(វ៉ាស៊ីនតោន)៖ ស្ទើរតែពេញមួយប្រវត្តិសាស្ត្ររបស់ខ្លួន, កូរ៉េខាងត្បូង គឺជាប្រទេសមួយដែលរក្សាទំនាក់ទំនងការទូតដោយផ្ដោតសំខាន់តែទៅលើពួកមហាអំណាចនៅជុំវិញ តំបន់ ឧបទ្វីបកូរ៉េ តែប៉ុណ្ណោះ។ ចិន, ជប៉ុន, រុស្ស៊ី និងសហរដ្ឋអាមេរិកមានឥទ្ធិពលលើសលប់លើកូរ៉េខាងត្បូង ទាំងនយោបាយការបរទេស, យុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសនិ្តសុខ តួយ៉ាងដូចជាការស្វែងរកសន្តិភាពជាមួយកូរ៉េខាងជើងជាដើម។
តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំងឡើង កូរ៉េខាងត្បូងក៏កាន់តែមានការព្រួយបារម្ភខ្លាំងដូចគ្នា ដែរ ដ្បិតបារម្ភខ្លាចផុងខ្លួនគាបនៅចំកណ្ដាលនៃការប្រកួតប្រជែងរវាងមហាអំណាចទាំង២។ ការបារម្ភបែបនេះបានក្លាយជាការពិត ដោយកាលពី២០១៧កន្លងទៅ ចិន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាការសងសឹកទៅនឹងកូរ៉េខាងត្បូង ដែលសម្រេចចិត្តអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD នៅលើទឹកដីរបស់ខ្លួន។
ទណ្ឌកម្មនេះឯងបានធ្វើឱ្យកូរ៉េខាងត្បូងភ្ញាក់ដឹងខ្លួនថាទីក្រុងប៉េកាំងចង់ប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ ដើម្បីមានឥទ្ធិពលកែប្រែយុទ្ធសាស្ត្រ ឬការសម្រេចចិត្តរបស់ខ្លួន ហើយបាន ចាប់ផ្ដើមសម្លឹងមើលការធ្វើពិពិធកម្មសេដ្ឋកិច្ច និងភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងតំបន់ តាមរយៈការងាកទៅពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា និងបណ្ដាប្រទេសជាសមាជិក អាស៊ាន នៅក្រោមយុទ្ធសាស្ត្រថ្មីមួយដែលគេស្គាល់ថា «New Southern Policy» (NSP)។ NSP មានគោលដៅលើកកម្ពស់ទំនាក់ទំនងរវាងកូរ៉េខាងត្បូងជាមួយឥណ្ឌា និងអាស៊ាន ឱ្យដល់កម្រិតនៃទំនាក់ទំនងរវាងទីក្រុងសេអ៊ូលជាមួយចិន, ជប៉ុន, រុស្ស៊ី និងសហរដ្ឋអាមេរិកដូច្នោះដែរ។ ដើម្បីអាចធ្វើបែបនេះទៅកើត NSP បានផ្ដោតសំខាន់ទៅ លើកិច្ចសហប្រតិបត្តិការស៊ីជម្រៅរបស់កូរ៉េខាងត្បូងទាំងខាងសេដ្ឋកិច្ច, នយោបាយ, យុទ្ធសាស្ត្រ និងសង្គមវប្បធម៌ជាមួយឥណ្ឌា និងអាស៊ាន។
*អ្វីទៅជាយុទ្ធសាស្ត្រ «New Southern Policy» (NSP)?
