Thursday, October 12, 2017

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បន្តប្រកាសប្ដេជ្ញាការពារដាច់ខាត មិនឱ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជានោះទេ

កណ្តាល៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបន្ត ប្រកាសប្រឆាំងដាច់ខាតមិនឱ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជា បង្រ្កាប និងកម្ទេចឱ្យអស់រាល់ សកម្មភាពបំពានទាំងឡាយណា ដែលមានបំណងមិនល្អបំពុលបរិយាកាសសង្គម ឈានដល់ការ បំផ្លាញ សន្តិភាព សន្តិសុខ និងសង្គមជាតិ។

នាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា «សមិទ្ធផល សន្តិភាព មានតម្លៃពុំអាចកាត់ថ្លៃបានឡើយ សន្តិភាព ទទួលបានដោយសារការប្តូរសាច់ឈាមស្រស់ របស់វីរៈជនស្នេហាជាតិជាច្រើនរូប ក្នុងបុព្វហេតុការពារ បូរណៈភាពទឹកដី ជាតិ សាសនា ព្រះមហាក្សត្រ»។

ការប្រកាសយ៉ាងម៉ឺងម៉ាត់ខាងលើនេះ បានធ្វើឡើងខណៈនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ យាយជី តាជី ក្រុមប្រឹក្សា៦សង្កាត់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួន៦៧០នាក់។

នាយឧត្តមសេនីយ៍ បានថ្លែងទៀតថា សុខសន្តិភាពមិនត្រូវបំផ្លាញបាត់បង់ទៅវិញ ដោយសារក្រុម ជ្រុលនិយម មួយចំនួនតូច ដែលគាំទ្រពីបរទេសនោះបានទេ សូមប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសន្តិភាព នេះឱ្យបាន ស្ថិតស្ថេរ គង់វង្សដើម្បីរក្សាសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ និងបន្តការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចំរើនឆាប់រហ័ស។ ថ្ងៃ៧មករាជាមូលដ្ឋានគ្រឹះ នាំឱ្យមានថ្ងៃ២៣ តុលា ទីក្រុងបារីស និង នយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបាននូវ សុខសន្តិភាពពេញបរិបូរណ៍ គ្របដណ្ដប់ពេញផ្ទៃប្រទេស បំផ្លាញចោល នូវអង្គការចាត់តាំងខ្មែរក្រហមគ្មាន តំបន់អប្បគមន៍កងទព័តែមួយ ប្រជាពលរដ្ឋគ្រប់ៗរូប បានរស់នៅជ្រកក្រោមរដ្ឋធម្មនុញ្ញតែមួយ ម្លប់សន្តិភាព យ៉ាងសុខសាន្ត ។

នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា «បច្ចុប្បន្ននេះមានអ្នកវិនិយោគិនបរទេសធំៗ មកបណ្ដាក់ទុន វិនិយោគជាច្រើននៅកម្ពុជា លើហេដ្ឋារចនាសម្ពន្ធ័សង្គមសំណង់អគារខ្ពស់ៗ ផ្លូវថ្នល់ស្ពានអាកាសខ្វាត់ខ្វែង ក្នុងក្រុងនៅតាមជនបទកំណើនភ្ញៀវទេសចរ មកទស្សនាកម្ពុជាជារៀងរាល់ឆ្នាំ ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច នៅរក្សាបាន៨.៩។ ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល បានប្រកាសផ្ដល់អត្ថប្រយោជន៍ដល់ កម្មករ-កម្មការិនីមាន ប្រាក់ខែគោលឡើងដល់១៧០ដុល្លារនៅឆ្នាំ២០១៨ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត កម្មករ-កម្មការិនីរោងចក្រ និងកីឡាករ និងកីឡាការនីជិះរថយន្តក្រុងមិនយកលុយ ថែទាំសុខភាពពិនិត្យ ព្យាបាលតាមមន្ទីរពេទ្យរដ្ឋ មិនយកលុយកម្មការនីមានប្រាក់ឧបត្ថម្ភពេលឆ្លងទន្លេកូនមួយ៤០ម៉ឺនរៀល កូនភ្លោះ៨០ម៉ឺនរៀល មន្រី្តរាជការ ស្ថាបន័កងទព័នគរបាលជាស្រ្តីពេលឆ្លងទន្លេ ទទួលបានប្រាក់គោល នយោបាយគាំពារសង្គម ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង»។

ក្នុងរដូវនៃថ្ងៃបុណ្យកឋិនទាន នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី បានផ្ដួចផ្ដើមធ្វើបុណ្យ កឋិនទានដង្ហែ ទៅវត្តប្រជុំនទីហៅវត្តក្រពើហាស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រមទាំងបាននាំយក បច្ច័យរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនបច្ច័យសង្កត់ត្រៃ ១២០លានរៀល សម្រាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្ត ចែកក្រណាត់ស និងថវិការជូនយាយជីតាជី គណៈកម្មការវត្តក្រុមយុវជនកាកបាទក្រហម កាយរិទ្ធសិស្សានុសិស្សលោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាសង្កាត់ កម្លាំងសមត្ថកិច្ច ៕






សេចក្តីរាយការណ៍​ពិសេស៖​ មាន ៧ ចំណុច​ដែលត្រូវ​តាមដាន​ នៅឯសមាជបក្ស​លើកទី ១៩​ របស់ចិន​

​​​​​​​​​​​​​​​​​​​​​​​​​សមាជ​បក្ស​លើក​ទី​១៩ របស់​ចិន (19PC) នឹង​ឆ្លើយ​នូវ​សំណួរ​សំខាន់ៗ​មួយ​ចំនួន​ ដែល​កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​ឃ្លាំ​មើល​ប្រ​ទេស​ចិន​មាន​ចិត្ត​អន្ទៈ​សារ​ចង់​ដឹង៖ ថាតើ​លោក Xi Jinping នឹង​បន្ត​ធ្វើ​ជា​ប្រ​ធា​នា​ធិប​តី​ទៀត​ឬ? តើ​អំណាច​នោះ​នឹង​ក្លាយ​ជា​ការ​ប្រ​មូល​ផ្តុំ​របៀប​ណា? នៅ​ក្នុង​សេចក្តី​រាយ​ការ​ណ៍​ពិ​សេស​នេះ លោក James Tunningley ដែល​ជា​អ្នក​យក​ព័ត៌​មាន​ឱ្យ​សារ​ព័ត៌​មាន Global Risk Insights បាន​បង្ហាញ​នូវ​ការ​ណែនាំ​អំពីអ្វី​ដែល​ត្រូវ​រំពឹង​ទុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

នៅ​ថ្ងៃ​ទី​១៨ ខែ​តុ​លា​ គឺ​ជា​សមាជ​បក្ស​លើក​ទី​១៩ (19PC) នៃ​បក្ស​កុម្មុយ​នីស្តចិន (CCP) នឹង​បើក​វិ​មាន​រដ្ឋាភិបាល​នៅ​ក្នុង​ទី​ក្រុង​ប៉េ​កាំង។ គណៈ​ប្រ​តិ​ភូ​ប្រ​ហែល ​​៣.០០០ នាក់ ដែល​តំណាង​ឱ្យ​សមាជិកបក្ស​កុម្មុយ​នីស្តជិត ៩០ លាន​នាក់​ទូទាំង​ប្រ​ទេស​ចិន ត្រូវ​បាន​គេ​ជ្រើស​ឱ្យ​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិ​ការ​ណ៍​នេះ។ រៀប​ចំ​ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​ម្តង ការ​ធ្វើ​សមាជ​​បក្ស​នេះ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​កម្មាធិ​ការ​មជ្ឈឹម​បក្ស​ថ្មី (សមាជិក ២០៥ រូប និង​សមា​ជិក​បម្រុង ​១៧១ រូប) ដែល​ត្រឡប់​មក​វិញ នឹងបោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ការិយា​ល័យ​នយោ​បាយ​ចំនួន ២៥ រូប និង​គណៈ​កម្មាធិ​ការ​នាយក​ទទួល​បន្ទុក​នយោ​បាយ​ចំនួន ៥-៩ រូប។

