Tuesday, January 31, 2023

ស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ ជាដៃគូសំខាន់ជួយបណ្តុះបណ្តាលធនធានមនុស្សខ្មែរជំនាន់ថ្មី លើផ្នែកអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរ

ក្នុងចំណោមស្ថាប័នអន្តរជាតិជាច្រើនបានចូលមករួមចំណែកលើការងារជួសជុលអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏មានស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ បានខិតខំរួមចំណែកក្នុងការងារជួយបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសកម្ពុជា លើជំនាញព្យាបាល និងអភិរក្សថ្ម អស់ជាច្រើនឆ្នាំមកហើយដែរ។ ការខិតខំប្រឹងប្រែងលើវិស័យបេតិកភណ្ឌនេះ ក្នុងគោលបំណងបង្កើនអ្នកជំនាញជំនាន់ថ្មី ពង្រឹងលើសមត្ថភាពឱ្យកាន់តែល្អប្រសើរ ដើម្បីបន្តធ្វើការងារអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយស្នាដៃកូនខ្មែរខ្លួនឯងផ្ទាល់។

លោក Christoph BUECKER អ្នកជំនាញអភិរក្សថ្មមកពីស្ថាប័ន GIZ បានឱ្យដឹងថា វត្តមានរបស់ស្ថាប័ន GIZនៅតំបន់អង្គរ គឺដើម្បីបង្ហាត់បង្រៀនអ្នកជំនាញខ្មែរ ដែលកំពុងបំរើការនៅក្នុងអាជ្ញាធរជាតិអប្សរា ឱ្យចេះជំនាញសង្កេតថ្ម ជួយជំរុញបន្ថែមទៀតនូវជំនាញអភិរក្សថ្ម ការមើលចម្លាក់ថ្ម និងការព្យាបាលចម្លាក់ថ្មនៅតាមប្រាសាទបុរាណនានា។ លោក Christoph BUECKER បញ្ជាក់ថា ចាប់តាំងតែពីឆ្នាំ២០០៧មក ស្ថាប័ន GIZ បានជួយបណ្តុះបណ្តាលមនុស្សខ្មែរជាច្រើនក្នុងជំនាញផ្នែកអភិរក្សថ្ម ហើយការបណ្តុះបណ្តាលនេះបានបែងចែកជាវគ្គៗ រយៈពេលបីឆ្នាំម្តង។ បច្ចុប្បន្ននេះ ស្ថាប័នGIZ ក៏មានគម្រោងជាច្រើនទៀត សម្រាប់បណ្តុះបណ្តាលធនធានមនុស្សខ្មែរ។ គម្រោងទាំងនោះ គឺបានប្រើប្រាស់ថវិការបស់ស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ទាំងស្រុង សម្រាប់ផ្គត់ផ្គង់ទាំងសម្ភារ ទ្រីស្តី និងបច្ចេកទេសមួយចំនួន ដែលត្រូវនាំយកពីក្រៅប្រទេស នៅពេលបើកវគ្គបង្រៀនម្ដងៗនោះ។

លោកបន្តថា ស្ថាប័ន GIZ ក៏បានជួយឧបត្ថម្ភសម្ភារមួយចំនួនទៀតដល់ផ្នែកពិសោធន៍ ដោយមានម៉ាស៊ីនពិសោធន៍ដែលអាចធ្វើតេស្តទៅលើថ្មមួយចំនួន ព្រមទាំងអាចជួយបន្សាបជាតិអំបិលនៅលើថ្ម និងពីរបៀបថាតើត្រូវដកយកជាតិអំបិលចេញ ពីថ្មដោយរបៀបណាទៀតផង។

លោក Christoph BUECKER បានសង្គត់ធ្ងន់ថា តាមរយៈការបណ្ដុះបណ្ដាលអ្នកជំនាញអភិរក្ស និងព្យាបាលថ្មនៅក្នុងតំបន់រមណីយដ្ឋានអង្គរ សព្វថ្ងៃនេះ ធនធានមនុស្សខ្មែរជំនាន់ថ្មីមានចំនួនកើនឡើង មានសមត្ថភាពបំពេញការងារនៅតាមការដ្ឋានជួសជុលប្រាសាទដោយខ្លួនឯង ដោយពុំចាំបាច់មានអ្នកជំនាញបរទេសទាំងស្រុងដូចកាលពីមុនទៀតហើយ។ លើសពីនោះ សិក្ខាកាមទាំងអស់ ហាក់មានចិត្តស្រលាញ់កេរមរតកដូនតាខ្លួនផង បានខិតខំយកចិត្តទុករៀនសូត្ររហូតក្លាយខ្លួនជាអ្នកជំនាញ ប្រែខ្លួនពីមនុស្សម្នាក់ដែលចេះសង្កេត តាមដានថ្ម និងបន្តថែរក្សាសម្បត្តិបេតិកភណ្ឌរបស់ខ្លួនទៀតផង៕







