Wednesday, December 19, 2018

TOP NEWS: តុលាការកំពូលសម្រេចតម្កល់សាលក្រម និងសាលដីកា កាត់ទោសឱ្យលោក សម រង្ស៉ី សងជំងឺចិត្តសម្តេចតេជោ១លានដុល្លារ ក្នុងបទបរិហារកេរ្តិ៍

(ភ្នំពេញ)៖ ទីបំផុត ! នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រម និងសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលបានកាត់ទោសផាកពិន័យលោក សម រង្ស៉ី ចំនួន១០លានរៀល និងបង្គាប់ឱ្យទណ្ឌិតនេះ សងជំងឺចិត្តជូន សម្តេចតេជោ ហ៊ុន សែន ចំនួន៤០០០លានរៀល (ប្រហែល១លានដុល្លារសហរដ្ឋអាមេរិក) ចំពោះបទបរិហារកេរ្តិ៍លើសម្តេចតេជោ ហ៊ុន សែន។
លោក គី តិច មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងសាលដីកានេះ បានសម្រេចដូចតទៅ៖
១៖ បដិសេធបណ្តឹងសាទុក្ខ របស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះសម រង្សី ដោយទាស់នឹងគតិច្បាប់ ។
២៖ តម្កល់សេចក្តីសម្រេច ក្នុងសាលដីការបស់សាលាឧទ្ធរណ៏ ទុកជាបានការពេញទាំងមូល ។
៣៖ សាលដីកានេះ ត្រូវបានប្រកាស ជាសាធារណ: នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ការប្រកាសសាលដីកានេះ បានធ្វើឡើងបន្ទាប់ពីសាលាកំពូល បានជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់ មេធាវីលោក សម រង្ស៉ី ដែលបានប្តឹងជំទាស់ ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ក​ន្លងមក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក សម រង្ស៉ី ដោយផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តជូនដើមបណ្តឹង គឺសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀល ក្នុងសំណុំរឿងបទបរិហាកេរ្តិ៍មួយនេះ។
កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ សាលាឧទ្ធរណ៍ ក៏បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការណ៍ ដោយសម្រេចផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យ លោក សម​ រង្ស៉ី សងជំងឺចិត្តជូនសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀលផងដែរ។
សំណុំរឿងបរិហារកេរ្តិ៍មួយនេះ បានកើតឡើងបន្ទាប់ពី លោក​សម រង្ស៊ី នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ បានចោទប្រកាន់ សម្តេចតេជោ ​ហ៊ុន សែន ថា​បាន​យក​លុយ​ទៅ​សូកប៉ាន់​ កញ្ញា​ធី សុវណ្ណ​ថា រហូតដល់​១​លាន​ដុល្លារ ដើម្បី​ឱ្យ​នាង​ធ្វើ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ៕

ប្រភពពី Freshnews 




គណបក្សប្រជាជនកម្ពុជា បន្តកិច្ចប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល នៅកោះពេជ្រ សម្រាប់ថ្ងៃទី​២

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា បានបន្តរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ សម្រាប់ថ្ងៃទី២។ សន្និបាតនេះដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មា ធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង១ពាន់នាក់។
គួររំលឹកថា ក្នុងថ្ងៃបើកសន្និបាតនេះ កាលពីម្សិលមិញ លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ថា មិនត្រូវមិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះឡើយ ព្រោះគ្រប់សមរភូមិភារកិច្ចសុទ្ធតែមានបញ្ហាប្រឈម ឬយថាហេតុនៃហានិភ័យដែលអាចកើតមានឡើង។
លោកបានចាត់ទុកការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលុបជាប្រវត្តិសាស្ត្រមួយនេះ គឺជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា តែលោកបានក្រើនរំលឹកដល់សមាជិកបក្សទាំងអស់ថា មិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះនេះឡើយ ព្រោះគ្រប់សមរភូមិភារកិច្ចសុទ្ធតែមានបញ្ហាប្រឈម ឬយថាហេតុនៃហានិភ័យដែលអាចកើតមានឡើង។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច៥អាណត្តិមកនេះ នាពេលបច្ចុប្បន្ន មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ បន្ទាប់ពីបញ្ចូលថ្មីចំនួន ៣៤២នាក់បន្ថែមទៀតកាលពីមហាសន្និបាត ខែមករា ឆ្នាំ២០១៨៕




