Tuesday, July 30, 2019

សូមទស្សនាវីដេអូ «លោក គង់ គាំ បញ្ជាក់ថា ការប្រឌិតព័ត៌មានថា មានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាមកម្ពុជា ជាផែនការអាក្រក់របស់អាមេរិក»

ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង សហការជំរុញវិស័យអេកូទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍បណ្តោយដងទន្លេមេគង្គ

ក្រចេះ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងស្ទឹងត្រែង សហការជាមួយអង្គការ WWF និងអង្គការ NTFP-EP បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការកសាងឯកសារជំនួយស្មារតីលើការរៀបចំ និងគ្រប់គ្រងសហគមន៍អេកូទេសចរណ៍នៅតាមបណ្តោយដងទន្លេមេគង្គលើប្រកបដោយនិរន្តរភាព ក្រោមអធិបតី លោកស្រី ខាំ សុភាព អភិបាលរងខេត្ត ។
កិច្ចសហការនេះក្នុងគោលបំណង ដើម្បីស្វែងយល់ និងចែករំលែកពីស្ថានភាពទូទៅនៃដំណើរការរៀបចំ បញ្ហាប្រឈម និងមេរៀនបទពិសោធដែលបានរៀនសូត្រនៃការអភិវឌ្ឍន៍សហគមន៍អេកូទេសចរណ៍នៅតាមដងទន្លេមេគង្គលើ និងយល់ពីទស្សនទានរបស់ភាគីពាក់ព័ន្ធ ដើម្បីស្នើសុំជាមតិយោបល់លើគំនិតផ្ដួចផ្ដើមចងក្រងជា ឯកសារជំនួយស្មារតីស្ដីពីដំណើរការរៀបចំបង្កើតសហគមន៍ អេកូទេសចរណ៍បណ្តោយដងទន្លេមេ គង្គលើប្រកបដោយនិរន្តរភាព ។
នាឱកាសនោះដែល លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ថា វិស័យទេសចរណ៍ កម្ពុជាដែលជាវិស័យវប្បធម៌និងធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពមួយ ដើរតួរជាមាសបៃតង និងជាការនាំចេញនៅ នៅនឹងកន្លែង ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបាននាំមកនូវចំណូលជាតិ ផ្ដល់ឱកាសការងារបង្កើនប្រាក់ចំណូលកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នឹងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព ។

សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ធានាបានល្អប្រសើរនូវសុវត្ថិភាពម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងអតិផរណាឱ្យស្ថិតនៅក្នុងកម្រិតទាប សមរម្យព្រមទាំងពង្រឹង ថែមទៀតនូវសមត្ថភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចជាតិ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ទាំងនេះបានធ្វើឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមប្រមាណ ៧ភាគរយ ក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយនេះ ដែលបានកែប្រែប្រទេសកម្ពុជា ពីប្រទេសក្រីក្រមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូល ខ្ពស់នៅឆ្នាំ២០៥០ហើយខេត្តក្រចេះបានខិតខំអភិវឌ្ឍឥតឈប់ឈរ លើគ្រប់វិស័យជាពិសេសវិស័យអតិភាពរបស់ខេត្តរួមមាន កសិកម្មឧស្សាហកម្មនិងវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏មានសារសំខាន់របស់ខេត្ត និងបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ តាមសហគមន៍ទេសចរណ៍ តំបន់រមណីយដ្ឋានទេសចរណ៍ តាមរយៈការផ្ដល់ឱកាសការងារ និងមុខរបរបន្ថែមដល់ប្រជាពលរដ្ឋ នៅតាមតំបន់អេកូទេសចរណ៍នានា ហើយខេត្តក្រចេះមានធនធានផ្សោតទន្លេមេគង្គដ៏ជាសត្វកម្រ បាននឹងកំពុងអភិវឌ្ឍ និងទាក់ទាញយកផលប្រយោជន៍ តាមរយៈវិស័យទេសចរណ៍ ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិ សហគមន៍អេកូទេសចរណ៍ ដែលបានកំពុងទាក់ទាញភ្ញៀវមកទស្សនា កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៕






លោក គង់ គាំ៖ ការប្រឌិតព័ត៌មានថា មានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាមកម្ពុជា ជាផែនការអាក្រក់របស់អាមេរិក

(ភ្នំពេញ)៖ អតីតប្រធានគណបក្សសមរង្ស៉ី លោក គង់ គាំ ដែលជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នាពេលបច្ចុប្បន្ននេះបានធ្វើការវិភាគថា ការប្រឌិតព័ត៌មានជាប្រព័ន្ធ ស្តីអំពីមូលដ្ឋានកងទ័ពចិន នៅលើទឹកដីកម្ពុជា នៅត្រង់ចំណុចរាមថ្មីៗនេះ គឺជាចេតនាអាក្រក់របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋានទ័ពរបស់ខ្លួន នៅសមុទ្រកំរ៉ាញ់ ប្រទេសវៀតណាម។