«New Southern Policy» ឬ NSP គឺជានយោបាយការបទេសដ៏ធំបំផុតជាលើកដំបូងរបស់កូរ៉េខាងត្បូងដែលមានគោលដៅពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា និងអាស៊ាន។ NSP មានគោលការណ៍គ្រឹះចំនួន៣ ក្នុងនោះរួមមាន៖ សន្តិភាព (មានន័យថាកិច្ចសហប្រតិបត្តិការនយោបាយ និងយុទ្ធសាស្ត្រ), វិបុលភាព (មានន័យថាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ហើយប្រជាជន (មានន័យថាកិច្ចសហប្រតិបត្តិការសង្គមវប្បធម៌)។ គម្រោងធំៗចំនួន ៩៤ បានដំណើរការនៅក្រោម NSP ចាប់តាំងពីយុទ្ធសាស្ត្រថ្មីនេះត្រូវបានដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០១៧ មក។
នៅឆ្នាំ២០២០, NSP ត្រូវបានប្ដូរឈ្មោះទៅជា «New Southern Policy Plus» ដែលបានដាក់បញ្ចូលគោលនយោបាយ និងតំបន់យុទ្ធសាស្ត្រថ្មីៗបន្ថែមឆ្លើយតបទៅនឹងការឆ្លង រាតត្បាត COVID-19។ តាមរយៈគោលនយោបាយយុទ្ធសាស្ត្រថ្មីនេះ, វាបានចូលរួមចំណែកក្នុងការចែករំលែកការអភិវឌ្ឍមួយចំនួនគួរឱ្យកត់សម្គាល់នៅក្រោមវិធីសាស្ត្ររបស់ កូរ៉េខាងត្បូងចំពោះតំបន់អាស៊ី។ ជាឧទាហរណ៍, ក្រសួងការបរទេសកូរ៉េខាងត្បូងបានបង្កើត «ការិយាល័យមួយទទួលបន្ទុកកិច្ចការអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍» ហើយបាន លើកឋានៈការិយាល័យនេះស្មើនឹងការិយាល័យទទួលបន្ទុកកិច្ចការចិន និងជប៉ុន។ មិនតែប៉ុណ្ណោះ កូរ៉េខាងត្បូងក៏បានពង្រីកការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។ ជាក់សែ្ដង រដ្ឋាភិបាល កូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌូណេស៊ី ហើយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗជាមួយកម្ពុជា, ម៉ាឡេស៊ី និងហ្វីលីពីន ព្រមទាំងបាន ផ្ដួចផ្ដើមកិច្ចពិភាក្សាស្ដីពីការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងពាណិជកម្មជាមួយអាស៊ាន និងឥណ្ឌា ក៏ដូចជាប្ដេជ្ញាចិត្តបង្កើនការបោះទុនវិនិយោគទ្វេដងលើគម្រោងជាច្រើននៅ កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងវៀតណាម នៅត្រឹមឆ្នាំ២០២៣។
*ហេតុអ្វីកូរ៉េខាងត្បូង ជ្រើសរើសយកអាស៊ាន និងឥណ្ឌា?
កូរ៉េខាងត្បូងបានបោះដៃទៅអាស៊ាន និងឥណ្ឌាក្រោមហេតុផលមួយចំនួន។ ដំបូងដៃ នោះគឺកូរ៉េខាងត្បូងមានទំនាក់ទំនងរឹងមាំជាមួយបណ្ដាប្រទេសទាំងនេះរួចស្រេចទៅហើយ ជាពិសេសទំនាក់ទំនងខាងសេដ្ឋកិច្ចតែម្ដង។ អាស៊ានរួមបញ្ចូលគ្នា គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី២របស់កូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១៧មក ហើយគ្រាន់តែវៀតណាម តែមួយគត់ រ៉ាប់រងការនាំចេញរបស់កូរ៉េខាងត្បូងដល់ទៅ ៩ភាគរយឯណោះ ខណៈឥណ្ឌាវិញជាទីផ្សារនាំចេញធំបំផុតលំដាប់ទី៧ របស់កូរ៉េខាងត្បូង។ មួយវិញទៀត រឿងដែល សំខាន់បំផុត នោះគឺទាំងកូរ៉េខាងត្បូង, ឥណ្ឌា និងអាស៊ានសុទ្ធតែមានការបារម្ភចំពោះការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់ តែប្រឹងរក្សាជំហរមិនប្រឈមមុខត្រង់ៗជាមួយចិន ដូចគ្នា ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង។
កូរ៉េខាងត្បូងបានប្រើប្រាស់យុទ្ធសាស្ត្រ NSP ដោយផ្ដោតជាសំខាន់លើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង និងពង្រឹងកិច្ចសហប្រតិបត្តិការមិនមែនជាលក្ខណៈប្រពៃណី ដោយផ្ដោតលើបញ្ហាសន្តិសុខប្រជាជន ដូចជាសន្តិសុខបរិស្ថាន និងសុខភាពសាធារណៈជាជាងផ្ដោតទៅលើបញ្ហា សន្តិសុខរសើបៗនៅក្នុងតំបន់។
*តើយុទ្ធសាស្ត្រ NSP មានឥទ្ធិពលលើផលប្រយោជន៍អាមេរិកដូចម្ដេច?
