Wednesday, September 04, 2024

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ លើកទី៣



ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ លើកទី៣ ដោយមានការចូលរួមពី ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., ឯកឧត្ដម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន គ.យ.ប. និងឯកឧត្ដមជាសមាជិក គ.យ.ប. មកពីឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងឯកឧត្ដមតំណាងក្រសួងផែនការ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្ដី នៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងអគ្គលេខាធិការដ្ឋាន គ.យ.ប.  ដើម្បីពិនិត្យ ពិភាក្សា និងតម្រង់ទិសលើ សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងសូចនាករសមិទ្ធកម្មគន្លឹះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍ថាសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១  នេះត្រូវបានរៀបចំឡើងចាប់តាំងពីការរៀបចំឯកសារទស្សនាទានមានរយៈពេលប្រមាណជិត ១ ឆ្នាំហើយ ដែលការរៀបចំនេះមានគុណភាពខ្ពស់ សម្រាប់ជាមូលដ្ឋានសំខាន់ក្នុងការផ្សារភ្ជាប់សូចនាករសមិទ្ធកម្មគន្លឹះ (KPIs) យុទ្ធសាស្រ្ដនិងកែទម្រង់របស់យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ទៅនឹងការរៀបចំ KPIs កម្រិតផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ២០២៥-២០២៨ និងកម្រិតផែនការអភិវឌ្ឍន៍តាមវិស័យ ឬក្រសួង ស្ថាប័ន និងកម្រិតក្រោមៗទៀត។ ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានបញ្ជាក់ជូនអង្គប្រជុំថារាជរដ្ឋាភិបាល              នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់បញ្ហាប្រឈមគន្លឹះរបស់កម្ពុជាគឺ ១). ការអនុវត្ដ និង ២). ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដ និងគោលនយោបាយនានា។   ក្នុងន័យនេះ ក្របខ័ណ្ឌ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះគឺជាឧបករណ៍តម្រង់ទិសការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និង                 ជាក្របខ័ណ្ឌរួមរបស់ប្រទេសជាតិទាំងមូល ដែលមានវិសាលភាពផ្ដោតសំខាន់លើការអនុវត្ដយុទ្ធសស្រ្ដបញ្ចកោណ ដំណាក់កាលទី១ និងការកំណត់សូចនាករសមិទ្ធកម្មគន្លឹះយុទ្ធសាស្រ្ដនិងកែទម្រង់ ដែលនឹងវាស់វែងសមិទ្ធកម្មការងារ កំណត់បញ្ហាប្រឈម និងអនុសាសន៍គោលនយោបាយ សំដៅឆ្លើយតបទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងអាចក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខ័ណ្ឌ យុទ្ធសាស្ត្រ គោលនយោបាយ និងផែនការនានា។ ចំពោះសេចក្ដីព្រាងក្របខ័ណ្ឌនេះបានដាក់ឆ្លងកិច្ចប្រជុំអន្ដរក្រសួង ស្ថាប័ន និងកិច្ចប្រជុំចង្អៀតជាច្រើនលើក និងក្រសួង ស្ថាប័នបានឯកភាព និងទទួលស្គាល់សេចក្ដីព្រាងក្របខ័ណ្ឌនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ លើសពីនេះទៀត បញ្ហាប្រឈមទៅមុខទៀតគឺការអនុវត្ដក្របខ័ណ្ឌនេះ ដែលត្រូវមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ក្នុង           អភិក្រមប្រព័ន្ធជវភាពនៃតួអង្គតែមួយសំដៅធានាឱ្យសម្រេចបាននូវគោលដៅយុទ្ធសាស្រ្ដរបស់យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១។  


ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងអង្គប្រជុំ បានណែនំានិងតម្រង់ទិសលើខ្លឹមសារ និងពាក្យពេចន៍មួយចំនួន នៃសេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១  និងបានឯកភាពជាគោលការណ៍លើ (១) គោលបំណង វិសាលភាព អភិក្រម និងគោលការណ៍ (២) តួនាទីនិងភារកិច្ចរបស់ក្រសួង ស្ថាប័ន (៣) យន្តការតាមដាន និងត្រួតពិនិត្យ (៤) យន្តការវាយតម្លៃ (៥) ការរាយការណ៍ និងការប្រើប្រាស់លទ្ធផល (៦) ការគ្រប់គ្រងហានិភ័យ និង (៧) ទិសដៅអាទិភាព។ ជាមួយគ្នានេះ អង្គប្រជុំ បានតម្រង់ទិសទាំងកម្រិតនយោបាយ និងទាំងកម្រិតបច្ចេកទេសលើសូចនាករសមិទ្ធកម្មគន្លឹះទាំង ៣៩ ដោយបានយកចិត្តទុកដាក់ខ្ពស់លើទិដ្ឋភាពស្ថិតិនិងទិន្នន័យ, បន្ទាត់មូលដ្ឋាននិងចំណុចដៅ, ក្រសួង ស្ថាប័នទទួលបន្ទុកផ្ដល់ព័ត៌មាននិងទិន្នន័យ និងក្រសួង ស្ថាប័នដឹកនាំនិងចូលរួមអនុវត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន គ.យ.ប. ក្នុងការរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១  និង សូចនាករសមិទ្ធកម្មគន្លឹះ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដោយបានរៀបចំកិច្ចប្រជុំពិភាក្សា និងសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ។ ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. កែសម្រួលសេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១  និង សូចនាករសមិទ្ធកម្មគន្លឹះ តាមស្មារតីរបស់អង្គប្រជុំ នឹងត្រៀមដាក់ឆ្លងកិច្ចប្រជុំអន្ដរក្រសួង មុននឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលខាងមុខ៕






