Friday, December 11, 2015

រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍរាជធានីភ្នំពេញ ដែលជាបេះដូងកម្ពុជារយៈពេលវែង

យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់អង្គ​ភាពព័ត៌មាន និងប្រតិកម្មរហ័ស​នៃទីស្តីការ គណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃ​សម័យប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៥​នេះ បានឲ្យដឹងថា  ក្រោយពីបាន​ស្តាប់​របាយការណ៍ និង​មតិ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួចមក​ កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ដែលប្រព្រឹត្តទៅក្រោម​​អធិបតី​ភាព ​សម្តេច​តេជោ ហ៊ុន សែន បានសម្រេចអនុម័ត សេចក្តី​ព្រាងអនុក្រឹត្យ ស្តីពី​ការ​ដាក់​​ឱ្យ​អនុវត្ត​ប្លង់​គោល​ប្រើប្រាស់​ដី​រាជ​ធានី​ភ្នំពេញ​ ដែលក្នុង​ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៣៥ខាងមុខ ​រាជ​ធានីភ្នំពេញ​ជាបេះ​ដូងរបស់​ប្រទេស​​​​កម្ពុជា ជាមជ្ឈ​មណ្ឌល​ នយោ​បាយ​ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ វប្បធម៌ ប្រកប​ដោយ​សក្តានុពល​ប្រកួត​ប្រជែង​ និង​មាន​ការ​អភិវឌ្ឍនៅ​ទីតាំងភូមិ​សាស្រ្ត​​​ពិសេស​នៃ​ទន្លេ​ចតុមុខ​។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ប្លង់​គោល​ប្រើប្រាស់​ដី​រាជ​ធានី​ភ្នំ​ពេញ​ឆ្នាំ២០៣៥ ជា​ឯកសា​រយុទ្ធសាស្រ្ត​គោល ​បម្រើ​ឱ្យ​មហិច្ឆ​តា​របស់​​រាជ​រដ្ឋា​ភិបាល​ក៍​ដូច​ជាសាលា​រាជ​ធានី​ភ្នំពេញ មាន​គោល​ដៅ​ដល់​ឆ្នាំ ២០៣៥ ក្នុង​ការ​គ្រប់​គ្រង​តម្រង់​ទិស​​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជ​ធានី​ និង​តំបន់​ទី​ប្រជុំជន​ពាក់​ព័ន្ធទាំងឡាយ​នៅ​ជាប់​ជុំវិញ​ ឆ្លើយ​តប​នឹង​កំណើន​នៃ​ការ​វិនិយោគ​ឯកជន​ និង​ប្រជាជន​ក្នុង​រាជ​ធានី

ដើម្បីបម្រើ​គោល​ដៅ​ខាង​លើ​​ ប្លង់​គោល​នេះ​នឹងតម្រង់​ទិស​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំ​ទ្រ​ធំៗ ប្រព័ន្ធផ្លូវ​ ប្រព័ន្ធ​ទឹក​ស្អុយ​ ទឹកស្អាត បឹង​ កំពង់​ផែ ព្រលាន​យន្ត​ហោះ​ ឧទ្យាន និង​លំហរបៃ​តង ការ​រៀបចំ​គោល​នយោបាយ​លំនៅ​ដ្ឋាន ការអភិរក្ស​បេតិ​ក​ភណ្ឌ​ទីក្រុង​ តាមរយៈការ​ការពា​​រ​បរិ​ស្ថាន​ និង​ការ​ធ្វើ​តុល្យកម្ម​នៃ​ការ​ប្រើប្រាស់​ធន​ធាន​ធម្មជាតិ​ និង​បង្កើត​ឱ្យ​មាន​ផែន​ការ​គ្រប់​គ្រង​​មួយ​ច្បាស់​​​លាស់ ​នៃ​ធន​ធាន​ដី ទឹក​ ថាមពល​ ប្រព័ន្ធ​អេកូឡូស៊ី ព្រៃឈើ​ រ៉ែ។​ល។