យុទ្ធសាស្ត្រ NSP ត្រូវបានគេចាត់ទុកថាជាការបំពេញបន្ថែមមួយដល់ប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅឯកិច្ចប្រជុំកំពូលរវាងប្រធានាធិបតី អាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីខែឧសភា ឆ្នាំ២០២១នេះ, មេដឹកនាំទាំង២បានសង្កត់ធ្ងន់ថា
សារៈសំខាន់នៃទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងត្បូងគឺមានវិសាលភាពលើសពីតំបន់ឧបទ្វីបកូរ៉េ ហើយបានឯកភាពគ្នាថានឹងធ្វើការឱ្យស្របទៅតាមយុទ្ធសាស្ត្រ NSP និងចក្ខុវិស័យរបស់សហរដ្ឋអាមេរិកសម្រាប់សេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
នៅក្នុងសេចក្ដីថ្លែងការណ៍រួម លោក បៃដិន និងលោក មូន ក៏បានបញ្ជាក់ផងដែរពីគោលដៅរួមក្នុងការពង្រីកកិច្ចសម្របសម្រួលថ្នាក់តំបន់ស្ដីពីការអនុវត្តចច្បាប់, សន្តិសុខ ព័ត៌មានវិទ្យា, សុខភាពសាធារណៈ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្រោយការឆ្លងរាតត្បាត COVID-19 ខណៈស្វះស្វែងពង្រឹងការផ្សាភ្ជាប់ និងគំនិតច្នៃប្រឌិតនៅក្នុងបណ្ដាប្រទេស ជាសមាជិកអាស៊ាន ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍនៅក្នុងតំបន់អនុទន្លេមេគង្គជាដើម។ សេចក្ដីថ្លែងការណ៍រួមដដែលហាក់ដូចជាបង្ហាញថារដ្ឋបាលលោក មូន ចែអ៉ីន គាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ ធាតុពិត រដ្ឋាភិបាលលោក មូន នៅតែស្ទាក់ស្ទើរដដែលក្នុងការទទួលស្គាល់ ឬគាំទ្រ ជាផ្លូវការចំពោះសេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដ្បិតបារម្ភខ្លាចចិនខឹងសម្បារ។
ពិតមែនទៅ ទោះជាកូរ៉េខាងត្បូងជាសម្ព័ន្ធមិត្តរបស់អាមេរិក និងមានកង្វល់រួមចំពោះបញ្ហាសន្តិសុខនៅក្នុងតំបន់ក៏ពិតមែន, តែកូរ៉េខាងត្បូងមិនហ៊ានធ្វើឱ្យចិនអន់ចិត្ត ឬខឹងសម្បារខ្លាំងជ្រុលនោះទេ ពីព្រោះចិនគឺជាតួអង្គដ៏សំខាន់ដែលអាចជួយគ្រប់គ្រងទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយផ្អែកលើកត្តាទីតាំងភូមិសាស្ត្រនៅក្បែរចិន និងសេដ្ឋកិច្ច កូរ៉េខាងត្បូងដឹងច្បាស់ថាមិនអាចប្រឆាំងនឹងចិនត្រង់ៗនោះទេ។
*កា្វដ (Quad) និងការទូតក្នុងតំបន់របស់កូរ៉េខាងត្បូង
យុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូង ចំពោះកិច្ចសន្ទនាសន្តិសុខចតុភាគី ឬហៅថាកា្វដ (Quad) នាពេលបច្ចុប្បន្ន គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងយុទ្ធសាស្ត្រចំពោះយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកដូច្នោះដែរ។ ពោលគឺធ្វើយ៉ាងណាកុំឱ្យផុងខ្លួនគាបនៅចំកណ្ដាល នៃការប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងចិន។ កា្វដមានប្រទេស ៤ ជាសមាជិក ដូចជាអូស្ត្រាលី, ឥណ្ឌា, ជប៉ុន និងសហរដ្ឋអាមេរិក ហើយទោះជាមិនសូវលើកឈ្មោះចិនចំៗនៅក្នុងអង្គប្រជុំ តែសម្ព័ន្ធភាពនេះត្រូវបានគេមើលឃើញថាបង្កើតឡើង ក្នុងគោលដៅខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។
ដោយសារខ្លាចចិនសងសឹកតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច, កូរ៉េខាងត្បូងនៅតែមានភាពស្ទាក់ស្ទើរចូលរួមជាមួយក្វាដឱ្យពេញដៃពេញជើង។ ក៏ប៉ុន្តែ ខណៈក្វាដបានបន្ត វិវត្តខ្លួនទៅមុខ និងកំណត់យ៉ាងច្បាស់ពីអាទិភាពរបស់ខ្លួន, កូរ៉េខាងត្បូងត្រូវបានគេមើលឃើញថាបង្ហាញពីចេតនាចង់សហការជាមួយក្វាដ នៅក្នុងករណីដែលតម្រូវឱ្យខ្លួន ធ្វើដូច្នេះ។
កូរ៉េខាងត្បូងមិនមែនជាសមាជិកកា្វដទេ តែត្រូវបានអញ្ជីញឱ្យចូលរួមក្នុងកិច្ចប្រជុំក្វាផ្លឹស (Quad Plus) កាលពីខែមីនា ឆ្នាំ២០២០ ជាពេលដែលកិច្ចប្រជុំផ្ដោតសំខាន់លើ
ការឆ្លើយតបទៅនឹង COVID-19។ ជាការទាក់ទាញចិត្តកូរ៉េខាងត្បូង, ក្រុមប្រទេសក្វាដនៅតែបន្តមិននិយាយចំឈ្មោះរបស់ចិន ហើយផ្ដោតតែទៅលើការគ្រប់គ្រង COVID-19, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការប្រែប្រួលអាកាសធាតុ, ការផ្លាស់ប្ដូរបទពិសោធន៍រវាងប្រជាជន និងប្រជាជន និងបច្ចេកវិទ្យាដែលមើលដើរស្របទៅតាមអាទិភាពនៃ យុទ្ធសាស្ត្រ NSP។ ដូច្នេះ ដរាបណា ក្វាដនៅតែបន្តបញ្ចៀសការប្រើវោហារប្រឆាំងចិនត្រង់ៗ, កូរ៉េខាងត្បូងនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការលើការចែករំលែកអាទិភាព ឬ
ប្រយោជន៍រួម ទោះជាកូរ៉េខាងត្បូងចង់ដោះស្រាយបញ្ហាទាំងឡាយតាមរយៈទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក ជាជាងចូលរួមក្នុងកា្វដក៏ដោយ ហើយឱកាសចូលរួម ក៏នៅតែមានដែរ៕
ប្រភព៖ Carnegie Endowment (ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១)
ដោយៈ Fresh News