​កាត់ទោស។

អង្គជំនុំជម្រះនឹងប្រកាសសាលក្រម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ លើសំណុំរឿង​របស់​លោក នួន ជា និងលោក ខៀវ សំផន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ដែរថា «នេះគឺជាទិវាដ៏​សំខាន់​​បំផុតនៃការកាត់ទោស​ខ្មែរ​ក្រហម ដោយ​សារ​តែជនសង្ស័យទាំងពីរគឺ​ជាមេដឹកនាំកំពូល​នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ (ខ្មែរ​ក្រហម) ដែល​នៅ​រស់​រាន​មានជីវិត»។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ក៏បានអញ្ចើញបណ្តាអង្គទូតបរទេស​ទាំង​​នោះ​​ចូលរួមធ្វើជាសាក្សី នៅថ្ងៃ​ប្រកាស​សាសក្រម​ជាលាយលក្ខណ៍អក្សរបស់តុលាការ​ផង​ដែរ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ សុខ អាន បានមាន​ប្រសា​ស​ន៍​ថា អវតក ប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​សំណង​ផ្លូវ​ចិត្ត និងសមូហភាព​ ដែលសំណង​នេះ​​រួម​មាន៖ ការចង់ចាំ និងការរំលឹក ការ​ស្តារ​និតិសម្បទា ការ​ចង​ក្រង​ឯកសារ ការ​អប់រំ និង​ការ​គាំទ្រ​ផ្នែកចិត្តសាស្ត្រ និងសុខភាពផ្លូវចិត្ត។

ឆ្លើយតបទៅនឹងការលើកឡើងពាក់ព័ន្ធនឹងដើមបណ្តឹងរដ្ឋប្បវេណី ឯកឧត្តមឧបនាយក​រដ្ឋ​​មន្ត្រី បណ្ឌិតសភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍ថា អវតក ជាយុត្តាធិការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិតែមួយ​គត់ ដែលអនុញ្ញាតឱ្យ​ដើមបណ្តឹង​រដ្ឋប្ប​វេណី​​ដែលជាតំណាង​ជនរង​គ្រោះនៃ​របប​ខ្មែរក្រហម ចូលរួម​យ៉ាង​ពេញលេញនៅក្នុងដំណើរការនីតិវិធី និងសវនការ។

អវតក ក៏បានកត់សម្គាល់ផងដែរអំពីវិធានការក្រៅប្រព័ន្ធតុលាការ ដែលមានដូចជា មជ្ឈ​មណ្ឌល​​សិក្សា​សន្តិភាព​នៅក្រាំង​តាចាន់ ខេត្ត​តាកែវ ការសាងសង់ស្តូបរំលឹកនៅសារមន្ទីរឧក្រិដ្ឋកម្ម​ប្រល័យ​​ពូជ​សាសន៍​​ទួលស្លែង គម្រោង​ហិង្សា​យេនឌ័រ មជ្ឈ​មណ្ឌល​ឯកសារ​ច្បាប់​នៃអវតក​ និង​មូលនិធិរបស់​ជន​រង​គ្រោះផងដែរ។

កម្មវិធីសំណងរដ្ឋប្បវេណីរបស់តុលាការនេះ ក៏ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពី​ឯកឧត្តម Joachim Baron Von Marschall ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់  ព្រោះថា ប្រទេសរបស់ឯក​ឧត្តម​ ធ្លាប់បាន​ឆ្លងកាត់​គ្រោះ​មហន្ត​រាយ​ដ៏ធ្ងន់​ធ្ងរ​កាល​ពីសង្គ្រា​ម​លោក​លើកទី ២។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា «យើងមើលឃើញ​សហ​ភាព​​អឺរ៉ុបថា​ជាដៃគូ​ដ៏សំខាន់​បំផុត​មួយ​របស់​កម្ពុជា»៕