លោក គង់ គាំ បានបញ្ជាក់នៅ Facebook យ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិក ក្រុមនយោបាយខ្មែរ (កូនសំពាយ) ពិសេសក្រុមបាតុករខ្មែរ និងក្រុមយួនសេរី (Egar/ម៉ុងតាញ៉ា) ដែលអបអរ និងជំរុញ (ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩) របស់សភាជាន់ទាបសហរដ្ឋអាមេរិក និងការប្រឌិតជាប្រព័ន្ធ (របស់ស្ថាប័នរដ្ឋ និងសារព័ត៌មាន) អំពី (កិច្ចព្រមព្រៀងសម្ងាត់) ដែលថា កម្ពុជាបានយល់ព្រមឱ្យចិនប្រើ (ទីតាំងរាម ខេត្តព្រះសីហនុ) ជាមូលដ្ឋានយោធាគឺជាការគោះរទេះ (កម្ពុជា) គម្រាមគោ(ចិន)នោះ គឺឆ្ពោះទៅបង្កើតឱកាសឱ្យមូលដ្ឋានទ័ពអាមេរិកនៅ (សមុទ្រកាំរ៉ាញ វៀតណាម) អាចលាតសន្ធឹង នូវចេតនាអាក្រក់ដែលខ្លួនបានត្រៀមបំរុងផងក៏មិនដឹង»។

កាលពីពេលកន្លងទៅនេះ សារព័ត៌មានបរទេសជាច្រើនដែលមាននិន្នាការគាំទ្រអាមេរិក បានប្រឌិតព័ត៌មានបន្តបន្ទាប់អំពីមូលដ្ឋានទ័ពចិននៅក្នុងទឹកដីប្រទេសកម្ពុជា។ សារព័ត៌មាន The Wall Steet Journal របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនបានផ្សព្វផ្សាយរបាយការណ៍ក្លែងក្លាយមួយចោទថា កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយចិន ដោយផ្តល់មូលដ្ឋានកងទ័ពជើងទឹករាម ឱ្យកងទ័ពចិន បោះមូលដ្ឋានទ័ព។

ទោះជាយ៉ាងនេះក្តី ព័ត៌មាននេះត្រូវបានច្រានចោលដោយប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងការពារជាតិផងដែរ។ ដើម្បីបំភ្លឺកាន់តែច្បាស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បាននាំអ្នកសារព័ត៌មានជាង៧០រូប ធ្វើទស្សនកិច្ចផ្ទាល់នៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ ដោយមើលឃើញថា មិនមានអ្វីប្រែប្រួល ដូចការចុះផ្សាយរបស់ សារព័ត៌មានសហរដ្ឋអាមេរិកឡើយ។

លោក គង់ គាំ ដែលធ្លាប់ជាមនុស្សជំនិតរបស់លោក សម រង្ស៉ី អ្នកនយោបាយខ្មែរជាប់ងារបម្រើផលប្រយោជន៍បរទេសនោះ បានសម្តែងការសោកស្តាយ ចំពោះចេតនា និងកាយវិការសហរដ្ឋអាមេរិកមួយចំនួន ដែលបានធ្វើឱ្យទំនាក់ទំនង និងសហប្រតិបត្តិការមួយចំនួនរវាត និងធ្លាក់ចុះជាមួយកម្ពុជា។

លោកបានកោតសរសើរចិនថា «ចិននិយាយតិចធ្វើច្រើន នាំឱ្យទំនាក់ទំនងចិន-កម្ពុជា ជិតស្និទ្ធជាងពេលណាទាំងអស់»៕


កិច្ចប្រជុំលើកទី៤ ក្រុមប្រឹក្សាគម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាគម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់ បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៤ នៅទីស្តីការក្រសួងដើម្បីចែករំលែកលទ្ធផលការងារដែលបានអនុវត្តនៅផ្នែកសំណង់ប្រចាំត្រីមាសនិងលើកផែនការសកម្មភាពអនុវត្តបន្តដោយមានការចូលរួមត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល អង្គការសហជីព និងសមាគមនិយោជក។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិតហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានគម្រោងPAB នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយក៏មានការចូលរួមពីអង្គការអន្តរជាតិខាងការងារ(ILO), CARE, APHEDA, AFD មានចំនួនសរុប៣៩នាក់(ស្រី១១នាក់)៕

មន្ទីរទេសចរណ៍ និងគណៈកម្មាធិការសុវត្ថិភាពកុមារ រៀបចំសិក្ខាសាលាស្តីអំពី “សុវត្ថិភាព កុមារក្នុងវិស័យទេសចរណ៍ Child Safe Tourism”

ឧត្តរមានជ័យ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងជាតំណាង លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ចើញជាអធិបតីក្នុងសិក្ខាសាលាស្តីអំពី “សុវត្ថិភាព កុមារក្នុងវិស័យទេសចរណ៍ Child Safe Tourism” ដែលពិធីនេះរៀបចំដោយមន្ទីរទេសចរណ៍ និងមានការសហការពីគណៈកម្មាការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍នៃក្រសួងទេសចរណ៍ និងមានការអញ្ចើញចូលរួមពីក្រុង សង្កាត់ លោកប្រធាន អនុប្រធានមន្ទីរ ប្រតិបត្តិករទេសចរណ៍ អ្នកគ្រូ យុវជនកាកបាទក្រហម ស.ស.យ.ក សិស្សានុសិស្សសរុប ៧០នាក់។
នាឱកាសនោះ លោកអធិបតី បានលើកឡើងអំពីគោលបំណងនៃសិក្ខាសាលា ដើម្បីអោយសមាជិក សមាជិកានៃអង្គពិធីជ្រាបថា៖
– គឺដើម្បីបង្កើនការយល់ដឹង និងចូលរួមទប់ស្កាត់ពីផលប៉ះពាល់អវិជ្ជមាននៃវិស័យទេសចរណ៍
– ការការពារកុមារក្នុងឧស្សាហកម្មទេសចរណ៍ និងជាការលើកកម្ពស់សុវត្ថិភាពកុមារពីការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទក្នុងវិស័យទេសចរណ៍ឱ្យបានល្អប្រសើរថែមទៀត។