រឿងនិទានភ្លើងឆេះផ្ទះ៖ សម រង្ស៊ី ជាចោរចូលលួចកៅអីម្ចាស់ផ្ទះ

អស់ពីតាំងខ្លួនថា ជាសំប៉ានជួយសង្គ្រោះសំពៅ ដែលគឿងនៅកណ្តាលមហាសមុទ្ររំដោះមេទ័ព កឹម សុខា ឥឡូវនេះទណ្ឌិតសម រង្ស៊ី បាននិងកំពុងព្យាយាម ការពារខ្លួនពីទង្វើរំលោភលក្ខន្តិកៈបក្ស ធ្វើបក្សប្រហារឡើងធ្វើជាប្រធានស្តីទីខ្មោចបក្សសង្គ្រោះជាតិដោយខុសច្បាប់ដោយយករឿងរ៉ាវភ្លើងឆេះផ្ទះមកនិទាន ឱ្យសកម្មជនរបស់ខ្លួន ស្តាប់ដើម្បីស្វែងរកការគាំទ្រ និងដោះសារលាងខ្លួនពីទង្វើអសីលធម៌ និងគ្មានគុណធម៌នេះ។ នៅក្នុងសន្និសីទខ្មោចបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៥ ខែធ្នូ នៅប្រទេសបារាំង សម រង្ស៊ី បានប្រៀបធៀបគណបក្សសង្គ្រោះជាតិថា ជាផ្ទះដ៏សុខសាន្តមួយ ដែលមានមនុស្សរស់នៅប៉ុន្តែត្រូវបានគេលួចដុតនៅកណ្តាលអធ្រាត ហើយសមាជិកបក្សភាគច្រើន រត់ចេញទៅក្រៅផ្ទះ និងខ្លះទៀតនៅជាប់ក្នុងផ្ទះដែលភ្លើងកំពុងតែ ឆេះនិងថែមទាំងមានចោរឆ្លៀតឱកាសចូលទៅក្នុងផ្ទះដែលកំពុងតែឆេះ មកប្លន់ទ្រព្យសម្បត្តិ ហើយជាពិសេសមកប្លន់កៅអីដែលម្ចាស់ផ្ទះស្រឡាញ់។

តើនរណាជាចោរពិតប្រាកដ ដែលចង់បានកៅអីនៅក្នុងផ្ទះដែលកំពុងឆេះនោះ?
សម រង្ស៊ី លើកឡើងថា ក្រុមខ្លួនដែលជាក្រុមអ្នករត់ចេញមកក្រៅផ្ទះហៅឡានទឹក ហៅប៉ូលីសមកជួយពន្លត់ភ្លើង មកជួយចាប់ចោរដែលកំពុងតែលួចទ្រព្យ ចង់បានកៅអី ស្រាប់តែមានអ្នកខ្លះគេថា អ្នកនៅក្រៅ គ្មានសិទ្ធិហៅប៉ូលិស ហៅឡានទឹកមកសង្គ្រោះទេ ត្រូវសួរយោបល់មនុស្សនៅក្នុងផ្ទះសិន ខណៈភ្លើងកំពុងតែឆេះផ្ទះ អ្នកឯងធ្វើហ្នឹង គឺខុសច្បាប់ហើយ ទាល់តែអ្នកក្នុងផ្ទះចេញរួចពីភ្លើងបានរត់ទៅហៅឡានទឹក ហៅប៉ូលិសបាន។ ងាប់ហើយ! បើចាំពួកគ្នាយើងចេញ ចាំហៅឡានទឹក ហៅប៉ូលិស ពួកគ្នាយើងចេញអត់រួចទេ? យើងប្រឹងហៅឡានទឹកមកពន្លត់ភ្លើង ទើបរួចខ្លួនទាំងអស់គ្នា។ យើងត្រូវសង្គ្រោះផ្ទះយើង»។ គិតៗទៅសម រង្ស៊ី ពិតជាកំពូលភូតកុហកក្រឡិចក្រឡិចមែន ឱ្យតែដើម្បីផលប្រយោជន៍ខ្លួនឯងទោះបីជាខុសយ៉ាង ណាក៏ត្រូវខិតខំពន្យល់ឡើងបែកពពុះមាត់ដើម្បីការពារខ្លួនដែរ។