នៅក្នុងរបាយ​ការណ៍ដែល​បានលើកឡើង​ក្នុងកិច្ចប្រជុំដ៏សំ​ខាន់នេះ បានគូស​បញ្ជាក់ថា រាជ​ធានី​ភ្នំ​ពេញ​បាន​ទទួល​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ហួស​ពីការ​ស្មាន​ ទន្ទឹម​នឹង​នេះ​​ ទីក្រុង​ភ្នំ​ពេញ​ក្នុងពេល​បច្ចុប្បន្ន​ ក៍​បាននិង​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ថ្មី​ៗជាច្រើន​ដូច​ជាកំណើន​ប្រជាជន​ខ្ពស់​រហូត​ដល់​២,៣៤%  (ប្រហែល​ជិត​មួយ​ម៉ឺនគ្រួសារក្នុង​មួយឆ្នាំ)​ ចំនួន​ប្រជា​ជន​​សរុប​នៅ​ភ្នំ​ពេញ​មាន​ជិត​២​លាន​នាក់ (១.៦៨៨.០៤៤នាក់​តាមការ​ធ្វើ​អង្កេត​ចន្លោះជំរឿន​ប្រជា​សាស្រ្ត​​​កម្ពុជា​ឆ្នាំ២០១៣ នៃ​ក្រសួង​ផែន​ការ) និង​មាន​ដង់​ស៊ីតេ​ប្រមាណ​ជា២៤៦៨​នាក់​/គមហើយ​អាចកើនដល់​៣លាន​នាក់​នៅ​ឆ្នាំ២០២០។ ដំណើរ​នគរូបនីយកម្ម និង​កំណើន​ការ​សាង​​​​សង់​សំណង់​​​ធំៗថ្មីៗជាច្រើន (សំណង់​អគារ​ខ្ពស់​លើស​ពី​៥​ជាន់​មានប្រមាណ​៦២៨កន្លែង និង​​សំណង់​បុរី​​មាន​ជាង​១១០ទីតំាង​) ពង្រាយ​នៅ​ទាំង​ខណ្ឌ​ក្នុងក្រុង​ និង​ជាយក្រុង​​ និង​បាន​ជុំរុញការ​រីក​ទីក្រុង​ ទៅ​តំបន់​ខាង​ក្រៅ ​ចេញ​ពី​ខណ្ឌ​កណ្តាល​ក្រុង​ស្ទើរ​តែ​ហួសពី​ព្រំប្រទល់រដ្ឋ​បាល​​​​​របស់​ខ្លួន។ ជាមួយគ្នា​នេះ ​ចំនួន​មធ្យោបាយ​ដឹកជញ្ជូន​ (ចំនួន​រថ​យន្ត​ប្រមាណ​ជា​៣៤ម៉ឺន​គ្រឿង​ និង​ទោ​ចក្រ​យាន​​​យន្ត​មាន​ជា​ង​១.​៧​លាន​គ្រឿង)  និង​កំពុង​បន្ត​កើន​ឡើង​ជារៀង​រាល់​ថ្ងៃ​ បង្ក​រ​​ការ​កក​ស្ទះ​ចរា​ចរណ៍ និង​ការ​បំពុល​បរិស្ថាន​គួ​ឱ្យ​កត់​សម្គាល់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ

អត្ថបទ៖ ច័ន្ទ ទេវី



ទស្សន៖ កម្ពុជាពិតជាបានធ្វើឲ្យប្រសើរឡើងនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដោយមានច្បាប់ជាមូលដ្ឋាន