ជាកិច្ចបញ្ចប់នៃកម្មវិធីនេះ លោក បានមានមតិផ្តាំផ្ញើរ និងណែនាំអោយមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ចូលរួមសហការគ្នា ក្នុងការទប់ស្តាត់រាល់បទល្មើសទាំងឡាយដែលទាក់ទង់នឹងសុវត្ថិភាព កុមារក្នុងវិស័យទេសចរណ៍ ដើម្បីអោយការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ ។




អាជ្ញាធរជាតិអប្សរា យកចិត្តទុកដាក់ប្រឆាំងការប្រើប្រាស់ផ្លាស្ទិច និងលើកកម្ពស់សោភ័ណភាពក្នុងរមណីយដ្ឋានអង្គរ

ការថែររក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរចាប់តាំងពីឆ្នាំ២០០៤ មក អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលនយោបាយបរិស្ថានសម្រាប់រមណីយដ្ឋានអង្គរ ដោយផ្តោតលើគោលការណ៍មួយចំនួនដូចជា៖ ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយសារទេសចរណ៍ ថែរក្សាស្ទឹង បឹងបួរ ប្រឡាយ ព្រៃឈើ សម្បត្តិធម្មជាតិទាំងឡាយ បង្កើនការអប់រំ ផ្សព្វផ្សាយ ជំរុញការអនុវត្តច្បាប់ និងបញ្ញត្តិ ឱ្យបានទូលំទូលាយ និងការចូលរួមសកម្មភាពបរិស្ថានពីសំណាក់មន្រ្តី បុគ្គលិក មហាជន និងស្ថាប័នពាក់ព័ន្ធ។ល។
តាមរយៈគោលការណ៍នេះ បានធ្វើឱ្យអាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការគុណភាពគ្រប់គ្រងបរិស្ថាន ISO 14001 ចំនួន៥លើកផ្ទួនគ្នាពីស្ថាប័នធានាគុណភាពជប៉ុន JQA តាំងពីឆ្នាំ២០០៦មក។
ជាការអនុវត្តជាក់ស្តែង លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងឆ្នាំ២០០៨ អាជ្ញាធរជាតិអប្សរាបានបង្កើតស្ថានីយ៍កសិកម្មធម្មជាតិស្ពានអង្គរ ស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត លើផ្ទៃដីទំហំជាង៧ហិកតា ដែលជាកន្លែងផលិតជីកំប៉ុស្ត៍យ៉ាងសកម្មសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះកសិកម្មក្នុងរមណីយដ្ឋានអង្គរ។
ក្នុងនោះសំរាមជាច្រើនក្នុងរមណីយដ្ឋានអង្គរ និងក្រុងសៀមរាបត្រូវបានកាត់បន្ថយ តាមរយៈការដើរប្រមូលសំណល់ស្រស់ និងសំណល់ស្ងួតជារៀងរាល់ថ្ងៃ មកផលិតជាជីកំប៉ុស្ត៍ ដោយក្នុងមួយឆ្នាំផលិតបានចំនួន ៨០តោន ហើយសម្រាប់ផែនការអនាគត ស្ថានីយ៍នេះនឹងបង្កើនការផលិតឱ្យបាន១៦០តោនក្នុងឆ្នាំ២០២០ ព្រមទាំងបង្កើតស្ថានីយ៍ផលិតជីកំប៉ុស្តនៅតាមកន្លែងផ្សេងទៀតផងដែរដូចជា នៅស្ថានីយបណ្តុះកូនឈើ ភូមិធម្មជាតិរុនតាឯកជាដើម។ ទន្ទឹមគ្នានេះ គោលការណ៍គ្មានផ្លាស្ទិចនេះក៏ត្រូវបានអនុវត្ត នៅក្នុងសួនគ្រឿងទេស និងស្ថានីយស្ពានអង្គរនេះផងដែរ។
អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនក្រុមការងារជាប្រចាំ ដើម្បីបញ្ជ្រៀបចំណេះដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃសំរាមដល់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងរមណីយដ្ឋានអង្គរ ដោយបង្រៀនពួកគាត់អំពីភូមិស្អាត រមណីយដ្ឋានស្អាត រួមទាំងផលប្រយោជន៍នៃការបែងចែក វេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមទីកន្លែងកំណត់។
ជាចុងក្រោយអាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវជាសាធារណៈដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវទេសចរជាតិទាំងអស់ ឱ្យចូលរួមទប់ស្កាត់ការប្រើប្រាស់ផ្លាស្ទិច ការវេចខ្ចប់ និងទុកដាក់សំរាមត្រឹមត្រូវទៅតាមទីតាំងកំណត់ ដើម្បីបញ្ជៀសការប៉ះពាល់ដល់បរិស្ថាន និងបង្កើនសោភ័ណភាពរមណីយដ្ឋានអង្គរឲ្យកាន់តែមានភាពស្រស់ត្រកាល៕








អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទឹកដីខេត្តកំពង់ស្ពឺ មិនមែនជាទីកន្លែង សម្រាប់ឧក្រិដ្ឋជនប្រព្រឹត្តនូវបទល្មើសឡើយ

កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបរថយន្តច្នៃ(ប៉ាកុង)ចំនួន ០៦គ្រឿង ដែលក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនៅតំបន់ខេត្តពោធិ៍សាត់ បើកយកមកលាក់ទុក នៅចំណុចនិយាមកា 405145-1303450 ស្ថិតក្នុងទីតាំងចំការក្រូចមួយកន្លែង ស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។
សូមជម្រាបផងដែរថា វត្ថុតាងរថយន្តច្នៃ(ប៉ាកុង)ចំនួន ០៦គ្រឿងខាងលើត្រូវរង់ចាំក្រុមការងារជំនាញដុត និងកាត់កម្ទេចចោល របស់គណៈកម្មការបង្រ្កាបបទល្មើសថ្នាក់ជាតិ នឹងមកធ្វើការដុតបំផ្លាញចោលនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

យោងទៅតាមសំណេរ Facebook ផ្ទាល់របស់លោក វ៉ី សំណាង អភិបាលខេត្ត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទឹកដីខេត្តកំពង់ស្ពឺ មិនមែនជាទីកន្លែងស្ងប់សុខសម្រាប់ឧក្រិដ្ឋជនប្រព្រឹត្តនូវបទល្មើសឡើយ៕




លោក គង់ គាំ បរិយាយពីល្បិចកលទុច្ចរិត ដែលជនបរទេសមួយចំនួន និងក្រុមអ្នកប្រជាធិបតេយ្យជ្រុលនិយម កំពុងប្រើប្រាស់ក្នុងចេតនាបំផ្លាញកម្ពុជា

លោក គង់ គាំ ប្រធានកិត្តិយសគណបក្ស ឆន្ទៈខ្មែរ នៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៩នេះ បានធ្វើការលើកឡើងនូវមូលដ្ឋានគំនិតមួយចំនួន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនយោបាយកម្ពុជា ដែលកំពុងរងនូវការលាបពណ៌ បំភ្លៃការពិត ក្នុងចេតនាបំផ្លាញកម្ពុជា ដើម្បីបម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាច។

ខាងក្រោមនេះជាសារទាំងស្រុង ដែលលោក គង់ គាំ បានផ្សព្វផ្សាយលើទំព័រFacebook ផ្លូវការរបស់លោក៖

- ចចើង ចង់លឿន ក៏លង់លិចទៅ។ ខ្ជាក់ចោលសាច់ពីមាត់ទៅក្នុងទឹក ហើយរត់ទៅចាក់ក្បាច់សម្លឹងស្រមោល គឺជាភាពឆោតល្ងង់របស់ក្រុមប្រជាធិបតេយ្យជាតិ និងអន្តរជាតិជ្រុលនិយម។
- ចោទឆ្កែថាឆ្កួត ដើម្បីព្រួតវាយ គឺជាក្បួនចាស់គំរិលមួយដែលជាល្បិចលើគោកមិនពិបាកឃើញ ពិបាកដឹង និងពិបាកយល់សោះឡើយ។ យ៉ាងណាម៉ិញ សហរដ្ឋអាមេរិក ក្រុមនយោបាយខ្មែរ(កូនសំពាយ) ពិសេសក្រុមបាតុករខ្មែរ និងក្រុមយួនសេរី (Egar / ម៉ុងតាញ៉ា) ដែលអបអរ និងជម្រុញ (ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩) របស់សភាជាន់ទាបសហរដ្ឋអាមេរិក និងការប្រឌិតជាប្រព័ន្ធ (របស់ស្ថាប័នរដ្ឋ និងសារព័ត៌មាន)អំពី (កិច្ចព្រមព្រៀងសម្ងាត់) ដែលថាកម្ពុជាបានយល់ព្រមអោយចិនប្រើ (ទីតាំងរាម ខេត្តព្រះសីហនុ) ជាមូលដ្ឋានយោធា គឺជាការគោះរទេះ (កម្ពុជា) គម្រាមគោ (ចិន) នោះ គឺឆ្ពោះទៅបង្កើតឱកាសអោយមូលដ្ឋានទ័ពអាមេរិកនៅ (សមុទ្រកាំរ៉ាញ វៀតណាម) អាចលាតសន្ធឹងនូវចេតនាអាក្រក់ដែលខ្លួនបានត្រៀមបំរុងផងក៏មិនដឹង។
- ប្រធានកិត្តិយសគណបក្ស ឆន្ទៈខ្មែរ (មិនឆ្វេងជ្រុល និងមិនស្តាំជ្រុល) តែជាឆ្មាដែលធ្លាប់រលាក(ទាំងទឹកក្តៅឆ្វេង និងទឹកក្តៅស្តាំ) គឺពិតជាប្រកាន់ជំហរគោរពរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលចែងថា (ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតអោយមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតអោយមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ)។
- សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រិត្យភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោល។ រដ្ឋធម្មនុញ្ញអនុញ្ញាតអោយព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ កាហ្វឹកហ្វឺន កងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។
- សោកស្តាយចេតនា និងកាយវិការសហរដ្ឋអាមេរិកមួយចំនួនរហូតមកបានធ្វើអោយទំនាក់ទំនង និងសហប្រតិបត្តិការមួយចំនួនរវាត និងធ្លាក់ចុះជាមួយកម្ពុជា។
- ចិននិយាយតិចធ្វើច្រើន នាំអោយទំនាក់ទំនងចិន-កម្ពុជា ជិតស្និទជាងពេលណាទាំងអស់។
- មិនអាចមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្មីស្តីពីបញ្ហាកម្ពុជាទេ៕




