នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦
នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា
បានអញ្ជើញចូលរួមជាអធិបតីក្នុងការបើកកម្មវិធីប្រឡងជ្រើសរើសមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០នាក់
ក្នុងចំណោម៣៦នាក់ ដើម្បីទទួលការបណ្តុះបណ្តាលស្តីពី
ការគ្រប់គ្រងនិងបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក រយៈពេល៩ថ្ងៃ នៅទីក្រុងម៉ាកាវសាធារណរដ្ឋប្រជាមានិតចិន
ដែលនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។
ទាក់ទងនឹងការប្រឡងជ្រើសរើសនៅថ្ងៃនេះដែរ
ក៏មានសមាសភាពគណៈកម្មការចូលរួមមកពីអាជ្ញាធរជាតិអប្សរា
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍
ហើយបេក្ខជនទាំងអស់ត្រូវប្រឡងសំណេរនិងសំណួរផ្ទាល់មាត់រយៈពេលមួយថ្ងៃពេញ។
ចំពោះបេក្ខជនទាំង២០រូបដែលនឹងប្រឡងជាប់
នឹងមានឱកាសចុះកម្មសិក្សារយៈពេល៩ថ្ងៃនៅម៉ាកាវ
ដោយមិនបាច់បង់ថ្លៃសំបុត្រយន្តហោះ ការហូបចុក និងការស្នាក់នៅ
ដើម្បីសិក្សាអំពីវប្បធម៌គ្នាទៅវិញទៅមក
និងចែករំលែកបទពិសោធន៍មគ្គុទ្ទេសក៍ទេសចរណ៍នៅម៉ាកាវនិងនៅកម្ពុជា។
លើសពីនោះក៏មានការរៀបចំដំណើរទស្សនកិច្ចសិក្សាផ្ទាល់នៅតំបន់ទេសចរណ៍ពិភពលោកមួយចំនួននៅម៉ាកាវ
ដើម្បីឱ្យបេក្ខជនទាំងអស់បានរៀនសូត្របន្ថែមពីបច្ចេកទេសពាក់ព័ន្ធនឹងសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍។
ថ្លែងក្នុងឱកាសបើកកម្មវិធី ឯកឧត្តម សុខ សង្វារ ក៏បានប្រាប់ដែរថា
វគ្គបណ្តុះបណ្តាលនេះកើតឡើងដោយយោងទៅលើ MOU រវាងអាជ្ញាធរជាតិអប្សរានិងអង្គការទេសចរណ៍ពិភពលោក
ដែលមានដៃគូច្រើននៅលើឆាកអន្តរជាតិ ហើយអង្គការនេះក៏បានចាប់ដៃគូជាមួយប្រទេសចិន
ដើម្បីបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ជូនអាជ្ញាធរជាតិអប្សរាផងដែរ។
ថ្វីត្បិតតែរយៈពេលទៅសិក្សានេះខ្លី តែវាជាឱកាសមួយសម្រាប់បេក្ខជនទាំងអស់ក្រេបយកចំណេះដឹងពីប្រទេសគេ
ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមលើអ្វីដែលខ្លួនមានសព្វថ្ងៃ
ហើយវាក៏ជាចំណែកមួយក្នុងការជួយផ្សព្វផ្សាយពីបទពិសោធន៍របស់ខ្លួនក្នុង
ប្រទេសទៅកាន់បរទេសវិញផងដែរ។
ឯកឧត្តមក៏បញ្ជាក់បន្ថែមដែរថា តំបន់អង្គរ
ជាតំបន់ទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ដែលភ្ញៀវទេសចរណ៍ចង់ទៅមកលេងសប្បាយ
ដូច្នេះហើយដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ទទួលបានព័ត៌មានជាក់លាក់ពីតំបន់ទេសចរណ៍
យើងត្រូវមានមគ្គុទ្ទេសក៍ដែលមានបទពិសោធន៍ល្អ មានចំណេះដឹងល្អ
និងមានជំនាញក្នុងផ្តលព័ត៌មានជួនភ្ញៀវ។ ក្នុងនាមអាជ្ញាធរជាតិអប្សរាដែលគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ
យើងនឹងធានាសេវាទេសចរណ៍ឱ្យប្រសើរ
តាមរយៈការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យមានសមត្ថភាព បទពិសោធន៍
ចំណេះដឹងដើម្បីផ្តល់ព័ត៌មានល្អជូនភ្ញៀវ ធ្វើឱ្យភ្ញៀវសប្បាយចិត្តចង់មកទស្សនាទៀត
ដែលបានទាញផលចំណេញសម្រាប់អាជ្ញាធរជាតិអប្សរាផងនិងប្រទេសកម្ពុជាផង។
ជាចុងក្រោយឯកឧត្តមក៏សូមជូនពរឱ្យបេក្ខជនទាំងអស់បានជោគជ័យក្នុងការប្រឡង
ឯអ្នកមិនបានជោគជ័យក៏កុំអស់សង្ឃឹម សូមបន្តការខិតខំដុះខាត់សមត្ថភាពបន្តទៀត។
ម្យ៉ាងវិញទៀត ចំពោះបេក្ខជនដែលមានសំណាងបានទៅសិក្សា
សូមឱ្យមានវត្តមានគ្រប់គ្នានៅលើទឹកដីម៉ាកាវ ដែលនេះនឹងបង្ហាញពីការទទួលខុសត្រូវនិងឱកាសក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនផង
ហើយពេលត្រឡប់មកវិញសូមជួយចែករំលែកចំណេះដឹងទាំងនោះដល់អ្នកក្នុងស្រុក
រួមទាំងធ្វើជាមគ្គុទ្ទេសក៍គំរូដល់អ្នកជំនាន់ក្រោយផងដែរ៕