ការពង្រឹងសន្តិសុខព័ត៌មាន គឺជាការងារអាទិភាពក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ



នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងពីបញ្ហាប្រឈម និងផលវិបាកនានាដែលកើតចេញពីការផ្សព្វផ្សាយព័ត៌មាន មិនពិតឬព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គម និងបានអំពាវនាវដល់តំណាងបណ្តាប្រទេសសមាជិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះចូលរួមសហការគ្នាក្នុងសំឡេងតែមួយដើម្បីពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្តួចផ្តើមគំនិតដោយប្រទេសកម្ពុជា និងគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ(AIBD)។


ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមប្រទេសជាសមាជិក AIBD និងបណ្តាប្រទេសនានាដែលបានចូលរួម ក្នុងការពង្រឹងសនិ្តសុខនិងសណ្តាប់ធ្នាប់ព័ត៌មាន ដើម្បីបង្កើនភាពធន់ និងការជឿទុកចិត្តរបស់សាធារណជន ដោយគួរចាត់ទុកជាការងារនេះ ជាការងារអាទិភាពនៅក្នុងបរិបទនៃយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។


នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទៅដល់តំណាងរដ្ឋាភិបាល អង្គទូត និងអ្នកចូលរួមពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុប ដែលមានវត្តមានក្នុងពិធីបើកនេះ ដោយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ និងការប្រកាសដាក់ឱ្យអនុវត្តន៍ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅក្នុងគោលបំណងកំណត់ស្តង់ដារសីលធម៌សម្រាប់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីគាំទ្រដល់សេរីភាពសារព័ត៌មាន និងធានានូវគណនេយ្យភាពនិងគុណភាពនៃព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ៕








នាយកប្រចាំតំបន់អាស៊ី​ នៃទស្សនាវដ្តី Newsweek វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល​រយ:ពេល១ឆ្នាំរបស់​រាជរដ្ឋាភិបាល​កម្ពុជា​



ក្នុងឱកាសនៃជំនួប លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី​ នៃទស្សនាវដ្តី​ Newsweek បាន​ចាប់អារម្មណ៍ចំពោះការបន្តរក្សាបាននូវសន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​សុខសុវត្ថិភាព​នៅកម្ពុជា ក៏ដូចជាភាព​រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា​ ព្រមទាំងបានអបអរសាទរ​ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា​ ដែលសម្រេចបាននូវ​សមិទ្ធផល​ជាច្រេីន​ក្នុងរយៈពេល១ឆ្នាំ រួមមាន​ជាអាទិ៍៖​ ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងការកែលម្អបរិយាកាសវិនិយោគឱ្យតែល្អប្រសើរ នៅកម្ពុជា​។ លោក Lucius Daniels ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា ទស្សនាវដ្តី Newsweek មានគោលបំណងជួយផ្សព្វផ្សាយអំពីសមិទ្ធផល សក្ដានុពល និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ទៅកាន់ពិភពលោក​។ 


ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយ និងអរគុណចំពោះទស្សនាវដ្តី Newsweek ដែលបានចាប់អារម្មណ៍ក្នុងការជួយផ្សព្វផ្សាយអំពីទិដ្ឋភាព​ជាក់ស្តែង​ និងសក្តានុពលកម្ពុជា​ ប្រកបដោយតុល្យភាពទៅកាន់ពិភពលោក និងបានលើកទឹកចិត្តឱ្យផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោក។ 


សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកម្មវិធីគោលនយោបាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការធានាអោយបាននូវសុខសន្ដិភាព និងស្ថិរភាពនយោបាយ និងការកសាងមូលធនមនុស្ស ការកែទម្រង់ប្រព័ន្ធអប់រំ និងលើកកម្ពស់វិស័យសុខាភិបាល ក៏ដូចជាការធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរ និងប្រកបដោយភាពទាក់ទាញ៕