ការប្រារព្ធទិវាសិទ្ធិមនុស្សអន្ដរជាតិ១០ធ្នូ ដែលធ្វើឡើងទាំងស្ថាប័នរដ្ឋ និងអង្គការ សមាគម នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៥ គឺធ្វើឡើងដើម្បីបង្ហាញពីការចូលរួមរបស់កម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស និងជាការរំលឹក នូវអតីតកាលដ៏ជូរចត់ដោយបញ្ជាក់ថា កម្ពុជាបានរួចផុតទាំងស្រុងពីរបបដ៏យង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដែលបានបំបិទ​សិទ្ធិគ្រប់បែបយ៉ាងដូចជា៖ សិទ្ធិរស់រានមានជិវិត សិទ្ធិទទួលបាន​ការការពារ សិទ្ធិទទួល បានការអប់រំ សិទ្ធិទទួល​បានព័ត៌មាន សិទ្ធិបញ្ចេញមតិ និងសិទ្ធិទាមទារយុ​ត្តិធម៌សំរាប់ខ្លួនឯង។ល។
ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ កម្ពុជាត្រូវបានកសាង​ចេញពីបាតដៃទទេ ដោយដៃម្ខាង​ទប់ស្កាត់ ការវិលត្រឡប់នៃ​របបប្រល័យពូជ​សាសន៍ និងដៃម្ខាងទៀតខិតខំកសា​ងជាតិពីចំណុចសូន្យ ហើយបាននាំ មកនូវសិទ្ធិ​សេរីភាពគ្រប់បែបយ៉ាងជូន​ប្រជាជន ជាពិសេស សិទ្ធិធ្វើជា​ម្ចាស់ជីវិតខ្លួនឯង។
បច្ចុប្បន្ននៅ​ប្រទេសកម្ពុជា សិទ្ធិជាច្រើន​ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ដូចជាសិទ្ធិរស់រា​នមានជីវិត សិទ្ធិបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្ម សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិបង្កើតសមាគម និងគណបក្ស​នយោបាយ។ល។ ប៉ុន្តែការអនុវត្ត​សិទ្ធិទាំងនេះ ត្រូវបានគ្រប់គ្រង​ដោយច្បាប់។ ជាក់ស្តែង ប្រទេសកម្ពុជា បានចូលជាសមាជិក​កតិកាសញ្ញា អនុសញ្ញា និងពិធីសារបន្ថែមស្តី​ពីសិទ្ធិមនុស្ស ចំនួន១២ ហើយកម្ពុជា​យើងជាប្រទេសដែលបានផ្តល់​សច្ចាប័ន លើសន្ធិសញ្ញាច្រើនជា​ងគេក្នុងតំបន់។ ជាមួយគ្នា នេះរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា ក៏បានបញ្ចូល​ផ្នែកខ្លះ នៃអនុសញ្ញាអន្ត​រជាតិ ស្តីពីសិទ្ធិមនុស្ស យកមកអនុ​វត្តផងដែរ។
មិនត្រឹមតែប៉ុណ្ណោះតាមរបាយការណ៍របស់ទីក្រុងវ៉ាស៊ីនតោនប្រចាំឆ្នាំ ក៏បានមើលឃើញថា កម្ពុជា ចំពោះការគោរពសិទ្ធិមនុស្សមានការវិវត្តទៅមុខ តែក្នុងរបាយការណ៍នេះ ក៏បានបញ្ជាក់អំពីប្រទេសថៃ វៀតណាម កូរ៉េខាងជើង សេរី គុយបា មីយ៉ាន់ម៉ា ថា ជារដ្ឋដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធទៅវិញ។

