Thursday, September 05, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»



ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីកសាង និងការពារប្រទេសជាតិយើង ជាជាងប្រព្រឹត្តសកម្មភាពជ្រុលនិយមបំផ្លាញដល់ប្រទេសជាតិ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រហូតដល់ពេលនេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកើនឡើងជាបន្តបន្ទាប់ ហើយមូលនិធិនេះ មិនទាន់ត្រូវបានបិទនោះទេ ហើយសម្តេចក៏បានប្រកាសថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដែលបានចូលរួមនៅក្នុងមូលនិធិនេះផងដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការចូលរួមនេះ បានបង្ហាញពីសមានចិត្តចំពោះប្រទេសជាតិ បើទោះបីជាថវិកានោះតិចក្តីច្រើនក្តី៕





សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកម្ចាត់ចោលក្រុមមានផែនការបំផ្លាញជាតិ គឺដើម្បីការពារជាតិ និងធានាសុខដុមនីយកម្មរបស់ប្រជាជនទូទាំងប្រទេស



សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា ក្នុងនាមរាជរដ្ឋាភិបាល ជាមន្ត្រីអាជ្ញាធរ ដែលត្រូវការពារស្ថិរភាព ការពារជីវភាពរបស់ប្រជាជន តើយើងត្រូវមានកាតព្វកិច្ចអ្វីខ្លះ? គឺយើងគ្មានជម្រើសអ្វីក្រៅពីការពារមិនឱ្យផែនការបំផ្លាញជាតិ របស់ក្រុមជ្រុលនិយមបានជោគជ័យនោះទេ។


សម្តេចធិបតី បានថ្លែងអំណរគុណដល់មន្ត្រីមានសមត្ថកិច្ច មន្ត្រីគ្រប់លំដាប់ថ្នាក់នៅក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត កងកម្លាំងប្រដាប់អាវុធ និងជាពិសេសប្រជាពលរដ្ឋរបស់យើងមិនបានចូលរួមក្នុងចលនាផែនការបំផ្លាញជាតិ ដែលរៀបចំឡើងដោយក្រុមជ្រុលនិយមនោះទេ។ 


នាឱកាសនោះផងដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋដែលគាំទ្រគម្រោង CLV-TDA  មានចំនួនច្រើនណាស់ ដែលពួកគាត់មិនគាំទ្រការដុតបំផ្លាញប្រទេសខ្លួនឯង ដើម្បីសម្រេចគោលបំណងតែមួយភ្លែតនោះទេ ពីព្រោះវានឹងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលត្រូវការរស់នៅ ត្រូវការសេចក្តីសុខ និងមុខរបរប្រចាំថ្ងៃ ទោះបីសេដ្ឋកិច្ចមិនស្រួល តែគេមិនចង់ឱ្យសេដ្ឋកិច្ចដាំក្បាលចុះនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រគណៈមេធាវី ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំណត់យកចំណុចរួមរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺការពារអធិបតេយ្យ និងអភិវឌ្ឍខេត្តទាំង៤ ឱ្យកាន់តែរីកចម្រើន

 


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍រួមដោយយកចំណុចដែលប្រជាជនចង់បានទូទាំងប្រទេស ពោលគឺទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រគម្រោងកិច្ចសហប្រតិ្តបត្តិការតំបន់ត្រីកោណ តែងបង្ហាញក្ដីកង្វល់អំពីបញ្ហាអធិបតេយ្យភាព និងការអភិវឌ្ឍខេត្តទាំង៤។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ឆ្លើយតបទៅនឹងកង្វល់រួមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួនដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋពិតប្រាកដ ពោលគឺការពារទឹកដី ការពារអធិបតេយ្យភាព និងអភិវឌ្ឍខេត្តទាំង៤ នេះដើម្បីឱ្យបានកាន់តែល្អប្រសើរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅពួកអង្គការសិទ្ធិមនុស្សមួយចំនួនថា ប្រទេសណាក៏គេអនុវត្តច្បាប់ចំពោះក្រុមជ្រុលនិយមល្មើសច្បាប់ដែរ



ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលរាជរដ្ឋាភិបាលអនុវត្តច្បាប់ ដើម្បីការពារសិទ្ធិសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពសុវត្ថិភាពជូនសង្គមជាតិ បែរជាអង្គការសិទ្ធិមនុស្សមួយចំនួនចោទថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សទៅវិញ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យអង្គការសិទ្ធិមនុស្សពិនិត្យមើលឱ្យច្បាស់ពីអង្គហេតុអង្គច្បាប់ នៃព្រឹត្តិការណ៍ថ្ងៃ១៨សីហា ដែលក្រុមជ្រុលនិយមមកធ្វើបាតុកម្ម មានទាំងដបសាំង ចំពាមកៅស៊ូគ្រាប់ដែក និងមានជជែកគ្នាដោយប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរទៀតផង។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅប្រទេសអង់គ្លេស ក៏គេអនុវត្តច្បាប់ ចំពោះអ្នកធ្វើបាតុកម្មខុសច្បាប់នោះដែរ រហូតមកដល់ពេលនេះ មានការចាប់មនុស្សជាង១០០០ នាក់ ដែលធ្វើសកម្មភាពញុះញង់ផ្សេងៗ ខុសច្បាប់ នៅក្នុងប្រទេសរបស់គេ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលមិនបានចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨ សីហា ២០២៤



ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនបានចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨ សីហា ២០២៤ តាមការញុះញង់របស់បុគ្គលជ្រុលនិយមមួយចំនួននៅក្រៅប្រទេស។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ ជាពិសេសគឺមិនអនុញ្ញាតឱ្យផែនការផ្តួលរំលំរាជរដ្ឋាភិបាលរបស់ក្រុមជ្រុលនិយមបានសម្រេចនោះឡើយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏មានកាតព្វកិច្ចក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការបែកបាក់សាមគ្គីភាពជាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍទៅមុខជាបន្តទៀត៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ គឺជាអាទិភាពមួយ ក្នុងចំណោមវិធានការគន្លឹះទាំង៥




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះជាអាទិភាពចំនួន៥ ដែលរួមមាន៖ 

១. ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ

២. ការលើកកម្ពស់គុណភាពអប់រំ

៣. ការលើកកម្ពស់សុខភាពសេវាសុខាភិបាល

៤. ការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន

៥. ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា  ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែប្រសើរ គឺជារឿងមួយដ៏សំខាន់។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រគណៈមេធាវី ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ៕