តាម​មនោ​គមវិទ្យាបុរាណ​របស់​ខុង​ជឺ លេខ ​៧ ត្រូវ​បា​ន​គេ​ចាត់​ទុក​ថា តំណាង​ឱ្យ​ភាព​សុខដុម​រម​នា​។ ហើយ​មាន​រឿង​មួយ​ដែល​លោក Xi នឹង​សង្ឃឹម​​នៅឯ​សមាជ​បក្ស​លើក​ទី​ ១៩ ខណៈ​ដែល​គាត់​ព្យាយាមដើម្បី​ពង្រឹង​​ក្តោប​ក្តាប់​អំណាច​របស់​គាត់​ វា​គឺ​ភាព​សុខ​ដុម​រម​នា។ ដូច្នេះ​នេះ​គឺ​ជា​រឿង​សំខាន់ៗ​ទាំង​ ៧ ដែល​ត្រូវ​ឃ្លាំ​មើល​នៅ​ឯ​សមាជ​បក្ស​លើក​ទី​១៩៖

 ១. ការ​ពង្រឹង​អំណាច​របស់​លោក Xi Jinping

លោក Xi Jinping ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​ធ្វើ​ជា​ប្រ​ធា​នា​ធិប​តី អគ្គ​មេ​បញ្ជាការ អគ្គលេខា​ធិការ​នៃ​គណបក្ស CCP ដែល​កំពុង​តែ​គ្រប់​គ្រង​អំណាច ប្រ​ធាន​គណៈ​កម្មការ​យោ​ធា​មជ្ឈឹម (CMC) និង​ជា​មេដឹក​នាំ​ស្នូល​យ៉ាង​ហោច​ណាស់​ក៏​មួយ​អាណត្តិ​ទៀត​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ វា​ទំនង​ផង​ដែរ​ថា គាត់​នឹង​មាន​បំណង​ដើម្បី​ពង្រឹង​តំណែង​របស់​គាត់​ក្នុង​គោល​បំណង​បន្ត​អំណាច​ទៅ​ហួស​ពី​ឆ្នាំ ​២០២២ និង​ធ្វើ​ជា​ប្រ​ធា​នា​ធិប​តី​អាណត្តិ​ទី៣។ ច្បាប់​ចិន​បាន​ចែង​ថា ប្រ​ធា​នា​ធិប​តី​ចិន​មិន​អាច​កាន់​តំណែង​ឱ្យ​លើស​ពី​ ១០ ឆ្នាំ​ឡើយ ឬក៏​២ អាណត្តិ​ជាប់ៗ​គ្នាទេ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិនមាន​ការ​កំណត់​តាម​ផ្លូវ​ច្បាប់ ​ស្តី​អំពី​រយៈ​ពេល​នៃ​ការ​កាន់​តំណែង​ជា​អគ្គលេ​ខា​ធិ​ការ ឬ​ប្រ​ធាន​ CMC ឡើយ​។

 ២. ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ

រដ្ឋ​ធម្ម​នុញ្ញ​របស់​ចិន ​មាន​សេចក្តី​យោង​ដល់​ការ​រួមចំណែក​របស់​មេ​ដឹក​នាំ​នៃ​ប្រ​ទេស​នេះ ដែល​បាន​ធ្វើឱ្យ​​មាន​មនោ​គម​វិទ្យា​ជា​ផ្លូវ​ការ​នៃ​គណបក្ស CCP។ រដ្ឋ​ធម្ម​នុញ្ញ​បច្ចុប្បន្ន​នេះ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​​របស់​ ម៉ៅ សេទុង​ ទ្រឹស្តី​របស់ Deng Xiaoping កេរ្តិ៍​តំណែល​ស្តី​ពី​ទ្រឹស្តី​ទាំង ​៣ របស់ ​Jiang Zemin និង​ទស្សនៈវិស័យ​​វិទ្យា​សាស្ត្រ និងការ​អភិ​វឌ្ឍរបស់ Hu Jintao។ មាន​តែ​ ម៉ៅ និង​ Deng ប៉ុណ្ណោះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ចំៗ

 ៣. ច្បាប់​ស្តី​ពី​ការ​ចូល​និវត្តន៍

ច្បាប់​ស្តីពី​​ការកំណត់​អាយុ​ចន្លោះ​ពី ​៦៧ ទៅ ​៦៨ ឆ្នាំ ត្រូវ​បានគេ​កែ​ប្រែ​ក្នុង​អំឡុង​ពេល​សមា​ជ​​ខាង​មុខ​នេះ។ ច្បាប់​នេះ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​អនុ​វត្ត​ន៍​នៅ​ឆ្នាំ ​២០០២ បាន​ចែង​ថា មន្រ្តី​ដែលមាន​អាយុ​ ៦៨ ឆ្នាំ​ ឬ​ក៏​ចាស់​ជាង​នេះមិន​អាច​កាន់​តំណែង​អាណត្តិ​ថ្មី​នៅក្នុង​​គណៈ​កម្មាធិ​ការ​នាយក​ទទួល​បន្ទុក​នយោ​បាយ​បាន​ទេ​ ដែល​ជា​ស្ថាប័ន​សម្រេច​ចិត្ត​ដ៏​មាន​អំណាច​បំផុត​នៅ​ក្នុង​ប្រ​ទេស​ចិន។

 ៤. អនា​គត​របស់​លោក Wang Qishan

តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះលោក Wang Qishan គឺ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ទាយ​ទុក​តិច​តួច​នៅ​សមាជ​បក្ស​លើក​ទី​១៩។ លោក Wang បាន​បាត់​ខ្លួន​អស់​រយៈ​ពេល​ពីរ​បី​សប្តាហ៍​ បន្ទាប់​ពី​​កិច្ច​ប្រ​ជុំ​សម្ងាត់​ប្រ​ចាំ​ឆ្នាំនៅ​ឯ Beidaihe ជា​ទី​កន្លែង​ដែល​សមា​ជិក​គណ​បក្ស CCP ទាំង​អ្នក​ដែល​កំពុង​កាន់តំណែង និង​ចូល​និវត្តន៍​ បាន​ប្រ​មូល​ផ្តុំគ្នា​ដើម្បី​ពិ​ភាក្សា​គ្នា​ពី​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ និង​ធ្វើ​កំណែ​ទម្រង់​គោល​នយោ​បាយ។ ស្ថាន​ភាព​នេះ​ហាក់​បី​ដូច​ជា​បង្ហាញ​ឱ្យ​ឃើញ​ថា គាត់​បាន​រសាត់​ឆ្ងាយៗ​បន្តិច​ម្តងៗពី​ឆាក​នយោ​បាយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​លោក Wang លេច​មុខ​ឡើង គាត់​កាន់​តំណែង​ពីរ​ដែល​មាន​មុខ​មាត់​ខ្ពស់ នោះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា គាត់​ជា​មនុស្ស​សំខាន់​។

ប្រ​សិន​បើ​លោក Xi ងាក​ពី​វិ​ធាន​ការ​ដែល​និយាយ​ទាក់​ទង​នឹង​អាយុនោះ ហើយ​ស្វែង​រក​ការ​រៀប​ចំ​ពិ​សេស​ដើម្បី​រក្សា​ទុក​លោក Wang លោក Xi ទំនង​ជា​នឹងស្វែង​រក​តួ​នា​ទី​ដែល​មាន​កិត្យា​នុ​ភាព​ផ្សេង​​ទៀត​ឱ្យ​ទៅ​​លោក Wang ។ មាន​ការ​លើក​ឡើង​ផង​ដែរថា ​លោក Wang អាចនឹង​ជំនួស​តំណែង​លោក Li ជា​នាយក​រដ្ឋ​មន្រ្តី។

៥. តើ​អ្នក​នយោ​បាយ​សំខាន់ៗ​ណា​ខ្លះ​ដែល​នឹង​ត្រូវ​ជម្រុះ​ចេញ

នៅ​ក្នុង​​គណៈ​កម្មាធិ​ការ​នាយក ដូចដែល​បាន​កត់​សម្គាល់​ខាង​លើ សមា​ជិក​ចំនួន ​៤ រូប​គឺ​ដល់​អាណត្តិ​ដែល​ត្រូវ​ចូល​និវត្តន៍​ហើយ។ អ្នក​ទាំង​នេះគឺ​មានលោក Zhang Dejiang ដែល​ជា​ប្រ​ធាន​សភា​​ប្រ​ជាជន​ចិន (NPC) លោក Yu Zhengsheng ដែល​ជា​ប្រ​ធាន​សន្និ​សីទពិគ្រោះ​យោបល់​នយោ​បាយ​ប្រ​ជា​ជន​ចិន លោក Liu Yunshan ដែល​ជា​លេ​ខា​ធិ​ការ​នៃ​លេខាធិ​ការ​ដ្ឋាន និង​ជា​មេ​ដឹក​នាំ​ក្រុម​ឈាន​មុខ​ផ្នែក​ឃោសនា​ការ និង Zhang Gaoli ដែល​ជា​ឧប​នាយក​រដ្ឋ​មន្រ្តី។

៦. តើនរ​ណា​នឹង​ឈាន​ឡើង​ទៅ​កាន់​គណៈ​កម្មាធិ​ការ​នាយក?