ម៉្យាងទៀ​តកម្ពុជា បានពិនិត្យមើ​លឃើញថា បាននិងកំពុងដើរតាម​គន្លងប្រជាធិបតេយ្យ សេរីពហុប​ក្ស តាមការប្រើប្រាស់​សិទ្ធិនយោបាយ ដើម្បីប្រកួត​ប្រជែងគ្នា ស្របតាមគោលការណ៍​កំណត់ដោយច្បាប់។ ការប្រើប្រាស់សិ​ទ្ធិនយោបាយបានបើ​កទូលាយ យ៉ាងពេញ​ទំហឹង ជាពិសេសអ្នកន​យោបាយក៏មិនត្រូវ ប្រើប្រាស់​សិទ្ធិរបស់ខ្លួន ហួសព្រំដែ​នកំណត់ រហូតធ្លាក់ខ្លួ​នចូលទៅក្នុងការប្រ​ព្រឹត្តបទល្មើសព្រហ្ម​ទណ្ឌ ហើយស្រែ​កថា កម្ពុជាគាប​សង្កត់ និងបំបិទសិទ្ធិនោះទេ ពីព្រោះ​ដំណើរការប្រ​ជាធិបតេយ្យត្រូ​វដើរ ទន្ទឹមគ្នា នឹងនីតិ​រដ្ឋ៕

សមត្ថកិច្ចខេត្តកំពត ត្រៀមកម្លាំងរក្សាសណ្តាប់ធ្នាប់សន្តិសុខ ខណ:ពិធីបុណ្យសមុទ្រជិតចូលមកដល់

នៅបាំងតែ​ប៉ុន្មានថ្ងៃទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​សមុទ្រដ៏ធំប្រចាំ​ខេត្តកំពត ប្រទេស​កម្ពុជា និងឈានចូល​មកដល់ជាមួយគ្នានោះ អាជា្ញធរពាក់ព័ន្ធ និងកងកម្លាំង ប្រដាប់អាវុធ ចម្រុះក៏ បានត្រៀមខ្លួនរួច​ជាស្រេចផងដែរ ក្នុងការរក្សាសណ្តាប់​ធ្នាប់សន្តិសុខជូនភ្ញៀវទេ​សចរណ៍ជាតិនិងអន្តរជាតិ។
ស្នងការដ្ឋាន​នគរបាលខេត្តកំពត នៅព្រឹកថ្ងៃ​ទី១១ធ្នូនេះ បានបើកកិច្ចប្រជុំត្រួត​ពិនិត្យ នឹងវាយ តំលៃអំពី​សភាពការណ៍ ត្រៀមបុណ្យសមុទ្រ​ក្រោមអធិបតីភាព លោក យ៉េត រ៉ាហ្សាក់ អនុប្រធាន​សេនាធិការ  និង លោក ជឹង ផល្លា អភិបាលរង​ខេត្តកំពត ព្រមទាំងមេបញ្ជា​ការតាមបណ្តាមុខ​ព្រួញ នឹង អង្គភាពពាក់ពន្ធ័​ផ្សេងៗទៀត។
ស្នងការនគរ​បាលខេត្តកំពត លោក ឧត្តមសេ​នីយ៍ ម៉ៅ  ច័ន្ទមធុរិទ្ធ  បានមាន​ប្រសាសន៍ថា បញ្ហាសន្តិ​សុខសណ្តាប់ ធ្នាប់ជាកត្តាសំខាន់ ដែលកងកម្លាំ​ងត្រូវយកចិត្តទុកដាក់ ហើយ សមត្ថកិច្ចពាក់ព័ន្ធ និងត្រៀមកម្លាំង​ដើម្បីដាក់ពង្រាយទៅតាម​គោលដៅនីមួយៗដែលថ្នាក់​លើបានដាក់ប​ទបញ្ជាឱ្យ ។
សូមរំលឹ​កថា ពិធីបើកជាផ្លូវការ​នៃពិធីបុណ្យសមុ​ទ្រឆ្នាំ២០១៥នេះ នឹងប្រព្រឹត្ត​ទៅនាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៥ វេលា​ម៉ោង ១៧:០០ នាទីល្ងាច នៅវេទិកាមុខសាលា​ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិ​តសភាចារ្យ សុខ អាន ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវតំ​ណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត។