តាមពិតរឿងនិទានភ្លើងចេះផ្ទះដែល សម រង្ស៊ី លើកយកមកនិទានបានបាត់ភាពឡូហ្សិករបស់ខ្លួន និងមិនអាចការពារអ្វីដែលខ្លួនកំពុងតែបំពានបានឡើយ។ អ្វីដែលសម រង្ស៊ី ចង់លើកគឺថាខ្លួន ជាក្រុមអ្នកដែលរត់ចេញក្រៅផ្ទះនិងស្វះស្វែងរកជំនួយដើម្បីមកជួយសង្គ្រោះពន្លត់ភ្លើងនិងមកចាប់ចោរដែលលួចកៅអីដែលសំដៅលើតំណែងជាប្រធានបក្ស។ ប៉ុន្តែសម រង្ស៊ី ធ្វើនេះគឺបាននិងកំពុងរំលោភបំពានលើសិទ្ធិរបស់ម្ចាស់ផ្ទះដែលនៅខាងក្រៅ និងនៅខាងក្នុង ពោលគឺម្ចាស់ផ្ទះដែលកំពុងឆេះនៅខាងក្រៅគឺគណៈកម្មាធិការ ចំពោះកិច្ច និងលក្ខន្តិកៈខ្មោចបក្សសង្គ្រោះជាតិដែលតំណាងស្របច្បាប់ដោយកូនស្រី កឹម សុខា គឺកឹម មនោវិទ្យា យ៉ែម ប៊ុញ្ញាឫទ្ធិ បានធ្វើសកម្មភាពការទូតនៅខាងក្រៅ រាប់មិនអស់ដើម្បីជួយសង្គ្រោះភ្លើងឆេះផ្ទះ និងរំដោះមនុស្សពីក្នុងផ្ទះដែលកំពុងតែឆេះនេះ។ សម រង្ស៊ី ដែលអះអាងថាខ្លួនបានរត់ចេញទៅក្រៅផ្ទះដើម្បីរកជំនួយ តែទីបំផុត បានរត់មកចូលទៅក្នុងផ្ទះដែលកំពុងតែឆេះនេះវិញ ដើម្បីមកដណ្តើមទ្រព្យសម្បត្តិជាពិសេសកៅអីជាមេដឹកនាំគណបក្សពី កឹម សុខា ដែលកំពុងតែត្រដរខ្យល់នឹងកម្តៅភ្លើងឆេះផ្ទះខ្មោចគណបក្សសង្គ្រោះជាតិ។

តើនេះមិនមែនជាជនឱកាសនិយម និងចាំតែឡើងបេះផ្លែផ្លាដោយមិនគិតពីអ្នកដាំទេឬ? សម រង្ស៊ី កំពុងបន្លំភ្នែកគេឯងហើយ! សម រង្ស៊ី និងចលនាសង្គ្រោះជាតិ គ្រាន់តែជាអ្នកខាងក្រៅ ដែលជាអ្នកលួចដុតផ្ទះ និងរង់ចាំឱកាសល្អចូលលួចទ្រព្យសម្បត្តិ និងដណ្តើមកៅអីក្នុងផ្ទះឆេះនោះមកធ្វើជាទ្រព្យសម្បត្តិ និង គ្រប់គ្រងសម្រាប់ក្រុមខ្លួនតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាក្រុមកឹម សុខា ដែលមានទាំងយន្តការគណៈកម្មការចំពោះកិច្ចផង និងមានលក្ខន្តិកៈខ្មោចបក្សផងចោទ សម រង្ស៊ី ថាបានធ្វើបក្សប្រហារ និងរំលោភច្បាប់។ ទោះបី សម រង្ស៊ី បំភ្លៃយ៉ាងណាក៏ពលរដ្ឋខ្មែរមិនជឿដែរថា សម រង្ស៊ី មកជួយសង្គ្រោះភ្លើងឆេះផ្ទះនេះដោយសុទ្ធចិត្ត ព្រោះថា៖