លោក Xi និង​លោក Li Keqiang ដែល​ជា​នាយក​រដ្ឋ​មន្រ្តី​បច្ចុ​ប្បន្ន អ្នក​ទាំង​ពីរ​ទំនង​ជា​នឹង​កាន់​អំណាច​បន្ត ទោះ​បី​ជា​មាន​ពាក្យ​ចចាម​អារ៉ាម​ថា លោក Li អាច​នឹង​ចាកចេញ​ពី​មុខ​តំណែង​របស់​គាត់ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​គណៈ​កម្មាធិ​ការ​នាយក ដោយ​ក្លាយ​ទៅ​ជា​ប្រ​ធាន​សភា​​ប្រ​ជា​ជន​ចិន។ លោក Li Zhanshu ដែល​ជា​នាយក​បច្ចុប្បន្ននៃ​ការិយាល័យ​ទូ​ទៅ​របស់​គណ​បក្ស CCP បាន​ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ចាត់​តាំង​ឡើង ទំនងនឹង​​ក្លាយ​​ទៅ​ជា​ប្រ​ធាន​គណៈ​កម្មការ​មជ្ឈឹម​​សម្រាប់​ការ​ត្រួត​ពិ​និត្យ​វិន័យ តាម​ពិត​មាន​ការ​លើក​ឡើង​ថា លោក Wang Qishan ប្រាកដ​ជា​នឹង​ចាក​ចេញ។ ឧប​នាយក​រដ្ឋ​មន្រ្តី Wang Yang ក៏​មាន​ឱ​កាសល្អ​​នឹង​ឈាន​ឡើង​ផង​ដែរ ទំនងជា​នឹង​ក្លាយ​ទៅ​ជា​ប្រ​ធាន​សន្និ​សីទពិគ្រោះ​យោ​បល់​នយោ​បាយ​របស់​ប្រ​ជា​ជន​ចិន ទោះបី​ជា​លោក ​Wang មិន​សូវ​មាន​មុខ​មាត់​ក៏​ដោយ ហើយ​គាត់​​អះអាង​ថា​ នឹង​គ្មាន​បំណង​ទៅ​កាន់​តំណែង​​នៅក្នុង​​គណៈ​កម្មាធិ​ការ​នាយក​ទេ។

៧. អាសនៈ​នៅ​ក្នុង​គណអចិន្ត្រៃយ៍បក្ស

រឿង​ចុងក្រោយ​ដើម្បី​ក្រឡេក​មើល​ថា នឹង​មាន​អាសនៈ​ប៉ុន្មាននៅ​ក្នុង​គណអចិន្ត្រៃយ៍ដែល​អាច​ផ្លាស់​ប្តូរ​ ដែល​អាស្រ័យ​ទៅ​លើ​ថា​ នរ​ណានឹងឡើង ឬ​ធ្លាក់​នោះ​ទេ។ តាម​ប្រ​វត្តិ​សាស្រ្ត វា​អាច​មាន​ចាប់​ពី​៥ ទៅ​៩ អាសនៈ​​ ហើយ​មាន​ការ​រអ៊ូ​រទាំច្រើននៅ​ដើម​ឆ្នាំ​២០១៧ ថា លោក Xi ប្រ​ហែល​ជា​កាត់​បន្ថយ​ចំនួន​អាសនៈ​នៅ​ក្នុង​គណអចិន្ត្រៃយ៍​ចាប់​ពី​ ៧ រហូត​ដល់​ ៥​ អាសនៈ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ មាន​មតិ​ភាគ​ច្រើន​ពី​ការ​ព្យាករ​ណ៍​របស់​សមាជ​បក្ស​លើក​ទី​ ១៩ ដែល​ឥឡូវ​​នេះ គេ​ជឿ​ថា វា​នឹង​មាន ​៧ អាសនៈ ។ ស្ថាន​ភាព​នេះ គឺវា​​ស្របគ្នាទៅ​នឹង​ការពិត​ដែលថា នៅ​ឆ្នាំ​២០០២ និង​ឆ្នាំ​២០១២ ចំនួន​អាសនៈ​បាន​ផ្លាស់​ប្តូរ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៧ និង​ឆ្នាំ​២០០៧ វា​នៅ​ដដែល៕​

ប្រភព: Global Risk Insights ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧


រដ្ឋសភាអនុម័តសេចក្តីព្រៀងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ដោយសមាជិកសភា ៦៧រូប

សេចក្តីព្រៀងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័តរួចរាល់ហើយ នៅក្នុងកិច្ចប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៥ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នេះ ដោយសមាជិកសភាមកពី គណបក្សប្រជាជន កម្ពុជាចំនួន ៦៧រូប។
លោកស្រី ងិន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា (គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសនីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់) បានថ្លែងថា សេចក្តីព្រៀងច្បាប់នេះ បានឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់ និងជាច្រើនដំណាក់កាលរបស់ គណៈកម្មការ។ បន្ទាប់ពីការពិនិត្យមើលឃើញថាត្រឹមត្រូវហើយនោះ សេចក្តីព្រៀងច្បាប់នេះមិនបានកែប្រែ ខ្លឹមសារដើមនោះឡើយ។
លោកស្រី ងិន សាផុន បានបន្តថា ច្បាប់សី្តពីឧបាស្រ័យពាណិជ្ជកម្មនេះ ធ្វើឡើងសម្រាប់ការពារដល់ផលិតកម្ម និង ឧស្សាហកម្មកម្ពុជាពីផលប៉ះពាល់នៃការលក់បន្ទាបថៃ្លខុសពីប្រក្រតី នៃទំនិញដែលនាំចូលមក លក់នៅ កម្ពុជា ព្រមទាំង ផ្តល់ទំនុកចិត្ត និងធើ្វជាខែលការពារវិនិយោគិនក្នុងស្រុក និងបរទេស ដែលបានបណ្តាក់ទុន នៅកម្ពុជា តាមរយៈការដាច់ចេញនូវគោលការណ៍ យន្តការ និងនីតិវិធីនានាសម្រាប់ជួយ ធានាដល់ការប្រកួត ប្រជែងដោយសុច្ចរឹត និងស្មោះត្រង់ រវាងផលិតករ ពាណិជ្ជករ ដែលផលិត និងលក់ផលិតផលក្នុងស្រុក ជាមូយនិងផលិតករបរទេស និងពាណិជ្ជករ ដែលបាននាំចេញនូវផលិតដូចគា្នមកលក់នៅកម្ពុជា។
លោកស្រី បានបន្ថែមថា ច្បាប់នេះនឹងជួយការពារនូវផលិតកម្ម និងឧស្សាហកម្មក្នុងស្រុក ពីការហូរចូលយ៉ាង គំហុក នៃផលិតផលបរទេសមកកាន់ទីផ្សារកម្ពុជា ដែលជាបច្ច័យមិនល្អ និងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ឬគំរាមគំហែងមិនឲ្យឧស្សាហកម្មរីកចំរើនបាន ព្រមទាំងអាចបន្ទុចបង្អាក់ដល់ការវិនិយោគក្នុងស្រុក និង វិនិយោគបរទេស ដែលគ្រោងចូលមកបណ្តាក់ទុននៅកម្ពុជា។ ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ក៏នឹងផ្តល់ លទ្ធភាព ក្នុងការដំឡើងអត្រាពន្ធឧបាស្រ័យពាណិជ្ជកម្ម ទៅលើផលិតផល នាំចូលដែលអាចបង្កមហន្តរាយដល់ ផលិតកម្ម និងឧស្សាហកម្មកម្ពុជា លើសពីអត្រាពន្ធដែលកម្ពុជា បានចង និងបានសន្យានៅក្នុងក្របខ័ណ្ឌអង្គ ការពាណិជ្ជកម្មពិភពលោកប្រសិនបើចាំបាច់។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ច្បាប់ឧបាស្រ័យពាណិជ្ជកម្មនេះ ជាកាតព្វកិច្ច ដែលកម្ពុជា ត្រូវបំពេញតាមការទាមទារអង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីប្រទេសកម្ពុជាបានក្លាយ ជាសមាជិកនៃអង្គការមួយនេះកាលពី១៣ឆ្នាំមុន (១៣ តុលា ២០០៤-១៣ តុលា ២០១៧)។
លោករដ្ឋមន្រ្តីបន្តថា សេចក្តីព្រៀងច្បាប់ស្តីពីឧសបាស្រ័យពាណិជ្ជកម្មនេះ គឺផ្អែកលើច្បាប់គំរូរបស់អង្គការ ពាណិជ្ជកម្មពិភពលោក និងមានសុគតភាពជាមួយកិច្ចព្រមព្រៀងនានារបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយអនុលោមតាមច្បាប់នានារបស់ច្បាប់កម្ពុជាផងដែរ៕