នៅក្នុងពិធី​បុណ្យសមុទ្រនៅ​ឆ្នាំនេះ ក្រសួងទេសច​រណ៍នឹងរៀបចំព្រឹត្តិការ​ណ៍កំសាន្តជាច្រើន ដូចជា ការប្រគំតន្ត្រី ការស​ម្តែងសិល្បៈវប្បធម៌ ការសម្តែង​លើអាកាស កម្មវិធីកីឡា​លើឆ្នេរ និងលើទឹក ការតាំងពិព័​រណ៍ផលិតផល និងកម្មវិធីកំសា​ន្តជាច្រើនទៀត៕

សម្ដេច​តេជោ ហ៊ុន សែន៖ កម្ពុជា​ជោគ​ជ័យ​ក្នុង​ការ​ជំរុញ​ផលិត​កម្ម​ស្រូវ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្ដីកម្ពុជា បានលើក​ឡើង ថា​គោលដៅ នៃការជំរុញ​ផលិត​កម្មស្រូវ គឺជាគោល​ដៅដែល​រាជរដ្ឋាភិបាល​សម្រេចបាន​ជោគជ័យ។ ប៉ុន្ដែចំពោះ​គោលដៅនៃការ​នាំអង្ករ​ចេញទៅក្រៅ​ប្រទេស​ឲ្យបាន១​លានតោនក្នុង​មួយឆ្នាំនោះ គឺមិនទាន់​សម្រេចបាន​ជោគជ័យ​នោះទេ។ ការលើកឡើងរបស់​សម្ដេចតេជោ ហ៊ុន សែន បែបនេះ​បានធ្វើឡើងក្នុ​ងពិធីផ្សព្វផ្សាយ​របាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយ​ជំរឿនកសិកម្មឆ្នាំ​២០១៣ នៅព្រះរាជាណា​ចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅឯវិមានសន្ដិភាព។

ប្រមុខរាជរដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ ថា ចំពោះគោលដៅ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រោងនាំ​អង្ករចេញទៅក្រៅ​ប្រទេសឲ្យបាន​១លានតោន​ក្នុងឆ្នាំ២០១៥នេះ សម្រេច​តែ៥០ភាគរយ​ប៉ុណ្ណោះ ហើយមូលហេតុ​មិនសម្រេច​បានជោគជ័យ​ក្នុងការនាំ​អង្ករចេញនេះ មាន​កត្ដា២ គឺ ទី១កត្ដាអត្ដ​នោម័ត និងទី២ កត្ដាសត្យានុម័ត។ ប៉ុន្ដែទោះ​បែបណា​ក៏ដោយ ក៏រាជរដ្ឋា​ភិបាលកម្ពុជា បាន​សម្រេចជោគជ័យ​យ៉ាងធំធេង​នោះគឺការ​ជំរុញផលិត​កម្មស្រូវ ដែលកាល​ពីមុនប្រទេស​កម្ពុជាជាប្រទេស​ខ្វះខាតស្បៀង ឈានទៅ​ជាប្រទេស​មានអធិរាជ​ស្បៀងតិចតួច នឹងឈាន​ទៅមុខជា​បន្ដបន្ទាប់​ទៀត។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​បានឲ្យ​ដឹងបន្ដ ថាការជំរឿន​កសិកម្ម​គឺជាការ​ងារដ៏ធំ និង​មានសារៈសំខាន់​មួយសម្រាប់​ប្រទេសជាតិ  សម្រាប់ប្រព័ន្ធ​ស្ថិតិជាតិពីព្រោះ​ជំរឿននេះនាំមក​នូវព័ត៌មានពិតប្រាកដ​អំពីទិន្នន័យ​ពាក់ព័ន្ធវិស័យ​កសិកម្ម។

ឯកឧត្ដម​ទេសរដ្ឋមន្រ្ដី ឆាយ ថន រដ្ឋមន្រ្ដីក្រសួង​ផែនការ បានឲ្យដឹង​នាឱកាសនេះ​ដែរ ថា​ការផ្សព្វ​ផ្សាយលទ្ធផលចុងក្រោយ​នៃការធ្វើជំរឿន​កសិកម្មលើក​ដំបូងនៅ​កម្ពុជាឆ្នាំ២០១៣ គឺជាដំណាក់​កាល​សំខាន់មួយក្នុង​ប្រវត្ដិសាស្រ្ដ​ស្ថិតិ​របស់ប្រទេស​កម្ពុជា។