ទី១) សម រង្ស៊ី ខ្លួនឯង ក្រៅពីបោះបង់ចោលផ្ទះបក្សសង្គ្រោះជាតិតាមរយៈការលាលែងតំណែងពីប្រធាន និងលះបង់សមាជិកភាព ថែមទាំងបានបង្កើតផ្ទះថ្មីមួយគឺចលនាសង្គ្រោះជាតិដែល សម រង្ស៊ី និងគូកនពន្យល់ថា ជាសំប៉ានជួយសង្គ្រោះសំពៅ។ ប៉ុន្តែតាមពិត សម រង្ស៊ី រៀបចំ ផែនការប្លន់យកតំណែងជាមេដឹកនាំខ្មោចបក្សសង្គ្រោះជាតិឡើងវិញសោះ ព្រោះថាខ្លួនហាក់ដូចជាសាបពីឆាកនយោបាយខ្មែរ និងមិនត្រូវបានសហគមន៍អន្តរជាតិយកចិត្តទុកដាក់ និងមិនស្ថិតនៅក្នុងកញ្ចប់ដោះ ស្រាយដែលត្រូវបានសហគមន៍អន្តរជាតិស្នើឡើង។

ទី២) សម រង្ស៊ី គឺជាទណ្ឌិត គ្មានសិទ្ធិធ្វើនយោបាយ និងឈរឈ្មោះធ្វើជាប្រធានគណបក្សនយោបាយឡើយ។ យោងតាមច្បាប់ សម រង្ស៊ី ជាអ្នកទោស បើសិន ជាគណបក្សសង្គ្រោះជាតិនៅរស់ នោះគណបក្សនេះមិនអាចគេចផុតពីការរំលាយចោលនោះទេ។

ទី៣) សូម្បីរូបថតទណ្ឌិត សម រង្ស៊ី ក៏មិនអាចប្រើបានដែរគឺជាការខុសច្បាប់ព្រោះទណ្ឌិត សម រង្ស៊ី ត្រូវបានហាម ឃាត់ធ្វើនយោបាយ។ ដូច្នេះ សម រង្ស៊ី គ្រាន់តែជាសមាសធាតុចង្រៃគ្រប់ពេលទាំងអស់ និងគ្រាន់តែចង់បានតំណែងជាមេដឹកនាំបក្សខ្យល់ សាបព្រួសខ្យល់ ដើម្បីស្វះស្វែងផ្សាភ្ជាប់ខ្លួននឹងកញ្ចប់ដំណោះស្រាយជាយថាហេតុ និងដើម្បីកុំឱ្យគេទាត់ចេញពីឆាកនយោបាយខ្មែរ និងកុំឱ្យគេភ្លេចខ្លួនតែប៉ុណ្ណោះ។

