Tuesday, April 30, 2019

ជំនួបពិភាក្សាទ្វេភាគីរវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី អោង សានស៊ូជី បានបញ្ចប់

នៅម៉ោងប្រមាណ១០:២០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ជំនួបពិភាក្សាទ្វេភាគីរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានបញ្ចប់ដោយជោគជ័យ នៅវិមានសន្តិភាព។
បន្ទាប់ពីបញ្ចប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី, លោកស្រី អោង សានស៊ូជី នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា។
នៅពេលរសៀលថ្ងៃដដែលនេះ លោកស្រី នឹងអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់មកលោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនុ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។
នៅរាត្រីថ្ងៃនេះ ក៏មានការរៀបចំពិធីលាងសាយភោជទទួលដំណើរទស្សនកិច្ចរបស់លោកស្រីនៅលើទឹកដីកម្ពុជា ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរនៅវិមានសន្តិភាព។
ប្រាសាទអង្គរវត្តដែលជារតនសម្បត្តិដ៏ល្បាញល្បីរបស់កម្ពុជា ក៏ជាទីកន្លែងដែលអន្ទងដួងចិត្តលោកស្រី អោង សានស៊ូជី នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូង នៅកម្ពុជានេះផងដែរ។ លោកស្រី អោង សានស៊ូជី នឹងអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាប នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ ក្រោយទស្សនាប្រាសាទអង្គរលោកស្រី នឹងហោះចាកចេញពីកម្ពុជាទៅកាន់ប្រទេសរបស់លោកស្រីវិញក្នុងថ្ងៃដដែលនោះផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី នៅក្នុងប្រទេសកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងមីយ៉ាន់ម៉ាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ៕




លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី អោង សានស៊ូជី នៅវិមានសន្តិភាព

នៅម៉ោងប្រមាណ៨:៥០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី អោង សានស៊ូជី អញ្ជើញជួបពិភាក្សាការងារមួយចំនួនផងដែរ។ សូមបញ្ជាក់ថា លោកស្រី អោង សានស៊ូជី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី នៅក្នុងប្រទេសកម្ពុជាក្រោយពេលគណបក្សរបស់លោកឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៥ ហើយលោកស្រីបានចាប់ផ្តើមចូលកាន់ការងារបម្រើរដ្ឋការមីយ៉ាន់ម៉ាជាផ្លូវការកាលពីឆ្នាំ២០១៦។

មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាព្រឹកនេះ លោកស្រីបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ៕`



រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់សមាគម និងក្រុមហ៊ុនបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ខ្លួន ដោយយកគំរូតាមស្រាសំប៉ាញ «Champagne» បារាំង ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ ដោយសារតែកម្ពុជា គឺជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលមានទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន សម្រាប់ការពារទាំងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា និងបរទេស។
ការអំពាវរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់ស្រាសំប៉ាញ របស់គណៈកម្មការអន្តរអាជីពនៃស្រាសំប៉ាញ (‘CIVC’) ប្រទេសបារាំង ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសដំបូងគេនៅកម្ពុជា ដែលរៀបចំឡើងនៅស្ថានទូតបារាំង នៅរាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីលោកស្រី Eva Nguyen ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងពាណិជ្ជករជាច្រើនរូប។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកកិច្ចឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញាជាតិ តាមរយៈការខិតខំពង្រឹងអនុវត្តច្បាប់ ការបណ្តុះបណ្តាល និងបញ្ជ្រាបកម្មសិទ្ធិបញ្ញាទៅក្នុងកម្មវិធីអប់រំ ការរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក និងការចូលរួមកិច្ចព្រៀមព្រៀងអន្តរជាតិសំខាន់ៗ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។
បន្ថែមលើនេះ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង និងបានស្នើសុំលោកស្រីឯកអគ្គរដ្ឋទូត និងពាណិជ្ជករបារាំង បន្តធ្វើធុរកិច្ច និងវិនិយោគថែមទៀតនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ ជាពិសេសចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថាស្រាសំប៉ាញ គឺជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដ៏ល្បីរបស់ប្រទេសបារាំង ដែលបង្កើតឡើងដោយតភ្ជាប់កត្តាធម្មជាតិ និងប្រពៃណីរបស់ជនជាតិបារាំង។ ស្រានេះ ត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ២០១៥ ដោយអង្គការ UNESCO និងបានចុះបញ្ជីការពារម៉ាកនៅក្នុងប្រទេសចំនួន ១១៧ ហើយតាមរយៈការធ្វើពាណិជ្ជកម្ម ស្រានេះបានផ្តល់នូវប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជាង ៥ពាន់លានអឺរ៉ូ ដល់ប្រជាជន និងប្រទេសបារាំង ៕`


ព្រឹកនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី និងពិភាក្សាលើការងារមួយចំនួន

តាមការគ្រោងទុកនៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី អោង សានស៊ូជី នឹងជួបពិភាក្សាការងារមួយចំនួនផងដែរ។ សូមបញ្ជាក់ថា លោកស្រី អោង សានស៊ូជី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជាក្រោយពេលគណបក្សរបស់លោកឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៥ ហើយលោកស្រីបានចាប់ផ្តើមចូលកាន់ការងារបម្រើរដ្ឋការមីយ៉ាន់ម៉ាជាផ្លូវការកាលពីឆ្នាំ២០១៦។
មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាព្រឹកនេះ លោកស្រីបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរូបផងដែរ។
តាមការគ្រោងទុកក្រោយពេលជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ហើយនោះ លោកស្រី អោង សានស៊ូជី នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា។ នៅពេលរសៀលថ្ងៃដដែលនេះ លោកស្រី នឹងអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់មកលោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនុ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។
នៅរាត្រីថ្ងៃនេះ ក៏មានការរៀបចំពិធីលាងសាយភោជទទួលដំណើរទស្សនកិច្ចរបស់លោកស្រីនៅលើទឹកដីកម្ពុជា ពីសំណាក់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផងដែរ។
ប្រាសាទអង្គរវត្តដែលជារតនសម្បត្តិដ៏ល្បាញល្បីរបស់កម្ពុជា ក៏ជាទីកន្លែងដែលអន្ទងដួងចិត្តលោកស្រី អោង សានស៊ូជី នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជានេះផងដែរ។
លោកស្រី អោង សានស៊ូជី នឹងអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាប នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។ ក្រោយទស្សនាប្រាសាទអង្គរលោកស្រី នឹងហោះចាកចេញពីកម្ពុជាទៅកាន់ប្រទេសរបស់លោកស្រីវិញក្នុងថ្ងៃដដែលនោះផងដែរ។
ដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី នៅក្នុងប្រទេសកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងមីយ៉ាន់ម៉ាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ៕

ប្រភពព័ត៌មាន Fresh New