ឯកឧត្ដមបាន​បន្ដថា របាយការណ៍​ជាតិ នៃលទ្ធផលចុង​ក្រោយជំរឿន​កសិកម្ម ឆ្នាំ២០១៣ នៅកម្ពុជា នឹងផ្ដល់ទិន្នន័យ​អំពីស្ថានភាព​កសិកម្ម​បច្ចុប្បន្ន​នៅកម្ពុជា និងរួមចំណែក​ដ៏សំខាន់​ក្នុងការ​រៀបចំផែន​ការ គោល​នយោបាយ និងយុទ្ធសាស្រ្ដ​របស់រាជ​រដ្ឋាភិបាល សម្រាប់ការ​អភិវឌ្ឍន៍វិស័យ​កសិកម្ម ដែលស្រប​ទៅនឹងយុទ្ធសា​ស្រ្ដចតុកោណ​មុំទីមួយ នៃយុទ្ធសាស្រ្ដចតុ​កោណរបស់​រាជរដ្ឋាភិបាល​កកម្ពុជា គឺការ​លើកស្ទួយវិស័យ​កសិកម្ម ដែលជាឆ្អឹង​ខ្នងនៃយុទ្ធ​សាស្រ្ដជាតិ កាត់បន្ថយ​ភាពក្រីក្រ និងការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ចីរភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្ដម​ទេសរដ្ឋមន្រ្ដី ឆាយ ថន សង្ឃឹមថា របាយការណ៍​ជំរឿនកសិកម្មថ្នាក់​ជាតិលើកទី១​នេះ នៃលទ្ធផលចុង​ក្រោយនេះ នឹងបម្រើ​សេចក្ដីត្រូវ​ការព័ត៌មាន​ស្ថិតិ របស់អ្នកធ្វើ​គោលនយោបាយ និងអ្នក​ស្រាវជ្រាវក្នុង​សហគមន៍​ជាតិ និងអន្ដរជាតិ​ដ៏ទំលំទូលាយ។ យោងតាម​ទិន្នន័យគោល​នៃជំរឿន​កសិកម្ម​ឆ្នាំ២០១៣នៅកម្ពុជា បានឲ្យដឹង ថា​ចំនួនគ្រួសារដែល​បានចុះបញ្ជីជំរឿន​មាន២លាន៦​សែនគ្រួសារ ហើយចំនួនកាន់កាប់កសិកម្ម​គ្រួសារមាន​ចំនួន២លាន​១សែន។ ផ្ទៃដីសរុប​នៃការកាន់កាប់​កសិកម្ម​គ្រួសារ រួមទាំង​ដីជុំវិញផ្ទះមានចំនួន​៣លាន​៣សែនហិកតា ហើយចំនួន​ការកាន់កាប់​កសិកម្មគ្រួសារមានដីក​សិកម្មដោយ​ឡែកមានចំនួន​១លាន៩សែន​ហិកតា។ ចំពោះផលិតផល​ដំណាំភាគរយ​នៃផ្ទៃដីសរុប​នៃការកាន់​កាប់កសិកម្មគ្រួសារដាំស្រូវ​មានសរុប​ចំនួន​៧០ភាគរយ ហើយភាគរយ​នៃផ្ទៃដីសរុប​នៃការកាន់កាប់​កសិកម្មគ្រួសារដាំដំឡូងមីមាន​សរុប៩ភារគយ ហើយភាគរយនៃ​ផ្ទៃដីសរុបនៃការ​កាន់កាប់​កសិកម្មគ្រួសារ ដាំបន្ថែមាន​សរុបតែ១,៣ភាគរយ​ប៉ុណ្ណោះ៕