ទោះ សម រង្ស៊ី ខំពន្យល់សាធារណៈមតិយ៉ាងណាក៏ការឡើងមកធ្វើប្រធានស្តីទីគណបក្សសង្គ្រោះជាតិតាមរយៈបក្សប្រហារ នៅតែមិនអាចយកជាការបាន ខណៈសហគមន៍ជាតិ និងអន្តរជាតិ មិនទទួលស្គាល់ដដែលព្រោះគេមើលឃើញថា ខុសគោលការណ៍របស់ខ្មោចគណបក្សសង្រ្គោះជាតិ ដោយមិនមានឯកភាពផ្ទៃក្នុង និងមិនមានការចូលរួមពីភាគីម្ខាងទៀតនៅក្នុងគណបក្ស គឺរៀបចំធ្វើ និងសម្រេចតែភាគីសម រង្ស៊ី តែម្ខាង។ តាមអ្វីដែលលោក គង់ គាំ មនុស្សជំនិតរបស់សម រង្ស៊ី បានលើកឡើងគឺគាត់ជាសាក្សីផ្ទាល់ និងសំខាន់តែមួយគត់របស់ សម រង្ស៊ី និង កឹម សុខា ស្ថាបនិកខ្មោចបក្សសង្គ្រោះជាតិ ដោយលោកលើកឡើងថា «សេចក្តីសម្រេចណាដែលមិនឈរលើគោលការណ៍កុងសង់ស៊ីសទាំងពីរនាក់រួមគ្នា គឺមិនត្រឹមត្រូវ»។
នេះមានន័យ ថាអ្វីៗដែល សម រង្ស៊ី បានធ្វើគឺមិនទទួលបានការឯកភាពពី កឹម សុខា ទេ ទាំងការបង្កើតចលនាសង្គ្រោះជាតិនិងចុងក្រោយការរៀបចំសន្និសីទ និងវេទិកាបាយឡុកបាយឡរដើម្បីប្រថាប់ត្រាឱ្យសម រង្ស៊ី វិលមកដឹកនាំខ្មោចបក្សសង្គ្រោះជាតិវិញ។ កឹម សុខា តាមរយៈសំឡេងមេធាវីរបស់ខ្លួនមិន គាំទ្រ និងមិនឯកភាពលើសកម្មភាព និងការសម្រេចចិត្តរបស់ សម រង្ស៊ីឡើយ។ ដូច្នេះ សម រង្ស៊ី មិនមែនជាប្រធានស្តីទីស្របច្បាប់ឡើយ តែបានមកពីការប្លន់កៅអីពី កឹម សុខា។

ដូច្នេះហើយ បានជាទោះ សម រង្ស៊ី ខំព្យាយាមសម្តែងតួរៀបចំឆាកចេញពីសន្និសីទសាខាពិភពលោកនៃខ្មោចបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិកមកជាវេទិកាសាធារណៈនៅទីក្រុងប៉ារីសប្រទេសបារាំង និងចុងក្រោយការប្រកាសទទួលស្គាល់ពីសំណាក់ មូរ សុខហួរ និងអេង ឆៃអ៊ាង អតីតអនុប្រធានខ្មោចគណបក្សសង្គ្រោះជាតិ ជាខ្លឹមសារគឺជាការជួបប្រជុំរវាងសមាជិកចលនាសង្គ្រោះជាតិ និងជារូបភាព គឺបានប្លន់អាវខ្មោចបក្សសង្គ្រោះជាតិយកមកពាក់ដើម្បីបន្លំភ្នែកសហគមន៍ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។ ធាតុពិតនៅតែជាចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិតែប៉ុណ្ណោះ។ សហគមន៍អន្តរជាតិក៏មិនអាចធ្វើការជាមួយសម រង្ស៊ីបានដែរព្រោះជាចលនា ខុសច្បាប់។ យុទ្ធសាស្ត្រសម រង្ស៊ី នៅពេលនេះគឺចាញ់បន្ថែមទៀត ចាញ់នៅចំពោះមុខក្រុមកឹម សុខា ព្រោះ មិនអាចដណ្តើមបានដោយជោគជ័យនូវការដឹកនាំខ្មោចបក្សសង្គ្រោះជាតិមកវិញ និងចាញ់នៅចំពោះមុខ សហគមន៍អន្តរជាតិដែលមិនអាចទទួលបានការទទួលស្គាល់ថា សម រង្ស៊ី ជាមេដឹកនាំបក្សខ្មោចសង្គ្រោះ ជាតិ ដែលសម រង្ស៊ី ខ្លួនឯងចង់បានបំផុតដើម្បីបញ្ជ្រៀតចូលក្នុងកញ្ចប់ដំណោះស្រាយ។