ស្ថានទូតនៃប្រទេសមហាអំណាចដែលមិនស្គាល់ពីច្បាប់ការទូត

ពិតជាគួរឱ្យសោកស្តាយដែលស្ថាទូតនៃប្រទេសស៊ីវិល័យ និងតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងគោរពច្បាប់ និងដើរបង្រៀនគេពីច្បាប់ ប៉ុន្តែខ្លួនឯងបំពានច្បាប់។ អ្វីដែលស្ថានទូតអាមេរិកសរសេរលើហ្វេសប៊ុករបស់ខ្លួនគឺជាសារការពារកូនជឹងរបស់ខ្លួន «ខ្មោចគណបក្សសង្គ្រោះជាតិ» ដែលបរាជ័យក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌។
មហាអំណាចមួយនេះមិនទាន់នឹងលាងជ្រះនូវរឿងអាស្រូវនៃការបោះឆ្នោតប្រធានាធិបតីខ្លួនផង បែរមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ ការវាយតម្លៃការការបោះឆ្នោតជាតិ ខែកក្កដានៅកម្ពុជា ជាការបោះឆ្នោតមានកំហុសឆ្គង គ្រាន់តែភាសាមួយដើម្បីលួងលោមកូនចឹងក្បត់ជាតិរបស់ខ្លួនប៉ុណ្ណោះ ហើយកោតតែប្រទេសមហាអំណាចមួយធ្វើទៅរួចដោយគ្មានការអៀនខ្មាស។
កម្ពុជាពិតជាឆ្អែតឆ្អន់នឹងទង្វើរបស់អាមេរិកហើយ! ទម្លាក់គ្រាប់បែកជាង ៣ លានតោនលើក្បាលខ្មែរ គ្មានសុំទោសខ្មែរមួមាត់ គាំទ្រខ្មែរក្រហមបន្តសម្លប់ខ្មែរ ហើយឥឡូវបានតាមចងកម្មចងពារខ្មែរមិនឱ្យរស់បានសុខសន្តិភាពទៀត។ ប្រវត្តិសាស្ត្របានដឹងច្បាស់ណាស់ថា អាមេរិកមិនដែល សប្បាយចិត្តពេលខ្មែររីកចម្រើនទេ!
គួរល្មមខ្មាសអៀនផង គេដឹងអស់ហើយ


សន្តិភាពពេញលេញទូរទាំងប្រទេស និងការរីកចម្រើនឥតឈប់ឈរ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានកំណើនខ្ពស់លឿនជាងគេនៅលើពិភពលោក

សៀមរាប ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោក ទៀ សីហា អភិបាលខេត្ត បានអញ្ជើញចូលរួមពិធីបើកសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ឆ្នាំ២០១៩ ក្រោមប្រធានបទ «យើងទាំងអស់គ្នាគាំទ្រការបំបៅកូន ដោយទឹកដោះម្តាយ» ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

លោកអភិបាលខេត្ត ថ្លែងថាបន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ឈ្នះ-ឈ្នះ ធ្វើឱ្យមានសន្តិភាពពេញលេញទូទាំងប្រទេស និងមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ សេដ្ឋកិច្ចជាតិមានកំណើនខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់។

លោកអភិបាលខេត្តសៀមរាប បានបន្តថា ជាក់ស្តែងក្នុងរយៈពេលជាងពីរទស្សវត្សកន្លងទៅនេះ ប្រទេសកម្ពុជាមានកិត្តិយសដោយបានជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅលើពិភពលោក ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ច៧% ក្នុងមួយឆ្នាំ និងបានធ្វើឱ្យអត្រានៃភាពក្រីក្រថយចុះលើសពីការរំពឹងទុកកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ បានកើនពីប្រមាណ៧៣៨ ដុល្លារ នៅឆ្នាំ២០០៨ ដល់១៥៦៣ដុល្លារ ក្នុងឆ្នាំ២០១៨ ព្រមទាំង កំពុងស្ថិតក្នុងនិន្នាការឈានឆ្ពោះ ទៅសម្រេច ចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ដែល មានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ក្នុងឱកាសនៃការប្រារព្ធទិវាសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំនេះ លោក ទៀ សីហា ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងធ្វើការលើផ្នែកគាំពារសុខភាព និងអាហារូបត្ថម្ភ មាតា និងកុមារ ឱ្យបន្តអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់ ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ៕