Donald Trump​ គំរាមបិទ NBC​ និងបណ្តាញ​សារព័ត៌មាន​ផ្សេងទៀត​ដែលរិះគន់គាត់​

​​​​លោក Donald Trump បានគំរាមបិទ NBC និងបណ្តាញព័ត៌មានអាមេរិកដទៃទៀតដោយនិយាយថា ពួកគេបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
លោក Trump បានសរសេរនៅក្នុងបណ្តាញ Tweet ថា «រាល់ព័ត៌មានក្លែងក្លាយទាំងអស់ចេញពី NBC និងបណ្តាញព័ត៌មានជាច្រើន តើកម្រិតសក្តិសមប៉ុណ្ណាក្នុងការទទួលបានអាជ្ញាប័ណ្ណរបស់ពួកគេ? អាក្រក់សម្រាប់ប្រទេស!»។
ការលើកឡើងរបស់លោក Trump នៅក្នុង Tweet ជាការឆ្លើយតបទៅនឹងរឿងមួយដែលសរសេរដោយ NBC ដែលបាននិយាយថា លោក Trump បានស្វះស្វែងរកការបង្កើនឃ្លាំងផ្ទុកអាវុធនុយក្លេអ៊ែររបស់អាមេរិកចំនួនដប់ដង បន្ទាប់ពីមើលឃើញការកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិកចាប់តាំងពីឆ្នាំ ១៩៦០ ។ រឿងនេះបានលើកឡើងពីមន្ត្រី៣ រូបដែលតាមសេចក្តីរាយការណ៍ថា ស្ថិតក្នុងបន្ទប់នៅពេលដែលលោក Trump បានធ្វើការអត្ថាធិប្បាយ។
លោក Trump បានបង្ហោះនៅលើ Tweet មុនការគំរាមកំហែងរបស់គាត់ថា «Fake @NBCNews បានបង្កើតរឿងមួយថា ខ្ញុំចង់បង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរអាមេរិករបស់យើងដប់ដង»។ «ការប្រឌិតសុទ្ធ បង្កើតឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ។ NBC ស្មើនឹង CNN!»
លោកប្រធានាធិបតី បានវាយប្រហារជាទៀងទាត់ទៅលើបណ្តាញព័ត៌មានដែលបានរិះគន់គាត់តាំងពីខែមករា នៅពេលដែលគាត់បានធ្វើសន្និសីទកាសែតមួយក្នុងនាមជាប្រធាធិបតីជាប់ឆ្នោត ហើយស្រែកដាក់អ្នកយកព័ត៌មាន CNN ថា «ព័ត៌មានក្លែងក្លាយ»។ ពាក្យសម្តីដែលលោក Trump និយាយថា គាត់បានបង្កើតឡើង ប៉ុន្តែត្រូវបានគេប្រើជាញឹកញាប់មុនពេលពិពណ៌នាអំពីការរីកសាយនៃព័ត៌មានដែលសរសេរ ដោយក្រុមលេងប្លុកអនាមិក ដើម្បីផ្សព្វផ្សាយការកុហកអំឡុងការបោះឆ្នោតឆ្នាំ ២០១៦ ចាប់តាំងពីពេលនោះមកបានក្លាយជាការប្រមាថមើលងាយគាត់ នៅពេលសារព័ត៌មានផ្សព្វផ្សាយព័ត៌មានរិះគន់រដ្ឋបាល Trump ។
របាយការណ៍អំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោក Trump បានឱ្យដឹងថា នាយសេនាធិការចម្រុះ និងរដ្ឋមន្រ្តីក្រសួងការបរទេសលោក Rex Tillerson បានប្រឆាំងទៅលើមហិច្ឆតានុយក្លេអ៊ែរហើយថា លោក Tillerson ក្រោយមកបានហៅលោកប្រធានាធិបតីថា ជា «មនុស្សល្ងីល្ងើ» បន្ទាប់ពីកិច្ចប្រជុំ។ លោក Tillerson កាលពីសប្តាហ៍មុនបានបដិសេធក្នុងការបញ្ជាក់ថា លោកបានហៅលោកប្រធានាធិបតីបែបនោះ ហើយលោក Trump បាននិយាយថា របាយការណ៍ទាំងនោះគឺជាព័ត៌មានក្លែងក្លាយ។ ក្នុងអំឡុងពេលបទសម្ភាសន៍មួយ លោកប្រធានាធិបតីក៏បាននិយាយផងដែរថា គាត់នឹងប្រៀបធៀបពិន្ទុកម្រិតនៃការវៃឆ្លាត ​(IQ) ជាមួយលោក Tillerson បើសិនជារដ្ឋមន្រ្តីរបស់គាត់ពិតជាបានលើកឡើងបែបនោះមែន។
វាមិនច្បាស់ទេថា លោក Trump អាចនឹងដកហូតអាជ្ញាប័ណ្ណផ្សព្វផ្សាយសម្រាប់       បណ្តាញព័ត៌មានធំៗណាមួយនោះ ដោយគ្រាន់តែគាត់មិនយល់ស្របចំពោះខ្លឹមសារដែលពួកគេផ្សាយ។
ទាំង NBC ឬ ABC មិនបានចេញផ្សាយសេចក្តីថ្លែងការណ៍បន្ទាប់ពីការបង្ហោះនៅលើ Tweet ប៉ុន្តែអ្នកផ្សេងទៀតនៅក្នុងរដ្ឋាភិបាលបានចូលរួមផ្តល់យោបល់លើបញ្ហានេះ។ ព្រឹទ្ធសមាជិកមកពីបក្សប្រជាធិបតេយ្យលោក Ed Markey បានសរសេរទៅប្រធានគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) លោក Ajit Pai កាលពីថ្ងៃពុធ ដោយជំរុញឱ្យលោកជំទាស់សំណើរបស់លោកប្រធានាធិបតី ដើម្បីដកអាជ្ញាប័ណ្ណដោយសារតែការផ្សព្វផ្សាយ។
លិខិតនោះសរសេរថា «វាមិនសមរម្យសម្រាប់លោកប្រធានាធិបតី ដើម្បីស្នើឱ្យសើរើ អាជ្ញាប័ណ្ណផ្សព្វផ្សាយ ដោយសារតែគាត់មិនយល់ស្របនឹងការផ្សព្វផ្សាយរបស់ពួកគេ»។     «វិសោធនកម្មដំបូងគឺជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យរបស់យើង ហើយសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការអប់រំសាធារណជនអាមេរិក និងរៀបចំឲ្យមន្ត្រីជាប់ឆ្នោតមានការទទួលខុសត្រូវ។ រាល់ការប៉ាន់ស្មានដែលថា មន្រ្តីជាប់ឆ្នោតអាចប្រើអំណាចរដ្ឋាភិបាលដើម្បីគ្រប់គ្រង និងរឹតត្បិតសារព័ត៌មាននឹងបង្ហាញពីការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនៃសេរីភាពសារព័ត៌មាន។»
គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ដែលគ្រប់គ្រងការផ្តល់អាជ្ញាប័ណ្ណគឺជាភ្នាក់ងារឯករាជ្យមួយនៅក្នុងរដ្ឋាភិបាលសហព័ន្ធ ហើយមិនត្រូវបានតម្រូវឱ្យធ្វើតាមការបញ្ជាដោយផ្ទាល់ពីសេតវិមាន ដូចដែលស្ថាប័ននីតិប្រតិបត្តិជាច្រើន និងក្រសួងយុត្តិធម៌ជាដើម។ ខណៈដែលគណៈកម្មការ FCC ត្រូវបានតែងតាំងដោយប្រធានាធិបតី និងត្រូវបានអនុម័តដោយព្រឹទ្ធសភា ភាពឯករាជ្យគួរសមរបស់ទីភ្នាក់ងារគឺត្រូវបានរៀបចំឡើងដើម្បីប្រឆាំងនឹងស្ថានការណ៍ ដែលមាននរណាម្នាក់នៅក្នុងស្ថាប័ននីតិប្រតិបត្តិមានបំណងធ្វើឲ្យខូចខាតដល់ការការពារសេរីភាពបញ្ចេញមតិ ដែលផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយដែលមានអាជ្ញាប័ណ្ណ។
ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអ្នកយកព័ត៌មានជនជាតិអាមេរិកម្នាក់ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគារនៅតុលាការ Turkish គឺជាកន្លែងដែលលោកស្រីជាប់ពិរុទ្ធពីបទឃោសនាភេរវកម្ម។ ការជាប់ឃុំឃាំងនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការគូសបញ្ជាក់ពីការបង្កើនការវាយប្រហារទៅលើអ្នកកាសែតនៅក្នុងប្រទេសនោះ ដែលត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះការ       បង្ក្រាបរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Recep Tayyip Erdogan ទៅលើសេរីភាពសារព័ត៌មាន។
ឆ្លើយតបទៅនឹងការសញ្ជឹងគិតរបស់លោក Trump អំពីការដកហូតអាជ្ញាប័ណ្ណ សម្រាប់បណ្តាញផ្សព្វផ្សាយដែលរិះគន់គាត់ អតីតរដ្ឋអាជ្ញាសហព័ន្ធអាមេរិក និងអ្នករិះគន់ Trump ញឹកញាប់លោក Preet Bharara បានហៅប្រធានាធិបតីថា មនុស្សចរិកក្មេង៕
ប្រភព: The Independent ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧



រដ្ឋបាលគយកម្ពុជា-ថៃ បើកកិច្ចប្រជុំចរចាបញ្ចប់ សេចក្តីព្រាងអនុស្សារណៈយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា (មន្រ្តីគយ និងតំណាងក្រសួងពាណិជ្ជកម្ម) ចូលរួមកិច្ចប្រជុំជាមួយរដ្ឋបាលគយថៃ ដើម្បីចរចាបញ្ចប់សេចក្តី ព្រាង អនុស្សារណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ និងគ្រោងចុះហត្ថលេខា លើអនុស្សារណៈយោគយល់ គ្នានេះ ឱ្យបានមុនកាលបរិច្ឆេទច្បាប់គយថ្មីរបស់ប្រទេសថៃ ដែលនឹងចូលជាធរមាននាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្របតាមស្មារតីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ។

គោលបំណងនៃការរៀបចំអនុស្សារណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់នេះ គឺជាការបំពេញលក្ខខណ្ឌ ដើម្បីផ្តល់ភាពស្របច្បាប់ ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃតាមផ្លូវគោក ស្របតាមបញ្ញត្តិច្បាប់ គយថ្មីរបស់ប្រទេសថៃ។ អង្គប្រជុំបានពិភាក្សា និងសម្រេចបានលទ្ធផលសំខាន់ៗ រួមមាន៖ ១-ភាគីទាំងពីរបាន ឯកភាពលើខ្លឹមសារសេចក្តីព្រាងអនុស្សារណៈយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់ មានប្រាំពីរមាត្រា។ ខ្លឹមសារ នៃអនុស្សារណៈយោគយល់គ្នានេះ មិនត្រឹមតែបានបំពេញលក្ខខណ្ឌដើម្បីផ្តល់ភាពស្របច្បាប់ ស្តីពីការដឹក ជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃតាមផ្លូវគោក ស្របតាមបញ្ញត្តិច្បាប់គយថ្មីរបស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងផ្តល់ផលប្រយោជន៍ដល់កម្ពុជាបន្ថែមទៀត លើការពង្រឹងការគ្រប់គ្រង អនុលោមភាពលើទំនិញ នាំចូល មកកម្ពុជា ដោយឆ្លងកាត់ប្រទេសថៃ។ ២-បានឯកភាពកំណត់មាត់ច្រកចំនួន ០៦ សម្រាប់ដឹកទំនិញឆ្លងកាត់ តាមផ្លូវគោក ទៅកាន់ឬមកពីប្រទេសទីបី។ ៣-បានឯកភាពលើកាលបរិច្ឆេទ ចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់ ក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺឱ្យបានមុនច្បាប់គយថ្មីរបស់ប្រទេសថៃ ដែលនឹងចូលជាធរមាននាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ភាគីទាំងពីរ ក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ លើការផ្លាស់ប្តូរព័ត៌មាន សម្ងាត់ឱ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់និងបង្រ្កាបអំពើគេចរត់ពន្ធ និងជំរុញកិច្ចសហការលើការងារ «យន្តការលើកទឹកចិត្តពាណិជ្ជករល្អបំផុត» និង «ប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត» (Best Traders Incentives Mechanism and Authorized Economic Operators) ក្នុងការផ្ដល់ប្រព្រឹត្តកម្មពិសេស ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ៕




ខេត្តកែប​ បើកកិច្ច​ប្រជុំ​ដើម្បីបង្កើត​ និងពង្រឹង​យន្តការ​ច្រកចេញចូល​តែមួយ​

ខេត្តកែប៖ ក្នុងគោលបំណងដើម្បីបង្កើតយន្តការច្រកចេញចូលតែមួយ និងបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅរដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីការជ្រើសរើសតំណាងអង្គការសង្គមស៊ីវិល បញ្ចូលជាសមាជិកនៃគណៈកម្មាធិការបោះឆ្នោត ដោយជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត ទីប្រឹក្សាថ្នាក់ខេត្ត តំណាងសភាពាណិជ្ជកម្មខេត្តកំពត-កែប និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពក្នុងភូមិសាស្ត្រខេត្តកែប។

កិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ ១- ការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត ២- ការបង្កើតគណៈកម្មាធិការបោះឆ្នោត ៣- នីតិវិធីបោះឆ្នោតជ្រើសរើសតំណាងអង្កការសង្គមស៊ីវិលជាតិ ដើម្បីធ្វើជាសមាជិកគណៈកម្មាធិការ៕



(សូមទស្សនាវីដេអូ) ព្រះមហាក្សត្រខ្មែរ កោតសរសើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានប្រឹងប្រែងស្តារ និងអភិវឌ្ឍប្រទេសជាតិ

កុំសង្ឃឹមថា​ ចិននឹង​ផ្លាស់ប្តូរ​

សម្រាប់គេទាំងអស់គ្នាអាថ៌កំបាំងនៅជុំវិញថា តើនរណានឹងលេចមុខមាត់ឡើង និងនរណា ធ្លាក់ចុះនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំធំៗនៅសប្តាហ៍ក្រោយនៅក្នុងប្រទេសចិន មានតែសំណួរមួយប៉ុណ្ណោះដែលទាក់ទងទៅនឹងវិនិយោគិន: តើប្រធានាធិបតីលោក Xi Jinping នឹងផ្តោតទៅលើអតុល្យភាព និងហានិភ័យកើតមានឡើងនៅក្នុងសេដ្ឋកិច្ចចិនឬ?

