នៅសាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤នេះ មានរៀបចំពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ដល់សិស្សមេធាវីជំនាន់ទី១០ ទី១១ និងទី១២ និងបើកវគ្គសិក្សាវិជ្ជាជីវៈមេធាវីដល់សិស្សមេធានវីជំនាន់ទី១៣ ដោយទទួលបានការថ្លែងអបអរសាទរចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យពី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ចាត់ទុកវិញ្ញាបនបត្របញ្ចប់ការសិក្សារវិជ្ជាជីវះមេធាវីនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងជាមោទនភាពយ៉ាងធំធេងសម្រាប់បុគ្គលខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ និងប្រទេសជាតិ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានផ្តាំផ្ញើសិស្សដល់មេធាវីទាំងអស់ ដែលទទួលបានវិញ្ញាបនបត្រនាពេលនេះ ត្រូវបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងឱ្យបានទាន់តាមការវិវឌ្ឍរបស់សង្គម ព្រោះថា ចំណេះដឹងតែមួយមុខគត់ពិតជាមិនគ្រប់គ្រាន់ឡើយ ហើយត្រូវខិតខំតស៊ូប្រឹងប្រែងត្រូវមានគំនិតច្នៃប្រឌិត ស្មារតីទទួលខុសត្រូវ វិន័យការងារ សីលធម៌រស់នៅល្អ និងភាពជាម្ចាស់ការ ទើបយើងអាចទទួលបានជោគជ័យក្នុងអាជីពវិជ្ជាជីវៈ។
ឯកឧត្តមបណ្ឌិតសភាចារ្យបញ្ជាក់ថាចំណេះដឹង និងជំនាញបច្ចេកទេស ដែលទទួលបានពីការសិក្សានឹងក្លាយជាដើមទុនមួយសម្រាប់ការវិនិយោគនាពេលអនាគត ប៉ុន្តែគប្បីត្រូវចេះប្រើប្រាស់ដើមទុនដ៏មានតម្លៃនេះឱ្យបានត្រឹមត្រូវ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ វិចារណញ្ញាណ និងគោរពសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង និងដល់សង្គមជាតិទាំងមូល។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីបានដាស់តឿនដល់មេធាវីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួនក្នុងការតំណាង និងការការពារសិទ្ធិរបស់កូនក្ដី ទោះក្នុងគោលដៅការពារប្រយោជន៍ឯកជនស្របច្បាប់របស់អតិថិជនរបស់ខ្លួន ក៏ដូចជាការការពារផលប្រយោជន៍ទូទៅរបស់សង្គម។ លើសពីនេះ មេធាវីត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួនផងដែរ នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថា វិធីសាស្ត្រនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនត្រូវបានធ្វើឡើងដោយមានក្រឹត្យក្រម និងការទទួលខុសត្រូវខ្ពស់។ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានបញ្ជាក់ថា មេធាវីដែលល្អ គឺមេធាវី ដែលមានសមត្ថភាព មានមនសិការ មានសីលធម៌ល្អ ស្អាតស្អំ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តម ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា គិតមកដល់ ថ្ងៃទី២៩កក្កដានេះ គណៈមេធាវីមានមេធាវីពេញសិទ្ធិដែលកំពុងប្រកប វិជ្ជាជីវៈមេធាមេវីមានចំនួន ៧២៥រូប ក្នុងនោះស្ត្រីចំនួន ១៣៤រូប ដែលចំនួននេះមិនគិតពីមេធាវីដែលសុំមិនប្រកបវិជ្ជាជីវៈមេធាវីសុំ នៅក្រៅបញ្ជីនិងមេធាវីដែលបានលុបឈ្មោះចេញពីគណៈមេធាវីនោះទេ។ ឯកឧត្តម ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា សិស្សមេធាវី ដែលត្រូវទទួលបាននូវវិញ្ញាបនបត្រនាពេលនេះមានចំនួន១៤០រូប ដែលជាអតីតសិស្សមេធាវីជំនាន់ទី១០ ទី១១ និងទី១២ រួមជាមួយសិស្សមេធាវីជំនាន់ទី១៣ ចំនួន ៥៤រូបទៀត ដែលទើបប្រឡងជាប់ជាស្ថាពរនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ។
ឯកឧត្តមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៥មកនោះរហូតមកដល់ពេលនេះគណៈមេធាវីបាន បណ្តុះបណ្តាលមេធាវីបានចំនួន១៣ជំនាន់មកហើយ ហើយជាលទ្ធផលគិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤នេះ។ គណៈមេធាវីមានមេធាវីពេញសិទ្ធិដែលកំពុងប្រកបវិជ្ជាជីវៈមេធាវីចំនួន ៧២៥រូប ក្នុងនោះមេធាវីជាស្ត្រីចំនួន១៣៤រូបប្រមាណ១៨,៥% ដែលចំនួននេះមិនគិតពីមេធាវីដែលសុំមិនប្រកបវិជ្ជាជីវៈ, មេធាវីសុំនៅក្រៅបញ្ជី និងមេធាវីដែលបានលុបឈ្មោះចេញពីគណៈមេធាវីនោះទេ។ ឯកឧត្តមបន្ថែមថា មេធាវីទាំងអស់នោះបានតាំងការិយាល័យរបស់ខ្លួននៅទូទាំងព្រះរាជាណាចក្រកម្ពុជាចំនួន ៣០០ការិយាល័យ៕