លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារចំនួនពីរក្រុម ដើម្បីបង្កើន ប្រសិទ្ធភាពការងារសម្របសម្រួល អន្តរាគមន៍ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ជាពិសេសបង្កើនការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយកើតឡើងឱ្យមានប្រសិទ្ធភាព។
យោងតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្រុមការងារសម្របសម្រួលគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមការងារអន្តរាគមន៍ ប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយនេះ មានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាប្រធាន។
ក្នុងសេចក្តីសម្រេចនោះបានបញ្ជាក់ពីតួនាទីភារកិច្ចរបស់ក្រុមការងារនីមួយៗផងដែរ។ ក្នុងនោះក្រុមការងារសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយមានភារកិច្ច៖
១- ដឹកនាំសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន ក្នុងការរៀបចំ និងដាក់ចេញនូវវិធានការត្រៀមរៀបចំ ឆ្លើយតប សង្គ្រោះគ្រោះមហន្តរាយ និងស្តារឡើងវិញ
២-កៀរគរ សម្ភារបរិក្ខារ មធ្យោបាយ ធនធានមនុស្ស និងហរិញ្ញវត្ថុ និងទទួលយកមូលនិធិ ជាវិភាគទានស្ម័គ្រចិត្ត ឬអំណោយស្ម័គ្រចិត្តពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស សម្រាប់ការឆ្លើយតប សង្គ្រោះគ្រោះមហន្តរាយ និងស្តារឡើងវិញ
៣ -ផ្សព្វផ្សាយសភាពការណ៍គ្រោះមហន្តរាយ និងប្រមូលព័ត៌មានពីខ្សែបណ្តោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (អាជ្ញាធររាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់) ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងថ្នាក់តំបន់ ដើម្បីរៀបចំចងក្រងជាវិធានការឆ្លើយតបគ្រោះមហន្តរាយ
៤-ណែនាំដល់ក្រសួង ស្ថាប័ន និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ឱ្យរៀបចំ និងធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ និងផ្ញើជូនមកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចំនួន១ច្បាប់នៅរៀងរាល់ដើមឆ្នាំ
៥- ប្រមូលព័ត៌មាន និងទិន្នន័យផលប៉ះពាល់ និងការខូចខាតបង្កដោយគ្រោះមហន្តរាយ ដោយជូនដំណឹងជាបន្ទាន់ ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីស្នើសុំរាជរដ្ឋាភិបាលផ្តល់អន្តរាគមន៍បន្ទាន់ និងអំពាវនាវដល់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ផ្នែកសាធារណៈ ផ្នែកេកជន សង្គមស៊ីវិលឱ្យជួយក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់ និងការឆ្លើយតបគ្រោះមហន្តរាយ
៦-អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ដោយឡែកក្រុមការងារអន្តរាគមន៍ ប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយវិញ មានតួនាទី៖
១-ចូលរួមធ្វើប្រតិបត្តិការរុករក និង សង្គ្រោះគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ
១-ចូលរួមធ្វើប្រតិបត្តិការរុករក និង សង្គ្រោះគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ
២-ចូលរួមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងមនុស្សនៅតំបន់ និងជុំវិញតំបន់ នៃកងឯកភាពខ្លួនទទួលខុសត្រូវ ទោះមានបទបញ្ជា ឬពុំទាន់មានបទបញ្ជារបស់ថ្នាក់លើក្តី ដោយសហការយ៉ាងជិតស្និទ្ធជាមួយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនៅហ្នឹងកន្លែងកើតមានគ្រោះមហន្តរាយ
៣-សមាជិកនៃក្រុមការងារ ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាព ផែនការត្រៀមបម្រុង សម្រាប់ការឆ្លើយតប និងការសង្គ្រោះគ្រោះមហន្តរាយតាមអង្គភាព និងស្ថាប័នរៀងខ្លួនៗ និងផ្ញើជូនមកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមអង្គភាព និងស្ថាប័នរៀងៗខ្លួន និងផ្ញើជូនមកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចំនួនមួយច្បាប់ នៅរៀងរាល់ដើមឆ្នាំ
៤-ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារបិរក្ខារ ដើម្បីចូលរួមធ្វើអន្តរាគមន៍ រុករក និងសង្គ្រោះ ពេលមានគ្រោះមហន្តរាយកើតឡើង
៥ -សម្របសម្រួលការងារ និងសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងកាកបាទ ក្រហម កម្ពុជា ដើម្បីធ្វើប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយទៅ តាម នីតិវិធីដែល បាន រៀបចំឡើង
៦ -អនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ ប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងសេចក្តីសម្រេចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ឱ្យក្រុមការងារទាំងពីរ ត្រូវប្រជុំយ៉ាងហោចណាស់២ដងក្នុងមួយឆ្នាំ ហើយក្នុងករណីចាំបាច់ត្រូវប្រជុំវិសាមញ្ញតាមការកោះអញ្ជើញរបស់ប្រធានក្រុមការងារ។
ប្រធានក្រុមការងារ ត្រូវគោរពស្នើសុំការអនុញ្ញាត ជាគោលការណ៍ជាមុនពីប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមុនពេលកោះអញ្ជើញប្រជុំ និងមុនពេលប្រតិ បត្តិការ រុករក និងសង្គ្រោះគ្រោះមហន្តរាយ។ ពេលបញ្ចប់កិច្ចប្រជុំ និងកិច្ចប្រតិបត្តិការរុករក សង្គ្រោះគ្រោះមហន្តរាយ ប្រធានក្រុមការងារ ត្រូវធ្វើរបាយការណ៍លទ្ធផលជូនទៅ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