រដ្ឋបាលខេត្តបាត់ដំបង ជម្រាបមកអភិបាលនៃគណៈអភិបាល ក្រុង ស្រុក ស្តីពីវិធានការទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតសាងសង់


នៅថ្ងៃទី២៩ ខែ កក្តដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង ជម្រាបមកអភិបាលនៃគណៈអភិបាល ក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ស្តីពីវិធានការទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតសាងសង់និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់
សូមអានខ្លឹមសារលិខិតទាំងស្រុង៖


លោក គន់ គីម និងលោក លឹម គានហោ ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេនៅខេត្តកំពង់ចាម ដើម្បីស្វែងរកវិធានការដោះស្រាយ

កំពង់ចាម៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តី ក្រសួង ធនធាន ទឹក និងឧតុនិយម រួមជាមួយ លោក គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីបច្ចេកទេសក្រសួង មន្រ្តីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អភិបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងកន្លែងបាក់ច្រាំងទន្លេ នៅភូមិព្រែកស្តី និងភូមិព្រះអណ្តូងទី២ ក្នុងឃុំព្រះអណ្តូង និងភូមិពាមក្នុង និងភូមិពាមក្រៅ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សូម ជម្រាប ថា ទីតាំងខាងលើនេះ រងការបាក់ស្រុតជាបន្តបន្ទាប់ និងស្ថិតនៅទល់មុខសាលាបឋមសិក្សាព្រះអណ្តូង ព្រមទាំងអាចបណ្តាលឲ្យផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម ប្រឈមនឹងការបាក់ស្រុត ដែលអាចនាំឲ្យកាត់ផ្តាច់ចរាចរណ៍ពីស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វនៃខេត្តក្រចេះ។
បន្ទាប់ពីបានទទួលសំណើពីខេត្តកំពង់ចាម លោករដ្ឋមន្រ្តីបានបង្កើតក្រុមការងារចុះពិនិត្យ និងសិក្សានៅទីតាំងខាងលើ និងបានណែនាំលើវិធានការចំពោះមុខបន្ទាន់បណ្តោះអាសន្ន គឺត្រូវធ្វើច្រាំងការពារប្រវែង១០០០ម នៅក្នុងឆ្នាំនេះ ដោយក្នុងនោះនៅទីតាំង ដូច ខាង ក្រោម៖
១- នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុក ស្ទឹងត្រង់ ប្រវែង ៥០០ម
២- នៅភូមិព្រះអណ្តូងទី២ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ប្រវែង ២០០ម និង
៣- ទី៣ ៖ នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ប្រវែង ៣០០ម ។
មកទល់បច្ចុប្បន្នការងារនេះ បាននិងកំពុងអនុវត្តដោយបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកក្កដា មកម្ល៉េះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
ក្នុងពេលចុះពិនិត្យ នាពេលនេះលោករដ្ឋមន្រ្តីបានជម្រាបអំពីលទ្ធផលនៃការសិក្សារបស់ក្រុមការងារក្រសួងដែលបានធ្វើកន្លងមក និងលក្ខណៈបច្ចេកទេសដែលត្រូវដោះស្រាយនិងទប់ទល់លើការបាក់ច្រាំងនៅទីតាំងលើ និងនៅទីតាំងផ្សេងទៀត។
លោកអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់របស់លោករដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាក្រុមការងារក្រសួង ដែលបានចាត់វិធានការបន្ទាន់ចំពោះមុខនាពេលនេះ ក៏ដូចជាវិធានការយូរអង្វែងដែលត្រូវអនុវត្តបន្តនាពេលខាងមុខ។
ពេលជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង តួយ៉ាងដូច ការបាក់ច្រាំងនៅភូមិសាស្រ្តមូលដ្ឋានពួកគាត់រស់នៅសព្វថ្ងៃនាពេលនេះ ជាសក្ខីកម្មស្រាប់។

លោករដ្ឋមន្រ្តី បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនៃការបាក់ច្រាំងនៅទីតាំងខាងលើ ឲ្យបានប្រសើរ ក៏ដូចជា នៅទីតាំងប្រឈមផ្សេងៗទៀតនាពេលចំពោះមុខ ដោយនឹងសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយនូវហានីភ័យនៃការបាក់ច្រាំងដែលអាចបង្កនូវការខូតខាតដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងនាពេលខាងមុខនៅមូលដ្ឋានដែលមានភាពប្រឈមនឹងការបាក់ច្រាំងនេះ៕




លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជំរុញសិស្សានុសិស្សឱ្យប្រឹងប្រែងរៀនសូត្រយកចំណេះដឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ

បន្ទាយមានជ័យ៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរម្លឹកដោយជំរុញដល់សិស្សានុសិស្សត្រូវបន្តការខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រយកចំណេះដឹងជំនាញបច្ចេកទេសវិជ្ជាជីវៈដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើននៃប្រទេសជាតិកំពុងត្រូវការនោះ។ ការថ្លែងជំរុញបែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអប់រំបណ្តុះបណ្តាលបច្ចេកទេសថ្មី១ខ្នងនៅក្នុងវិទ្យាល័យម៉ាឡៃក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដែលជាអំណោយអង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍.កម្ពុជា(SEAPC.C) កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានកោតសរសើរដល់អង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍កម្ពុជាដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអាជ្ញាធរពាក់ព័ន្ធក្នុងការជួយអភិវឌ្ឍន៍វិស័យអប់រំនៅខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ជាក់ស្តែងសមិទ្ធផលអគារអប់រំបណ្តុះបណ្តាលបច្ចេកទេសថ្មី១ខ្នងនេះវាពិតជាបានឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សដែលក្នុងនោះការងារបណ្តុះបណ្តាលវិជ្ជាជីវៈនេះជាគោលដៅសំខាន់មួយដែលបាននិងកំពុងផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងសំដៅឆ្លើយតបទៅនឹងតម្រូវនៃការអភិវឌ្ឍប្រទេសជាតិដែលកំពុងមានការរីកចម្រើននោះ។
លោក កែ គឹមយ៉ាន បានបន្តទៀតថា អគារបណ្តុះបណ្តាលវិជ្ជាជីវៈនេះគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យក្មួយៗសិស្សានុសិស្សនៅក្នុងស្រុកម៉ាឡៃទទួលបានការចូលទៅសិក្សាក្រេបជញ្ជក់យកចំណេះដឹងជំនាញក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួនប្រកបដោយគុណភាពដែលជាត្រីវិស័យមួយសម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើនថែមទៀត។
លោក កែ គឹមយ៉ាន បានគូសបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាពក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ បានជំរុញដល់ល្បឿនការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ។ ដូចស្រុកម៉ាឡៃនេះក្រោយពីបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យស្រុកនៅជាប់ព្រំដែនថៃមួយនេះផ្លាស់ប្តូរអភិវឌ្ឍន៍យ៉ាងលឿនជីវភាពរស់នៅប្រជាពលរដ្ឋធូរធា។ក្នុងនោះវិស័យអប់រំ ក៏មានការរីកចម្រើនសាលារៀនត្រូវបានកសាងឡើងនៅគ្រប់ទីកន្លែងហើយឥឡូវនេះមានអគារថ្មីសម្រាប់អប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នានាពេលនេះដើម្បីបំពេញនូវសេចក្តីត្រូវការ ដែលជាអនាគតយើងកូនចៅយើងគ្រប់គ្នាដែលស្របគោលនយោបាយរាជរដ្ឋាភិបាលបានខិតខំធ្វើកំណែទម្រង់វិស័យអប់រំជាវិស័យអាទិភាពដោយបានកសាងនូវសាលារៀនដែលជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិកាន់តែខិតជិតផ្ទះដើម្បីសម្រួលដល់ការរៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋយើងនេះ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានធ្វើការក្រើនរម្លឹកដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះជំនាញវិជ្ជាជីវៈនេះដើម្បីខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិដែលកំពុងត្រូវការអ្នកចេះដឹងនោះហើយគប្បីត្រូវចៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗពិសេសគ្រឿងញៀន៕






អភិក្រមទី៥ «វះកាត់»ត្រូវបានអនុវត្តជាបន្តបន្ទាប់ចំពោះមន្ត្រីមន្ត្រីខិលខូចជាពិសេសមន្ត្រីប្រព្រឹត្តអំពើពុករលួយ

ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ «វះកាត់» ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឱ្យចុះទៅចាត់ការផ្ទាល់តែម្តងចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយដោយចាប់យកត្រង់ៗតែម្តងដោយមិនចាំបាច់មកតាមខ្សែអ្វីនោះទេ ហើយមន្ត្រីប្រព្រឹត្តអំពើពុករលួយទាំងនេះ មិនត្រឹមតែដកតំណែងចេញនោះទេតែត្រូវពិនិត្យលើទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។ ជាក់ស្តែង ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចុះទៅចាប់ខ្លួនមន្ត្រីនៃមន្ទីរសុរិយោដីខេត្តពោធិ៍សាត់៣រូប ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ មន្ត្រីសុរិយោដីទាំង៣រូប បានទារលុយរហូតដល់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជាថ្នូរនឹងការអនុញ្ញាតឱ្យសាងសង់សំណង់រោងចក្រនៅទីនោះ ដែលលោកបានដឹងអំពីរឿងនេះច្បាស់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ការប្រព្រឹត្តអំពើពុករលួយ គឺជាឧបសគ្គដ៏ធំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើពុករលួយនេះ។ លោកក៏បានថ្លែងអំណរដល់គុណបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលបានចូលរួមចំណែកផ្តល់នូវដំណឹងក៏ដូចជាព័ត៌មានក្នុងលក្នុងការចូលរួមទប់ស្កាត់អំពើពុករលូយ៕




កម្មវិធីមនុស្សធម៌ចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ និងគ្រួសារទីទ័លក្រ

កំពង់ធំ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩   លោក  សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងគ្រួសារទីទ័លក្រ(ប្រភេទ១) ចំនួន៤៧០គ្រួសារ ស្ថិតនៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។