ហេតុដូច្នេះហើយបានជា សម រង្ស៊ី និងអាមាត្រ អេង ឆៃអ៊ាង និងមូរ សុខហួរ ឆ្លេរឆ្លារចុះឡើងម្តងប្រថាប់ត្រាឱ្យ សម រង្ស៊ី ធ្វើជាប្រធានចលនា ម្តងធ្វើជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ។ ចំណែកយុទ្ធសាស្ត្រ និង វិធីសាស្ត្រនយោបាយក៏មិនច្បាស់លាស់បាយបិណ្ឌ ជាបាយបាត្រតាមការនឹកឃើញស្រមើស្រម៉ៃដោយម្តង ថាដោះលែង កឹម សុខា មុន និងម្តងថា សម រង្ស៊ី និងកឹម សុខាគឺជាមនុស្សតែមួយដែលត្រូវដោះលែង និងម្តងថាមិនចាំបាច់គិត១១៨នាក់មុនទេ គឺគិតពី កឹម សុខា មុន។

ប៉ុន្តែសម រង្ស៊ី មិនស្ថិតនៅក្នុងកញ្ចប់ក្រុម ១១៨ នាក់នោះទេ គឺមានតែនៅក្នុងកញ្ចប់គុក ហើយ សម រង្ស៊ី ច្បាស់ណាស់នឹងអាច ចាញ់ការភ្នាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើរឿងដោះលែង កឹម សុខា។ ក្រុមអ្នកគាំទ្រអតីត ខ្មោចបក្សសង្គ្រោះជាតិលើកឡើងថាដោយសារតែដឹងថាខ្លួនកាន់តែឯកោ សម រង្ស៊ី ខិតខំប្រឹងប្រែងភ្ជាប់ខ្លួនជាមួយនឹង ខ្មោចបក្សសង្គ្រោះជាតិ ប៉ុន្តែនេះកាន់តែបង្ហាញនូវចេតនាបំផ្លាញគេឯង ដែលមិនរួមគំនិតជាមួយខ្លួន ហើយការហាមមិនឱ្យមនុស្សជាប់បំរាមទាំង១១៨ ស្នើសុំនីតិសម្បទាន យោបាយឡើងវិញគឺជា អំពើឃោរឃៅ និងផ្តាច់ការបំផុត។ កាលដែល សម រង្ស៊ី ចោទប្រកាន់ថា នរណាដែលមិនគាំទ្រគោលជំហរ សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ អ្នកនោះចង់មិនចង់បម្រើផលប្រយោជន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្បត់បក្សគឺជាអ្នកនយោបាយគ្មានសីលធម៌ គុណធម៌ និងមនុស្សគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨



ព្រះមហាក្សត្រ​ យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា យាងទៅកាន់ប្រទេសវៀតណាម។

យោងតាមព្រះរាជសារផ្ញើជូនជនរួមជាតិនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ អង្គព្រះមហាក្សត្រខ្មែរបានមានព្រះរាជបន្ទូលបញ្ជាក់ថា ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ព្រះអង្គនៅប្រទេសវៀតណាម មានរយៈពេល៣ថ្ងៃ (១៩-២០-២១ ខែធ្នូ ឆ្នាំ២០១៨) ហើយព្រះអង្គនឹងយាងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដាណាងផងដែរ។ ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ព្រះអង្គទៅកាន់ប្រទេសវៀតណាមនាពេលនេះ គឺជាព្រះរាជដំណើរដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយព្រះពរសូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕














ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានជុំវិញការរៀបចំវេទិកាសហគ្រិនវ័យក្មេងអាស៊ាន-ចិន រយៈពេល២ថ្ងៃ នៅខេត្តសៀមរាប