អ្នកមានគំនិតសុទិដ្ឋិនិយមមានទឡ្ហីករថា គាត់ផ្តោតទៅលើរឿងនេះមែន។ សម្រាប់ស្ថាប័ន សេតវិទូថ្មីៗនេះបានសរសេរថា «លោក Xi នឹងស្វែងរកនូវសមត្ថភាពរបស់គាត់ ដើម្បីអនុវត្តនយោបាយដែលមានការជំរុញពីកម្លាំងភាគច្រើន។ ក្រោយសមាជបក្សយើងសង្ឃឹមថា លោក Xi នឹងមានឱកាសជាច្រើនដើម្បីអនុវត្តនូវរបៀបវារៈបែបកាត់បន្ថយបំណុល តាមរយៈលក់អចលនទ្រព្យ។ តាមរបៀបតក្កវិទ្យាដូច្នេះ លោក Xi ទទួលស្គាល់ថា ការកើនឡើងបំណុលដ៏ធ្ងន់របស់ចិន បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨ ជាការគំរាម ហើយរង់ចាំដើម្បីជម្រះនៅការតវ៉ាផ្ទៃក្នុងណាមួយ មុនពេលឈានទៅដោះស្រាយបញ្ហានេះ។ ឥឡូវនេះការប្រមូលផ្តុំអំណាចចាំបាច់ទាំងអស់ ដើម្បីធានាបានជោគជ័យប្រាកដណាស់ថា គាត់ផ្តល់អាទិភាពសម្រាប់កំណែទម្រង់ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក៏ដោយ ការពិតរបៀបនេះគឺជារឿងដែលគេចង់ដឹងណាស់។ វាបង្ហាញឱ្យឃើញថា លោក Xi ជាមេដឹកនាំដែលមានអំណាចបំផុតបន្ទាប់លោក Deng Xiaoping ហើយគាត់ក៏ជាមនុស្សម្នាក់ដែលបោសសម្អាត់អ្នកពុករលួយរាប់ពាន់នាក់ ដែលបង្កើតឱ្យមាននូវកំណែទម្រង់ដ៏ខ្លាំងសម្រាប់កងទ័ពរំដោះប្រជាជនចិន និងការគ្រប់គ្រង់យ៉ាងម៉ឺងម៉ាត់ទៅលើសារព័ត៌ទាំងអស់នៅក្នុងប្រទេសចិន ទន្ទឹមនឹងនេះផងដែរ គាត់គឺជាមនុស្សដែលគ្មានអំណាចដើម្បី ធ្វើកំណែទម្រង់សេដ្ឋកិច្ចជាមូលដ្ឋាន។ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅទីក្រុងប៉េកាំងបានលើកឡើងនូវចម្ងល់ថ្មីៗជាច្រើន នៅពេលដែលពួកគេតវ៉ាទៅលើ «ការសន្យាឱ្យមានការផ្លាស់ប្តូរ»។ វាហាក់ដូចជាមិនមានការផ្លាស់ប្តូរមួយចំនួនណាមួយនោះ នៅក្នុងការិយាល័យនយោបាយជាន់ខ្ពស់ ដែលបង្ហាញឱ្យឃើញនូវសមត្ថភាពភ្លាមៗដែលលោក Xi មិនដែលបានទទួលពីមុនមក។

ឥឡូវនេះ យើងមានទិន្នន័យ ៥ ឆ្នាំស្តីពីនយោបាយ និងនិន្នាការរបស់លោក Xi ហើយមានការលើកឡើងតិចតួចថា គាត់មានការចូលរួមយ៉ាងខ្លាំងនៅក្នុងរបៀបវារៈជាអ្នកកំណែទម្រង់ និងគាំទ្រទីផ្សារ។ ជំនួសទៅវិញនយោបាយសេដ្ឋកិច្ចរបស់គាត់បានបង្ហាញឱ្យឃើញនូវមួយរយៈខ្លីដោយផ្តោតទៅលើការធ្វើឱ្យមានកំណើន ហើយកំណែទម្រង់នោះបានបោះជំហានទៅមុខ ដោយ សារតែមានកាលានុវត្តភាព។ មានការនិយាយច្រើនអំពីថាតើរដ្ឋាភិបាលសម្រេចចិត្តយ៉ាងម៉េចដើម្បីរក្សាបានស្ថិរភាពសម្រាប់សមាជបក្សនឹងមកដល់នៅខែនេះ នៅពេលដែលចិនតែងតាំងមេដឹកនាំថ្មីរយៈពេល ៥ ឆ្នាំ។ តាមការពិត ស្ថានភាពដ៏មានសន្ទុះដូចគ្នានេះបានជំរុញឱ្យរដ្ឋាភិបាលចេញសេចក្តីសម្រេចចិត្តច្រើនជាងពេលណាទាំងអស់ ចាប់តាំងពីលោក Xi ចូលកាន់អំណាចនៅឆ្នាំ២០១២។ ឧទាហរណ៍ អ្នកបង្កើតគោលនយោបាយរបស់ចិនបានពិភាក្សាគ្នាអំពីការត្រួតពិនិត្យទៅលើការកើនឡើងបំណុល។ ប៉ុន្តែមានការលំបាកអំពីតម្រូវការសម្រាប់កាត់បន្ថយបំណុលតាមរយៈលក់អចលនទ្រព្យ ស្ថានភាពលំបាកនៃការរក្សាបានកំណើន ១០ ភាគរយ និងតម្លៃអចលនទ្រព្យបានរារាំងរដ្ឋាភិបាលពីការរឹតបន្តឹងខ្លាំងពេក។

កម្ចីសម្រាប់អចលនទ្រព្យបានកើនឡើង ៣១ ភាគរយនៅក្នុងមិថុនា កន្លងទៅនេះ ហើយកម្ចីរយៈពេលវែង និងមធ្យមសម្រាប់លំនៅដ្ឋានបន្តឡើង ២ ភាគរយក្នុងមួយខែ។ ឥណទាននៅតែមានការរីកចម្រើនយ៉ាងលឿន នៅបំណាច់ឆ្នាំនេះអត្រាភាគរយនៃហិរញ្ញប្បទានសង្គមសរុប បើប្រៀបធៀបទៅនឹងផលិតផលសរុបក្នុងស្រុក ត្រូវបានគេរំពឹងទុកថា កើនឡើងពី ១៦៩ ភាគរយនៅឆ្នាំ២០១២ ដល់ ២០៤ ភាគរយ។

មន្ត្រីជាច្រើនបានទាមទារឱ្យក្រុមហ៊ុនចិន វិនិយោគក្រៅប្រទេសក្នុងគោលបំណងដើម្បីទទួលបានជំនាញ និងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព ប៉ុន្តែពួកគេបានឃើញនូវផលប៉ះពាល់ដែលកើតចេញពីការវិនិយោគទៅលើប្រាក់យ័ន។ ជាងមួយឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលបានចាប់ផ្តើមរឹងបន្តឹងទៅលើការដកលុយទៅវិនិយោគក្រៅប្រទេស ដែលជាការសម្លាប់ទៅលើក្តីសង្ឃឹមថា ប្រាក់យ័នប្រហែលជាត្រូវបានគេធ្វើសេរីភាវូបនីយកម្ម។ សេចក្តីសម្រេចចិត្តមើលឃើញខ្លីនេះ ប្រហែលជាជួយជំរុញប្រាក់យ័ន ហើយបានកាត់បន្ថយទៅលើអត្រាប្តូរប្រាក់បរទេសរបស់ចិន។ ក៏ប៉ុន្តែស្ថានភាពនេះ វាបានធ្វើឱ្យប៉ះពាល់គោលដៅវែងឆ្ងាយទៅលើការជួយជំរុញប្រាក់យ័នជា រូបិយវត្ថុអន្តរជាតិ។

ផែនការដើម្បីអនុវត្តចំពោះកំណែទម្រង់ទៅលើផ្នែកផ្គត់ផ្គង់វិញ ខណៈដែលស្តាប់ទៅដូចជា ទ្រឹស្តីល្អ ប៉ុន្តែបានធ្វើឱ្យមានផងប៉ះពាល់កើតចេញពីភាពបរាជ័យក្នុងការអនុវត្ត។ កម្រិតប្រតិបត្តិការនៃរោងចក្រដែកនៅក្នុងខែកញ្ញា ឆ្នាំនេះ មានសន្ទុះជាមធ្យម ៥ ភាគរយ តិចជាងកាលពីខែកញ្ញា ឆ្នាំ២០១៥។ កម្រិតការវិនិយោគរយៈពេលវែងនៅក្នុងឧស្សាហកម្មផលិតដែកនៅតែមានកម្រិតខ្ពស់ បើទោះបីជាធ្លាក់ពីកម្រិតកំពូលបន្តិចក៏ដោយ មានន័យថា សមត្ថភាពនៃការផលិតកាន់តែច្រើន។

លោក Xi ហាក់ដូចជាមិនមើលឃើញបញ្ហាសេដ្ឋកិច្ចរបស់ចិនថា មានកម្រិតទន់ខ្សោយដែលត្រូវការជំរុញឱ្យមានកំណើននោះទេ។ នយោបាយសេដ្ឋកិច្ចចិនហាក់ដូចជាបន្តផ្តោតទៅលើការគ្រប់គ្រងទៅលើការរីកចម្រើនអចលនទ្រព្យបែបមិនឋិតថេរ ដែលជាការគំរាមដល់ការរីកលូតលាស់បញ្ហារូបិយវត្ថុ ខណៈដែលជៀសវាងដោះស្រាយបញ្ហាផ្សេងៗជាប្រពន្ធ។

ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រដែលដើរទៅយឺតៗនេះ មិនអាចទប់តល់បានទៅនឹងហានិភ័យដែលមានសន្ទុះខ្លាំងនោះទេ។ ស្ថានភាពហិរញ្ញវត្ថុសង្គមសរុបថ្មីមួយនៅក្នុងខែសីហា កន្លងមកនេះបានកើនឡើងជិតពីរដង បើប្រៀបធៀបទៅនឹងអត្រានៅឆ្នាំ២០១៦ ហើយបំណុលសរុបទាំងអស់មានការកើនឡើងយ៉ាងលឿនផងដែរ។ ទំហំនៃការផលិតនៅក្នុងឧស្សាហកម្មធុនធ្ងន់បន្តកាត់បន្ថយដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់។ ប្រាក់កម្ចីការអភិវឌ្ឍ និងអចលនទ្រព្យឡើងដល់កម្រិតខ្ពស់រហូតដល់ ២៤ ភាគរយ សម្រាប់អចលនទ្រព្យ និង ១៨ ភាគរយ សម្រាប់កម្ចីអភិវឌ្ឍ៕

ប្រភព : Bloomberg ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧


វេទិការពន្ធដារ​លើកទី២​ ធ្វើឡើង​ដើម្បីផ្សព្វផ្សាយ​អប់រំ​ និងលើកកម្ពស់​វប្បធម៌​នៃការបង់ពន្ធ​ដល់ពលរដ្ឋ​

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមវេទិការពន្ធដារលើកទី២ នៅសណ្ឋាគារ អ៊ីនធើកង់ទីណង់តាល់ ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

គោលបំណងនៃវេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអប់រំ និងលើកកម្ពស់វប្បធម៌នៃការបង់ពន្ធដល់ពលរដ្ឋ ជាពិសេសក្នុងចំណោមធុរៈជន ដែលកំពុងមានមុខរបររកទទួលទាននៅកម្ពុជាទាំងអស់ ឲ្យបានយល់ដឹងអំពីផលប្រយោជន៍នៃការបង់ពន្ធ និងកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗ ដើម្បីបង្កើននូវចំណូលថវិការជាតិ និងដើម្បីជាឧត្តមប្រយោជន៍ដល់រាជរដ្ឋាភិបាលមានលទ្ធភាពចាត់ចែង ការវិនិយោគទៅលើវិស័យសាធារណៈដែលរំពឹងថា នឹងបានជាផលប្រយោជន៍ត្រឡប់មកវិញចំពោះជាតិ និងប្រជាជន។

វេទិការខាងលើនេះ នឹងប្រព្រឹត្តិទៅរយៈពេលពេញមួយថ្ងៃ ហើយគ្រោងនឹងបិទបញ្ចប់នៅវេលាម៉ោង៥៖០០នាទីល្ងាច នាថ្ងៃ ខែ និងឆ្នាំដដែល៕




វេទិកាជាតិទេសចរណ៍លើកទី១ ក្រោមប្រធានបទ “យុវជន និងទេសចរណ៍” អមជាមួយពិព័រណ៍ការងារទេសចរណ៍បានប្រព្រឹត្តទៅដោយជោគជ័យ

វេទិកាជាតិទេសចរណ៍ក្រោមប្រធានបទ “យុវជន និងទេសចរណ៍” លើកទី១ អមជាមួយពិព័រណ៍ការងារទេសចរណ៍ ក្រោមប្រធានបទ “កម្ពុជាមាតុភូមិខ្ញុំ៖ទាំងអស់គ្នាអាចធ្វើដំណើរកម្សាន្តបាន Everyone Can Go”

ថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) បានប្រព្រឹត្តិទៅ ដោយជោគជ័យ។ វេទិការនេះមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ វិស័យឯកជន គ្រឹះស្ថានសិក្សាឯកជន និងវិស័យទេសចរណ៍ គ្រឹះស្ថានសិក្សា ស្ថាប័នពាក់ព័ន្ធនានាយុវជនប្រមាណ ៥០០ នាក់ ហើយបានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមដោយបានឯកភាពដាក់ចេញនូវ ០៤ ចំនុច ៕




រដ្ឋលេខាធិការក្រសួងរ៉ែ ជម្រុញអោយម្ចាស់ស្ថានីយប្រេងឥន្ទនៈ និងឧស្ម័នបង្កើនការប្រុងប្រយ័ត្នខ្ពស់ អំពីគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពប្រេងឥន្ទនៈ

កំពង់ឆ្នាំង៖ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានជម្រុញអោយម្ចាស់ស្ថានីយ ប្រេងឥន្ទនៈនិងឧស្ម័នបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពអោយបានល្អ។

លោក ឌិត ទីណា បានជំរុញបែបនេះក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ សារាចរណ៍ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយ ប្រេងឥន្ទនៈ ស្ថានីយឧស្ម័ន នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក សៀត គឹមលៀង អភិបាលរងខេត្តថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីររ៉ែ និងថាមពលអង្គភាពពាក់ព័ន្ធអាជ្ញាធរក្រុងស្រុកនិងម្ចាស់ស្ថានីយនិងដេប៉ូប្រេងនិហ្គាស់ទាំង១០១ក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ទៀតថា បច្ចុប្បន្នដោយសារកំណើនមធ្យោបាយយានយន្តមានការកើនឡើនជាបន្តបន្ទាប់នេះ ការផ្គត់ផ្គង់ប្រេងឥន្ទនៈ គឺកាន់តែពង្រីកវិសាលភាពកាន់តែច្រើនទៅៗទាំងនៅទីក្រុងនិងនៅជនបទដោយសារកំណើននៃការផ្គត់ផ្គង់ប្រេងឥន្ទនៈ ការបង្កើតទីតាំងជាទីតាំង ស្ថានីយ ដេប៉ូ និង កន្លែងលក់សាំងរាយ គឺលក់សាំងដបតាមសារធារណៈមានច្រើនកន្លែង ដែលស្ថានីយឥន្ទនៈមួយចំនួនមិនបានគិតអំពីសុវត្ថិភាព សម្រាប់ការ រៀបចំ ស្ថានីយប្រេងឥន្ទនៈ និង នីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពប្រេងឥន្ទនៈនោះឡើយ ។ ដែលករណីនេះបានធ្វើអោយមានហានីភ័យធ្ងន់ធ្ងរយ៉ាងខ្លាំង ដល់ម្ចាស់ស្ថានីយ និង អ្នកដែលនៅជុំវិញ ស្ថានីយនេះ ។

លោកបានបញ្ជាក់ទៀតថា សិក្ខាសាលាផ្សព្វផ្សាយសារាចរណ៍ស្តីពី សុវត្ថិភាពសម្រាប់ការរៀបចំ ស្ថានីយឧស្ម័ន ឥន្ទនៈ និង ស្ថានីយរួមប្រេងនិងឧស្ម័នឥន្ទនៈ នេះឡើង មានគោលដៅ កំណត់បទដ្ឋាន បច្ចេកទេសសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយ នៅផ្ទាល់ដី ដូចជាការ ការកំណត់ស្ថានីយឧស្ម័នឥន្ទនៈ ការរៀបចំស្ថានីយពោងឧស្ម័នឥន្ទនៈ ជាដើម និងដើម្បីរួមចំណែកថែរក្សាសុវត្ថិភាពជូនអាជីវករនិងសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផង បើយើងគ្រប់គ្នាខ្វះការគ្រប់គ្រងល្អតាមបទដ្ឋានបច្ចេកទេស នោះមហន្តរាយនិងកើតឡើង និង មានភាពធំធេងបំផុត ។ ប្រសិនបើម្ចាស់ស្ថានីយអនុវត្តទៅតាមការ ណែនាំរបស់ក្រសួង នោះហានិយភ័យដែលកើតឡើងមានកម្រិតទាបបំផុត ។

ដូចនេះដើម្បីអោយម្ចាស់ស្ថានីយ៍ឧស្ម័ន និង ប្រេង ឥន្ទនៈ អនុវត្តទៅតាមការកំណត់របស់ក្រសួង ស្របតាមច្បាប់ ម្ចាស់ស្ថានីយត្រូវដាក់ស្នើសុំ ពិនិត្យអំពីការងាបច្ចេកទេសមកមន្រ្តីជំនាញ និង សុំលិខិតបញ្ជាក់ស្របច្បាប់ពីក្រសួង ។ លោកបានសំណូមពរដល់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ទ និងអាជ្ញាធរ រាល់ការចេញលិខិត អនុញ្ញាតក្នុងការសាងសង់ស្ថានីយត្រូវ តែពិនិត្យអោយបានគ្រប់ ជ្រុងជ្រោយ ដើម្បីយើងបញ្ចៀសហានីភ័យដែលកើតឡើង ព្រោះបើកើត ឡើងបង្កនូវផលប៉ះពាល់ ធំណាស់ទាំង ម្ចាស់ស្ថានីយ និងប្រជាពលរដ្ឋនៅជិតនោះ។

តាមការបញ្ជាក់របស់លោក សៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំង មានស្ថានីយឧស្ម័ន និង ប្រេងឥន្ទនៈ មានចំនួន១០១ស្ថានីយ ៕









ព្រះមហាក្សត្រខ្មែរ កោតសរសើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានប្រឹងប្រែងស្តារ និងអភិវឌ្ឍប្រទេសជាតិ

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ នៅក្នុងព្រះរាជសារព្រះមហាក្សត្រសម្រាប់ពិធីបើក សម័យប្រជុំរដ្ឋសភាពេញអង្គលើកទី៩ នីតិកាលទី៥ ព្រះមហាក្សត្របានព្រះសម្តែងការកោតសរសើរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំរាជរដ្ឋាភិបាលក្នុងដំណើរការដោយជោគជ័យ ក្នុងការស្តារ និងអភិវឌ្ឍប្រទេសឡើងវិញ។

ទន្ទឹមនឹងគ្នានេះ ព្រះករុណា ក៏បានព្រះសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់សមាជិកសភាទាំងអស់ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងទទួលយកបញ្ហារបស់ប្រជាពលរដ្ឋ មកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទាំងនោះ។

តាមរយៈព្រះរាជសារនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ក៏បានមានព្រះបន្ទូលថា ការរួមគ្នារវាងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បានធានាបានស្ថិរភាពនយោបាយ និងសង្គម ហើយនាំឲ្យកម្ពុជា សម្រេចបាននូវអត្រាខ្ពស់នៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។
ព្រះអង្គសង្ឃឹមថា រដ្ឋសភានឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាចំពោះមុខបន្តទៀត ដើម្បីសម្រេចដល់ដំណោះស្រាយភាពសុខដុមរមនា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្តុងឧត្តម ញ៉ាំងឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដែលជាតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា៕


សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទាំងបួន ពាក់ព័ន្ធនឹងការប្តឹងរំលាយគណបក្ស ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបញ្ជូនទៅគណៈកម្មាធិការជំនាញ ក្រោយប្រជុំចប់

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ដើម្បីពិភាក្សាអំពីវិសោធនកម្ម ច្បាប់បោះឆ្នោតចំនួន៤ ដែលស្នើឲ្យគណបក្សកាន់អំណាចត្រូវបានបញ្ចប់ ហើយត្រូវបានដាក់បញ្ជូនទៅគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ របស់រដ្ឋសភា ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ ។
សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទាំងបួននេះ មិនទាន់ដាក់ចូលទៅសភាពេញអង្គនាព្រឹកថ្ងៃនេះទេ ពោលគឺបញ្ជូនទៅកាន់ គណៈកម្មាធិការជំនាញសិន (គណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ របស់រដ្ឋសភា) ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ។
តាមការប្រកាសរបស់រដ្ឋសភាបានឱ្យដឹងថា សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទាំងបួន ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្យនៅថ្ងៃនេះ រួមមាន៖
១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕




តើអ្នកណាជាអ្នករំលោភឆន្ទៈរាស្ត្រ?

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ បានលើកឡើងថា ក្នុងពេលដែលគណបក្សសាង្គ្រោះជាតិ ត្រូវប្រឈមមុខនឹងការរំលាយ ស្របតាមទង្វើល្មើសរបស់ខ្លួន ចំពោះច្បាប់ស្តីពីគណបក្សនយោបាយ  ហើយអសនៈរបស់ខ្លួន នឹងត្រូវបែងចែកឲ្យគណបក្សនានា ដែលប្រកួតប្រជែងក្នុងការបោះឆ្នោត ។
លោក សុខ ឥសាន បន្តថា ក្នុងករណីនេះ ក្រុមអ្នកវិភាគ និងមជ្ឈដ្ឋានប្រឆាំង បាននិយាយថា ជាការរំលោភរដ្ឋធម្មនុញ្ញ និងរំលោភឆន្ទៈរបស់ប្រជារាស្ត្រ។

ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនបានចោទជាសំនួរថា៖

– តើគណបក្សប្រឆាំង ដែលមិនចូលប្រជុំសភាដំបូង តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ក្រោយការបោះឆ្នោត គោរពឆន្ទៈរាស្ត្រ ប្ញរំលោភឆន្ទៈរាស្ត្រ ?

– តើគណបក្សប្រឆាំង មិនចូលប្រជុំរដ្ឋសភារាប់ខែ ជាការគោរពឆន្ទៈរាស្ត្រ ប្ញរំលោភឆន្ទៈរាស្ត្រ ?

– តើគណបក្សប្រឆាំង មិនបានបំពេញតួនាទីរបស់ខ្លួនជាតំណាងរាស្ត្រ ហើយបើកប្រាក់បំណាច់ រាល់ខែ ជាថវិការដ្ឋនោះ ជាការគោរពឆន្ទៈរាស្ត្រ ប្ញរំលោភឆន្ទៈរាស្ត្រ ?

– តើមេដឹកនាំបក្សប្រឆាំង និងបក្សប្រឆាំងដែលទទួលអនុវត្តផែនការរបស់បរទេស យុទ្ធសាស្ត្រ យុទ្ធវិធី ឧបាយកលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាការគោរពឆន្ទៈរាស្ត្រ ប្ញជាការរំលោភឆន្ទៈរាស្ត្រ ?

– តើការដែលគណបក្សប្រឆាំងចង់នាំមកនូវគ្រោះមហន្តរាយពីអតីតកាល បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ ការរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជន ជាការគោរពឆន្ទៈរាស្ត្រ ប្ញ រំលោភឆន្ទៈរាស្ត្រ ?

-តើប្រជារាស្ត្របោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមកហើយ ដើម្បីឲ្យមកធ្វើការបម្រើរាស្ត្រ ប្ញ ដើម្បីមកបង្កើតអំពើអនាធិបតេយ្យក្នុងសង្គមមិនចេះចប់ ដើរបោកប្រាស់ប្រជារាស្ត្រ ជាបន្តបន្ទាប់ បង្កចលាចលក្នុងសង្គមប្ញ ?

សូមបញ្ជាក់ថា មេបក្សប្រឆាំងត្រូវចាប់ខ្លួន និងបក្សប្រឆាំងអាចត្រូវរំលាយ អាស្រ័យដោយទង្វើ បំពានច្បាប់ធ្ងន់ធ្ងររបស់ខ្លួនតែប៉ុណ្ណោះ គ្មានការធ្វើទុក្ខបុកម្នេញពីខាងក្រៅណាឡើយ។  តើបញ្ហាដែលកើតឡើង ដោយសារអ្នកណា ? ហើយអ្នកណាគោរពឆន្ទៈរាស្ត្រ ប្ញអ្នកណារំលោភឆន្ទៈរាស្ត្រ?


នៅព្រឹកនេះ រដ្ឋសភាជាតិបានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥


នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋសភាជាតិបានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ ដែលមានរបៀបវារៈចំនួន៦ នឹងត្រូវលើកយកមកជជែកពិភាក្សា និងអនុម័តនៅក្នុងកិច្ចប្រជុំនេះ។ របៀបវារៈទាំង៦ដែលរដ្ឋសភាកំពុងធ្វើការប្រជុំមានដូចខាងក្រោម៖


(សូមទស្សនាវីដេអូ)៖ តើអ្នកណាជាអ្នករំលោភឆន្ទៈរាស្ត្រ?

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី១២ ខែតុលានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


(សូមទស្សនាវីដេអូ) ការអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺដើម្បីធានារបៀបរៀបរយសង្គម