ពិធីចែកអំណោយនេះ ធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នាគឺទីតាំងទី១ ចែកពេលព្រឹកនៅក្នុងបរិវេណសាលាស្រុកស្ទោង ដែលមានបងប្អូនអញ្ជើញមកពីឃុំចំណារលើ ឃុំចំណាក្រោម ឃុំកំពង់ចិនជើង ឃុំទ្រា និងឃុំបន្ទាយស្ទោង ស្រុកស្ទោង ចំនួន១២១គ្រួសារ បន្ទាប់មកចេញទៅចែកនៅទីតាំងទី២ នៅក្នុងបរិវេណវត្តឃ្លាំងខ្មូត ដែលមានបងប្អូនអញ្ជើញមកពីឃុំ ប្រឡាយ ស្រុកស្ទោង ចំនួន២៤៧គ្រួសារ និងពេលរសៀលចែកនៅទីតាំងទី៣ ក្នុងបរិវេណវត្តថ្មី ស្រុកកំពង់ស្វាយ ដែលមានបងប្អូនរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងគ្រួសារទីទ័លក្រ(ប្រភេទ១) ចំនួន១០២គ្រួសារ។

លោក  សុខ លូ បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់  លោកនាយករដ្ឋមន្រ្តី  ហ៊ុន សែន និងលោកស្រី  ប៊ុន រ៉ានី ហ៊ុន  សែន ដែលជានិច្ចជាកាលលោកទាំងទ្វេរតែងតែគិតគូរអំពីសុខទុក្ខពុកម៉ែ បងប្អូនគ្រប់ទីកន្លែង។

លោកអភិបាលខេត្តបានលើកឡើងថា អំណោយដែលចែកជូនពេលនេះគ្រាន់តែបានជួយបំពេញសេចក្ដីត្រូវការរបស់បងប្អូនបានតែមួយរយៈខ្លីប៉ុណ្ណោះ អ្វីដែលសំខាន់នោះបងប្អូនត្រូវខិតខំបន្តជួយខ្លួនឯង តាមរយៈការដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វមាន់ ទា បន្ថែម ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសាររបស់ប្អូនឲ្យបាន។

នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវខិតខំថែរក្សានូវសុខភាពឲ្យបានល្អ ដោយគេងក្នុងមុងជានិច្ច និងដាក់អាបែតក្នុងពាងទឹក អាងទឹក និងលុបបំបាត់ជម្រកមូសខ្លា ដើម្បីរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈានមិនមែនមានតែកូនក្មេងទេ មនុស្សចាស់ក៏មានកើតជំងឺគ្រុនឈាមដែរ។

ម្យ៉ាងវិញទៀត សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងបើកដោយប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕





ខេត្ត​កំពង់ឆ្នាំង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពីការរៀបចំ និង​កសាង​កម្មវិធី​វិនិយោគ​បីឆ្នាំរំកិល(២០២០-២០២២)

កំពង់ឆ្នាំង៖ នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅ​សាល​ប្រជុំ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​ស្ដីពី​ការ​រៀបចំ​ និង​កសាង​កម្មវិធី​វិនិយោគ​បីឆ្នាំរំកិល(២០២០-២០២២) ក្រោម​អធិបតីភាព​លោក អម សុភា អភិបាល​រង​ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុម​ប្រឹក្សា​ខេត្ត នាយក​រងរដ្ឋបាល​សាលា​ខេត្ត ក្រុមការងារ​កសាងផែន​ការ​ខេត្ត ក្រុង ស្រុក មន្ទីរ​អង្គភាព​ជុំ​វិញ​ខេត្ត និងមន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប។
គោល​បំណង​នៃកិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ គឺ​ប្រមូល​តម្រូវការអភិវឌ្ឍន៍​របស់​ខេត្ត ដើម្បី​ធ្វើ​ជាធាតុ​ចូល​សម្រាប់​រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិការគម្រងថវិកា​រប្រចាំ​ឆ្នាំ និងរៀប​ចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំរំកិល​ខេត្ត។
លោក អម សុភា បានបញ្ជាក់ទៀតថា នៅថ្នាក់ខេត្ត គឺ​អង្គភាព​ច្រកចេញ​ចូលតែមួយដែលមានអគារនៅក្នុងបរិវេណសាលាខេត្តកំពង់ឆ្នាំង​ សម្រាប់​ថ្នាក់​ក្រុង ស្រុក​គឺការិយាល័យ​ច្រក​ចេញ​ចូលតែមួយ ហើយ​ការិយាល័យ​ច្រក​ចេញ​ចូលតែមួយ​នេះ​មាន​ពីរ​គឺ​នៅក្នុង​សាលាក្រុង​កំពង់ឆ្នាំង និង​សាលា​ស្រុក​កំពង់ត្រឡាច​។

ក្នុងនោះ លោកក៏​បាន​លើក​ឡើងបន្ថែម​ទៀត​​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ឱ្យ​មាន​​យន្ដការ​ច្រក​ចេញ​ចូលនេះ​ឡើង​ក្នុង​គោល​បំណង​បង្ខិតសេវាឱ្យនៅជិតប្រជាពលរដ្ឋ ពោល​គឺបង្កភាព​ងាយ​ស្រួលដល់ប្រជាពលរដ្ឋ​ក្នុង​ការ​មក​ទទួល​សេវា​ផ្សេងៗ​នៅក្នុងកន្លែង​តែមួយ​នៅក្នុង​ដែន​សមត្ថកិច្ចរបស់​ខ្លួន​៕