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បានចេញសេចក្តីសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ខ្លួនបានសហការជាមួយនឹងលេខាធិការដ្ឋានអាស៊ាន និងដោយមានការគាំទ្រពីស្ថានបេសកកម្មនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន រៀបចំដោយជោគជ័យនូវ វេទិកាសហគ្រិនវ័យក្មេងអាស៊ាន-ចិន ក្រោមមូលបទ «ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមឱ្យរឹងមាំ» នៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ ២០១៨ នៅខេត្តសៀមរាប។
ក្រសួងការបរទេស បានបញ្ជាក់ទៀតថា វេទិកានេះ គឺជាសកម្មភាពមួយ ដើម្បីអបអរសាទរ «ឆ្នាំនវានុវត្តន៍អាស៊ាន-ចិន២០១៨» និង ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន។
លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងជាឧត្តមមន្រ្តីអាស៊ាន (SOM) កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការនេះ។ ឥស្សរជនសំខាន់ៗដទៃទៀត ដែលបានអញ្ជើញចូលរួមក្នុងពីធីបើកវេទិកានេះ មានជាអាទិ៍ លោក ហេង សុខគង់ រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកស្រី ហ្វាង ប៊ីង ទីប្រឹក្សានៃស្ថានបេសកកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំអាស៊ាន និង លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។ មានយុវជន យុវតីប្រមាណជាង១០០នាក់ រួមទាំងសហគ្រិនជាស្រ្តី និងតំណាងមកពីប្រទេសសមាជិកអាស៊ានទាំង១០ សាធារណរដ្ឋ ប្រជាមានិតចិន លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលអាស៊ាន-ចិន និងអ្នកពាក់ព័ន្ធដទៃទៀត ដែលមកពីសហគ្រាសមីក្រូធុនតូច និងមធ្យម (MSMEs) បានចូលរួមក្នុងវេទិកានេះ។
ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ បានលើកកម្ពស់ការយល់ដឹងរបស់យុវជន និងសហគ្រិនវ័យក្មេងទាំងអស់ អំពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសចិន។ អ្នកចូលរួមទាំងអស់បានធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងផុលផុស ស្តីពីគោលនយោបាយ បទពិសោធន៍ និងឧត្តមានុវត្តន៍ បញ្ហាប្រឈមសំខាន់ៗ និងនវានុវត្តន៍នាពេលអនាគត សម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម នៅក្នុងអាស៊ាន និងប្រទេសចិន។ លើសពីនេះទៅទៀត វេទិកានេះបានផ្ដល់ឱកាសដ៍ល្អឱ្យអ្នកចូលរួមទាំងអស់បង្កើតបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលខ្លួនយកចិត្តទុកដាក់។
លោក អ៊ូក សោភ័ណ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានថ្លែងសុន្ទរកថាក្នុងពិធីបិទវេទិកា នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨ ដែលបានបញ្ចប់ដោយការអនុម័តនូវអនុសាសន៍សំខាន់ៗមួយចំនួន ស្តីពីវិធីលើកកម្ពស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញអនុក្រឹត្យដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានសម្រាប់មន្ត្រីរាជការ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី​ហ៊ុន​ សែន​ នៅថ្ងៃទី១៨ ខែធ្នូនេះ បានចេញអនុក្រឹត្យលេខ ១៧៣ ស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការ សម្រាប់ឆ្នាំ២០១៩។ អនុក្រឹត្យនេះ សម្រេចកែប្រែឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានពីចំនួន ២១៣០រៀល ទៅចំនួន២៣៤០រៀល ក្នុងមួយសន្ទស្សន៍ ដែលចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩តទៅ។
អនុក្រឹត្យថ្មីនេះ នឹងជួយឱ្យប្រាក់បៀវត្សមន្ត្រីរាជការ ត្រូវបានដំឡើងច្រើនជាងមុនដើម្បីលើកកម្ពស់ជីវភាពរបស់នៅប្រចាំថ្ងៃរបស់មន្ត្រីរាជការដែលបាន​និងកំពុងខិតខំបម្រើជាតិមាតុភូមិ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញអនុក្រឹត្យដំឡើងប្រាក់កម្រៃមន្រ្តីជាប់កិច្ចសន្យា ពី៦០ម៉ឺនរៀល ដល់៦៥ម៉ឺនរៀល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញអនុក្រឹត្យលេខ១៧២ ស្តីពីការដំឡើងប្រាក់កម្រៃមន្រ្តីជាប់កិច្ចសន្យា ឆ្នាំ២០១៩។
អនុក្រឹត្យថ្មីនេះ សម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៦០ម៉ឺនរៀល ដល់ ៦៥ម៉ឺនរៀល ដែលចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩តទៅ៕