Monday, January 30, 2023

សារមន្ទីរជាតិកម្ពុជាបង្ហាញលទ្ធផលនៃការតភ្ជាប់ព្រះហស្តទាំងពីរថាជារបស់ព្រះបាទជ័យវរ្ម័នទី៧

ភ្នំពេញ៖ លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថាព្រះហស្តទាំងពីរនេះជារបស់ព្រះបាទជ័យវរ្ម័នទី៧។ នេះយោងតាមការចេញផ្សាយរបស់សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

សារមន្ទីរជាតិកម្ពុជាបានរំលឹកឱ្យដឹងថា បំណែករូបព្រះបាទជ័យវរ្ម័នទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។

លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩ ឯបំណែកព្រះហស្តស្ថាំនៃរូបព្រះបាទជ័យវរ្ម័នទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០។

ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិត មីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ ព្រះបាទជ័យវរ្ម័នទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បងតភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។

សារមន្ទីរជាតិកម្ពុជាបញ្ជាក់ថា សម្មតិកម្មនេះបានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថាបំណែកដៃទាំងពីរពិតជារបស់ព្រះបាទជ័យវរ្ម័នទី៧ ពិតប្រាកដមែនព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អស្ទើរ១០០% ហើយក្រោយមានការផ្សព្វផ្សាយលទ្ធផលនៃការសាកល្បងតភ្ជាប់ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំសារមន្ទីរជាតិ បានសម្រេចស្នើសុំយកបំណែកព្រះហស្ដទាំងពីរនេះមករក្សាទុកនៅសារមន្ទីរក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹងរូបរបស់ព្រះអង្គផ្ទាល់។

ក្រុមការងាររោងជាងនិងអភិរក្សថ្ម បានសាកល្បងយកព្រះហស្ដទាំងពីរនេះមកតភ្ជាប់ នាខែមករា ឆ្នាំ២០២៣ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេសក្នុងការតភ្ជាប់ព្រហស្ដទាំងពីរនាពេលអនាគត។

សារមន្ទីរជាតិបានឱ្យដឹងថា «គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ប្រយោជន៍លើកតម្កើងកិត្យានុភាព និងរំឮកគុណូបការពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ការពារកម្ពុជទេសនៃយើង» ៕ 






No comments:

Post a Comment