Monday, January 30, 2023

សារមន្ទីរជាតិកម្ពុជាបង្ហាញលទ្ធផលនៃការតភ្ជាប់ព្រះហស្តទាំងពីរថាជារបស់ព្រះបាទជ័យវរ្ម័នទី៧

ភ្នំពេញ៖ លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថាព្រះហស្តទាំងពីរនេះជារបស់ព្រះបាទជ័យវរ្ម័នទី៧។ នេះយោងតាមការចេញផ្សាយរបស់សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

សារមន្ទីរជាតិកម្ពុជាបានរំលឹកឱ្យដឹងថា បំណែករូបព្រះបាទជ័យវរ្ម័នទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។

លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩ ឯបំណែកព្រះហស្តស្ថាំនៃរូបព្រះបាទជ័យវរ្ម័នទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០។

ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិត មីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ ព្រះបាទជ័យវរ្ម័នទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បងតភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។

សារមន្ទីរជាតិកម្ពុជាបញ្ជាក់ថា សម្មតិកម្មនេះបានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថាបំណែកដៃទាំងពីរពិតជារបស់ព្រះបាទជ័យវរ្ម័នទី៧ ពិតប្រាកដមែនព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អស្ទើរ១០០% ហើយក្រោយមានការផ្សព្វផ្សាយលទ្ធផលនៃការសាកល្បងតភ្ជាប់ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំសារមន្ទីរជាតិ បានសម្រេចស្នើសុំយកបំណែកព្រះហស្ដទាំងពីរនេះមករក្សាទុកនៅសារមន្ទីរក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹងរូបរបស់ព្រះអង្គផ្ទាល់។

ក្រុមការងាររោងជាងនិងអភិរក្សថ្ម បានសាកល្បងយកព្រះហស្ដទាំងពីរនេះមកតភ្ជាប់ នាខែមករា ឆ្នាំ២០២៣ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេសក្នុងការតភ្ជាប់ព្រហស្ដទាំងពីរនាពេលអនាគត។

សារមន្ទីរជាតិបានឱ្យដឹងថា «គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ប្រយោជន៍លើកតម្កើងកិត្យានុភាព និងរំឮកគុណូបការពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ការពារកម្ពុជទេសនៃយើង» ៕ 






Sunday, January 29, 2023

គណបក្សប្រជាជនកម្ពុជា បង្ហាញចំណុចស្នូលចំនួន៨ ដែលនឹងត្រូវបន្តយកចិត្ត ទុកដាក់សម្រាប់អាណត្តិថ្មី

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយ ដែលធំជាងគេនៅកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញរយៈពេលពីរថ្ងៃនេះ បានសម្រេចដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ក្នុងមហាសន្និបាតនេះ គណបក្សនយោបាយដែលដឹកនាំប្រទេសតាំងពីឆ្នាំ១៩៧៩ និងតែងទទួលបានការគាំទ្រយ៉ាងមុតមាំពីប្រជាពលរដ្ឋ បន្តដាក់ចេញស្មារតីការពារ និងលើកស្ទួយផលប្រយោជន៍ប្រជាពលរដ្ឋ ដោយប្រកាន់ការងារស្នូលចំនួន៨។

ការងារស្នូលដែលផ្តោតសំខាន់លើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនេះ ត្រូវបានបង្ហាញ និងមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖







មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា ដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យជាបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០


(ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យជាបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាច បានដំណើរការនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅវិមាន៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ន សំអន អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល។ តំណាងដែលបានអញ្ជើញចូលរួមមហាសន្និបាត រួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល, មន្ត្រីគណបក្សជាសមាជិក សមាជិកាន រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល, មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៥៥៨ រូប។

តាមសេចក្តីសម្រេចរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា មហាសន្និបាតបានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ និងបណ្តាគោលនយោបាយធំៗជាអាទិភាពសម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀត ដោយផ្អែកលើបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងសភាពការណ៍ជាក់ស្តែងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យជាបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

គោលដៅជាយុទ្ធសាស្ត្រទាំង៥ រួមមាន៖

ទី១៖ ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ។

ទី២៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។

ទី៣៖ កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។

ទី៤៖ ជំរុញការអនុវត្ត «កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមា»។

ទី៥៖ បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំងអស់ នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